ស្ថានភាព​រស់នៅ​របស់​ម្ដាយ​បណ្ឌិត កែម ឡី និង​ម្ដាយ​របស់ ជួប សម្លាប់

ដោយ យ៉ង ចាន់តារា
2017.07.11
ម្ដាយ កែម ឡី ១៤៤០ ២០១៧ ម្ដាយ​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ សម្រាន្ត​ក្បែរ​ផ្នូរ​លោក កែម ឡី ស្ថិត​ក្នុង​ស្រុក​កំណើត នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

អស់​រយៈពេល ១​ឆ្នាំ​ទៅ​ហើយ​ដែល​អ្នក​ស្រាវជ្រាវ​ខាង​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាហ្វេ​នៃ​ស្តារម៉ាត កាល់តិច ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ អំពី​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​ដល់​ម្ដាយ​របស់​បណ្ឌិត កែម ឡី និង​ម្ដាយ​របស់ អឿត អាង ហៅ ជួប សម្លាប់ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ថា ជា​ឃាតក និង​កាត់​អោយ​ជាប់​ទោស​អស់​មួយ​ជីវិត។

តើ​ជីវិត​រស់​នៅ​របស់​ម្ដាយ​បណ្ឌិត កែម ឡី និង​ម្ដាយ ជួប សម្លាប់ មាន​ការ​ប្រែប្រួល​យ៉ាង​ដូច​ម្ដេច​ខ្លះ​ក្នុង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ?

ឃាតកម្ម​លើ​បណ្ឌិត កែម ឡី បាន​នាំ​មក​នូវ​ទុក្ខសោក​ជា​ពន់ពេក​ដល់​អ្នក​ម្ដាយ​របស់​បណ្ឌិត កែម ឡី គឺ​លោកស្រី ភោគ សេ។ ដូន​ចាស់​ដែល​មាន​វ័យ ៧៨​វស្សា​ទៅ​ហើយ​នោះ​បែរ​ជា​ត្រូវ​រស់​នៅ​ជាមួយ​ក្ដី​ទុក្ខ​សោកសៅ​ក្នុង​ចិត្ត​ឥត​ល្ហែ ដោយសារ​តែ​បាត់បង់​កូន​ប្រុស​ប្រកប​ដោយ​កតញ្ញុតាធម៌​ម្នាក់​ដែល​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​គោរព​ស្រឡាញ់ និង​ចាត់​ទុក​ថា "ជា​វីរបុរស​ជាតិ"។

បច្ចុប្បន្ន​នេះ មាន​ការងារ​សំខាន់ ៣​យ៉ាង​ដែល​អ្នក​ម្ដាយ​របស់​លោក​បណ្ឌិត​តែងតែ​ធ្វើជា​រៀងរាល់​ថ្ងៃ។ ទី​មួយ​គឺ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​សម្បែង​ច្បារ​ដំណាំ និង​កូន​ឈើ​ក្នុង​បរិវេណ​គេហដ្ឋាន​បណ្ឌិត កែម ឡី ដែល​ស្ថិត​ក្នុង​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ កិច្ច​ការងារ​សំខាន់​ទី​ពីរ គឺ​ថែទាំ​ផ្នូរ និង​រូប​សំណាក​របស់​បណ្ឌិត កែម ឡី ហើយ​និង​រឿង​ទី​បី គឺ​អង្គុយ​សំណេះសំណាល​ជាមួយ​អ្នក​ស្រុក​ជិត​ឆ្ងាយ​ដែល​ចូល​មក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត។

