ប្រធាន​សភា​បដិសេធ​សំណើ​កោះ​ហៅ​លោក ស ខេង ឲ្យ​បំភ្លឺ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី

ដោយ ម៉ម មុនីរតន៍
2016-12-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ដែល​មក​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ឈរ​សម្លឹង​មើល​រូប​ថត​លោក​បណ្ឌិត ដែល​ត្រូវ​គេ​ដាក់​តាំង​នៅ​ក្នុង​វត្តចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ពលរដ្ឋ​ដែល​មក​ចូល​រួម​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ឈរ​សម្លឹង​មើល​រូប​ថត​លោក​បណ្ឌិត ដែល​ត្រូវ​គេ​ដាក់​តាំង​នៅ​ក្នុង​វត្តចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ រដ្ឋ​សភា​សម្រេច​ច្រាន​ចោល​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​វិមាន​រដ្ឋសភា អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លិខិត​បដិសេធ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សរសេរ​លិខិត​ស្នើ​ទៅ​ប្រធាន​សភា ដើម្បី​​កោះ​ហៅ​លោក ស ខេង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧។

ទន្ទឹម​នឹង​នេះ មេបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន ចោទ​ប្រកាន់​ថា រឿង​ក្ដី​នេះ​ប្រាកដ​ណាស់ គឺ​ជា​បុគ្គល​ដែល​មាន​អំណាច ហើយ​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​​បិទបាំង​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង ដែល​ជា​អ្នក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច​ផង សម្រេច​ចិត្ត​ភ្លាមៗ ដោយ​មិន​បញ្ជូន​លិខិត​ស្នើ​សុំ​របស់​បក្ស​ប្រឆាំង​នេះ​ទៅ​លោក ស ខេង ទេ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នេះ គឺ​ផុត​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ទៅ​ហើយ។

លិខិត​ច្រានចោល​របស់​រដ្ឋ​សភា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​តំណាងរាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​កោះ​អញ្ជើញ​ឲ្យ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១២ ខែ​មករា។

លោក ហេង សំរិន លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មូលហេតុ​ដែល​លោក​មិន​បញ្ជូន​លិខិត​នេះ​ឲ្យ​ទៅ​លោក ស ខេង នោះ​ ព្រោះ​សំណុំរឿង​ក្តី​នេះ​បាន​ចូល​ដល់​ដៃ​តុលាការ​តាំង​ពី​ដំណាក់កាល​ដំបូង និង​តាំង​ពី​យូរ​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ទាំង​រដ្ឋ​សភា និង​រដ្ឋាភិបាល សុទ្ធ​តែ​ពុំ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​តុលាការ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មការ​ទី​១ ផ្នែក​​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា លោក អេង ឆៃអ៊ាង បង្ហាញ​ការ​សោកស្ដាយ​ដែល​សំណើ​របស់​លោក​ត្រូវ​ច្រានចោល​ត្រឹម​រដ្ឋ​សភា​ដូច្នេះ​ទៅ​វិញ។ ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​ផង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ការ​មិន​ព្រម​ចូល​ឆ្លើយ​តាម​ការ​ស្នើ​សុំ​នេះ វា​គួរ​រដ្ឋាភិបាល​ឯ​ណោះ​ទេ ប៉ុន្តែ​នេះ​បែរ​ជា​រដ្ឋ​សភា​ដើរ​តួ​ជំនួស​អង្គ​នីតិប្រតិបត្តិ​គឺ​រដ្ឋាភិបាល​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​ហ្នឹង ព្រោះ​រឿង​ហ្នឹង​មិន​ត្រូវ​រដ្ឋសភា​ជា​អ្នក​ឆ្លើយ​ទេ គឺ​ត្រូវ​ខាង​រដ្ឋាភិបាល​ជា​អ្នក​ឆ្លើយ។ រដ្ឋសភា​គឺ​មាន​តួនាទី​ក្នុង​ការ​ដាក់​សំណួរ និង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​បំភ្លឺ​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ណា​មួយ​តាម​វិស័យ។ ប៉ុន្តែ​ដល់​ពេល​ឃើញ​រដ្ឋសភា​ធ្វើ​អ៊ីចឹង​ទៅ មិន​ដឹង​យោង​ទៅ​លើ​អ្វី»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ លោក អេង ឆៃអ៊ាង បាន​ដាក់​សំណើ​ឲ្យ​លោក ស ខេង ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា​អំពី​ការ​ស៊ើបអង្កេត​ដែល​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ គិត​មក​ដល់​ពេល​នេះ បទឧក្រិដ្ឋ​ក្នុង​រឿង​ព្រហ្មទណ្ឌ​នេះ បាន​អូស​បន្លាយ​ជាង ៥​ខែ​មក​ហើយ​ចាប់​ពី​ថ្ងៃ​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ថ្វី​បើ​មាន​ជន​ជាប់​ចោទ​ម្នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​នេះ និង​កំពុង​បន្ត​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃស ត្រូវ​ចាប់​ខ្លួន​បាន​ក៏​ដោយ​ចុះ ទាំង​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​កម្ពុជា និង​ក្រសួង​មហាផ្ទៃ មិន​ជឿ​លើ​ចម្លើយ​សារភាព​ឈ្មោះ ជួប សម្លាប់ នេះ​ទេ។

