ពលរដ្ឋ​​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ​នៃ​ខេត្ត​ឧត្តរមានជ័យ​នៅ​តែ​រងគ្រោះ​ដោយសារ​គ្រាប់​មីន

ដោយ ហង្ស សាវយុត
2014.12.15
គ្រាប់​មីន ៣០៥ រូបភាព​គ្រាប់​មីន​ជា​ច្រើន​ប្រភេទ ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។
RFA

កាល​ពី​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ ប្រជាពលរដ្ឋ ២​នាក់ នៅ​ក្នុង​ភូមិ​ដងទង់ សង្កាត់​កូនក្រៀល ក្រុង​សំរោង បាន​រង​របួស​ដាច់​ជើង ដោយសារ​ជាន់​គ្រាប់​មីន​សេសសល់​ពី​សង្គ្រាម​ដែល​កប់​ក្រោម​ដី។

មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៤ គឺ​ចំនួន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន​បាន​កើន​ឡើង​ជាង ២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ កន្លង​ទៅ។ ខេត្ត​ដែល​នៅ​តែ​មាន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ច្រើន​ជាង​គេ គឺ​តំបន់​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដូចជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ។

មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ព្រួយ​បារម្ភ​អំពី​បញ្ហា​គ្រាប់​មីន និង​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដោយសារ​តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តែ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ជា​បន្តបន្ទាប់។

​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា នៅ​តាម​ភូមិ ឃុំ មួយ​ចំនួន​របស់​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អតីត​តំបន់​សង្គ្រាម​ជិត ២​ទសវត្ស ជាប់​ព្រំដែន​ខ្មែរ-​ថៃ គឺ​នៅ​តែ​មាន​គ្រាប់មីន​សេសសល់​ក្រោម​ដី​ដែល​មិន​ទាន់​បោសសំអាត​នៅ​ឡើយ។ បញ្ហា​នេះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​និង​របួស​ដោយសារ​ផ្ទុះ​មីន​ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ។

មេ​ភូមិ​ដងទង់ នៃ​សង្កាត់​កូនក្រៀល ក្រុង​សំរោង គឺ​លោក សៅ ប៊ុនថេង។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ កន្លង​ទៅ ក្មេង​ប្រុស​ម្នាក់​នៅ​ភូមិ​របស់​លោក​ឈ្មោះ តួ ប៉ោង អាយុ ១៤​ឆ្នាំ បាន​ដើរ​ជាន់​មីន​ដាច់​ប្រអប់​ជើង​ម្ខាង នៅ​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ព្រៃ​ចន្លោះ​បង្គោល​ព្រំ​ដន​ខ្មែរ-ថៃ លេខ​១០ និង​លេខ​១១ ដើម្បី​រើស​កំណាត់​ឈើ​ធ្នង់​មក​លក់​ដូរ៖ «កន្លែង​ហ្នឹង​បងប្អូន​ដឹង​ថា មាន​មីន​ហើយ ក៏ប៉ុន្តែ​ដោយសារ​ខ្វះខាត​ជីវភាព ក៏​ចូល​ទៅ​រក​កំណាត់​ឈើ​ធ្នង់ ដើម្បី​យក​មក​លក់ ឬ​ក៏​ដូរ​អង្ករ»

លោក​មេ​ភូមិ​ដងទង់ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ខែ​ជាប់​គ្នា​នេះ អ្នក​ភូមិ​របស់​លោក​ចំនួន ២​នាក់​ហើយ​ដែល​រង​របួស​ដោយសារ​គ្រាប់​មីន។ កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ បុរស​អ្នក​ភូមិ​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ ងឹម បឿន អាយុ ២៨​ឆ្នាំ ក៏​បាន​ដើរ​ជាន់​មីន​ដែល​កប់​ក្រោម​ដី​ដែរ នៅ​ពេល​ចូល​ព្រៃ​ដើរ​រើស​កំណាត់ឈើ​ធ្នង់​មក​លក់​ដូច​គ្នា​នោះ។

មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ផ្ទៃដី​សរុប​ជាង ៦៦​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា គឺ ២០% ក្នុង​ចំណោម​នោះ ជា​តំបន់​ដែល​សង្ស័យ​ថា នៅ​មាន​គ្រាប់មីន​កប់​ក្រោម​ដី និង​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។

ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​ឧត្តរមានជ័យ លោក ស សៀកហៀង ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​តែ​រងគ្រោះ ដោយសារ​គ្រាប់​មីន​ជា​ហូរហែ។ ទោះ​យ៉ាង​ណា​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​រង​គ្រោះ​បាន​ពិតប្រាកដ​ថា​ប៉ុន្មាន​នាក់​ទេ ដោយសារ​តែ​អង្គភាព​របស់​លោក​ខ្វះ​ថវិកា​រលើ​គម្រោង​ស្រាវជ្រាវ​ទិន្នន័យ​នេះ។

លោក ស សៀកហៀង ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១៤ គឺ​លោក​បាន​ទទួល​តួលេខ​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន​ប្រហែល ២-៣​នាក់​ប៉ុណ្ណោះ ដោយសារ​តែ​មិន​មាន​មន្ត្រី​ធ្វើការ​សកម្ម​ទៅ​លើ​ផ្នែក​នេះ៖ «នៅ​តែ​ព្រួយ​បារម្ភ ព្រោះ​នៅ​ខែ​វស្សា គាត់​ចុះ​ប្រកប​មុខ​របរ​កសិកម្ម អាច​នឹង​ប៉ះ​មីន​តោន ឬ​ក៏​មីន​ស្គរ​ដែល​វា​ផ្ទុះ»

មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ីម៉ាក់ ក៏​សំដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ដែរ ដោយ​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្ត​ចំនួន​៣ ដែល​នៅ​ជាប់​ព្រំដែន​ខ្មែរ-​ថៃ មាន​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​មាន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ច្រើន​ជាង​គេ។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៤ គឺ​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទូទាំង​ប្រទេស​ចំនួន ១៣៤​ករណី។ ចំនួន​នេះ កើន​ឡើង​ជាង ២០% បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នក​រងគ្រោះ​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។

​លោក ហេង រតនា បញ្ជាក់​ថា ស៊ីម៉ាក់ មាន​អាទិភាព​សម្រាប់​បោសសំអាត​មីន ក៏​ប៉ុន្តែ​អាទិភាព​នោះ​គឺ​តម្រូវ​ទៅ​តាម​ប្រភព​ធនធាន​ដែល​មាន​សព្វថ្ងៃ មិន​អាច​ទូលំទូលាយ​ទេ។ សព្វថ្ងៃ​នេះ​អាទិភាព​សំអាត​មីន គឺ​ផ្ដល់​ទៅ​កន្លែង​ណា​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ ចំណែក​តំបន់​ដែល​ជា​ដី​ព្រៃ និង​ដី​ស្រែ​ចំការ​ទើប​តែ​រាន​ថ្មី គឺ​មិនទាន់​បោស​សំអាត​ទាំងស្រុង​ទេ៖ «ហើយ​តំបន់​ដែល​គ្រោះថ្នាក់​ហ្នឹង​ភាគ​ច្រើន​ជា​ដី​កសិកម្ម ឬ​ក៏​ព្រៃ​នៅ​ក្បែរៗ​ភូមិ ដែល​ជា​តំបន់​មិន​អាទិភាព​បោស​សំអាត​នៅ​ឡើយ ព្រោះ​យើង​បោស​សំអាត​តែ​តំបន់​លំនៅឋាន​ហ្នឹង​ជា​តំបន់​អាទិភាព​ទី​១»

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឱ្យ​ដឹង​ថា សព្វថ្ងៃ​ប្រទេស​កម្ពុជា នៅ​សេសសល់​ផ្ទៃដី​សង្ស័យ​ថា​មាន​គ្រាប់មីន​ចំនួន​ជាង ២.០០០​គីឡូម៉ែត្រ​ក្រឡា។ ស៊ីម៉ាក់ មាន​គម្រោង ៥​ឆ្នាំ​ទៅ​មុខ ត្រូវ​បោសសំអាត​គ្រាប់​មីន​លើ​ផ្ទៃ​ដី​ឱ្យ​បាន ១.២០០​គីឡូម៉ែត្រ​ក្រឡា ដោយ​ត្រូវ​ការ​ចំណាយ​ប្រហែល​ពី​៤០ ទៅ ៤៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ កន្លង​ទៅ អាជ្ញាធរ​មីន​កម្ពុជា បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៤ កម្ពុជា​មាន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង ៦​ម៉ឺន​នាក់។

អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា បញ្ជាក់​ទៀត​ថា ចាប់​ពី​ឆ្នាំ​១៩៩២ រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៤ ក្រុម​ការងារ​បាន​រួម​គ្នា​បោសសំអាត​មីន​លើ​ផ្ទៃដី​ចំនួន​ជាង ១.០០០​គីឡូម៉ែត្រ​ក្រឡា​ដោយ​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់  មីន​ប្រឆាំង​រថក្រោះ​ជាង ២​ម៉ឺន​គ្រាប់ និង​សំណល់​ពី​សង្គ្រាម​មិន​ទាន់​ផ្ទុះ​ចំនួន ២​លាន​គ្រាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។