អង្គការ​លីកាដូ​បារម្ភ​ពី​ករណី​រំលោភ​សេពសន្ថវៈ​នៅ​កំពង់ចាម​និង​ត្បូងឃ្មុំ

ដោយ សូត សុខប្រាថ្នា
2014.09.11
ប៊ូ វីរៈ ៦២០ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Saut Sokprathna

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​នៅ​ខេត្ត​កំពង់ចាម បាន​ឱ្យ​ដឹង​ថា នៅ​ដើម​ឆមាស​ទី​២ ឆ្នាំ​២០១៤ គឺ​មាន​ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆមាស​ទី​១។

ក្នុង​របាយការណ៍​បង្ហាញ​ថា ភាគ​ច្រើន​ជា​អនីតិជន​ដែល​ត្រូវ​រំលោភ​បំពាន ហើយ​ការ​កើន​ឡើង​នេះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​ទៀត​ផង។ ចំណែក​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​វិញ មិន​ទាន់​អាច​កំណត់​ថា ករណី​រំលោភ​ទាំង​នោះ​មាន​ការ​កើន​ឡើង ឬ​យ៉ាង​ណា​ទេ?

ករណី​រំលោភ បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ខែ​មក​នេះ ពិសេស​នៅ​ដើម​ខែ​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឱ្យ​អង្គការ​លីកាដូ មាន​ការ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នោះ។ ការ​កើន​ឡើង អាច​មក​ពី​កត្តា​ផ្សេងៗ​រួម​មាន ការ​រីក​រាល​ដាល​នូវ​បច្ចេកវិទ្យា​ទំនើប ដែល​ភ្ជាប់​ទៅ​ដោយ​រូបភាព និង​វីដេអូ​អាសអាភាស ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ថ្នាំញៀន ជាដើម។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ការ​រំលោភ​ទាំង​នោះ គឺ​កើត​ឡើង​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ពិសេស គឺ​គ្រួសារ​ក្រីក្រ។ ហើយ​ភាគ​ច្រើន​នៃ​ជន​រងគ្រោះ គឺ​ជា​ប្រភេទ​អនីតិជន​ដែល​ធ្វើ​ឱ្យ​ខាង​សង្គម​ស៊ីវិល​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​នេះ។

លោក ប៊ូ វីរៈ៖ «យើង​ឃើញ​ថា ករណី​បែប​នេះ​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ ទៅ​លើ​ផ្នែក​ច្បាប់ មិន​ដឹង​ថា​ជនល្មើស​មួយ​ចំនួន​ដែល​តុលាការ​ផ្ដន្ទាទោស​នោះ ត្រូវ​បាន​ចាប់​ខ្លួន​រួច​នៅ​ទេ។ ហើយ​មួយ​ចំណែក​ទៀត សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ដោយ​ឡែក​ឆ្នាំ​នេះ ឆមាស​ទី​ពីរ​ហ្នឹង​មាន​ការ​កើន​ឡើង​លើស​ពី​ឆមាស​ទី​មួយ​បាទ»

ក្នុង​របាយការណ៍​បង្ហាញ​ថា ចាប់​តាំង​ពី​ខែ​មករា មក​ទល់​ខែ​មិថុនា នៃ​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤ គឺ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន ៦​ករណី ក្នុង​នោះ គឺ​ជា​កុមារ ឬ​អនីតិជន​ទាំងអស់។ ចំណែក​ឯ​ដើម​ខែ​នៃ​ឆមាស​ទី​ពីរ គឺ​គិត​ចាប់​ពី​ខែ​កក្កដា ដល់​ដើម​ខែ​កញ្ញា គឺ​មាន​ករណី​រំលោភ​រហូត​ដល់​ទៅ ១៧​ករណី ក្នុង​នោះ​ស្ត្រី ៥​ករណី និង​កុមារ ១២​ករណី។ ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ថា នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ករណី​រំលោភ​នេះ ច្រើន​ជាង​ខេត្ត​កំពង់ចាម។

មន្ត្រី​សម្រប​សម្រួល​ដដែល​បន្ថែម​ថា តួលេខ​នេះ​អាច​ខុស​គ្នា​ទៅ​នឹង​តួលេខ​របស់​អាជ្ញាធរ ឬ​សមត្ថកិច្ច ហើយ​ក៏​មាន​ទិន្នន័យ​ខ្លះ​ត្រូវ​បាត់​បង់ ដោយសារ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​ជន​រងគ្រោះ និង​ជនល្មើស ហើយ​មាន​ខ្លះ​ទៀត ជន​រងគ្រោះ​មិន​ចង់​ឱ្យ​គេ​ដឹង​ឮ​ពី​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​ទាក់ទង​នឹង​ការ​រំលោភ ទើប​មិន​ហ៊ាន​ប្ដឹង​ទៅ​ខាង​សមត្ថកិច្ច ឬ​អង្គការ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា មូលហេតុ​ដែល​ភាគ​ច្រើន​នៃ​ករណី​រំលោភ​ទាំង​នោះ កើត​ឡើង​នៅ​តំបន់​ដាច់​ស្រយាល គឺ​ទាក់ទង​នឹង​កត្តា​ជីវភាព​របស់​ជន​រងគ្រោះ និង​កត្តា​ទីកន្លែង​អំណោយ​ផល​ដល់​ជនល្មើស​ផង។

លោក​យល់​ថា ក្រៅ​ពី​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ភាព​ស្រើបស្រាល ជ្រាប​ចូល​ដល់​ស្រទាប់​យុវជន និង​ឥទ្ធិពល​គ្រឿង​ស្រវឹង​នោះ ប៉ុន្តែ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា ក៏​អាច​ធ្វើ​ឱ្យ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង​ដែរ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​តែ​ប្រឹងប្រែង​លុប​បំបាត់​អា​ការ​សម្រប​សម្រួល ឬ​សម្រុះសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ នូវ​រឿង​ព្រហ្មទណ្ឌ។ ព្រោះ​ថា​បើ​យើង​នៅ​តែ​ធ្វើ​បែប​នេះ អ៊ីចឹង​ច្បាប់​អត់​មាន​ន័យ​អី​ទេ! ច្បាប់ គឺ​នៅ​តែ​ជា​ច្បាប់ ចំណែក​ឯ​ជន​សង្ស័យ​នៅ​តែ​រួច​ខ្លួន​រហូត»

ទាក់ទង​ការ​លើក​ឡើង​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ដោយ​ខ្លី​នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា ចំពោះ​ការ​កើន​ឡើង ឬ​មិន​កើន​ឡើង​នោះ គឺ​ខាង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ពិបាក​កំណត់​ណាស់ ពីព្រោះ​ខេត្ត​នេះ​ទើប​តែ​បង្កើត​ឡើង​ថ្មី។ ដូច​នេះ មិន​មាន​ទិន្នន័យ​ណា​មួយ ដើម្បី​យក​មក​ប្រៀបធៀប​គ្នា​ឡើយ។ ម្យ៉ាង​ទៀត ករណី​ខ្លះ​អាច​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មិន​ចុះ​សម្រុង​គ្នា​ទៅ ក៏​អាច​ចោទ​ភាគី​ម្ខាង​ថា​ជា​ការ​រំលោភ​ដែរ ប៉ុន្តែ​ករណី​បែប​នេះ គឺ​មិន​អាច​យក​មក​ដាក់​បន្ទុក​ថា​ជា​ករណី​រំលោភ​បាន​ទេ៖ «ក្នុង​ករណី​ដែល​រំលោភ​ដោយ​ជាក់ស្តែង ដូច​ថា​ទៅ​លើ​អនីតិជន​លើ​អី​ហ្នឹង ក្នុង​ប៉ុន្មាន​ករណី​កន្លង​មក​នេះ វា​គឺ​ជា​ធាតុ​ផ្សំ។ បទល្មើស​រំលោភ​វា​មាន​ជាក់ស្តែង​មក​អ៊ីចឹង។ ដោយ​ឡែក​មួយ​ចំនួន​ទៀត យើង​មិន​បាន​ចាត់​ទុក​ជា​បទល្មើស​សេពសន្ថវៈ​ទេ។ អ៊ីចឹង​សូម​លោក​មេត្តា​ជ្រាប​អ៊ីចឹង។ ដូច​នេះ យើង​មិន​អាច​មាន​តួលេខ​ណា​ដែល​យើង​អាច​យក​ធៀប​ថា​បទល្មើស​កើន ឬ​ក៏​ចុះ​នោះ​ទេ»

