អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស​ពន្យារ​ពេល​ផាក​ពិន័យ​ឡាន​និង​ម៉ូតូ​ដែល​គ្មាន​ប័ណ្ណ​បើកបរ

ដោយ អ៊ុង សេរីវុទ្ធ
2015.12.31
នេត សាវឿន ៦២២ ២០១៥ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ប្រកាស​ពន្យារ​ពេល​ផាក​ពិន័យ​អ្នក​បើកបរ​រថយន្ត និង​ម៉ូតូ​ដែល​គ្មាន​ប័ណ្ណ​បើកបរ ទោះបី​ជា​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកថ្មី ត្រូវ​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៦​ក្ដី។ ការ​ប្រកាស​ពន្យារ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ ផ្អាក​​ធ្វើ​ប័ណ្ណ​បើកបរ​​ជា​បណ្ដោះ​អាសន្ន។

លោក នេត សាវឿន ប្រកាស​ពន្យារ​ពេល​ផាក​ពិន័យ​មួយ​រយៈ​ពេល​នៅ​មុខ​ទៀត​នេះ ​ក្នុង​ប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹងការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ។ លោក ​នេត សាវឿន បន្ត​ថា ត្រូវ​រង់ចាំ​ការ​សម្រេច​​ពី​រដ្ឋាភិបាល​ទៅ​ថ្ងៃ​មុខ មុន​នឹង​ចាប់​ផ្ដើម​ផាក​ពិន័យ​តាម​ច្បាប់​ជា​ធរមាន៖ «ពាក់ព័ន្ធ​នឹង​ប័ណ្ណ​បើកបរ យើង​ត្រូវ​ពន្យារ​ពេល​សិន បាន​ន័យ​ថា យើង​អត់​ទាន់​ផាក​ពិន័យ និង​ចាត់​ការ​តាម​ច្បាប់​ទេ ទាំង​ម៉ូតូ ទាំង​រថយន្ត។ ច្បាប់​អត់​ប័ណ្ណ​បើកបរ បើ​រថយន្ត​ធ្ងន់​ណាស់ ច្បាប់​រហូត​ដល់​ពន្ធនាគារ ពី​៦​ថ្ងៃ ដល់​១​ខែ ឬ​ពិន័យ​ជា​ប្រាក់​ពី​១០ម៉ឺន ដល់​៨០​ម៉ឺន​រៀល គឺ​ពិន័យ​ធ្ងន់​ណាស់ អ៊ីចឹង​យើង​មិន​អនុគ្រោះ​ទេ​នៅ​ថ្ងៃ​ក្រោយ»។

ចំណែក​​ការ​ផាក​ពិន័យ នៃ​អំពើ​ល្មើស​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ លោក នេត សាវឿន បញ្ជាក់​ថា នគរបាលមិន​យក​ប្រាក់​ពី​ពលរដ្ឋ​នៅ​នឹង​កន្លែង​ទេ ដោយ​តម្រូវ​ដល់​ពលរដ្ឋ​ដែល​ប្រព្រឹត្តិ​ល្មើស ត្រូវ​យក​បង្កាន់ដៃ​ដែល​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​នៅ​តាម​ដង​ផ្លូវ​នោះ ទៅ​បង់​ប្រាក់​នៅ​តាម​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក របស់​ស្នងការ​នគរបាល អធិការដ្ឋាន​នគរបាល​គ្រប់​រាជធានី​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​មាន​ប៉ុស្តិ៍​នគរបាល​ផង។

ប្រកាស​អន្តរ​ក្រសួង​របស់​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ដីពី​ទម្រង់​បែបបទ នៃ​បង្កាន់​ដៃ ពិន័យ​អន្តរកាល​ចំពោះ​អំពើ​ល្មើស និង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ចុះ​ថ្ងៃ​ទី​២៩ ធ្នូ បញ្ជាក់​ថា ពលរដ្ឋ​ដែល​ល្មើស​ច្បាប់​ចរាចរណ៍ ត្រូវ​យក​បង្កាន់​ដៃ​ពិន័យ​នោះ ទៅ​បង់​នៅ​តាម​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ដែល​បាន​កំណត់ ក្នុង​រយៈពេល​៣០​ថ្ងៃ។ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ល្មើស​មិន​ទៅ​បង់​ប្រាក់​តាម​ការ​កំណត់ ដោយ​ពុំ​ប្ដឹង​តវ៉ា​ទេ នោះ​ទឹកប្រាក់​នឹង​គុណ​ជា​ពីរ​បើ​លើស​ពី​៣០​ថ្ងៃ ហើយ​នឹង​គុណ​ជា​បី បើ​លើ​ពី​៦០​ថ្ងៃ តែ​បើ​ផុត​រយៈពេល​៩០​ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច​នឹង​រៀបចំ​សំណុំ​រឿង​ទៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។