បេក្ខជន​អះអាង​ថា​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

ដោយ រដ្ឋា វិសាល
2015.09.10

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

បេក្ខជន​ប្រឡង​ជ្រើស​រើស​មន្ត្រី​ក្របខ័ណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ក្នុង​ខេត្ត​រតនគិរី អះអាង​ថា មាន​អំពើ​ពុក​រលួយ​ទាក់ទិន​ការ​ប្រឡង​នេះ និង​មិន​អនុលោម​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ​របស់​បេក្ខជន​ដែល​ត្រូវ​ជ្រើស​រើស។

បុរស​មាន​អាយុ​ប្រមាណ ៥០​ឆ្នាំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ផ្ទុយ​ពី​ការ​កំណត់​របស់​ក្រសួង​ដែល​ជ្រើស​រើស​បេក្ខជន​មាន​អាយុ​ច្រើន​បំផុត​ពី ២៥​ឆ្នាំ​ដល់ ៣០​ឆ្នាំ សម្រាប់​បេក្ខជន​វប្បធម៌​កម្រិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ។

នៅ​ក្នុង​បញ្ជី​រាយ​នាម​បេក្ខជន​សម័យ​ប្រឡង​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ​នៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ទីក្រុង​ភ្នំពេញ ដែល​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា បេក្ខជន​លេខ​រៀង​ទី​៦០ មាន​ឈ្មោះ ថុល យុពង្ស ឯកទេស​នាដ​សាស្ត្រ មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ បាន​ប្រឡង​ជាប់ ក៏ប៉ុន្តែ​សាក្សី និង​ឯកសារ​បញ្ជាក់​ថា ឈ្មោះ យុពង្ស នេះ​មាន​កំណើត​ពិត​ប្រាកដ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៦៥។ ដោយឡែក​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង ថុល យុពង្ស បាន​កែ​ឆ្នាំ​កំណើត​មក​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧ វិញ។

បេក្ខជន​ប្រឡង​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ អំពាវនាវ​ឲ្យ​ក្រសួង​វប្បធម៌ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ពីព្រោះ​គេ​បាន​ស្គាល់​ច្បាស់​ថា បេក្ខជន​ឈ្មោះ ថុល យុពង្ស ជា​បុគ្គល​ជាប់​កិច្ចសន្យា​នៅ​មន្ទីរ​វប្បធម៌​ជាង ១០​ឆ្នាំ មាន​ឯកសារ​ប្រវត្តិរូប និង​ជាក់ស្តែង លោក​មាន​វ័យ​ចំណាស់ មាន​កូន និង​ចៅ​រស់នៅ​សង្កាត់​ជ័យជម្នះ ក្រុង​បានលុង ខេត្ត​រតនគិរី។ បេក្ខជន​ដដែល ចាត់​ទុក​ថា បេក្ខជន ថុល យុពង្ស ក្លែង​ឯកសារ​ពាក់ព័ន្ធ​នឹង​អាយុ​ដែល​ជា​អំពើ​ខុស​ច្បាប់៖ «មន្ត្រី​មន្ទីរ​បុគ្គលិក​ទាំងអស់​គេ​ដឹង​អស់​គ្នា​ហើយ គឺ​គាត់​អាយុ ៥០​ឆ្នាំ កែ​មក​អាយុ ២៧​ឆ្នាំ។ នៅ​ខេត្ត​រតនគិរី គេ​ដាក់​ពាក្យ ៥​នាក់ គេ​មាន​អាយុ​ក្មេងៗ​មាន​បរិញ្ញាបត្រ គេ​អត់​បាន​ជាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ថុល យុពង្ស សុំ​បញ្ជាក់​ពី​ការ​អះអាង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

