អតីត​សង្ឃ​ដែល​ត្រូវ​មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ផ្សឹក ស្វែងរក​យុត្តិធម៌

ដោយ ហ៊ុំ ចំរើន
2017-09-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ អន្ទិត សាន ចាន់ឌី ដែល​ព្រះ​អនុគណ​ស្រុក​ស្វាយចេក ចាប់​ផ្សឹក។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ អន្ទិត សាន ចាន់ឌី ដែល​ព្រះ​អនុគណ​ស្រុក​ស្វាយចេក ចាប់​ផ្សឹក។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អតីត​ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ព្រះ​អនុគណ​ស្រុក​នេះ ថា​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ផ្សឹក​ខ្លួន​ទាំង​បង្ខំ ដោយ​ចោទ​ថា​មាន​និន្នាការ​នយោបាយ​ទៅ​រក​បក្ស​ប្រឆាំង។ អតីត​សង្ឃ​រូប​នេះ​កន្លង​ទៅ ធ្លាប់​ផ្ដល់​សម្ភាស​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី រឿង​ព្រះសង្ឃ​ក្នុង​វត្ត​ខ្វះ​ចង្ហាន់ ហើយ​ក្រោយ​មក​តែង​មាន​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ព្រះសង្ឃ​ក្នុង​វត្ត​ជា​ញឹកញាប់។ ប៉ុន្តែ​ព្រះ​អនុគណ​ស្រុក​ស្វាយចេក មាន​ថេរ​ដីកា​ថា ការ​ផ្សឹក​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ពលរដ្ឋ ដោយសារ​អតីត​ព្រះសង្ឃ​រូប​នេះ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​វត្ត។

អន្ទិត​ដែល​ទើប​ត្រូវ​បាន​ព្រះ​អនុគណ​ស្រុក​ស្វាយចេក ចាប់​ផ្សឹក​នេះ លើក​ឡើង​ថា ការ​ចាប់​ផ្សឹក​នេះ​គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ទេ។ អន្ទិត​រូប​នេះ​ទទូច​ឲ្យ​មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌​ដើម្បី​បាន​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ។

អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គរ ដែល​ទើប​ត្រូវ​បាន​ចាប់​ផ្សឹក លោក សាន ចាន់ឌី ថ្លែង​ថា លោក​ពុំ​មាន​កំហុស​អ្វី​ដែល​ត្រូវ​ព្រះ​អនុគណ​ចាប់​ផ្សឹក​នោះ​ទេ។ អតីត​ភិក្ខុ សាន ចាន់ឌី ត្រូវ​បាន​ព្រះ​អនុគណ​ស្រុក​ស្វាយចេក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ឃុំ​ស្វាយចេក ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ កញ្ញា។ លោក សាន ចាន់ឌី អះអាង​ថា ការ​ផ្សឹក​នេះ​ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​លោក​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ព្រោះ​កន្លង​ទៅ លោក​បាន​បញ្ចេញ​ព័ត៌មាន​ព្រះសង្ឃ​ក្នុង​វត្ត និង​នៅ​តាម​ព្រំដែន​នៃ​ឃុំ​ស្វាយចេក ខ្វះ​ចង្ហាន់៖ «គេ​តាម​រក​រឿង​ប្រមាញ់​ខ្ញុំ​តាំង​ពី​នោះ​មក ថា​ខ្ញុំ​គណបក្ស​នេះ​បក្ស​នោះ។ តាម​ពិត ខ្ញុំ​អត់​មាន​នៅ​គណបក្ស​ណា​ទេ។ មន្ត្រី​សង្ឃ​ទៅ​វិញ​ទេ​ដែល​គាត់​កាន់​គណបក្ស​នោះ ធ្វើ​យ៉ាង​ដូច្នេះ​ដូចជា​អយុត្តិធម៌​មក​រូប​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​ទទូច​សុំ​ឲ្យ​មន្ត្រី​សង្ឃ​បំបួស​ខ្ញុំ​ជា​សង្ឃ​វិញ​មក»

ឆ្លើយតប​នឹង​បញ្ហា​នេះ ព្រះ​អនុគណ​ស្រុក​ស្វាយចេក ព្រះតេជព្រះគុណ រៀម សុគន្ធ មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ផ្សឹក​ព្រះអង្គ សាន ចាន់ឌី ដោយសារ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ចោទ​ប្រកាន់​ថា លោក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​វត្ត។ ព្រះតេជព្រះគុណ​បន្ថែម​ថា ក្រោយ​មក​ព្រះអង្គ​ក៏​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​មាន​សាក្សី​ជាច្រើន​នាក់​បញ្ជាក់​ថា អតីត​ព្រះសង្ឃ​រូប​នេះ​ពិត​ជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​ក៏​ចាប់​ផ្សឹក​តែ​ម្ដង៖ «ហើយ​អាត្មា​ផ្សឹក​ក៏​អាត្មា​ឆ្លង​យោបល់​ពី​ព្រះ​មេគណ​ខេត្ត និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ ដែរ ថា​មិន​អាច​ទុក​បាន​ទេ។ ហើយ​ផ្សឹក ហើយ​អាត្មា​ក៏​បាន​រៃ​លុយ​ឲ្យ​ជិះ​ឡាន​ទៅ​ស្រុក​កំណើត​ទៅ»

