សាច់​ញាតិ​អ្នក​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​នៅ​ស្ពាន​ស្ទឹងមានជ័យ​មិន​ប្ដឹង​ព្រោះ​គ្មាន​ជំនឿ

ដោយ ខែ សុណង
2014-11-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។
សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin

ថ្ងៃ​ទី​១២ វិច្ឆិកា នេះ គឺ​ជា​ខួប​១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់ នៅ​ជិត​ស្ពាន​ស្ទឹងមានជ័យ។ ការ​ស្លាប់​នោះ​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ ដែល​ករណី​នេះ​នៅ​តែ​ស្ងៀមស្ងាត់ ដោយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ជ្រើសរើស​យក​ការ​មិន​តតាំង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដោយសារ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

នៅ​ឯ​តូប​លក់​បាយ​មួយ​កន្លែង​ក្បែរ​របង​សាលា​បឋមសិក្សា​ស្ទឹងមានជ័យ ជិត​ស្ពាន​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ គេ​ឃើញ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​កំពុង​វីវក់​លក់​បាយ​ឲ្យ​ភ្ញៀវ៖ «សំឡេង​កាប់​សាច់​លើ​ជ្រញ់»

ស្ត្រី​អ្នក​លក់​នេះ​មាន​ឈ្មោះ វង្ស វលក្ខណ៍ អាយុ ២៤​ឆ្នាំ គឺ​ជា​កូនស្រី​របស់​អ្នកស្រី អេង សុខុម ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​កាល​ពី​ឆ្នាំ​មុន ក្នុង​ថ្ងៃ​កម្មករ​ធ្វើ​បាតុកម្ម។ កញ្ញា វង្ស វលក្ខណ៍ ពោល​បណ្ដើរ​ដៃ​មមាញឹក​នឹង​ការ​លក់​ដូរ​របស់​នាង​បណ្ដើរ​ថា ការ​ស្លាប់​របស់​ម្ដាយ​នាង​រហូត​មក​ដល់​ថ្ងៃ​ទី​១២ វិច្ឆិកា គឺ ១​ឆ្នាំ​គត់ ដែល​គ្រួសារ​នាង​ពុំ​មាន​ពន្លឺ​នៃ​ភាព​យុត្តិធម៌​នោះ​ទេ។

នាង​បញ្ជាក់​ថា គ្រួសារ​នាង​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​ចំពោះ​ជន​មិន​ស្គាល់​មុខ​ដែល​បាន​បាញ់​សម្លាប់​ម្ដាយ​នាង​នោះ​ទេ។ នេះ​គឺ​ដោយសារតែ​នាង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «និយាយ​រួម​អត់​ចង់​ត​ឲ្យ​វា​រញ៉េរញ៉ៃ​ខ្លាំង​ជាង​ហ្នឹង​ណា​បង។ បើ​ទោះ​ជា​យើង​តវ៉ា​ទៅ​ក៏​អត់​បាន​អី​មក​វិញ គេ​អត់​មាន​អើពើ​អីចឹង​ផង គេ​ស្ងាត់​ឈឹង យើង​ចង់​ទៅ​ទាមទារ​អី​ក៏​អត់​កើត។ មើល​ទៅ​កាល​ក្បាល​ថ្នល់​ក៏​គ្មាន​យុត្តិធម៌​សម្រាប់​អ្នក​ក្បាល​ថ្នល់​ហ្នឹង​ដែរ គេ​បំបិទ​ចោល​តែម្ដង ព្រោះ​វា​ទៅ​មិន​រួច​ទេ ម្នាក់​ជា​ពីរ​នាក់​ហើយ​រក​អត់​ឃើញ​ផង ខ្ញុំ​មិន​សង្ឃឹម​គេ​រក​ឲ្យ​ម៉ាក់​ខ្ញុំ​ឃើញ​ទេ»