និយាយ​ពី​រឿង​សុខទុក្ខ​វិញ សុខភាព​ផ្លូវកាយ​របស់​ម្ដាយ​បណ្ឌិត កែម ឡី នៅ​ដូច​ធម្មតា​ទេ។ ជំងឺ​ឈឺ​ក្បាល​ជង្គង់​ជាង ២០​ឆ្នាំ នៅ​តែ​ធ្វើ​ទុក្ខ​ជា​ប្រចាំ​ដែល​តម្រូវ​ឱ្យ​លោកស្រី​ត្រូវ​ពិសា​ថ្នាំ​ជាប់​ជានិច្ច ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ ក៏ប៉ុន្តែ ខុស​ពី​មនុស្ស​វ័យ​ចំណាស់​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ពិបាក​ព្យាបាល ដូច​ជា​ជំងឺ​បេះដូង លើសឈាម ឬ​ទឹក​នោម​ផ្អែម​ជា​ដើម​នោះ ម្ដាយ​របស់​បណ្ឌិត កែម ឡី មិន​មាន​កើត​ជំងឺ​ទាំង​នេះ​ឡើយ ហើយ​លោកស្រី​នៅ​អាច​ជិះ​កង់​ទៅ​កន្លែង​ជិត​ឆ្ងាយ​បាន​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។

​ដោយសារ​តែ​មិន​មាន​ជំងឺតម្កាត់​អ្វី​ធំដុំ លោកស្រី​អាច​អង្គុយ​ជម្រះ​ស្មៅ បោស​ជូត និង​មើល​ថែទាំ​ទ្រព្យ​របស់ និង​ទី​បញ្ចុះ​សព​របស់​បណ្ឌិត កែម ឡី។ ផ្ទុយ​ទៅ​វិញ បើ​និយាយ​ពី​រឿង​សុខភាព​ផ្លូវ​ចិត្ត គឺ​ខុស​គ្នា​ដាច់​ស្រឡះ។

ក្រោយ​ហេតុការណ៍​ឃាតកម្ម​នោះ​មក  លោកស្រី​ពិសា​របាយ​ក៏​មិន​បាន​សម្រាន្ត​ក៏​មិន​លក់ ព្រោះ​អាណិតអាសូរ​ដល់​កូនប្រុស​ដែល​ត្រូវ​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ ចោល​ប្រពន្ធ និង​កូន៖ «ពី​មុន​ស្អី​ក៏​ហូប​បាន​ដែរ តែ​តាំង​ពី​​កូន​ស្លាប់​មក ហូប​អត់​បាន​សោះ សម្រាន្ត​ក៏​អត់​លក់​ដែរ។ សម្រាន្ត​ពី​ព្រលប់​ដល់​ម៉ោង ១១ ឬ ១២ ទើប​សម្រាន្ត​លក់ ហើយ​ម៉ោង ៤ ក៏​ត្រូវ​ភ្ញាក់​វិញ អត់​ដែល​លក់​បាន​ដល់​ភ្លឺ​នោះ​ទេ»

លោកស្រី​នឹក​បណ្ឌិត កែម ឡី ណាស់ នឹក​ឃើញ​ពេល​រូប​គាត់​នាំ​ប្រពន្ធ និង​កូនៗ មក​លេង​ស្រុក​កំណើត សួរ​សុខ​ទុក្ខ​លោកស្រី​ដែល​ជា​ម្ដាយ។ ក៏ប៉ុន្តែ​ពេល​នេះ ក្រុម​គ្រួសារ​ដែល​ធ្លាប់​តែ​មាន​សុភមង្គល​មួយ​នេះ បែរ​ជា​ត្រូវ​ជួប​ក្ដី​និរាស​ព្រាត់ប្រាស​គ្នា​ទៅ​វិញ។ ​លោកស្រី​មាន​បំណង​ប្រាថ្នា​មួយ​គឺ​ចង់​ជួប​បណ្ឌិត កែម ឡី ក្នុង​សុបិន ដើម្បី​សួរសុខទុក្ខ​កូនប្រុស ក៏​ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការ​គិត​នោះ​ទេ ព្រោះ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោកស្រី​មិន​ដែល​យល់សប្ដិ​ឃើញ​កូន​ប្រុស​សោះ​សូម្បី​តែម្ដង៖ «នឹក​ឃើញ​ដល់​សកម្មភាព វា (ស្លូត) អត់​ដែល​ចេះ​ខឹង​ម៉ែ​ទេ ហើយ​ឧស្សាហ៍​ចុះ​មក​ស្រុក​ជូន​លុយ​ជូន​កាក់»

