ក្រសួង​ការងារ​ជំរុញ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រដ្ឋាភិបាល​ឲ្យ​កម្មការិនី​សម្រាល​កូន​ឲ្យ​បាន​រហ័ស

ដោយ អាស៊ីសេរី
2018-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្ដែង​ពី​សកម្មភាព​កាត់​ដេរ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly
កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្ដែង​ពី​សកម្មភាព​កាត់​ដេរ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

ក្រសួង​ការងារ ជំរុញ​ឲ្យ​និយោជក និង​ម្ចាស់​សហគ្រាស​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រដ្ឋាភិបាល​ជូន​កម្មករ​ឲ្យ​កាន់​តែ​លឿន។

លិខិត​ជូន​ដំណឹង​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មករា បញ្ជាក់​ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ដែល​កន្លែង​មួយ​ចំនួន​មាន​ការ​យឺតយ៉ាវ​ដោយ​មូលហេតុ​ខ្វះ​ឯកសារ និង​ខ្វះ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ការ​សម្រាល​កូន​របស់​កម្មករ។

ក្រសួង​ក៏​បាន​ណែនាំ​បែបបទ និង​នីតិវិធី​មួយ​ចំនួន​ដល់​និយោជក ម្ចាស់​សហគ្រាស បុគ្គលិក កម្មករ និង​សុខាភិបាល​តាម​មូលដ្ឋាន​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាន់​ពេល​វេលា​ដូចជា សាមី​ខ្លួន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ ប័ណ្ណ​សមាជិក ប.ស.ស ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល សាមី​ខ្លួន ឬ​សាច់ញាតិ​ត្រូវ​ជូន​ដំណឹង​តាម​លេខ​ទូរស័ព្ទ ១២៨៦ ជា​បន្ទាន់ ពេល​ចូល​ទៅ​សម្រាល​កូន​ក្នុង​មន្ទីរពេទ្យ​ដែល​គ្មាន​ភ្នាក់ងារ ប.ស.ស និង​ស្នើ​ឲ្យ​មូលដ្ឋាន​សុខាភិបាល​ទាំង​អស់​សហការ​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​សាខា ប.ស.ស អំពី​ការ​ផ្ដល់​សេវា​សម្រាល​កូន​ក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន។ បញ្ហា​នេះ និយោជក និង​ម្ចាស់​សហគ្រាស ត្រូវ​ចូល​រួម​ផ្សព្វផ្សាយ​ដល់​បុគ្គលិក និង​កម្មការិនី​ដើម្បី​ឲ្យ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ឲ្យ​កាន់​តែ​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជូន​កម្មករ។ អ្នក​វិភាគ​សង្កេត​ឃើញ​ថា នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ រដ្ឋាភិបាល​ហាក់​ចាប់​អារម្មណ៍​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករ​កាត់ដេរ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ពួកគេ​យល់​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ពេល​ឃោសនា​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល