ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រកាស​ឲ្យ​យោធិន​រំសាយ​ឆ្នាំ​២០០១​ដាក់​ពាក្យ​រៀន​ជំនាញ​ចិញ្ចឹម​ជីវិត

ដោយ អ៊ុក សាវបូរី
2014.09.18
ទីស្ដីការ​គណៈរដ្ឋមន្ត្រី ៦១០ ១៤-វិច្ឆិកា-២០១២៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo: RFA

ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រកាស​ឲ្យ​យោធិន​កាត់​រំសាយ​កាល​ពី​ឆ្នាំ​២០០១ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដាក់​ពាក្យ​ចូល​រៀន​ជំនាញ​ចំនួន​ពីរ​ប្រភេទ គឺ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន និង​ជំនាញ​កសិកម្ម ដើម្បី​យក​ជំនាញ​នោះ​ប្រកប​រប​ចិញ្ចឹម​ជីវិត។

ចំពោះ​យោធិន​រំសាយ​ដែល​បាន​ទទួល​មរណភាព ឬ​ចាស់​ជរា ឬ​មាន​ជំងឺ មិន​អាច​ទៅ​រៀន​បាន​នោះ ក្រុម​គ្រួសារ​សាច់ញាតិ​អាច​ជា​ប្ដី ប្រពន្ធ កូន ឬ​អាណាព្យាបាល អាច​ទៅ​រៀន​ជំនួស​ក៏​បាន​ដែរ។

អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​រំសាយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បង្កើត​អោយ​មាន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជូន​យោធិន​រំសាយ​កាល​ពី​ឆ្នាំ​២០០១ រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​ពី​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ប្រភេទ​នេះ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ២៣ រួច​មក។

ប្រធាន​ការិយាល័យ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នៃ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ លោក អ៊ុយ ពៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ថា គោល​បំណង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​អតីត​យោធិន​រំសាយ​នេះ ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនាញ​ពិត​ប្រាកដ ក្នុង​ការ​ចិញ្ចឹម​ជីវិត ព្រោះ​ថា យោធិន​ដែល​រំសាយ​រស់នៅ​តាម​ខេត្ត​នានា គឺ​មន្ទីរ​សង្គមកិច្ច​ខេត្ត បាន​បណ្ដុះ​បណ្ដាល​ជំនាញ​ឲ្យ​ពួក​គេ​រួច​ហើយ នៅ​តែ​យោធិន​រំសាយ​រស់នៅ​ក្រុង​ភ្នំពេញ មិន​ទាន់​បាន​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេ។ លោក​ថា យោធិន​កាត់​រំសាយ​ឆ្នាំ​២០០១ រស់នៅ​ភ្នំពេញ អាច​មក​រៀន​ជំនាញ​បច្ចេកទេស​មាន​ពីរ​បែប គឺ​ទី​១ ជំនាញ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន ដូចជា បើកបរ​រថយន្ត ជួសជុល​រថយន្ត និង​ជួសជុល​ម៉ូតូ និង​ទី​២ ជំនាញ​កសិកម្ម ដូចជា ចិញ្ចឹម​សត្វ ជ្រូក មាន់ និង​ជំនាញ​ដាំ​បន្លែ បណ្ដុះ​ផ្សិត។ លោក​បន្ត​ថា ប្រសិន​បើ​អតីត​យោធា​រំសាយ​គាត់​ចាស់​ពេក ឈឺ ឬ​ស្លាប់ ឬ​ពិការ អសមត្ថភាព​ធ្វើ​ការ ជាដើម មិន​អាច​ទៅ​រៀន​បាន អាច​ឲ្យ​កូន​ប្រពន្ធ​រៀន​ជំនួស​បាន៖ «ផ្សព្វផ្សាយ​ឲ្យ​អតីត​យោធិន​រំសាយ​ហ្នឹង មក​ចុះ​ឈ្មោះ​សិន អ្នក​ខ្លះ​មាន​បំណង​រៀន​ផ្នែក​អ្វី»

អនុប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ និង​ភស្តុភារ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​រំសាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សំ អាន ឲ្យ​ដឹង​ថា អតីត​យោធា​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រកាស​ឲ្យ​មក​រៀន​ជំនាញ​គ្រឿង​ម៉ាស៊ីន និង​ជំនាញ​កសិកម្ម​នេះ លុះត្រា​តែ​គាត់​ជា​អតីត​យោធា​មាន​អាសយដ្ឋាន​នៅ​ភ្នំពេញ ហើយ​បាន​កាត់​រំសាយ​កាល​ពី​ឆ្នាំ​២០០១។ លោក​ថា ក្នុង​បញ្ជី​ឈ្មោះ​យោធិន​រំសាយ​ឆ្នាំ​២០០១ មាន​ឈ្មោះ​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​ប្រមាណ ១.០០០​នាក់ ដែល​នឹង​ត្រូវ​មក​ចុះ​ឈ្មោះ​រៀន​ជំនាញ ដែល​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​រំសាយ​កង​កម្លាំង​ប្រដាប់​អាវុធ កំពុង​ប្រកាស​ឲ្យ​ពួក​គាត់​មក​ចុះ​ឈ្មោះ​រៀន ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ៖ «ការ​បណ្តុះបណ្តាល​នេះ គឺ​មិន​មាន​យក​លុយ​ទេ បើ​សិន​ជា​តាម​ខណ្ឌ​នីមួយៗ មាន​យោធិន​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​ចាប់​ពី ១០​នាក់ ឬ ១៥​នាក់ យើង​អាច​បណ្ដុះ​បណ្ដាល​បាន»

ទីស្ដីការ​គណៈរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​រំសាយ​កង​កម្លាំង​ប្រដាប់​អាវុធ ទើប​តែ​ចែក​ចាយ​សេចក្តី​ជូន​ដំណឹង ស្ដីពី​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជូន​យោធិន​រំសាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សង្គមកិច្ច និង​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ដូច​គ្នា​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ជា​ជំនួយ​ថវិកា​ប្រទេស​ជប៉ុន ផ្តល់​កម្ម​សិក្សា​ដល់​យោធិន​រំសាយ​នៅ​រាជធានី​ភ្នំពេញ អាច​ដាក់​ពាក្យ​សុំ​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​គ្រឿង​ម៉ាស៊ីន និង​កសិកម្ម​នេះ​មិន​មាន​បង់​ប្រាក់​ទេ ទាំង​ការ​ស្នាក់នៅ និង​ថ្លៃ​ធ្វើ​ដំណើរ។ នៅ​ពេល​រៀន​ចប់​វគ្គ អ្នក​សិក្សា​ជំនាញ​ចិញ្ចឹម​សត្វ នឹង​ទទួល​បាន​សត្វ​ជ្រូក ១​ក្បាល និង​មាន់ ៤​ក្បាល។ ចំពោះ​អ្នក​រៀន​ផ្នែក​គ្រឿង​ម៉ាស៊ីន គឺ​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់​ថា​នឹង​ទទួល​បាន​សម្ភារៈ​អ្វី​ខ្លះ​នៅ​ឡើយ។

អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​រំសាយ​កង​កម្លាំង​ប្រដាប់​អាវុធ អំពាវនាវ​សុំ​ឲ្យ​យោធិន​រំសាយ​ឆ្នាំ​២០០១ ដែល​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​បំណង​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ខាង​លើ​នេះ សូម​ទាក់ទង​មន្ត្រី​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ លោក អ៊ុយ ពៅ តាម​រយៈ​ទូរស័ព្ទ​លេខ ០៧៧ ៤២២ ៥៧៧ ឬ​ទាក់ទង លោក សំ អាន មន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី តាម​រយៈ​ទូរស័ព្ទ​លេខ ០៨៩ ៦២០ ១១៧។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ថ្លែង​ថា ជំនាញ​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រកាស​បណ្ដុះ​បណ្ដាល​ដល់​អតីត​យោធិន​កាត់​រំសាយ​ឆ្នាំ​២០០១ នេះ ហាក់​យឺតយ៉ាវ​ក្នុង​ការ​ទទួល​យក​ជំនាញ។ ប៉ុន្តែ​លោក​ស្វាគមន៍​ការ​រួម​ចំណែក​ជួយ​កសាង​សមត្ថភាព​មនុស្ស​នេះ តែ​សូម​ឲ្យ​ជួយ​បន្ត​ឧបត្ថម្ភ​ថវិកា និង​ផ្តល់​ទីតាំង​ឲ្យ​គ្នា​អាច​រក​ស៊ី​ផង៖ «ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​ក្នុង​ជីវភាព​មួយ​ដែល​ធូរធា ហើយ​ចៀសវាង​ការ​លំបាក ដូច​ពី​ពេល​មុន​មក»

ចំណែក​នាយិកា​អង្គការ​មិត្ត​សំឡាញ់ អ្នកស្រី លី សូផាត ថ្លែង​ថា រាល់​ជំនាញ​ទាំងអស់ បើ​សិន​ជា​គ្រូ​ជំនាញ​គាត់​បណ្ដុះ​បណ្ដាល​ល្អ ហើយ​អ្នក​រៀន​នោះ​ប្រឹងប្រែង​អនុវត្ត​តាម គឺ​អាច​ចិញ្ចឹម​ជីវិត​បាន។ ក្រោយ​រៀន​ចប់ រដ្ឋាភិបាល​ត្រូវ​ជួយ​ផ្តល់​ថវិកា​ដល់​គ្នា ដើម្បី​បើក​រក​ស៊ី​បាន ទើប​បញ្ជាក់​ពី​លទ្ធផល​បណ្តុះ​បណ្តាល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។