យើង​ផ្អាក​និយាយ​ពី​ម្ដាយ​របស់​បណ្ឌិត កែម ឡី សិន ហើយ​ងាក​ទៅ​ម្ដាយ​របស់ ជួប សម្លាប់ វិញ ថា តើ​ជីវិត​របស់​គាត់​ដូច​ម្ដេច​ទៅ​ហើយ?

លោកស្រី ឯក តាប់ អាយុ ៦៥​ឆ្នាំ ជា​ម្ដាយ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
លោកស្រី ឯក តាប់ អាយុ ៦៥​ឆ្នាំ ជា​ម្ដាយ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

អឿត អាង ហៅ ជួប សម្លាប់ មាន​ម្ដាយ​ឈ្មោះ ឯក តាប់ អាយុ ៦៥​ឆ្នាំ រស់​នៅ​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។ មុន​ពេល​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី លោកស្រី ឯក តាប់ បាន​រស់​នៅ​ក្នុង​ភូមិ​ទន្លេស ហើយ​ជា​អ្នក​កាន់សីល ៨ និង​តែង​ទៅ​វត្ត​ជា​ប្រចាំ។ ក៏ប៉ុន្តែ​ក្រោយ​ផ្ទុះ​ហេតុការណ៍​សម្លាប់​បណ្ឌិត កែម ឡី ដែល​កូនប្រុស​របស់​គាត់​ត្រូវ​ជាប់​ចោទ និង​ត្រូវ​កាត់​ទោស​ថា ជា​ឃាតក​នោះ លោកស្រី​ត្រូវ​រស់​នៅ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ម្ដង​នៅ​ភូមិ​ទន្លេស ម្ដង​នៅ​ផ្ទះ​កូន​នៅ​ជាយ​ក្រុង​សៀមរាប។

​លោកស្រី ឯក តាប់ បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​មក​គំរាមកំហែង​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ តែ​លោកស្រី​ខ្លួន​ឯង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព។ លោកស្រី​បន្ត​ថា លោកស្រី​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា កូនប្រុស​របស់​គាត់ គឺ អឿត អាង ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ៖ «ខ្ញុំ​ហូបបាយ​ក៏​មិន​ឆ្ងាញ់ ដេក​ក៏​មិន​លក់ គិត​ដល់​កូន។ មិន​ដឹង​ជា​កូន​ទៅ​យូរ​ប៉ុណ្ណា ស្លាប់ ឬ​រស់​ទេ ឬ​មួយ​ម្ដាយ​ស្លាប់​មុន កូន​ស្លាប់​ក្រោយ​ក៏​មិន​ដឹង។ ខ្ញុំ​មិន​ដែល​មាន​ប្រាក់​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​កូន​នៅ​ភ្នំពេញ​ទេ។ បើ​ម៉ែ​ដឹង​ណា ម៉ែ​មិន​ឱ្យ​កូន​ឈាន​ទៅ​ទេ​ផ្លូវ​នេះ គឺ​ថា​ធ្លាក់​ជ្រោះ​ហើយ។ មក​តាម​ម៉ែ​រក​ស៊ី​វិញ មួយ​ខែ​បាន​តែ ២​ម៉ឺន​រៀល ក៏​រស់​ដែរ​កូន មិន​ពិបាក​ទៅ​រក​របរ​អ៊ីចឹង​ទេ។ បើសិនជា​ម៉ែ​ឃើញ ម៉ែ​ដឹង ម៉ែ​មិន​ឱ្យ​កូន​ដើរ​ផ្លូវ​ខុស​ទេ ម៉ែ​ប្រាប់​តាម​ត្រង់»

