ពលករ​ខ្មែរ​ជាង​៥០០​នាក់​ស្លាប់​នៅ​ដី​ថៃ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ

ដោយ អាស៊ីសេរី
2017.10.05
សព​ពលករ​ខ្មែរ​នៅ​ថៃ ៦១០ សព​ពលករ​ខ្មែរ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA

ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​ប្រថុយ​ប្រថាន​គ្រោះថ្នាក់ ជា​រៀងរាល់​ថ្ងៃ។ អ្នកខ្លះ​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត​ថែម​ទៀត​ផង។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ មាន​សព​កម្មករ​ខ្មែរ​រាប់​រយ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​មក​ខ្មែរ​វិញ។

មន្ត្រី​ក្រសួងមហាផ្ទៃ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៥ ខែ​តុលា​នេះ ថា​គិត​មក​ត្រឹម​ថ្ងៃនេះ ពោល​គឺ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ មាន​សាកសព​ពលករ​ខ្មែរ មិន​តិច​ជាង ៥០០​នាក់​ទេ ដែល​អាជ្ញាធរ​ថៃ បាន​បញ្ជូន​មក​ដល់​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ក្នុងចំណោម​ពលករ​ខ្មែរ​ទាំង​ជាង ៥០០​នាក់​នេះ អ្នកខ្លះ​ស្លាប់​ដោយសារ​ការ​បាញ់​បង្ក្រាប​ពី​ទាហាន​ថៃ ដោយសារ​ពួកគាត់​ឆ្លងដែន ដោយ​ខុសច្បាប់។ អ្នក​ខ្លះ​ទៀត​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់មីន នៅ​ក្នុង​ព្រៃ។ អ្នក​ខ្លះ​ទៀត ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ពេល​ខំប្រឹង​រត់គេច ពី​ការ​ដេញ​ដេញប៉ផាប់ចាប់ពភីង ពី​សំណាក់​សមត្ថកិច្ច​ថៃ។ អ្នក​ខ្លះ​ទៀត បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ក្នុង​ការងារ ដូចជា​ការ​ធ្លាក់​ពីលើ​អគារ ការ​ប្រើប្រាស់​ឧបករណ៍​ខុស​បច្ចេកទេស និង​លង់ទឹក​ស្លាប់ ពេល​ទូក​នេសាទ​បុក​គ្នា និង​ការ​ឈ្លោះ​ទាស់ទែង​គ្នា កាប់​ចាក់​គ្នា​រវាង​ពលករ​ខ្មែរ​គ្នាឯង ឬ​ជាមួយ​កម្មករ​ថៃ ឬ​ឈ្លោះ​គ្នា​ជាមួយ​កម្មករ​ភូមា​ជាដើម៖ «ក្នុងចំណោម​ពលករ​ចំណាកស្រុក​ទាំងអស់ មិនមែន​សុទ្ធតែ​នាំ​លាភ​សំណាង មក​ស្រុក​វិញ​នោះ​ទេ អ្នកខ្លះ​ស្លាប់»

ដោយសារ​បញ្ហា​ជីវភាព តម្លៃ​ពលកម្ម​ទាប​នៅ​កម្ពុជា បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ពលកម្ម​នៅ​ប្រទេស​ថៃ និង​ភាព​ខ្វះ​ការងារ​ដែល​មាន​ប្រាក់កម្រៃ​សមរម្យ មាន​ពលរដ្ឋ​ខ្មែរ ជាង​មួយ​លាន​នាក់ បាន​ឆ្លងដែន ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ទាំង​ខុសច្បាប់ និង​ស្របច្បាប់ មាន​ចំនួន ១​លាន ៥​ម៉ឺន​នាក់ ក្នុងចំណោម​ពលករ​ទាំងនោះ មាន​ពលករ​ជាង ៧០​ម៉ឺន​នាក់ ជា​ពលករ​ស្របច្បាប់ ខណៈ​ដែល​ជាង ៣០​ម៉ឺន​នាក់​ទៀត​ជា​ពលករ​ខុសច្បាប់។

ស្រប​ពេល​ដែល​ក្រសួង​ការងារ ទើបតែ​ប្រកាស​កំណត់​យក​ប្រាក់​ខែ​អប្បបរមា ១៧០ ដុល្លារ សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់​ដែរ និង​ស្បែកជើង ប្រាក់​ប៉ុណ្ណេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចំណាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។ ចំពោះ​គ្រូបង្រៀន​វិញ ពួកគាត់​កំពុង​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ​ពួកគាត់ ឲ្យ​បាន​យ៉ាងតិច ៥០០ ដុល្លារ ទើប​អាច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។