អ្នកស្រី អេង សុខុម អាយុ ៤៩​ឆ្នាំ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដោះ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​សមត្ថកិច្ច​រាប់​រយ​នាក់​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដំបង​ឆក់ និង​បាញ់​រះ​កាំភ្លើង​គ្រាប់​ពិត បង្ក្រាប​លើ​កម្មករ​រោងចក្រ អែស.អិល ដែល​ព្យាយាម​ហែ​ក្បួន​រក​អន្តរាគមន៍​ពី​រោងចក្រ​នៅ​សង្កាត់​ស្ទឹងមានជ័យ ឆ្ពោះ​ទៅ​វិមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅ​ពី​ស្ត្រី​នោះ ក៏​មាន​មនុស្ស​ជិត ១០​នាក់ រង​របួស​ដោយ​គ្រាប់​កាំភ្លើង ហើយ​មាន​ការ​ចាប់​មនុស្ស និង​ព្រះសង្ឃ ៣៨​អង្គ​និង​នាក់។ កម្មករ និង​ពលរដ្ឋ​បាន​ប្រើ​ដុំ​ថ្ម​គប់​ទៅ​លើ​សមត្ថកិច្ច និង​បាន​ដុត​រថយន្ត​របស់​ប៉ូលិស ១​គ្រឿង ម៉ូតូ ២​គ្រឿង។

លោក ង៉ែត វង្ស អាយុ ៥៦​ឆ្នាំ ជា​ស្វាមី អ្នកស្រី អេង សុខុម ដែល​កំពុង​ឈរ​អាំង​សាច់​នៅ​តូប​លក់​បាយ​ជាមួយ​កូន​ស្រី​គាត់ បាន​បន្ទោស​ទៅ​ដល់​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ដែល​បណ្ដាល​ឲ្យ​ប្រពន្ធ​គាត់​ស្លាប់។ លោក ង៉ែត វង្ស ថ្លែង​ដោយ​មុខ​ស្ងួត​ថា ដើម្បី​ជា​ការ​រំលឹក​ខួប ១​ឆ្នាំ​នៃ​ថ្ងៃ​ស្លាប់​ប្រពន្ធ​គាត់ គឺ​មាន​តែ​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បន្តិចបន្តួច​ប៉ុណ្ណោះ ពីព្រោះ​គ្រួសារ​គាត់​ទី​ទាល់​ក្រ។ ថ្វី​ត្បិត​តែ លោក​ត្អូញត្អែរ​ថា គ្មាន​យុត្តិធម៌​សម្រាប់​ប្រពន្ធ​និង​ក្រុម​គ្រួសារ​លោក​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ដល់​គ្រួសារ​គាត់​ដែល​កំពុង​មាន​ភាព​ដុនដាប​ខាង​ជីវភាព។

លោក ង៉ែត វង្ស៖ «ធ្វើ​សង្ឃទាន​ឲ្យ​នៅ​ផ្ទះ យើង​ធ្វើ​បុណ្យ​ធំ​ដុំ​ក៏​យើង​អត់​លុយ​អត់​អី​ដែរ​ធ្វើ​តិច​តួច​ដែរ សុំ​អំពាវនាវ​ឲ្យ​សមស្រប​ផង កុំ​ឲ្យ​វា​អត់​មាន​អ៊ីចឹង​វា​យ៉ាប់​ដែរ។ ដោះស្រាយ​ម៉េច​យើង​ស្លាប់​បាត់​ហើយ ជួយ​រក​យុត្តិធម៌​ជួយ​រក​អី​ឲ្យ​អ៊ីចឹង​ទៅ។ បើ​សង្ឃឹម​រក​ជន​ល្មើស​ផ្ដន្ទាទោស​គ្មាន​សង្ឃឹម​ថា បាន​ផ្ដន្ទាទោស​ទេ គេ​មិន​រក​ឲ្យ​យើង​ទេ។ ចង់​បាន​ថវិកា​អី​តិចតួច​គ្រាន់​រក​ស៊ី​រក​អ៊ីចឹង​ទៅ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ថា រឿង​នេះ​បាន​បញ្ជូន​ដល់​ដៃ​សមត្ថកិច្ច​ហើយ៖ «ខាង​ខ្ញុំ​អត់​មាន​អី​កើត អត់​ទាន់​បាន​ឆ្លើយ​ជូន​កើត ព្រោះ​អត់​បាន​ដឹង​បញ្ហា​ហ្នឹង​ទេ វា​ផុត​ពី​ដៃ​យើង​ហើយ​ខាង​ប៉ូលិស ខាង​តុលាការ​អី វា​ផុត​ពី​ហ្នឹង​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ ជុំវិញ​ការ​អំពាវនាវ​រក​យុត្តិធម៌​របស់​គ្រួសារ​ជនរងគ្រោះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា។ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ លោក គៀត ចាន់ថារិទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ គឺ​មិន​មែន​ជា​សមត្ថកិច្ច​ជា​អ្នក​បង្ក​ឡើង​ទេ គឺ​អាច​មាន​ជន​ទី​បី​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ។

