បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព​ដោយសារ​មាន​អ្នក​តាម​ឃ្លាំ​មើល

ដោយ ហ៊ុំ ចំរើន
2017-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ជួបជុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង  បន្ទាប់​ពី​មាន​ការ​ចាប់​ព្រះសង្ឃ​មួយ​អង្គ​ទៅ​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៧។
ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ជួបជុំ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បន្ទាប់​ពី​មាន​ការ​ចាប់​ព្រះសង្ឃ​មួយ​អង្គ​ទៅ​សាកសួរ ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ​លាក់​អាវុធ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នៅ​ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​ព្រះអង្គ​ឃើញ​មនុស្ស​ប្លែក​មុខ​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់ ឃ្លាំ​មើល​តាម​វត្ត​អារាម​ជា​រៀង​រាល់​ថ្ងៃ។ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា អ្នក​ដែល​ឃ្លាំ​មើល​ទាំងនោះ​ពុំ​មែន​ជា​មន្ត្រី​ប៉ូលិស​ឡើយ។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នៅ​ខេត្ត​បាត់ដំបង មាន​ថេរ​ដីកា​ថា អ្នក​ដែល​ឃ្លាំ​មើល​សកម្មភាព​ព្រះសង្ឃ​ក្នុង​វត្ត គឺ​ជា​សមត្ថកិច្ច​ខេត្ត​បាត់ដំបង។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ឡុញ សុខជា មាន​ថេរ​ដីកា​នៅ​ថ្ងៃ​ទី​២៧ មិថុនា ថា ចាប់​តាំង​ពី​ប៉ូលិស​ឃាត់​ព្រះ​កាយ​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ ព្រះនាម ហន សុផាន្នី កាល​ពី​ថ្ងៃ​ទី​២១ មិថុនា មក មាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​តែងតែ​ទៅ​ឃ្លាំ​មើល​តាម​វត្ត​ដែល​មាន​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​គង់​នៅ​ជា​រៀង​រាល់​ថ្ងៃ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ព្រះអង្គ រួម​ទាំង​សមាជិក​ដទៃ​ទៀត​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​យ៉ាង​ខ្លាំង និង​បាន​រារាំង​ដល់​ការងារ​របស់​ព្រះអង្គ«ហើយ​ជាមួយ​គ្នា​នេះ​ក៏​ធ្វើ​ឲ្យ​ការ​តវ៉ា​តស៊ូ​មតិ​ដោយ​អហិង្សា​របស់​ព្រះសង្ឃ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ព្រះអង្គ ហន សុផាន្នី មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ទៅ ដែល​ធ្វើ​គំនាប​ផ្នែក​យុត្តិធម៌​សង្គម​ដល់​ព្រះអង្គ​ដែល​ជាប់​ឃុំ​កាន់​តែ​ឆ្ងាយ​ទៅ»

ឆ្លើយតប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង លោក ជេត វណ្ណី មាន​ប្រសាសន៍​ថា មន្ត្រី​ខេត្ត​បាត់ដំបង ពុំ​បាន​ទៅ​ឃ្លាំ​មើល​សកម្មភាព​របស់​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​នោះ​ទេ«បាទ! អត់​មាន​ទេ។ ខ្ញុំ​អត់​ទទួល​ព័ត៌មាន​នេះ​ទេ​បាទ! បើ​ចង់​ដឹង​ច្បាស់ សូម​ឲ្យ​បង​សួរ​ទៅ​ខាង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត»

ព្រះសង្ឃ ហន សុផាន្នី ៨៥៥
សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​ប្រចាំ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក​នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ Photo provided Photo provided

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី អះអាង​ថា ករណី​មាន​មនុស្ស​ទៅ​ឃ្លាំ​មើល​តាម​វត្ត​នេះ ចាត់​ជា​ការ​គំរាម​កំហែង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ធ្វើ​ឲ្យ​មិន​អាច​មាន​សកម្មភាព​នៅ​ក្នុង​សង្គម​បាន។ លោក​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ប្រហែល​ជា​សមត្ថកិច្ច​ព្រួយ​បារម្ភ​ខ្លាច​ព្រះសង្ឃ​ជួបជុំ​គ្នា ដើម្បី​តវ៉ា​ឲ្យ​ដោះលែង​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ«តាម​ពិត ព្រះអង្គ​អាច​ធ្វើ​អ្វី​ទៅ​តាម​គោលការណ៍​របស់​ព្រះអង្គ ពីព្រោះ​អត់​មាន​រឿង​អី​ដែល​ប្រឆាំង​នឹង​ច្បាប់ ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​ជា​ការ​ចង់​ធ្វើ​បដិវត្តន៍​អី​ទេ។ អ៊ីចឹង​យើង​មើល​ឃើញ​គ្រប់​សកម្មភាព​របស់​ព្រះអង្គ​ដែល​ចូលរួម សុទ្ធតែ​ជា​សកម្មភាព​បម្រើ​ផល​ប្រយោជន៍​រួម និង​ផល​ប្រយោជន៍​សង្គម​ទាំងអស់។ បញ្ហា​នេះ​ខ្ញុំ​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​លើក​ទឹក​ចិត្ត»

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង ព្រះនាម ហន សុផាន្នី គង់​នៅ​វត្ត​ដំរីស ក្រុង​បាត់ដំបង ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​មួយ​នេះ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២២ មិថុនា ក្រោម​បទ​ចោទ​ពីរ​ករណី គឺ​ពី​បទ​ដឹក​ជញ្ជូន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ប៉ុន្តែ​កន្លង​ទៅ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា តុលាការ​ចាប់​ព្រះសង្ឃ​ដោយ​ពុំ​បាន​ស៊ើប​អង្កេត​ច្បាស់លាស់ ពីព្រោះ​កាំភ្លើង​ដែល​ព្រះអង្គ ហន សុផាន្នី បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ នោះ ជា​កាំភ្លើង​ជ័រ​សម្រាប់​ក្មេង​លេង ពុំ​មែន​ជា​អាវុធ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល