សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​៥​នាក់​ស្លាប់​នៅ​រណ្ដៅ​រ៉ែ​ខែត្រ​ក្រចេះ​ជា​អាជីវកម្ម​ខុស​ច្បាប់

មន្ត្រី​សិទ្ធិមនុស្ស ឲ្យ​ដឹង​នៅ​ថ្ងៃ សុក្រ ទី៦ តុលា ថា​អាជ្ញាធរ​រដ្ឋាភិបាល នៅ​ពុំ​ទាន់​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​ក្នុង​តំបន់​របស់​ខ្លួន ឲ្យ​បាន​ល្អ​ប្រសើរ​ឡើយ ថែមទាំង​បណ្ដោយ​ឲ្យ​ពលរដ្ឋ និង​កម្មករ​ចំណាកស្រុក ជីក​យក​រ៉ែ​បែប​អនាធិបតេយ្យ គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អាយុជីវិត​ពលរដ្ឋ។

រណ្តៅ​ជីក​រ៉ែ​មាស​ឋិត​នៅ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ជីក​យក​រ៉ែ​មាស ខ្វះ​បច្ចេកទេស​នៅ​ស្រុក​សំបូរ ខែត្រ​ក្រចេះ គឺជា​ដើមហេតុ​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ៥​នាក់ និង​របួសធ្ងន់​ម្នាក់។ មន្ត្រី​សមាគម​អាដហុក (Adhoc) ថា​រណ្ដៅ​ជីក​រ៉ែ​មាស​ជាង ១០​រណ្ដៅ ដែល​អ្នកភូមិ​ជាង ១០​គ្រួសារ បាន​ជីក​កន្លង​ទៅ​នោះ គឺជា​អាជីវកម្ម​ខុសច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស ឲ្យ​ដឹង​នៅ​ថ្ងៃ សុក្រ ទី៦ តុលា ថា​អាជ្ញាធរ​រដ្ឋាភិបាល នៅ​ពុំ​ទាន់​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​ក្នុង​តំបន់​របស់​ខ្លួន ឲ្យ​បាន​ល្អ​ប្រសើរ​ឡើយ ថែមទាំង​បណ្ដោយ​ឲ្យ​ពលរដ្ឋ និង​កម្មករ​ចំណាកស្រុក ជីក​យក​រ៉ែ​បែប​អនាធិបតេយ្យ គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អាយុជីវិត​ពលរដ្ឋ។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វាន់នី ដែល​ចុះ​អង្កេត​ករណី​នេះ ថ្លែង​ថា​បើ​ទោះ​បីជា​មន្ត្រី​ជំនាញ បាន​ប្រកាស​បិទ​រណ្ដៅ​រ៉ែ​មាស​ជាង ១០​រណ្ដៅ​នៅ​តំបន់​នោះ​ក្ដី ក៏ប៉ុន្តែ​ពលរដ្ឋ​ជាង ១០​គ្រួសារ និង​កម្មករ​មួយ​ចំនួន​ទៀត នៅតែ​បន្ត​លួច​ជីក​យក​រ៉ែ​នោះ បង្ក​ឲ្យ​កម្មករ ៥​នាក់​ស្លាប់​កាលពី​ចុង ខែ​សីហា ឆ្នាំ ២០១៧។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល គឺជា​អ្នកទទួលខុសត្រូវ ពី​សុខុមាលភាព​ពលរដ្ឋ និង​គោលនយោបាយ​គ្រប់គ្រង​ធនធាន​រ៉ែ​ធម្មជាតិ ឲ្យ​បាន​ត្រឹមត្រូវ មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​ស្លាប់​នោះ​ទេ៖ «...ទីមួយ​ឲ្យ​គាត់​ធ្វើ តែ​ត្រូវ​ផ្ដល់​បច្ចេកទេស​..

លោក ប៊ី វ៉ាន់នី បន្ថែម​ថា កាលពី​ថ្ងៃ​ទី២៧ សីហា កម្មករ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ បន្ទាប់ពី​ពួកគាត់ បាន​ជីក​យក​រ៉ែ​មាស ក្នុង​រណ្ដៅ​ជម្រៅ​ជាង ៣០​ម៉ែត្រ ហើយ​ក្រោយពី​កម្មករ​បាន​ស្លាប់ អាជ្ញាធរ​ជំនាញ និង​តំណាង​អយ្យការ​ខែត្រ​ក្រចេះ បាន​ចុះ​ត្រួតពិនិត្យ និង​ប្រកាស​ឲ្យ​បិទ​អាជីវកម្ម​នោះ​ភ្លាមៗ ក៏ប៉ុន្តែ​រហូតដល់​ថ្ងៃទី៣១ ខែ​សីហា ស្រាប់តែ​កម្មករ ៤​នាក់​បាន​ស្លាប់ ក្នុង​រណ្ដៅ​ដដែល​នោះ​បន្ត​ទៀត។ លោក​រក​ឃើញ ថា​កម្មករ​ទាំង​នោះ​បាន​ស្លាប់​ក្នុង​រណ្ដៅ ដោយសារ​បាក់​ដី និង​ថ្ម​សង្កត់ ត្បិត​សកម្មភាព​ទាញ​យក​រ៉ែ​មាស​នោះ ខ្វះ​បច្ចេកទេស​ផង៖ «...ការ​ជីក​រ៉ែ​ដោយ​ខុសច្បាប់...»

មេភូមិ​ត្រូន ឧបសម្ពន្ធ​ភូមិ​អូរពោរ លោក សុខ ឈឿន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៦ តុលា ថា បន្ទាប់ពី​កម្មករ​ទាំងនោះ​ស្លាប់ អាជ្ញាធរ​ប្រកាស​ឲ្យ​បិទ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​នោះ​ជាង ១​ខែ​មក​ហើយ ហើយ​មក​ទល់​ពេល​នេះ អ្នកភូមិ​មួយ​ចំនួន បាន​យក​អាចម៍​ដី រែង​យក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ ពុំបាន​ចូល​ក្នុង​រណ្ដៅ​នោះ​ទេ។ លោក​បញ្ជាក់ ថា​ការ​រែង​យក​រ៉ែ​មាស​របស់​អ្នកភូមិ គឺ​ពុំ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ​៖ «...​អត់​មាន​ធ្វើ​បន្ត​ទៀត​ទេ បិទ​ហើយ...»​

តំបន់​ដែល​កម្មករ​ជួប​គ្រោះថ្នាក់​នោះ គឺ​ឋិត​នៅ​ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​ក្រុមហ៊ុន​ចិន ធ្លាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ហើយ​ពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើជា​កម្មករ​អោយ​ក្រុមហ៊ុន ក៏ប៉ុន្តែ​ក្រុមហ៊ុន​ចិន បាន​ផ្អាក​អាជីវកម្ម​មួយ​រយៈ បន្សល់​រណ្ដៅ​ជីក​រ៉ែ​មាស និង​កាកសំណល់​ផ្សេងៗ ដែល​ក្រុម​កម្មករ​ទាំងនោះ នៅ​បន្ត​មុខរបរ​នេះ​រហូតដល់​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។