អ្នក​ស្រឡាញ់​បណ្ឌិត កែម ឡី ធ្វើ​បុណ្យ​ខួប​១​ឆ្នាំ​ឧទ្ទិស​កុសល​ជូន​លោក​នៅ​ភ្នំពេញ

ដោយ ឡេង ម៉ាលី
2017-07-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ស្រឡាញ់​ចូល​ចិត្ត​បណ្ឌិត កែម ឡី រៀបចំ​ពិធី​រំឭក​ខួប ១​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅ​ហាង​សាំង​កាល់តិច ស្ដុប​បូកគោ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧។
អ្នក​ស្រឡាញ់​ចូល​ចិត្ត​បណ្ឌិត កែម ឡី រៀបចំ​ពិធី​រំឭក​ខួប ១​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅ​ហាង​សាំង​កាល់តិច ស្ដុប​បូកគោ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Brach Chev

អ្នក​ស្រឡាញ់​ចូល​ចិត្ត​បណ្ឌិត កែម ឡី នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ១​ឆ្នាំ​នៃ​មរណភាព​របស់​លោក នៅ​ថ្ងៃ​ទី​១០ កក្កដា។ ការ​រៀបចំ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ដែល​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​នៅ​ហាង​សាំង​កាល់តិច ស្ដុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ នៅ​ក្នុង​ខួប​គម្រប់ ១​ឆ្នាំ​នេះ មិន​មាន​ភាព​គគ្រឹកគគ្រេង​ដូច​ឆ្នាំ​មុន​ទេ។

ពិធី​រំឭក​ខួប​គម្រប់ ១​ឆ្នាំ​នៃ​មរណភាព​របស់​អ្នក​វិភាគ​បញ្ហា​សង្គម គឺ​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រូវ​បាន​ក្រុម​យុវជន អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ ប្រារព្ធ​ធ្វើ​ជា​ទ្រង់ទ្រាយ​តូចៗ​ពីរ​កន្លែង​នៅ​ភ្នំពេញ គឺ​នៅ​ហាង​សាំង​កាល់តិច (Caltex) បូកគោ និង​នៅ​វត្ត​ចាស់។

ក្រុម​យុវជន​មួយ​ក្រុម តំណាង​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​នាក់ និង​ព្រះសង្ឃ ២​អង្គ នាំ​គ្នា​តាំង​រូបថត​បណ្ឌិត កែម ឡី និង​ដាក់​កម្រង​ផ្កា​នៅ​ហាង​សាំង​កាល់តិច (Caltex) ស្ដុប​បូកគោ ធ្វើ​ពិធី​បង្សុកូល​មួយ​រយៈពេល​ខ្លី​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ថ្លែង​ទាក់ទង​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ឯ​ពិធី​នេះ​ថា អ្នក​ធ្វើ​ការ​ផ្នែក​សង្គម​នៅ​កម្ពុជា តែងតែ​ប្រឈម​ការ​ជាប់​ពន្ធនាការ ការ​បាញ់​ប្រហារ​បែប​នេះ ដែល​ធ្វើ​ឲ្យ​យុវជន​ភ័យ​ខ្លាច ប៉ុន្តែ​លោក​នៅ​តែ​ទទូច​ឲ្យ​យុវជន​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម​ដដែល«ទន្ទឹម​នឹង​ការ​ភ័យ​ខ្លាច​នេះ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​យុវជន​ហ៊ាន​និយាយ​ការពិត ជាជាង​និយាយ​ការពារ​ដូច​អ្វី​ដែល​លោក​បណ្ឌិត កែម ឡី បន្សល់​នូវ​បណ្ដាំ។ អ្វី​ដែល​គាត់​និយាយ គឺ​សម្រាប់​ការពិត ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង។ នៅ​ពេល​ប្រជាពលរដ្ឋ​បាន​យល់​ដឹង ប្រព័ន្ធ​នៃ​ការ​គោរព​ច្បាប់ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មាន​ភាព​ល្អ​ប្រសើរ»

នៅ​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​រំឭក​ខួប​លើក​ទី​១ នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ស្ថានទូត​អាមេរិក នៅ​ប្រទេស​កម្ពុជា ក៏​បញ្ចេញ​សារ​ចូលរួម​រំឭក​អំពី​ការងារ និង​ជីវិត​របស់​លោក​ដែរ។ សារ​ស្ថានទូត​អាមេរិក បន្ត​ថា យើង​សូម​សម្ដែង​សមានទុក្ខ​សាជាថ្មី​ចំពោះ​គ្រួសារ​របស់​លោក កែម ឡី ដែល​កំពុង​រង់ចាំ ហើយ​សង្ឃឹម​ថា​អ្នក​ប្រព្រឹត្តិ នឹង​ត្រូវ​បាន​ចាប់​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ពេញលេញ​ចំពោះ​អំពើ​លីលា និង​ដ៏​កំសាក​នេះ។

សកម្មជន​សង្ឃ​ផ្នែក​សិទ្ធិ​មនុស្ស គឺ​ព្រះ​ភិក្ខុ លួន សុវ៉ាត មាន​ថេរ​ដីកា​រំឭក​ថា អ្វី​ដែល​បណ្ឌិត កែម ឡី និយាយ​ពី​បញ្ហា​សង្គម លោក​តែង​មាន​ភស្តុតាង និង​ព័ត៌មាន​ច្បាស់លាស់«គាត់ ព្រៃឈើ​មាន​ការ​រុក​រាន​ទន្ទ្រាន​ការ​កាប់​បំផ្លាញ។ អ៊ីចឹង​អ្វី​ដែល​គាត់​វិភាគ យើង​មើល​ឃើញ យើង​ទាំងអស់​គ្នា​ស្ដាប់​គាត់​និយាយ ហើយ​យើង​មើល​ទៅ​ព្រៃ គឺ​បាត់​ព្រៃ​មែន គឺ​គាត់​មិន​បាន​និយាយ​ភូត​កុហក ញុះញង់​បោកប្រាស់​អី​ទេ។ អ៊ីចឹង​គោលការណ៍​សំខាន់​ដែល​គាត់​មាន ទាំង​កាយ​វាចា​ចិត្ត គឺ​សច្ចធម៌​ជា​ធំ គុណធម៌​ជា​ធំ សីលធម៌​ជា​ធំ និង​យុត្តិធម៌​ជា​ធំ តាម​បែប​ប្រជាធិបតេយ្យ»

ដោយឡែក​នៅ​ឯ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ វិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រួម​នឹង​ព្រះសង្ឃ ១១​អង្គ​ផ្សេង​ទៀត ក៏​បាន​រៀបចំ​ពិធី​សូត្រ​ធម៌​បង្សុកូល​ដល់​បណ្ឌិត កែម ឡី ដែរ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការ​ធ្វើ​ពិធី​តូច​នេះ គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​មិន​ឲ្យ​ដាច់​ពី​កន្លែង​ធ្វើ​បុណ្យ​ពេល​លោក កែម ឡី ស្លាប់​ខួប ៧​ថ្ងៃ និង ១០០​ថ្ងៃ ហើយ​ក៏​ចង់​ឲ្យ​អ្នក​ចូលរួម​មូល​គ្នា​ច្រើន​នៅ​ឯ​ពិធី​បុណ្យ​ឯ​ខេត្ត​តាកែវ ដែរ៖ «ដូច្នេះ​បើ​យើង​ធ្វើ​ទី​នេះ បើ​សិន​ជា​អាត្មា​ប្រកូកប្រកាស​រក​ញាតិញោម វា​បែក​កម្លាំង​ទៅ​ចូលរួម​ជួយ​នៅ​ឯ​ខេត្ត​តាកែវ ហើយ​ក៏​សាធារណជន​មើល​មក​ថា ហេតុ​ម៉េច​បាន​ជា​យើង​មិន​សាមគ្គី​គ្នា

ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់​ថា ព្រះអង្គ​គ្រោង​ធ្វើ​ពិធី​បុណ្យ​ធំ​នៅឆ្នាំ​២០១៨ គម្រប់​ខួប ២​ឆ្នាំ។

ក្រៅ​ពី​ព្រះសង្ឃ ១២​អង្គ មាន​ពុទ្ធបរិស័ទ ៥​រូប ចូលរួម​ពិធី​នេះ​ដែរ។ ពលរដ្ឋ​នៅ​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម ៥​នាក់​ដែល​ចូលរួម​ពិធី​បង្សុកូល​នៅ​វត្ត​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា លោកស្រី សុខ លាង ថ្លែង​ថា លោកស្រី​ស្រណោះ​ណាស់​ដែល​ថ្ងៃ​ខួប​របស់​បណ្ឌិត កែម ឡី ឆ្នាំ​ដំបូង​នេះ​មាន​សភាព​ស្ងាត់។ លោកស្រី​ចង់​ឲ្យ​មាន​ពិធី​បុណ្យ​ធំ​ដូច​កាល​ពី​ឆ្នាំ​២០១៦«ខ្ញុំ​ក៏​ស្នើសុំ​អាជ្ញាធរ​សាលា​រាជធានី សុំ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បុណ្យ​រំឭក​ខួប​លោក​បណ្ឌិត កែម ឡី ព្រោះ​អី​លោក​បណ្ឌិត​ហ្នឹង​គាត់​អត់​មាន​សត្រូវ​ជាមួយ​រដ្ឋាភិបាល ឬ​ក៏​បង​ប្អូន​ទាំងអស់​ទេ។ គាត់​គ្រាន់​តែ​និយាយ​ការពិត​នៃ​អ្វី​ដែល​គាត់​បាន​ឃើញ​នៅ​ក្នុង​សង្គម។ អ៊ីចឹង​គាត់​ហ៊ាន​និយាយ​ការពិត​អ្វីៗ​ទាំងអស់ គឺ​មិន​មែន​ឆ្លុះ​បញ្ចាំង​ថា​គាត់​ហ្នឹង​ប្រឆាំង​រដ្ឋាភិបាល ឬ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​ទេ គឺ​គាត់​ចង់​ឲ្យ​សង្គម​ក្នុង​ប្រទេស​ខ្មែរ​យើង មាន​ការ​ដឹក​នាំ​ល្អ ហើយ​រីក​ចម្រើន​តែ​ប៉ុណ្ណោះ»

អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា បាន​រារាំង​ក្រុម​សហជីព និង​យុវជន​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យក​រូបថត​លោក​បណ្ឌិត កែម ឡី និង​ដាក់​កម្រង​ផ្កា ដើម្បី​ដាក់​តាំង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​នៅ​ឯ​ស្តារ​ម៉ាត​កាល់តិច ស្ដុប​បូកគោ ជា​ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ​ឡើយ។ ទោះ​បី​ជា​បែប​នេះ​ក្ដី ការ​ប្រារព្ធ​ពិធី​បង្សុកូល​ដល់​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​កន្លែង​ដដែល​នេះ បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ចប់ ដោយ​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ដែនដី​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

there will be no justice for Kem Ley as well as others in this society.

Jul 10, 2017 09:08 PM

គេហទំព័រ​ទាំងមូល