ចំណែក​ឯ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម វិញ លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​ថា លោក​ក៏​មិន​ទាន់​អាច​ឆ្លើយ​បាន​ដែរ​ថា មាន​ការ​កើន​ឡើង ឬ​ថយ​ចុះ​នោះ ពីព្រោះ​លោក​កំពុង​ធ្វើ​ដំណើរ​បំពេញ​បេសកកម្ម​នៅ​ភ្នំពេញ ប៉ុន្តែ​លោក​នៅ​ចាំ​បាន​ថា ប្រហែល​ជា​មិន​មាន​ការ​កើន​ឡើង​ច្រើន​ឡើយ ពីព្រោះ​ករណី​ចោរកម្ម ថ្នាំញៀន រួម​ទាំង​រំលោភ​សេពសន្ថវៈ​ផង​នៅ​ក្នុង​ខេត្ត​កំពង់ចាម ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ ហើយ​ករណី​រំលោភ​ខ្លះ​នោះ គឺ​មិន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ថ្នាំញៀន​នោះ​ទេ។

លោក ប៉ែន រ័ត្ន៖ «ករណី​រំលោភ​នៅ​ខេត្ត​កំពង់ចាម មិន​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ទេ។ វា​ច្រើន​តែ​ជា​កត្តា​រំលោភ​របៀប​មនុស្ស​ចាស់​ជាមួយ​ក្មេង។ អា​រឿង​ក្មេង​ចាប់​ក្មេង វា​ដូចជា​អត់​មាន​ផងៗ ហើយ​ខ្ញុំ​រាល់​បទល្មើស​ដែល​ចាប់​បាន សូម្បី​តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ អ្នក​បើកបរ​ក៏​ខ្ញុំ​ឱ្យ​ធ្វើ​តេស្ដ​ទឹក​នោម ដើម្បី​រក​សារធាតុ​ញៀន​ដែល​មាន​នៅ​ក្នុង​ខ្លួន សម្រាប់​បន្ថែម​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ​ដូចជា​មិន​ជួប​ប្រទះ ប៉ុន្តែ​ដូចជា​ចោរ​លួច​ម៉ូតូ​លួច​អី​ហ្នឹង ក្រែង​មាន​ពាក់ព័ន្ធ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន»

ស្នងការ​ដដែល​បន្ថែម​ថា កាល​ពី​ខេត្ត​កំពង់ចាម មិន​ទាន់​បែង​ចែក ករណី​ចោរកម្ម គ្រឿងញៀន ប្លន់​សម្លាប់ គឺ​ច្រើន​តែ​កើត​មាន​នៅ​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក។ ចំណែក​ឯ​ស្រុក​អូររាំងឪ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដែរ។ ប៉ុន្តែ​ក្រោយ​ពេល​បំបែក​ខេត្ត​ទៅ ចំពោះ​ខេត្ត​កំពង់ចាម បញ្ហា​ទាំង​នោះ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នៅ​តែ​ខិតខំ​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ទៅ​ថ្នាក់​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​យល់​កាន់​តែ​ច្បាស់។ លើស​ពី​នេះ​ទៀត សមត្ថកិច្ច​ទាំងអស់ គប្បី​ធ្វើ​ខ្លួន​ឱ្យ​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ចាំបាច់​របស់​ពួក​គាត់ និង​ដើម្បី​ចូលរួម​ចំណែក​រក្សា​សុខ​សន្តិភាព​ក្នុង​សង្គម​ទាំង​មូល។

ដោយ​ឡែក លោក ប៊ូ វីរៈ ផ្តល់​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​រំលោភ​សេពសន្ថវៈ​នេះ អាជ្ញាធរ​គប្បី​ពង្រឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​លុប​បំបាត់​ឱ្យ​បាន​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​សម្រប​សម្រួល​ណា​មួយ​ទៅ​លើ​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ។ បន្ថែម​ពី​នេះ​ទៀត គប្បី​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​រដ្ឋ រួម​នឹង​ច្បាប់​ដែល​ពាក់ព័ន្ធ​លើ​បញ្ហា​ទាំង​នោះ ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​ទូលំទូលាយ សម្រាប់​អនុវត្ត ពីព្រោះ​ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ គឺ​អាច​កាត់​បន្ថយ​នូវ​សកម្មភាព​ទាំង​ឡាយ​របស់​ជន​ប្រព្រឹត្តិ​ល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។