ព្រះតេជព្រះគុណ​បន្ត​ទៀត​ថា ក្រោយ​ពី​ផ្សឹក ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពុំ​បាន​ដាក់​ទោស​នោះ​ទេ ដោយសារ​លោក សាន ចាន់ឌី ពុំ​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​អាច​ផ្សឹក​បាន​លុះត្រា​តែ​ប្រព្រឹត្ត​ខុស ៤​ប្រការ រួម​មាន​សម្លាប់​មនុស្ស លួច​ទ្រព្យ​សម្បត្តិ​របស់​គេ រួមរ័ក​ជាមួយ​ស្ត្រី​ភេទ និង​ការ​អួត​នូវ​គុណ​វិសេស​ដែល​ពុំ​មាន​ក្នុង​ខ្លួន ដូចជា​ថា​ខ្លួន​ចេះ​ហោះ ចេះ​ហើរ ជាដើម៖ «ហើយ​ជា​ទោស​ក្នុង​កម្រិត​ដែល​ត្រូវ​ផ្សឹក ហើយ​ទោស​ក្រៅ​ពី​នោះ​នៅ​អាច​កាត់​សេចក្ដី​សម្ដែង​អាបត្តិ ឬ​ក៏​ធ្វើ​សង្ឃកម្ម​ដោយ​ព្រះ​បាន។ ក្នុង​នោះ​ព្រះ​ក៏​មាន​សិទ្ធិ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ តាម​ពិត​ព្រះសង្ឃ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ជួយ​សង្គម​យើង ហើយ​អ្វី​ដែល​ជា​បញ្ហា លោក​អាច​មាន​សិទ្ធិ​បញ្ចេញ​យោបល់​ក្នុង​ន័យ​ស្ថាបនា​បាន»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យិន យឿន មាន​ប្រសាសន៍​ថា ករណី​នេះ​លោក​ពុំ​អាច​ជួយ​ឲ្យ​លោក សាន ចាន់ឌី បួស​ជា​ព្រះសង្ឃ​ឡើង​វិញ​បាន​នោះ​ទេ ព្រោះ​លោក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​ព្រះសង្ឃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ៖ «ហើយ​ការ​ផ្សឹក​ក៏​មិន​មែន​ខាង​មន្ទីរ​អ្នក​ផ្សឹក​ដែរ ទាល់​តែ​មាន​ព្រះ​ឧបជ្ឈា ឬ​ព្រះ​អនុគណ ព្រះ​មេគណ ទើប​អាច​ផ្សឹក​បាន។ ដូច្នេះ​រឿង​នេះ​លោក​បាន​ឆ្លើយ​សារភាព​ខ្លួន​ដល់​ព្រះ​អនុគណ​អស់​ហើយ បាន​ជា​ព្រះអង្គ​ផ្សឹក​នោះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​ផ្សឹក​ព្រះសង្ឃ​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​ជូន​លោក សាន ចាន់ឌី។ លោក​កត់​សម្គាល់​ថា មូលហេតុ​ដែល​ព្រះ​អនុគណ​ផ្សឹក​ព្រះសង្ឃ​នេះ អាច​ដោយសារ​អតីត​ព្រះសង្ឃ​រូប​នេះ​បញ្ចេញ​ព័ត៌មាន​ករណី​ព្រះសង្ឃ​នៅ​វត្ត​តាម​ព្រំដែន​ខ្វះ​ចង្ហាន់ ដែល​ជា​រឿង​រសើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អាជ្ញាធរ​នៅ​ស្រុក​ស្វាយចេក ដែល​បង្ហាញ​ឲ្យ​សាធារណជន​វាយ​តម្លៃ​ថា អាជ្ញាធរ​មិន​អើពើ​ជួយ​ព្រះសង្ឃ​នៅ​តាម​ព្រំដែន៖ «នៅ​ក្នុង​ព្រះពុទ្ធសាសនា​មាន​វិន័យ​ត្រឹមត្រូវ​សម្រាប់​ការពារ​ព្រះសង្ឃ ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ទាំងអស់​នេះ​ឡើង​វិញ។ បើ​សិន​ជា​ចេះ​តែ​ចាប់​ផ្សឹក ហើយ​ចោទ​លាប​ពណ៌​ដាក់​គ្នា ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ព្រះពុទ្ធសាសនា ដោយ​ហេតុ​ថា​ពុទ្ធសាសនិក​ដែល​គោរព​ប្រតិបត្តិ​ត្រូវ​បាន​អ្នក​គោរព​របស់​ខ្លួន​ជា​អ្នក​បំផ្លាញ​ទៅ​វិញ»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​ទេ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ព្រះសង្ឃ​នៅ​តាម​វត្ត​ដទៃ​ទៀត ធ្វើ​ឲ្យ​មិន​ហ៊ាន​បញ្ចេញ​មតិ​ទៅ​សារព័ត៌មាន​នៅ​ពេល​ដែល​ព្រះអង្គ​ជួប​រឿង​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គរ ឃុំ​ស្វាយចេក កន្លង​ទៅ មាន​ព្រះសង្ឃ​គង់​ចាំ​វត្ត​ចំនួន ៣​អង្គ ហើយ​ពុំ​សូវ​មាន​ចង្ហាន់​គ្រប់គ្រាន់​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ខ្វះ​ចង្ហាន់​កាល​ពី​ខែ​កក្កដា មក មាន​ពុទ្ធបរិស័ទ​ក្នុង និង​ក្រៅ​ប្រទេស​ទៅ​ធ្វើ​បុណ្យ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ព្រះសង្ឃ​មាន​ចង្ហាន់​ជា​ធម្មតា​ឡើង​វិញ។ សព្វថ្ងៃ វត្ត​មួយ​នេះ​ក្រោយ​ពី​ព្រះ​អនុគណ​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​ហើយ នៅ​មាន​ព្រះចៅ​អធិការ​មួយ​អង្គ​គង់​ចាំ​ព្រះវស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល