ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពួកគាត់

ដោយ ម៉ែន សុធីរ
2016.12.09
ផែនទី​ខេត្ត​ក្រចេះ ៨៥៥ ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

ពលរដ្ឋ​រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​មេ​ប៉ុស្តិ៍​ស្នួល​ថា មិន​យកចិត្តទុកដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នោះ​ទេ។ អ្នកភូមិ​លើក​ឡើង​ថា អ្នករងគ្រោះ​ដោយ​អំពើ​ហិង្សា​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជិត​មួយ​ខែ​ហើយ តែ​ពុំ​មាន​ចំណាត់​ការ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ទម្រង់​នៃ​វប្បធម៌​និទ្ទណ្ឌភាព ដែល​ជា​ប្រភព​អសន្តិសុខ​សង្គម។

​ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ចោទ​មេ​ប៉ុស្តិ៍​ស្នួល លោក ថៃ លីថុន និង​អាជ្ញាធរ​មូលដ្ឋាន​ថា កំពុង​មើល​រំលង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​កើត​មាន​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ។ ពួកគេ​សម្តែង​ក្តី​អស់​សង្ឃឹម​ចំពោះ​ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត រស់​នៅ​ឃុំ​ឃ្សឹម គឺ​លោក សឹម ពៅ ចោទ​ប្រកាន់​ថា មេ​ប៉ុស្តិ៍​ស្នួល លោក ថៃ លីថុន និង​មេ​ភូមិ​ថ្ពង លោក ចេត សុខា គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នោះ​ទេ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នោះ។ លោក​រំឭក​ថា កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់​ឈ្មោះ អឿន ស្រីអន ត្រូវ​បាន​ប្ដី​របស់​ខ្លួន​ឈ្មោះ យេន ខ្លី ប្រើ​កាំបិត​កាប់​ត្រង់​ចង្កេះ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ហើយ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្ដឹង មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ចំណាត់​ការ​នៅ​ឡើយ។

លោក​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ បុរស​ម្នាក់​បាន​យក​កាំបិត​ដេញ​កាប់​សម្លាប់​លោក នៅ​គ្រា​ដែល​លោក​បាន​ជួយ​សម្របសម្រួល​អ្នក​ភូមិ​មួយ​គ្រួសារ​កើត​អំពើ​ហិង្សា ហើយ​លោក​បាន​ប្ដឹង​ករណី​នេះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន តែ​ពុំ​មាន​ដំណោះស្រាយ៖ «ច្បាប់​ចែង​មក​ដើម្បី​ឲ្យ​អាជ្ញាធរ​បម្រើ​ប្រជាពលរដ្ឋ​បើ​អាជ្ញាធរ​មិន​បម្រើ​ប្រជាពលរដ្ឋ​តើ​ឈ្មោះ​ជា​អាជ្ញាធរ​មាន​ន័យ​ថា​ម៉េច? ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​រហូត​ដល់​ស្លាប់​ចាំ​យក​ខ្មោច​ទៅ​កប់ ឬ​យ៉ាង​ម៉េច?»

ដូច​គ្នា​នេះ​ដែរ ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​ជនរងគ្រោះ គឺ​លោកស្រី ឃឹម នឿន រិះគន់​ភាព​ព្រងើយកន្តើយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​មិន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​កាប់​កូនស្រី​របស់​លោក​ស្រី​អោយ​របួសធ្ងន់។ លោកស្រី​សង្ស័យ​ថា  មូលហេតុ​ដែល​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ករណី​នេះ ដោយសារ​លោកស្រី​គ្មាន​ប្រាក់​បង់​ឲ្យ​សមត្ថកិច្ច​ទាំង​នោះ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុវត្ត​ច្បាប់៖ «កន្លែង​ប្លង់​ហ្នឹង​វា សេរី​ណាស់ អា​ណា​ចង់​កាប់​អាណា​ទៅ។ វ៉ែ​តាម​ចិត្ត​ក៏​គ្មាន​ពី​ណា​គេ​ដឹង​ឮ​ដែរ លោកគ្រូ​អើយ​យ៉ាប់​ណាស់!»

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល លោក ថៃ លីថុន បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ ដោយ​លើក​ហេតុផល​ថា  ក្រោយ​ពី​កើត​មាន​បាតុភាព​ភ្លាម នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ផ្ទាល់ តែ​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន។ តែ​យ៉ាងណា​លោក​សន្យា​ថា នឹង​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ករណី​នេះ​បន្ត​ទៀត ប្រសិនបើ​ជនសង្ស័យ​មាន​វត្តមាន​នៅ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​នឹង​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ព្រោះ​អំពើ​ហិង្សា​នេះ​កើតមាន​ចំពោះ​ប្តី និង​ប្រពន្ធ៖ «យើង​ទៅ​ភ្លាម​វា​គេច​បាត់​ទៅ ព្រោះ​យើង​តាម​វា​អត់​ទាន់​ទេ តែ​ទើប​ឮ​ដំណឹង​ម្សិលមិញ​ហ្នឹង។ មេ​ភូមិ​ប្រាប់​ថា វា​មក​វិញ​ហើយ ខ្ញុំ​នឹង​មេភូមិ​សហការ​គ្នា​ថា ចាំ​ស្អែក​ចុះ​ទៅ ហៅ​វា​មក​ធ្វើ​ការ​អប់រំ»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា ប្រសិនបើ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់ ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួល​ទោស មាន​ន័យ​ថា សមត្ថកិច្ច​ត្រូវ​កសាង​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី មិន​អាច​ព្រងើយកន្តើយ ឬ​ធ្វើ​ការ​សម្របសម្រួល​ណា​មួយ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា បើ​សមត្ថកិច្ច​ព្រងើយកន្តើយ​មិន​អនុវត្ត​ច្បាប់ ឬ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​នាំ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព និង​បង្ក​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់៖ «អា​ហ្នឹង​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ចេញ​ដីកា​ចាប់ ឬ​ចេញ​ដីកា​នាំ​ខ្លួន ឬ​ក៏​កោះហៅ​ទៅ​ដើម្បី​អនុវត្ត​តាម​ច្បាប់។ យើង​មិន​អាច​ផ្អឹប​ទុក​ចោល​យូរ​បាន​ទេ»

ក្រមព្រហ្មទណ្ឌ​ថ្មី មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​មួយ​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ដល់ ៦​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។