រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​កូរ៉េ​កាន់​តែ​ច្រើន​ឡើង

ដោយ ដែន អយុធ្យា
2017.08.20
ទេសចរ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ២០១៧ ៦២២ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA

អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​ទេសចរណ៍ រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ពី​សាធារណរដ្ឋ​កូរ៉េ ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ចំនួន​ច្រើន​នៅ​ឆ្នាំ​ខាង​មុខ បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ឆាងវ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​បង​ប្អូន និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​រួម​គ្នា​រួច​មក។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​បង​ប្អូន​គ្នា​ជាមួយ​ទីក្រុង​ឆាងវ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ និង​បាន​រួម​គ្នា​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិស័យ​ទេសចរណ៍​រួម​គ្នា​រួច​មក។ លោក​រំពឹង​ថា នៅ​បណ្តា​ឆ្នាំ​ខាង​មុខ ភ្ញៀវ​ទេសចរ​ពី​សាធារណរដ្ឋ​កូរ៉េ នឹង​អាច​ចាប់​អារម្មណ៍​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ជាក់​ជា​មិន​ខាន។

លោក យន្ត មីន បន្ត​ថា ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ឆាងវ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា ហើយ​ក៏​ជា​ទីក្រុង​ស្រស់​ស្អាត​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ធនធាន​មនុស្ស និង​វប្បធម៌​ដ៏​សម្បូរ​បែប ដែល​ធ្វើ​ឲ្យ​ទីក្រុង​ឆាងវ៉ុន មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ល្អ​ប្រណិត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​កម្សាន្ត​ច្រើន​កុះករ។

លោក យន្ត មីន ឲ្យ​ដឹង​ថា កាល​ពី​ខែ​មេសា លោក​បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ឆាងវ៉ុន ដោយ​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ជា​បង​ប្អូន ហើយ​បាន​យក​ឱកាស​នោះ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​ឲ្យ​ភ្ញៀវ​ទេសចរ​កូរ៉េ និង​ភ្ញៀវ​អន្តរជាតិ​ដទៃ​ទៀត​បាន​ស្គាល់​ទីតាំង​កម្សាន្ត ពិសេស​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា៖ «យើង​បាន​ទៅ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិស័យ​ទេសចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​យើង​ដល់​ប្រទេស​កូរ៉េ ឲ្យ​គេ​ដឹង​អំពី​ទីតាំង​ទេសចរណ៍ អំពី​វប្បធម និង​ប្រពៃណី​របស់​យើង ដើម្បី​ឲ្យ​ទេសចរ​កូរ៉េ បាន​ស្វែងយល់។ ជាង​នេះ​ក៏​ស្នើ​ឲ្យ​ប្រតិបត្តិករ​ទេសចរ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​ចូលរួម​គាំទ្រ​ការងារ​ថែរក្សា​សម្អាត​បរិស្ថាន​ឆ្នេរ​សមុទ្រ​យើង​ឲ្យ​មាន​បរិស្ថាន​ល្អ នឹង​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី​នា​ថ្ងៃ​អនាគត»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា មាន​ប្រសាសន៍​ថា កន្លង​ទៅ​ភ្ញៀវ​មក​ពី​ប្រទេស​កូរ៉េ មិន​ទាន់​មាន​ច្រើន​ទេ។ លោក​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​ប្រតិបត្តិករ​ទេសចរ ត្រូវ​រួម​សហការ​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត៖ «រដ្ឋបាល​ខេត្ត និង​ក្រសួង​ទេសចរណ៍ គឺ​យើង​ចង់​រៀបចំ​ស្តង់ដារ​រមណីយដ្ឋាន​ឆ្នេរ​ឲ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ទាល់​តែមាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ប្រតិបត្តិករ​ទេសចរ និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​លក់ដូរ ការ​ទុក​ដាក់​សំរាម និង​ការដាក់​លក់គ្រឿង​សំណង់ផ្សេងៗ​នៅ​តាមទី​សាធារណៈ ឬ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឲ្យ​មាន​របៀប​រៀបរយ។ ជាង​នេះ បញ្ហា​សណ្ដាប់ធ្នាប់​ក៏​ត្រូវ​ពង្រឹង​ថែរក្សា​ឲ្យ​បាន​ល្អ និង​មាន​សុវត្ថិភាព ហើយ​បញ្ហា​នេះ​ទាល់​តែ​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់​គ្នា ទើប​អាច​ឲ្យ​រដ្ឋបាល​ខេត្ត​សម្រេច​បាន​ជោគជ័យ​តាម​គោលដៅ​យើង​ចង់​បាន»

ស្ថិតិ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ បង្ហាញ​ថា ខេត្ត​ព្រះសីហនុ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ១​លាន ១​សែន ៨​ម៉ឺន ៥​ពាន់​នាក់ (.១៨៤.៩៥៥​នាក់) គឺ​កើន​ជិត ១៥​ភាគរយ (១៤,៧២%) បើ​ប្រៀបធៀប ៦​ខែ​ដើម​ឆ្នាំ​២០១៦។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ជិត ៩​សែន ៤​ម៉ឺន​នាក់ (៩៣៨.០៨១​នាក់) កើន​ជិត ១៦​ភាគរយ (១៥,៨៤%) និង​ភ្ញៀវ​អន្តរជាតិ​មាន​ជិត ២​សែន ៥​ម៉ឺន​នាក់ (២៤៦.៨៧៤​នាក់) កើន​ជិត ១១​ភាគរយ (១០,៦៥%) បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦។

លោក គ្រឹស្នា ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ចំនួន​ភ្ញៀវ​ទេសចរ​នាំ​មុខ ១០​ប្រទេស ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ រួម​មាន​ចិន អង់គ្លេស វៀតណាម អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ បារាំង រុស្ស៊ី ថៃ និង​កាណាដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។