មន្ត្រី​នគរបាល​ឃុំ​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

ដោយ ជិន ជេដ្ឋា
2014.10.06

នាយ​និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ព្រះគគីរ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា អសមត្ថភាព​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​ដើរ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដែល​មាន​មុខរបរ​នេសាទ​នៅ​ក្នុង​ឃុំ។ ប៉ុន្តែ​ខាង​សមត្ថកិច្ច​ឆ្លើយ​តប​វិញ​ថា ការ​ចោទ​នេះ គឺ​ជា​រឿង​កាច់កុង​មួលបង្កាច់​រៀបចំ​ដោយ​មេឃុំ និង​ប្រធាន​សហគមន៍​ឃុំ​កំពង់ព្រះគគីរ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ភ្ជាប់​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ភូមិ​កោះ​តាម៉ូវ និង​ភូមិ​ព្រែក​ស្ពាន​នៃ​ឃុំ​កំពង់ព្រះគគីរ សរុប​ចំនួន ៨២​ស្នាម​មេដៃ គ្រោង​នឹង​ដាក់​ជូន​អភិបាល​ខេត្ត​កំពង់ឆ្នាំង និង​អភិបាល​ស្រុក​បរិបូរណ៍ បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នាយ​ប៉ុស្តិ៍​ឈ្មោះ ប៉ាង ពុំសែន និង​មន្ត្រី​ប៉ុស្តិ៍​ម្នាក់​ទៀត​ឈ្មោះ ទុំ សារ៉ុន ចេញ​ពី​ទឹកដី​ឃុំ​កំពង់ព្រះគគីរ។

តំណាង​ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ទាំង​ពីរ​នាក់​ថា តែង​តែ​ដើរ​ជំរិត​ទារ​ប្រាក់ និង​រឹបអូស​យក​ឧបករណ៍​នេសាទ​ពី​ពលរដ្ឋ ប្រសិន​បើ​ទារ​ប្រាក់​មិន​បាន​សម្រេច។

ប្រធាន​សហគមន៍​នេសាទ និង​ជា​ពលរដ្ឋ​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមត្ថកិច្ច​នេះ លោក ផាន់ ផល្លា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ថា ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​អាច​នឹង​ដាក់​ជូន​អភិបាល​ខេត្ត អភិបាល​ស្រុក និង​ទៅ​ស្នងការ​នគរ​បាល​ខេត្ត នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤។ លោក​ថា កន្លង​ទៅ​សមត្ថកិច្ច​ទាំង​ពីរ​នាក់​មិន​ដែល​មាន​សហការ​ល្អ​ជាមួយ​សហគមន៍ ឬ​អាជ្ញាធរ​ឃុំ​ឡើយ ហើយ​បញ្ហា​នេះ​លោក​មេ​ឃុំ​ធ្លាប់​ផ្ដល់​របាយការណ៍​ទៅ​ថ្នាក់​លើ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ។

លោក ផាន់ ផល្លា៖ «វា​មិន​មែន​ត្រឹម​តែ​ប្រជា​ពលរដ្ឋ​ទេ សូម្បី​មេ​ឃុំ​ហ្នឹង​ក៏​គាត់​ចង់​សំណូមពរ​ឲ្យ​គាត់​មេ​ប៉ុស្តិ៍​ហ្នឹង​ឈ្មោះ ប៉ាង ពុំសែន ហើយ​មន្ត្រី​ប៉ុស្តិ៍​ម្នាក់​ឈ្មោះ ទុំ សារ៉ុន សូម​ដោះដូរ បាន​ន័យ​ថា គាត់​គ្មាន​សមត្ថភាព​គ្រប់គ្រង​នៅ​ក្នុង​ឃុំ​កំពង់ព្រះគគីរ​នេះ​ណា​បង! ខ្ញុំ​ចង់​ឲ្យ​ដូរ​គាត់​មិន​មែន​ដក​គាត់​ចេញ​ពី​ប៉ូលិស​ទេ​ណា ឲ្យ​គាត់​ធ្វើ​ប៉ូលិស​ដដែល ប៉ុន្តែ​ឲ្យ​ដូរ​ចេញ​ពី​ហ្នឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ព្រះគគីរ លោក ប៉ាង ពុំសែន ថ្លែង​បញ្ជាក់​ថា លោក​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ការ​ពិន័យ​រដ្ឋបាល​ផ្សេង​ទៀត ប្រសិន​បើ​រក​ឃើញ​ថា លោក​មាន​កំហុស​ដូច​ការ​ចោទ។ លោក​បដិសេធ​ថា មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់ ប៉ុន្តែ​ខាង​ប្រធាន​សហគមន៍​នេសាទ និង​លោក​មេ​ឃុំ​ឈ្មោះ គង់ គឹមហាក់ ទៅ​វិញ​ទេ​ដែល​បាន​រៀប​ចំ​ផែនការ​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ប្រឆាំង​នឹង​រូប​លោក និង​មន្ត្រី​ម្នាក់​ទៀត បន្ទាប់​ពី​មាន​មន្ត្រី​ថ្នាក់​លើ​ចុះ​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក្រតី​របស់​ប្រធាន​សហគមន៍​លោក ផាន់ ផល្លា យក​លុយ​ពី​ប្រជា​ពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ហើយ​ប្រហែល​ជា​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​លោក​ឃុំ​ដែរ បាន​ជា​មាន​រឿង​មួល​បង្កាច់​នេះ​កើត​ឡើង។

លោក ប៉ាង ពុំសែន៖ «ដើម្បី​កាច់កុង​គ្នា​ទេ​រឿង​នេះ​នោះ! រឿង​ខ្លួន​ឯង អា​ហ្នឹង​ជា​ការ​ទប់ស្កាត់​ខ្លួន​ឯង​ទេ ព្រោះ​មាន​គេ​ចុះ​ស្រាវជ្រាវ​អំពី​ភាព​មិន​ប្រក្រតី​របស់​ប្រធាន​សហគមន៍ ហើយ​និង​ប្រហែល​មាន​ពាក់ព័ន្ធ​ជា​មួយ​លោក​មេ​ឃុំ​អី​ម៉េច​មិន​ដឹង បាន​គាត់​មាន​អា​បញ្ហា​ហ្នឹង​ធ្វើ​មក​លើ​ខ្ញុំ​វិញ​ខ្ញុំ​អត់​ដឹង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មេ​ឃុំ​កំពង់ព្រះគគីរ លោក គង់ គឹមហាក់ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ទាក់ទង​មិន​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ចំណែក​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​តំណាង និង​ប្រជា​ពលរដ្ឋ​ក្នុង​រឿង​សុំ​ផ្លាស់ប្ដូរ​នាយ និង​មន្ត្រី​ប៉ុស្តិ៍​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ណែនាំ ឬ​សម្របសម្រួល​ចំពោះ​បញ្ហា​នេះ​ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​មក​ដល់​ដៃ​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។