តែ​លោក​អះអាង​ថា គណៈកម្មការ​ស៊ើប​អង្កេត​នឹង​ស្វែង​រក​ឃាតក​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ៖ «យើង​ខ្ញុំ​គិត​ថា មិន​ច្បាស់​ទេ អ៊ីចឹង​បាន​យើង​ខ្ញុំ​ត្រូវ​ការ​រៀបចំ​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើការ​ស៊ើប​ឲ្យ​ច្បាស់​អ៊ីចឹង។ បងស្រី​ដែល​គាត់​ទទួល​រងគ្រោះ​គាត់​នៅ​ក្រៅ​រង្វង់​ប្រតិបត្តិការ​នោះ មិន​ដឹង​គ្រាប់​ហ្នឹង​វា​ទៅ​ពី​ខាង​ណា​ទៅ»

ទោះ​ជា​យ៉ាង​ណា ការ​អះអាង​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ច្រាន​ចោល។ លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) មាន​មតិ​ថា អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​ចំពោះ​ប្រជាពលរដ្ឋ​ទន់​ខ្សោយ ដែល​ចេះ​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក នី ចរិយា បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រុម​គ្រួសារ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ក៏​ដោយ​ចុះ ក៏​ជា​កាតព្វកិច្ច​របស់​ព្រះ​រាជអាជ្ញា​ដែរ។ គ្រប់​គ្នា​បាន​ដឹង​យ៉ាង​ច្បាស់​ចំពោះ​ការ​បង្ក្រាប​បាតុករ​ក្រោម​ការ​ដឹកនាំ​និង​បញ្ជា​របស់​ស្នងការ​រាជធានី​ភ្នំពេញ ដែល​ពុំ​មាន​អ្វី​គួរ​ឲ្យ​ស្រពេចស្រពិល​ទាល់​តែ​សោះ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​នោះ ទោះ​បី​ជា​ចេតនា​ក្ដី និង​អចេតនា​ក្ដី ពីព្រោះ​វា​ជា​អំពើ​ឃាតកម្ម។

លោក នី ចរិយា៖ «កាល​ណា​ឆ្លើយ​ថា​មនុស្ស​ទី​៣ បាន​ន័យ​ថា គាត់​ដឹង​ថា មនុស្ស​ទី​៣​ជា​នរណា​ហ្នឹង​ត្រូវ​តែ​ចាប់​អ្នក​ទី​៣​នោះ​ទៅ​ជា​អ្នក​បាញ់​នុះ​ណា។ ទី​២ ហេតុ​អី​បាន​មិន​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​គ្រាប់​កាំភ្លើង​ដែល​បាញ់​ទៅ​លើ​គាត់​ដើម្បី​បញ្ជាក់​ថា តើ​ជន​ទី​៣​ហ្នឹង​មក​ពី​ណា? ហើយ​បាន​គ្រាប់​កាំភ្លើង​ហ្នឹង​បាន​ពី​ណា​មក? ឬ​ក៏​គ្រាប់​កាំភ្លើង​ហ្នឹង​ចេញ​ពី​គ្រាប់​កាំភ្លើង​ចេញ​ពី​សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល ឬ​ក៏​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ។ យើង​មិន​អាច​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​មាត់​ថា ជន​ទី​៣ អ៊ីចឹង​រួច​ខ្លួន​ទេ បើ​យើង​ដឹង​ថា​ជន​ទី​៣ ត្រូវ​តែ​ស៊ើបអង្កេត​និង​ចាប់​ខ្លួន​ជន​ទី​៣ គ្រាន់​តែ​ពាក្យ​ដោះសា​ឲ្យ​ផុត​ពី​មាត់​ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​រឿង​មួយ​ដែល​ចូល​ដៃ​ចូល​ជើង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ហ្នឹង​បន្ថែម​ទៀត​ទៅ​ទេ»

