ពលរដ្ឋ​ខ្មែរ​​​សម្រុក​ទៅ​លេង​ប្រទេស​ថៃ​​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំទូក

ដោយ អាស៊ីសេរី
2017.11.03
ពលរដ្ឋ​ខ្មែរ នៅ​ថៃ ៦២២ ប្រជាពលរដ្ឋ​ខ្មែរ​រង់ចាំ​ឆ្លង​ដែន​ខាង​ទឹក​ដី​ថៃ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ ឆ្នាំ​២០១៧។
Photo provided

ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​នាក់​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អុំទូក។ចំពោះ​តំបន់​​ដែល​អ្នក​ទេសចរណ៍​ខ្មែរ​និយម​ទៅ​លេង​​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ​ មាន​​ទីក្រុង​បាងកក និង​ក្រុង​ប៉ាតាយ៉ា។

​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ​ មាន​ទាំង​​អ្នក​ទៅ​ទេសចរណ៍ និង​ក្រុម​ពលករ​ខ្មែរ​​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

បុគ្គលិក​​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំ​ទូក​ប្រពៃណី​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា មក យ៉ាង​ហោច​ណាស់​មាន​​ពលរដ្ឋ​ខ្មែរ​សម្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ប្រមាណ​ពី​ ៣.០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ បុគ្គលិក​​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​រូប​នេះ​អះអាង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ដែន​​នោះ​ ប្រមាណ ៦០​ភាគរយ ជា​អ្នក​ទៅ​លេងកម្សាន្ត​ ក្រៅ​ពី​នោះ​គឺ​ពលករ​ទៅ​​ស្វែង​រក​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​នានា ដែល​នាំ​ពលករ​ទៅ​​​​ប្រទេស​ថៃ។

លោក​បន្ថែម​ថា​ អ្នក​ធ្វើ​ដំណើរ​ច្រើន​ធ្វើ​ឲ្យ​ច្រក​ព្រំដែន​ទាំង​នៅ​ខាង​ខ្មែរ និង​​ថៃ នៅ​ពេល​ព្រឹក​កក​ស្ទះ​អស់​ជា​ច្រើន​ម៉ោង៖ «កាល​ពី​ម្សិលមិញ​រក​តែ​ឡាន​ជិះ​អត់​បាន​ផង ប៉ុន្តែ​ថ្ងៃ​នេះ​មិន​សូវ​អី​ទេ ព្រោះ​មាន​ឡាន​បន្ថែម​មក​ច្រើន​ ដោយ​អ្នក​ដំណើរ​រង់ចាំ​ប្រហែល​ពី ៣ ទៅ ៤​ម៉ោង​ទើប​រក​ឡាន​បាន ហើយ​ឡាន​ក៏​ឡើង​ថ្លៃ​ដែរ ដែល​ថ្ងៃ​ធម្មតា​តម្លៃ​ឡាន​ឈ្នួល​តែ ២.៥០០​បាត​ ឬ​ស្មើ ៣០​ម៉ឺន​រៀល​ ប៉ុន្តែ​គេ​ឡើង​ថ្លៃ​ដល់ ៣​ពាន់​បាត ឬ​ប្រមាណ ៣៧​ម៉ឺន​រៀល​ឯណោះ»

ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ទេសចរណ៍​ទាំង​នោះ​មាន​ទាំង​អ្នក​លេង​ទៅ​ជា​លក្ខណៈ​ឯកជន និង​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​​ ដូច​ទៅ​ជា​មួយ​សាច់ញាតិ និង​មិត្ត​រួម​ការងារ​ជា​ដើម។​​

ចំណែក​តំបន់​ដែល​អ្នក​ទេសចរណ៍​ខ្មែរ​និយម​ទៅ​លេង​កម្សាន្ត​ច្រើន គឺ​​នៅ​ទីក្រុង​បាងកក និង​នៅ​មាត់​សមុទ្រ​ទីក្រុង​ប៉ាតាយ៉ា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) លោក ភុន ឈិន កត់សំគាល់​ថា អ្នក​ដែល​ទៅ​លេង​ប្រទេស​ថៃ​នេះ​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​របស់​ពលរដ្ឋ​ខ្មែរ​​ ព្រោះ​នៅ​​ពេល​បុណ្យ​ប្រពៃណី​សំខាន់ៗ​របស់​ខ្មែរ​ គឺ​ពួកគេ​តែងតែ​ទៅ​​លំហែ​កាយ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស ដើម្បី​ផ្លាស់ប្ដូរ​បរិយាយ​សង្គម​ ក្រោយ​ពី​ធ្វើ​ការងារ​នឿយហត់៖ «ដោយសារ​តែ​កន្លង​មក​ប្រជាពលរដ្ឋ​យើង​ក៏​ដូច​ជា​មន្ត្រី​រាជការ​ផង​ គាត់​តែ​ទៅ​កម្សាន្ត​នៅ​ពេល​​ថ្ងៃ​បុណ្យ​ឈប់​សម្រាប់​ច្រើន​ថ្ងៃ។ ខ្ញុំ​គិត​ថា រឿង​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទេ​ គឺ​ជា​ប្រក្រតី​ធម្មតា​ដែល​តែងតែ​ចេញ​ចូល​ដើរលេង​កម្សាន្ត​របស់​ពលរដ្ឋ»

អ្នក​ទេសចរណ៍​ខ្មែរ​ដែល​ទៅ​លេង​នៅ​​ទីក្រុង​បាងកក ភាគ​ច្រើន​ស្នាក់​នៅ​តំបន់​ផ្សារ​ប្រះទូណាម ព្រោះ​ជា​តំបន់​ឧស្សាហកម្ម​ មាន​អគារ​ខ្ពស់ៗ​ និង​​​ផ្សារ​ទំនើប​ធំៗ​ជា​ច្រើន​ ព្រម​ទាំង​មាន​ក្រុមហ៊ុន​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​ជា​ច្រើន​ក្រុមហ៊ុន​​ ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា បាន​ឆាប់រហ័ស។

​អ្នក​ទេសចរណ៍​សម្រុក​ឆ្លង​ដែន​ខ្លាំង​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ហើយ​ពួកគាត់​ភាគ​ច្រើន​​​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​​ ដែល​អាច​នឹង​ធ្វើ​អោយ​កកស្ទះ​នៅ​ច្រក​ព្រំដែន​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។