លោក សម រង្ស៊ី ដែល​កំពុង​សើរើ​សំណុំ​រឿង​នេះ​ដែរ ហើយ​ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន​ផង​នោះ មាន​ជំនឿ​ថា បណ្ដឹង​របស់​លោក​ដែល​បាន​ដាក់​ទៅ​តុលាការ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ កន្លង​ទៅ​នេះ លទ្ធផល​ជា​វិជ្ជមាន​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ដែរ។ ថ្វី​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ហាក់​មិន​ទាន់​ប្រាកដ​ថា នៅ​មាន​វីដេអូ​ឃ្លិប​សេសសល់​ក្រោយ​ពី​ក្រុមហ៊ុន​សាំង​កាល់តិច បាន​ប្រគល់​ដល់​សមត្ថកិច្ច​ហើយ​ក្តី លោក​នៅ​មាន​ជំនឿ​ថា ក្រុមហ៊ុន​ដែល​មាន​ស្តង់ដារ និង​មាន​ការ​គ្របគ្រង​មួយ​ត្រឹមត្រូវ​នេះ ប្រាកដ​ណាស់​អាច​នៅ​មាន​វីដេអូ​ឃ្លិប​ដែល​សេសសល់​តាម​បច្ចេកទេស​ណា​មួយ​ដទៃ​ទៀត។ លោក​បន្ត​ថា «យើង​សង្ឃឹម​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដែល​គេ​ធ្វើ​ការ​តាម​វិជ្ជាជីវៈ​នេះ គឺ​ច្បាស់​ជា​គេ​មាន​កន្លែង​ដែល​អាច​កើត​ហេតុ ដែល​កន្លែង​មាន​មនុស្ស​ចេញ​ចូល​ច្រើន ដែល​អាច​មាន​ឧបទ្ទវហេតុ​អី​ដូច​ថ្មីៗ​នេះ គឺ​ច្បាស់​ជា​គេ​ថត។ ហើយ​គេ​ថត​នោះ គឺ​ជា​នៅ​ប្រទេស​កម្ពុជា បាន​ដក​ហូត​ខ្សែ​អាត់​នោះ​ក៏ដោយ ក៏​ខ្សែ​អាត់​នោះ ខ្លឹមសារ​នៃ​ខ្សែ​អាត់​នោះ​គេ​បាន​បញ្ជូន​ទៅ គេ​ហៅ​ថា​លើ​ពពក គឺ​គេ​ដាក់​ទុក​ឥត​មាន​អ្នក​ណា​ប៉ះពាល់​បាន​ទេ»

