សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ចុះ​ឆែក​កន្លែង​ផ្ទុក​ឈើ​ប្រណិត​មួយ​កន្លែង

ដោយ មុំ សុផុន
2015.01.30

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង បាន​ចុះ​ឆែក​កន្លែង​ផ្ទុក​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។ ប្រតិបត្តិការ​ចុះ​ឆែក​កន្លែង​ផ្ទុក​ឈើ​នោះ គឺ​ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​លោក គាង សាន់ដារ៉ូ និង​សមត្ថកិច្ច​ចម្រុះ​ផ្សេង​ទៀត។

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​លោក គាង សាន់ដារ៉ូ មាន​ប្រសាសន៍​ថា ករណី​ឈាន​ដល់​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​ទីតាំង​ផ្ទុក​ឈើ​នោះ គឺ​ដោយសារ​តែ​រថយន្ត​ដឹក​ឈើ​ក្រឡាប់ ទើប​លោក​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ឆែក និង​ត្រួត​ពិនិត្យ៖ «យើង​ក៏​មិន​ទាន់​កំណត់​ថា ឈើ​នោះ​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់ មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ សមត្ថកិច្ច​កំពុង​តែ​យក​សំបុត្រ​ទិញ​លក់​ឈើ​ទាំង​នោះ​មក​ផ្ទៀងផ្ទាត់ ព្រោះ​មិន​មែន​ជា​កន្លែង​ដេប៉ូ​ទិញ​លក់​ឈើ​ទេ គឺ​គេ​ទិញ​មក​ប្រើប្រាស់ តែ​ឃើញ​ច្រើន​ពេក​ក៏​ផ្ទៀងផ្ទាត់​វិក្កយបត្រ​ទិញ​លក់​នោះ។ ឥឡូវ សមត្ថកិច្ច​កំពុង​តែ​ផ្ទៀងផ្ទាត់​រាប់​បូក​បញ្ជី​ទិញ​លក់​ហ្នឹង​ថា តើ​ត្រឹមត្រូវ​តាម​បញ្ជី​នោះ​ដែរ​ឬ​ទេ? មេ​ព្រៃ​កំពុង​តែ​រាប់​ថា វា​ជា​ប្រភេទ​ឈើ​អ្វី​ខ្លះ ទើប​ដឹង ព្រោះ​ឥឡូវ​នៅ​កំពុង​ដំណើរ​ការ​ដដែល»

តាម​សេចក្ដី​រាយការណ៍​មក​ថា ឈើ​ដែល​ចាប់​បាន​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ បុត្រ ដោយ​សមត្ថកិច្ច​រក​ឃើញ​មាន​ប្រភេទ​ឈើ​សុក្រំ ឈើ​កកោះ ឈើ​ស្រឡៅ និង​មាន​ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ខ្លះ តែ​មិន​ទាន់​សរុប​ថា​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប​ប្រាកដ​នៅ​ឡើយ​ទេ។

លោក គាង សាន់ដារ៉ូ មាន​ប្រសាសន៍​ថា ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​សមត្ថកិច្ច​រក​ឃើញ​ថា ម្ចាស់​ផ្ទះ​ដែល​ផ្ទុក​ឈើ​នោះ​លើស​ពី​វិក្កយបត្រ ឬ​អាជ្ញាប័ណ្ណ​អនុញ្ញាត​នោះ គឺ​សមត្ថកិច្ច​នឹង​រឹប​អូស​ឈើ​ដាក់​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ហើយ​ម្ចាស់​ឈើ​នឹង​ត្រូវ​ទទួល​ទោស​ជា​ធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។