ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​ត្រូវ​បាន​បិទ​បញ្ចប់​ទោះ​ភាគី​ពាក់ព័ន្ធ​មិន​ឯកភាព​ទាំងស្រុង

ដោយ អាស៊ីសេរី
2017.10.03
ហ៊ុន សែន ៨៥៥ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈ២ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook page

ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ដល់​កម្មករ​និយោជិក ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែង​ជើង រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា បើ​ទោះ​បើជា​គូភាគី​ពាក់ព័ន្ធ មិន​ទាន់​បាន​ឯកភាព​គ្នា​ទាំងស្រុង​ទៅលើ​តួ​លេខ​ប្រាក់ខែ​គោល​យ៉ាងណាក៏ដោយ។

លិខិត​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​កាលពី​ថ្ងៃ​ទី៣ តុលា ឱ្យ​ដឹង​ថា ការ​ចរចា​លើក​ចុង​ក្រោយ​នេះ ភាគី​សហជីព​បាន​ព្រម​ទម្លាក់​តួលេខ​មក​នៅ​ត្រឹម ១៧០​ដុល្លារ ចំណែក​ភាគី​ខាង​និយោជក​បាន​ដំឡើង​ដល់ ១៦២​ដុល្លារ ខណៈ​ភាគី​រាជរដ្ឋាភិបាល​សម្របសម្រួល​យក​១៦៥ដុល្លារ។ ដោយសារ​មិន​ទាន់​មាន​ភាព​ត្រូវ​រ៉ូវ​គ្នា​បែបនេះ ភាគី​យោជក​ស្នើសុំ​រដ្ឋាភិបាល​ព្យួរ​ទុក​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​សម្រាប់​រយៈពេល​០៥​ឆ្នាំ កាត់បន្ថយ​កម្រៃ​គ្រប់​គ្រង់​ការនាំចេញEMF ចំនួន​ពាក់​កណ្ដាល កាត់បន្ថយ​កម្រៃ​ត្រួតពិនិត្យ​កាំកុងត្រូល និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព នោះ​មួយ​ឡែក​សិន។

ទន្ទឹម​នឹង​គ្នា​នេះ ភាគី​ខាង​សហជីព សន្យា​ថា នឹង​ធ្វើ​សំណើ​ជា​ឯកតោភាគី​ទៅកាន់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ដទៃ​ផ្សេងទៀត ព្រមទាំង​ផ្ញើ​ទៅកាន់​ម្ចាស់​ម៉ាក​ឲ្យ​បង្កើន​ការ​បញ្ជា​ទិញ​ពី​កម្ពុជា។

បើ​ទោះ​ជា​យ៉ាងណា កាល​ពី​ពេល​ថ្មីៗ នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ធានា​អះអាង​ថា នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិក ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែង​ជើង នឹង​ចាប់​ផ្ដើម​ពី​១៦៨ ដុល្លារ ឡើង​ទៅ ខណៈ​ដែល​ឆ្នាំ​២០១៧​នេះ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ មាន​ចំនួន​ទាប​បំផុត ១៥៣​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។