​បើ​ទោះ​ជា​មាន​ការ​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​កូន​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​ក្ដី ក៏​លោកស្រី ឯក តាប់ អះអាង​ថា លោកស្រី​មិន​ចង់​ទៅ​មើល​កូន​របស់​ខ្លួន​នៅ​ពន្ធនាគារ​ឡើយ ដោយសារ​លោកស្រី​មាន​ភាព​អាម៉ាស់​ខ្លាំង ព្រោះ​តែ​កូនប្រុស​ជាប់​ឈ្មោះ​ជា​ឃាតក។

ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​សម្ដែង​ក្ដី​សោកស្ដាយ​ដូច​គ្នា ចំពោះ​ការ​បាត់បង់​បណ្ឌិត កែម ឡី៖ «ខ្ញុំ​សោកស្ដាយ​ស្ដាយ​ជីវិត​លោក កែម ឡី ណាស់។ គិត​វែក​ញែក​ចុះ​ឡើងៗ ខ្ញុំ​សោកស្ដាយ កែម ឡី និង​កូន​ខ្ញុំ។ មិន​ដឹង​ថា កូន​សម្លាប់​គេ ឬ​មួយ​យ៉ាង​ណា? ខ្ញុំ​មិន​ទាន់​អស់​ចិត្ត​រឿង​នេះ​ទេ។ បើ​ថា កូន​សម្លាប់​គេ កូន​នឹង​មាន​កម្មពៀរ​វេរា​ត​ទៅ​មុខ»

បើ​ទោះ​បី​ជា អឿត អាង ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ រក​ឃើញ​ថា ជា​ឃាតក​ក៏ដោយ ក៏​ម្ដាយ​របស់​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ មិន​មាន​អារម្មណ៍​ខឹង ស្អប់ ឬ​គុំកួន​លោកស្រី ឯក តាប់ ដែល​ជា​ម្ដាយ​របស់​ទណ្ឌិត​រូប​នោះ​ដែរ ព្រោះ​លោកស្រី​យល់​ថា លោកស្រី ឯក តាប់ ទំនង​ជា​មិន​បាន​ដឹង​រឿង​អ្វី​ឡើយ​ទាក់ទង​នឹង​រឿង​ឃាតកម្ម​នេះ​ទេ។

លើស​ពី​នេះ លោកស្រី ភោគ សេ នៅ​តែ​មិន​ជឿ​ថា ដើម​ហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​គឺ​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​ដែល​កូនប្រុស​របស់​លោកស្រី​ជំពាក់ អឿត អាង នោះ​ទេ។ លោកស្រី​បន្ត​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​រឿង​មិន​អាច​ទទួល​យក​បាន។

ម្ដាយ​របស់​បណ្ឌិត កែម ឡី មិន​មែន​នឹក​គិត​តែ​កូន​ម្នាក់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ខ្វាយខ្វល់​ពី​ចៅៗ​របស់​គាត់​ដែរ ដែល​ត្រូវ​កំព្រា​ឪពុក​តាំង​ពី​ក្មេង។  ម្ដាយ​របស់​បណ្ឌិត កែម ឡី ថ្លែង​ថា គាត់​មិន​ប្រាកដ​ទេ​ថា តើ​នឹង​អាច​បាន​ជួប​មុខ​ចៅៗ​ម្ដង​ទៀត​ដែរ ឬ​មួយ​ក៏​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​ពួកគេ​កំពុង​រស់​នៅ​ឆ្ងាយ​ពី​លោកស្រី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រោក​កោន​នយោបាយ​នៅ​ក្រៅ​ប្រទេស៖ «បំណង​ទៅ ក៏​ទៅ​មិន​បាន។ ចេះ​តែ​បួងសួង​ឱ្យ​ចៅៗ​បាន​សុខ​សប្បាយ​ទៅ។ មាន​អារម្មណ៍​អាណិត​អាសូរ​គ្រប់​មុខ​អាណិត​អាសូរ​ចៅ​ទៅ​ឆ្ងាយ»

ទស្សនា​វីដេអូ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។