ទាក់ទិន​ករណី​នេះ​ដែរ អនុប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​រតនគិរី លោក ប៉ៅ វណ្ណថា ទទួល​ស្គាល់​ថា លោក ថុល យុពង្ស ពិត​ជា​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​ច្រើន​ឆ្នាំ និង​មាន​អាយុ​ប្រមាណ ៥០​ឆ្នាំ​ប្រាកដ​មែន៖ «ស្គាល់​តើ​នៅ​មន្ទីរ​វប្បធម៌​ហ្នឹង ត្រូវ​ហើយ​ប្រវត្តិរូប ១៩៦៥ បើ​គិត​ទៅ ៥០ ហើយ​ឃើញ​ធ្វើ​អ៊ីចឹង​មែន»

យ៉ាង​នេះ​ក៏ដោយ ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​រតនគិរី លោក ឆាយ សាវុធ មាន​ប្រសាសន៍​ថា ឯកសារ​ស្នើសុំ​ចុះ​ឈ្មោះ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​របស់ លោក ថុល យុពង្ស មាន​ភ្ជាប់​ជាមួយ​សាលក្រម​របស់​តុលាការ​សម្រេច​កែប្រែ​អាយុ​លោក​កើត​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧ គឺ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​កំណត់​របស់​ក្រសួង​វប្បធម៌។ លោក​បន្ត​ថា គណៈកម្មការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្នាក់​ក្រសួង គឺ​ជា​អ្នក​សម្រេច​ដោយ​មាន​ការ​សង្កេត​ការណ៍​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាក់ទិន​ការ​ប្រឡង​ជ្រើសរើស​នេះ៖ «ឯកសារ​ហ្នឹង​មាន​ចេញ​សាលក្រម​ពី​តុលាការ​ហើយ តម្រូវ​អាយុ​ណា! អ៊ីចឹង​បើ​បង​ឆ្ងល់​បង​សួរ​ខាង​ប្រព័ន្ធ​តុលាការ​វិញ​ណា»

ដូច​គ្នា​នេះ​ដែរ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក អ៊ុន ទឹម មាន​ប្រសាសន៍​ថា ការ​ប្រឡង​ជ្រើសរើស គឺ​គណៈកម្មការ​ប្រឡង​សំអាង​លើ​លិខិត​ស្នាម​របស់​បេក្ខជន​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​របស់​ក្រសួង។ លោក​ថា ប្រសិន​មាន​ការ​ក្លែង​ឯកសារ​ទាក់ទិន​អាយុ​របស់​បេក្ខជន គឺ​ជា​តួនាទី​របស់​ស្ថាប័ន​អយ្យការ​ដែល​ត្រូវ​ចាត់​វិធានការ​លើ​រឿង​នេះ៖ «ខ្ញុំ​បាន​ដឹង​ដែរ​ព័ត៌មាន​ហ្នឹង គេ​បាន​រាយការណ៍​ប្រាប់​ដែរ ជា​រួម​អ្នក​ប្ដឹង​គាត់​ប្ដឹង​អ៊ីចឹង​ហើយ ប៉ុន្តែ​ក្រសួង​ផ្អែក​លើ​មូលដ្ឋាន​លិខិត​ស្នាម។ ខ្ញុំ​មិន​ការពារ​អ្នក​ខូច​ទេ ប៉ុន្តែ​សាមី​ខ្លួន​គាត់​ដាក់​មក​មាន​បញ្ជី​ជាតិ ក្រសួង​មិន​អាច​បដិសេធ​គាត់​បាន»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ឯកសារ​រៀបចំ​ឡើង​ដោយ​បេក្ខជន ថុល យុពង្ស គឺ​មាន​ភាព​មិន​ប្រក្រតី ដែល​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ។ លោក​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​នេះ៖ «ការ​កែ​អាយុ​នេះ គឺ​ចាត់​ទុក​ថា​ជា​ការ​ក្លែង​លិខិត​មួយ យើង​សង្ស័យ​មាន​ការ​ឃុបឃិត​អាច​នឹង​មាន​អំពើ​ពុក​រលួយ​ក្នុង​ហ្នឹង​ផង»

បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​ចូល​បម្រើ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ក្រសួង​វប្បធម៌ មាន​បេក្ខជន ៩​នាក់​ជាប់​បម្រុង និង ៥១​នាក់​ជាប់​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។