កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នឹង​បាន​ប្រាក់​ខែ​គោល​១៧០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨

រដ្ឋាភិបាល​សម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​គោល​ចំនួន​១៧០​ដុល្លារ​ទៅដល់​កម្មករ កម្មការិនី​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ដេរ​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួនឧស្សាហកម្មវឌ្ឍនៈ២ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧។

រដ្ឋាភិបាល​សម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​គោល​ចំនួន​១៧០​ដុល្លារ​ទៅដល់​កម្មករ កម្មការិនី​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ដេរ​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​ភ្លាមៗ​នៅ​ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ស្ដីពី​ការចរចា​ប្រាក់​ឈ្នួល​គោល​នៅ​រសៀល​ថ្ងៃទី​៥ ខែ​តុលា នេះ​អោយ​ដឹង​ថា ក្រសួង​ដែល​យោង​ទៅ​លើ​បទដ្ឋាន​ច្បាប់​នានា តាម​សំណើ​របស់​និយោជក សហជីព និង​គណៈកម្មការ​ប្រឹក្សា​ការងារ រួម​ទាំង​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​បានសម្រេច​បន្ថែមចំនួន ៥​ដុល្លារ ទៅលើ​តួលេខ​ចំនួន​១៦៥​ដុល្លារ នៃ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល ដែល​សម្រេច​ដោយ​គណៈកម្មការ​ប្រឹក្សា​ការងារ។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ចាប់ពី​ខែ​មករា​ទៅ កម្មករ​និយោជិក​វាយនភណ្ឌ កាត់ដេរ និង​ដេរ​ស្បែកជើង នឹង​ទទួល​បាន ១៧០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៦៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង។

សេចក្ដីប្រកាស​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កម្មករ​និយោជិក​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​បរិមាណ​ផលិត ឬ​ហៅថា ស៊ីបុង​គឺ​ត្រូវ​ទទួល​បាន​ប្រាក់​ទៅតាម​ចំនួន​ដែល​គេ​អាច​ធ្វើ​បាន​ប្រសិនបើ​ប្រាក់​ដែល​ទទួល​បាន​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​គោល។ ប្រសិនបើ​ប្រាក់​នោះ​ទាប​ជាង​ចំនួន​ប្រាក់​ឈ្នួល ភាគី​និយោជក​ត្រូវ​បន្ថែម​អោយ​កម្មករ​និយោជិក អោយ​បាន​ស្មើនឹង​ប្រាក់​ឈ្នួល​គោល គឺ​១៦៥ ឬ​១៧០​ដុល្លារ។ ចំពោះ​អត្ថប្រយោជន៍​ដទៃ​ទៀត​ដែល​កម្មករ​និយោជិក​ធ្លាប់​ទទួល​បាន គឺ​នៅ​រក្សា​ដដែល។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ប្រាក់ខែ​កម្មករ​នៅ​ក្នុង​ឆ្នាំ​២០១៨ អាច​នឹង​មាន​ចំនួន​ពី ១៨៧ ដល់​១៩៨ ដុល្លារ​ប្រសិនបើ​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដទៃ​ទៀត។

នៅ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០១៨​នេះ ភាគី​សហជីព​ស្នើសុំ ១៧០​ដុល្លារ ភាគី​និយោជក​ស្នើសុំ​ត្រឹម ១៦២​ដុល្លារ ហើយ​ភាគី​រាជរដ្ឋាភិបាល​សម្របសម្រួល​តួលេខ ១៦៥​ដុល្លារ។

សម្រាប់​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជក​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ដេរ​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៧​នេះ​គឺ ១៥៣​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។