ភ្លាមៗ​បន្ទាប់​ពី​ការ​ស្លាប់​របស់​ស្ត្រី​អ្នក​លក់​បាយ​នោះ សមាជិក​សភា​មក​ពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក និង​ត្រូវ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ករណី​នេះ ពីព្រោះ​ថា បាន​បង្ក​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច ហើយ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព។

ចំពោះ​ការ​ស្លាប់ អ្នកស្រី អេង សុខុម ក្រុម​គ្រួសារ​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ជួយ​ឧបត្ថម្ភ​សម្រាប់​ធ្វើ​បុណ្យ​ចំនួន ៥​លាន​រៀល។ ចំណែក​មន្ត្រី​ខណ្ឌ និង​សង្កាត់​ក៏​បាន​ចូល​បុណ្យ​ជាង ១០​ម៉ឺន​រៀល និង​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ពួក​គេ​ដែរ។ លោក ង៉ែត វង្ស ស្វាមី​ស្ត្រី​រងគ្រោះ​បាន​ថ្លែង​ថា ក្រោយ​មក​ទៀត អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ធនាគារ​ដែល​គ្រួសារ​លោក​ជំពាក់​បំណុល​ឲ្យ​បង់​ប្រាក់​ប្រចាំ​ខែ​តិច​ជាង​មុន​ដោយសារ​បញ្ហា​ជីវភាព។ ថ្វី​ត្បិត​តែ​មាន​ការ​ចូល​បុណ្យ និង​រំលែក​ទុក្ខ​យ៉ាង​ណា​ក្ដី តែ​គ្រួសារ​គាត់​នៅ​ពុំ​ទាន់​មាន​ភាព​កក់​ក្ដៅ​នៅ​ឡើយ​ទេ។ ភាព​កក់​ក្ដៅ​របស់​ពួកគាត់​នៅ​ពេល​នេះ គឺ​ភាព​យុត្តិធម៌។ ភាព​យុត្តិធម៌​នៅ​ឯ​ណា​គ្មាន​នរណា​ដឹង​នោះ​ទេ សម្រាប់​គ្រួសារ​មួយ​នេះ ស្រប​ពេល​ដែល​ពួកគាត់​បន្ត​ពួន​សម្ងំ​ក្នុង​ភាព​ស្ងៀមស្ងាត់​មិន​តតាំង​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំសូមចូលរួមសោកស្តាយផងចំពោះការបាត់បងមនុស្សជាទីស្រឡាញ់របស់អ្នក ហើយខ្ញុំសូមកោតសរសើរដោយស្មោះចំពោះការសម្រេចចិត្ត​របស់លោកអ្នកដែលមិនតតាំងជាមួយពួកនោះ មែនការអហោសិកម្ម​ជា​​ផ្លូវនាំមកនៅសេចក្តីសុខក្នុងចិត្តរបស់អ្នក ដោយអ្នកដឹងថាបើចោរ​លួច​របស់ទៅប្តឹងមេចោរ វាពិតជាគ្មានន័យឡើយ។

Nov 11, 2014 09:08 PM

គេហទំព័រ​ទាំងមូល