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ នៅ​តែ​អះអាង​ថា រឿង​ក្ដី​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ លោក សេង លាង នៅ​ឡើយ។ ជាង​នេះ​ទៀត តុលាការ​នៅ​មិន​ទាន់​អាច​កំណត់​ពេល​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទៀត​ផង។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​ស៊ើប​អង្កេត​នេះ វា​ហាក់​ដូច​តឹងតែង មិន​ខុស​ពី​សំណុំរឿង​លោក ជា វិជ្ជា ប្រធាន​សហជីព លោក ឈុត វុទ្ធី អ្នក​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ អ្នក​សិល្បៈ រួម​ទាំង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ប៉ុន្មាន​នោះ​ឡើយ។ រឿង​ក្តី​ទាំង​នោះ បាន​ត្រឹម​បន្ត​ស៊ើប​អង្កេត ប៉ុន្តែ​កម្រ​ឃើញ​តុលាការ​លើក​មក​ជំនុំជម្រះ​ណាស់។

លោក អំ សំអាត ប្រធាន​គ្របគ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​ចូល​បំភ្លឺ​របស់​លោក ស ខេង វា​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ទេ។ ជាង​នេះ​ទៀត បើ​សមត្ថកិច្ច​មាន​ភស្តុតាង​ថ្មី​ណា​មួយ​នៅ​តែ​អាច​បញ្ជូន​ឲ្យ​តុលាការ​បាន​ដដែល។ បន្ថែម​ពី​លើ​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា សំខាន់​ថា​តើ​ទាំង​សមត្ថកិច្ច និង​តុលាការ​ចង់​បន្ត​នីតិវិធី​ដែរ ឬ​យ៉ាង​ណា​ប៉ុណ្ណោះ។ លោក​បន្ត​ថា «នេះ​បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ទាល់​តែ​ខាង​សមត្ថកិច្ច​នគរបាល​ហ្នឹង គាត់​ធ្វើ​ការ ហើយ​បាន​គាត់​បញ្ជូន​ដល់​ដៃ​តុលាការ។ អ៊ីចឹង​ក្នុង​ដំណាក់​កាល​ហ្នឹង គេ​អាច​ធ្វើ​រឿង​ហ្នឹង​ដែរ ហើយ​នៅ​ក្នុង​តុលាការ ប៉ុន្តែ​តួនាទី​របស់​រដ្ឋាភិបាល លោក​អាច​ស្វែងរក​ភស្តុតាង ហើយ​និង​ព័ត៌មាន​បន្ថែម​ទៀត​បាន ហើយ​បើ​មាន​លោក​អាច​បញ្ជូន​បន្ថែម​ទៀត​ទៅ​ដល់​តុលាការ»

បើ​ទោះ​ជា​បែប​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង នៅ​តែ​អះអាង​ថា បើ​រដ្ឋ​សភា​បិទ​ផ្លូវ​ដូច​នេះ​ទៅ​ហើយ លោក​នឹង​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​មក​ឆ្លើយ​បំភ្លឺ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ បើ​ទោះ​ជា​អវត្តមាន លោក ស ខេង នៅ​ពេល​នេះ​ក៏ដោយ​ចុះ។ ដោយ​ឡែក លោក សម រង្ស៊ី វិញ យល់​ឃើញ​ថា ប្រាកដ​ណាស់​អំពើ​ឃាតកម្ម​នេះ ពុំ​មាន​អ្នក​ដែល​គ្មាន​លទ្ធភាព​ណា​មួយ​លើក​ដៃ​ធ្វើ​កើត​នោះ​ឡើយ ក្រៅ​ពី​អ្នក​ដែល​មាន​អំណាច និង​មាន​មធ្យោបាយ​ធំធេង​ក្នុង​ការ​បិទបាំង​រឿង​ក្ដី​នេះ ទើប​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សភាសព្វថ្ងៃមិនមែនសភាជាតិទេ គឺសភាជន
ចំណែកតុលាការក៏ដូច្នោះដែរ
រឿងសំខាន់គឺផ្លាស់ប្តូរឱ្យបាន ២០១៨

Dec 23, 2016 06:09 AM

អ្នក​អាន​អនាមិក

well, well now every one can see, can understand who behind the closed door of killing Kem Ley, before maybe people assuming but now it is clear, CNRP don't need them to say yes. it is good enough for today. need to send news to twitter or Facebook to young people, especially all poor soldiers who love their country better than to Heng Samrin or Monkey Courts.

Dec 23, 2016 12:05 AM

គេហទំព័រ​ទាំងមូល