សាច់ញាតិ​ថា​សុខភាព​លោក គឹម សុខ ទ្រុឌទ្រោម​បន្តិច​ក្រោយ​បញ្ចប់​កូដកម្ម​បង្អត់​អាហារ

ដោយ ម៉ម មុនីរតន៍
2017-06-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

អ្នក​វិភាគ លោក គឹម សុខ បាន​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា ចំ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​រូប​នេះ នៅ​តែ​ប្រកាន់​ជំហរ​ដើម្បី​បុព្វហេតុ​ជាតិ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រឹងប្រែង​តាម​ឆន្ទៈ​របស់​ខ្លួន​បន្ត​ទៀត ដើម្បី​ត្រៀម​ខ្លួន​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

សាច់ញាតិ​របស់​លោក គឹម សុខ អះអាង​ថា ស្ថានភាព​សុខភាព​របស់​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​រូប​នេះ គឺ​មាន​សភាព​ទ្រុឌទ្រោម​បន្តិច ក្រោយ​ពី​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា លោក គឹម សេង ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោក គឹម សុខ បញ្ជាក់​ថា សុខភាព​បងប្រុស​របស់​លោក​រាង​ធ្លាក់​ចុះ​បន្តិច នៅ​ពេល​បញ្ចប់​ការ​បង្អត់​អាហារ។ ប៉ុន្តែ​បើ​ទោះ​ជា​សុខភាព​របស់​លោក គឹម សុខ នៅ​ពេល​នេះ​មាន​សភាព​ទ្រុឌទ្រោម​បន្តិច​ក៏ដោយ​ចុះ ក៏​លោក គឹម សេង ឲ្យ​ដឹង​ថា អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ នៅ​តែ​រក្សា​ជំហរ និង​ឆន្ទៈ​នយោបាយ​ដូច​មុន​ការ​ចោទ​ប្រកាន់​ដោយ​មិន​ប្រែប្រួល​ឡើយ។ លោក​បន្ត​ថា «គាត់​បាន​ហូប​អាហារ​វិញ​ហើយ ប៉ុន្តែ​គាត់​ប្រាប់​ថា​វា​ហូប​អត់​បាន​ដូច​ដើម ដោយសារ​បញ្ហា​ក្រពះ ដោយសារ​គាត់​អត់​អាហារ​ចំនួន ៧​ថ្ងៃ​មក​ហើយ។ ចំពោះ​គោល​ជំហរ​ការងារ​គាត់​វិញ គាត់​មិន​ប្ដូរ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា លិខិត​មួយ​ច្បាប់​ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​ចេញ​ពី​ពន្ធនាគារ ហើយ​មាន​ផ្ដិត​មេដៃ​ដោយ​លោក គឹម សុខ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​សរសេរ​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម លោក​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ចំនួន ៧​ថ្ងៃ។ កូដកម្ម​ដែល​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ​រៀបចំ​ឡើង បំណង​សំខាន់​បំផុត គឺ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេ​ឃុំ-ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន។

កូដកម្ម​បង្អត់​អាហារ​ដែល​លោក គឹម សុខ ធ្វើ​ឡើង​នេះ គឺ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា និង​បញ្ចប់​ទៅ​វិញ​នៅ​ចំ​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

បើ​ទោះ​ជា​បែប​ណា លោក គឹម សេង ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ដឹង​ពី​របៀប​នៃ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​របស់​លោក គឹម សុខ នេះ​តាម​មធ្យោបាយ​ណា​នៅ​ឡើយ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា ក្រោយ​បញ្ចប់​កូដកម្ម​នេះ ស្ថានភាព​សុខភាព​របស់​លោក គឹម សុខ គឺ​មាន​សភាព​ទ្រុឌទ្រោម​ជាង​មុន។

ដោយឡែក​លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ ក៏​បាន​បដិសេធ​ដែរ​ថា លោក​ពុំ​បាន​ដឹង​ពី​វិធី​នៃ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​របស់​លោក គឹម សុខ នេះ​ដែរ។ លោក​បន្ត​ថា «ខ្ញុំ​អត់​បាន​ទៅ​ជួប​គាត់​ទៀត​ទេ​តាំង​ពី​គាត់​ប្រកាស​បង្អត់​អាហារ​ហ្នឹង​មក។ ខ្ញុំ​គ្រាន់​ដឹង​ថា​គាត់​ធ្វើ ៧​ថ្ងៃ»

លោក គឹម សុខ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តប​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច រួច​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ។ មក​ដល់​ពេល​នេះ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ហើយ​កាល​ពី​អំឡុង​ខែ​មេសា ដើម្បី​រង់ចាំ​ថ្ងៃ​សវនាការ​លើ​អង្គ​សេចក្ដី។

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្រោយ​ពី​ទទួល​ការ​ព្រមាន​ពី​លោក ហ៊ុន សែន។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា លោក គឹម សុខ និយាយ​ខុស​ពី​ការពិត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ដែល​ហ៊ាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

ទាក់ទិន​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ពន្ធនាគារ​ព្រៃ​ស​នេះ អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ គឺ​លោក នុត សវនា បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា លោក គឹម សុខ ត្រូវ​បរាជ័យ​តាម​រយៈ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ជំនុំ​ជម្រះ​នៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍។ យ៉ាង​ណា នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​២១ ព្រម​ទាំង​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាង​មុខ​នេះ តុលាការ​កំពូល នឹង​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​មេធាវី​លោក គឹម សុខ ដែល​ប្ដឹង​ប្រឆាំង​ទៅ​នឹង​នីតិវិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល