ជនជាតិ​ថៃ​​នៅ​ភូមិ​មួយ​​ក្នុង​​ខេត្ត​ចាន់បុរី​​និយាយ​ភាសា​ខ្មែរ​ក្នុង​ការ​ទាក់ទង​គ្នា​ប្រចាំ​ថ្ងៃ

ដោយ វ៉ែន សុមេធ
2018.01.01
ពលរដ្ឋថៃ ដើម​កំណើត​ខ្មែរ ៦២២ ទិដ្ឋភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ថៃ ដើម​កំណើត​ខ្មែរ នៅ​ភូមិ​ក្លងតាគង់ ឃុំ​ប៉ូងណាំរ៉ន ស្រុក​ថាប់សៃ ខេត្ត​ចាន់បុរី ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៧
Photo: RFA

ប្រជាពលរដ្ឋ​របស់​ថៃ រាប់​រយ​គ្រួសារ​​ នៅ​ឃុំ​ប៉ូងណាំរ៉ន ស្រុក​ថាប់សៃ (Thap Sai) ខេត្ត​ចាន់បុរី (Chanthaburi) ជាប់​ព្រំប្រទល់​ស្រុក​សាលាក្រៅ​ខេត្ត​ប៉ៃលិន កម្ពុជា​ និយម​ប្រើប្រាស់​ភាសាខ្មែរ​ដើម្បី​ទំនាក់​ទំនង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ពួកគេ​មើល​ឃើញ​ថា ក្មេងៗ​ជំនាន់​ក្រោយ នឹង​មិន​សូវ​មាន​អ្នក​ប្រើប្រាស់​ភាសាខ្មែរ​ទៀត​ទេ ដោយ​ពួក​គេ​ភាគ​ច្រើន​​ប្រើប្រាស់​ភាសា​ថៃ ដើម្បី​ទំនាក់ទំនង​គ្នា​ទៅ​វិញ។

ពលរដ្ឋ​ថៃ ដែល​មាន​វ័យ​ចំណាស់​បារម្ភ​ពី​ការ​បាត់បង់​អត្តសញ្ញាណ​ដើម​ក្នុង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ត្បិត​ចំនួន​អ្នក​ចេះ​និយាយ​ភាសា​ខ្មែរ​ក្នុង​សហគមន៍​របស់​ពួកគេ​កាន់​តែ​ថយ​ចុះ។ ពួកគេ​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​រក្សា​ប្រពៃណី និង​ភាសា​ខ្មែរ​ទៅ​មុខ​ទៀត។

បុរស​វ័យ ៧០​ប្លាយ​ម្នាក់​ឈ្មោះ សយ សុវណ្ណ ដែល​ចេះ​និយាយ​ខ្មែរ​មួយៗ មាន​ប្រសាសន៍​ថា លោក​ចេះ​និយាយ​ខ្មែរ​តាម​រយៈ​ដូនតា និង​ឪពុក​ម្ដាយ​បាន​បង្រៀន​ពី​ដើម​មក។ លោក​បន្ត​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន ឬ​មង្គលការ​ម្ដងៗ គេ​ប្រើប្រាស់​ភាសា​ថៃ ទាំង​អស់។ ពលរដ្ឋ​រូប​នេះ​ចេះ​តែ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​លោក​មិន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ទេ។ ចំណែក​កូនៗ​របស់​គាត់​វិញ គឺ​បាន​បង្រៀន​និយាយ​ខ្មែរ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចេះ​ទេ ពោល​គឺ​ចេះ​តែ​ភាសា​ថៃ និង​អក្សរ​ថៃ ប៉ុណ្ណោះ៖ «សព្វថ្ងៃ​ហ្នឹង​មិន​សូវ​ចេះ​ទៅ​ហើយ ចេះ​តែ​ថៃ។ អស់​ពី​តា​ហ្នឹង​ទៅ គ្មាន​ទេ គ្មាន​អ្នក​ចេះ​ខ្មែរ​ទេ»

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត លោក ស៊ុំ ជិតអៀវស៊ូ មាន​ប្រសាសន៍​ថា កូនៗ​របស់​គាត់​អាច​ស្តាប់​ភាសា​ខ្មែរ​បាន ប៉ុន្តែ​និយាយ​មិន​បាន ដោយសារ​ពួក​គេ​និយាយ​តែ​ភាសា​ថៃ។ បុរស​រាង​ស្គម​សម្បុរ​ស្រអែម វ័យ ៦៨​ឆ្នាំ​រូប​នេះ​ បន្ត​ថា ជីដូនជីតា​របស់​លោក​ចេះ​ភាសា​ខ្មែរ​ច្បាស់ ប៉ុន្តែ​ថ្ងៃ​ក្រោយ​ទៅ​កូនៗ​របស់​លោក និង​ក្មេង​ជំនាន់​ក្រោយ​ទៀត គឺ​មិន​ចេះ​និយាយ​ខ្មែរ​ទេ។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រពៃណី​ការ​ធ្វើ​បុណ្យទាន ឬ​មង្គលការ របស់​ពួកគាត់​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ប្រទេស​កម្ពុជា​ដែរ។ លោក​ថា ការ​ចេះ​ភាសា​ខ្មែរ​គឺ​ងាយ​ស្រួល​ម្យ៉ាង​ដើម្បី​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ចេះ​និយាយ​ខ្មែរ​ក៏​មិន​ខុស​ពី​ចេះ​ភាសា​ថៃ​ដែរ៖ «ប្រាប់​ថា ឱ្យ​វា​រៀន​ខ្មែរ​ទៅ ឱ្យ​វា​ចេះ​ខ្មែរ​ខ្លះ ចេះ​សៀម​ខ្លះ ក៏​សប្បាយ​ចិត្ត»

នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ខេត្ត​ចាន់បុរី ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ បច្ចុប្បន្ន​ គឺ​ជា​អតីត​ខេត្ត​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ។ ពលរដ្ឋ​ថៃ រស់​នៅ​ភូមិ​ក្លងតាគង់ ឃុំ​ប៉ូងណាំរ៉ន ស្រុក​ថាប់សៃ ខេត្ត​ចាន់បូរី ប្រទេស​ថៃ ដែល​នៅ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​មាន​រាប់​រយ​គ្រួសារ។ តំបន់​នេះ​គឺ​មាន​ចម្ងាយ​ពី​ព្រំដែន​ច្រក​អន្តរជាតិ​ព្រំ​ ក្នុង​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ ប្រមាណ ២៥​គីឡូម៉ែត្រ។ ពួកគាត់​ភាគ​ច្រើន​ប្រកប​របរ​ធ្វើ​ចម្ការ​ដូច​ជា​ ដំណាំ​ស្វាយ​ តាង៉ែន​ មង្ឃុត ដំឡូងមី និង​ចម្ការ​ធូរេន​ជា​ដើម។ នៅ​តំបន់​នោះ​ជា​ភូមិ​នៅ​ទី​ជនបទ​ដាច់ស្រយាល ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ចាន់បុរី ប្រហែល ៦០​គីឡូម៉ែត្រ ហើយ​មាន​វត្ត សាលារៀន និង​មាន​តូប​លក់​ចាប់ហួយ​តាម​ផ្ទះ​ជាប់​ដង​ផ្លូវ​ស្រដៀង​នឹង​ពលរដ្ឋ​រស់​នៅ​ស្រុក​ខ្មែរ​ដែរ ក៏ប៉ុន្តែ​ខុស​ត្រង់​ថា នៅ​តំបន់​នេះ​មាន​ផ្លូវ​ចាក់​បេតុង​ខ្វាត់ខ្វែង ព្រម​ទាំង​មាន​ប្រព័ន្ធ​ទឹក​ស្អាត ប្រព័ន្ធ​ភ្លើង​បែប​ទំនើប ប្រហាក់​ប្រហែល​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ទី​រួម​ខេត្ត​ធំៗ និង​នៅ​ទីក្រុង​ភ្នំពេញ ដែរ។

ទិដ្ឋភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ថៃ ដើម​កំណើត​ខ្មែរ នៅ​ភូមិ​ក្លងតាគង់ ឃុំ​ប៉ូងណាំរ៉ន ស្រុក​ថាប់សៃ ខេត្ត​ចាន់បុរី ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៧
ទិដ្ឋភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ថៃ ដើម​កំណើត​ខ្មែរ នៅ​ភូមិ​ក្លងតាគង់ ឃុំ​ប៉ូងណាំរ៉ន ស្រុក​ថាប់សៃ ខេត្ត​ចាន់បុរី ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៧

ពលរដ្ឋ​ភូមិ​ក្លងតាគង់ មួយ​រូប​ទៀត លោក ថៃរូត យូស៊ូ រៀបរាប់​ថា លោក​មាន​សាច់ញាតិ​នៅ​ស្រុកខ្មែរ​ច្រើន ប៉ុន្តែ​លោក​មិន​ស្គាល់​អស់​ទេ ដោយសារ​អស់​ពី​ម៉ែ​ឪ​ទៅ​គឺ​ដាច់​គ្នា​ឆ្ងាយ។ បុរស​សម្បុរ​ស្រអែម​វ័យ ៣១​ឆ្នាំ​រូប​នេះ​ លើក​ឡើង​ថា មនុស្ស​នៅ​ក្នុង​ភូមិ​ដែល​មាន​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​អាយុ​ចាប់​ពី ៣០​ឆ្នាំ​ឡើង​ទៅ ដោយ​​ភាគ​ច្រើន​អាច​និយាយ​ភាសា​ខ្មែរ​បាន ហើយ​បងប្អូន​របស់​លោក​ចំនួន ៥​នាក់ គឺ​អាច​និយាយ​ខ្មែរ​បាន​ទាំង​អស់។ បុរស​និយាយ​ខ្មែរ​រដឺន​រូប​នេះ​បន្ថែម​ថា ក្មេងៗ ជំនាន់​ក្រោយ ព្រមទាំង​ប្រពន្ធ​របស់​លោក​ផង មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ៖ «ពី​ដើម​មាន​បុណ្យ មាន​ចាប គេ​ក៏​ធ្វើ​ដូច​គ្នា។ មាន​បុណ្យ​មាន​អី គេ​ក៏​ទៅ​ជួយ​គ្នា​ ដក​ដៃ​ដក​ជើង​ជួយ​គ្នា​ធ្វើ»

ពលរដ្ឋ​ថៃ ដើម​កំណើត​ខ្មែរ​រូប​នេះ​ បញ្ជាក់​ថា នៅ​ក្នុង​ស្រុក​ដែល​​ពួកគាត់​ ក៏​មាន​កន្លែង​ខ្លះ​បង្រៀន​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ថៃ ជាដើម ប៉ុន្តែ​អ្នក​ចេះ​ភាសា​ខ្មែរ ថ្ងៃ​ក្រោយ​ទៅ​នឹង​អាច​បាត់បង់​ទៀត​ផង។

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ខ្មែរ និង​តំបន់​អាស៊ី​អាគ្នេយ៍ ព្រមទាំង​ចារឹក​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា មូលហេតុ​ពលរដ្ឋ​ថៃ ទាំង​នោះ​ចេះ​និយាយ​ភាសា​ខ្មែរ ពីព្រោះ​ក្នុង​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ទឹក​ដី​ខ្មែរ​ពី​សម័យ​ដើម​មក​មិន​មែន​មាន​ទំហំ​តូច​ដូច​បច្ចុប្បន្ន​នេះ​ទេ ពោល​គឺ​ទឹក​ដី​ថៃ ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន គឺ​ជា​ទឹក​ដី​របស់​ខ្មែរ។ លោក​បញ្ជាក់​ថា នេះ​ដោយ​យោង​ទៅ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​អង្គរ និង​សម័យ​ក្រោយ​អង្គរ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​តំបន់​ទាំង​នោះ​មួយ​ចំនួន​នៅ​រក្សា​ប្រពៃណី និង​បន្ត​និយាយ​ភាសា​ខ្មែរ​រហូត​មក។ ជាង​នេះ មាន​ឈ្មោះ​ភូមិសាស្ត្រ ឬ​ទីតាំង​ជា​ច្រើន ទាំង​ទី​តាំង​ភូមិសាស្ត្រ​រដ្ឋបាល និង​ទីតាំង​ធម្មតា គឺ​មាន​ឈ្មោះ​ជា​ខ្មែរ គ្រាន់​តែ​មាន​សំនៀង​ថៃ ប៉ុណ្ណោះ។

លោក​បន្ថែម​ថា នៅ​ក្នុង​សម័យ​អាណា​ព្យាបាល​បារាំង តំបន់​ខ្លះ​ទៀត ដូចជា​នៅ​ខេត្ត​សុរិន្ទ និង​បុរីរ៉ាំ គឺ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មក​ពី​ខេត្ត​សៀមរាប មក​រស់​នៅ​តែម្ដង និង​មាន​ទំនាក់ទំនង​រក​ស៊ី​ជាមួយ​គ្នា​ទៀត​ផង៖ «មាន​សិលាចារឹក​នៅ​ចុង​សតវត្ស​ទី​១៥ ដែល​បាន​និយាយ​ចាត់​ទុក​ជា​ទឹក​ដី​ខ្មែរ​ហ្នឹង មាន​តាំង​ពី​សុខោទ័យ នោះ​មក ខាង​លិច​សុខោទ័យ គេ​ហៅ​​ព្រៃស្វាយ គេ​ដាក់​ឈ្មោះ​ថា ស្រីសុចនាល័យ មិន​មែន​ជា​ភាសា​ថៃ ទេ ជា​ភាសា​បាលី ហើយ​ភាសា​សំស្ក្រឹត គេ​ដាក់​ថា ស្រ៊ីសុចនាល័យ អា​ហ្នឹង​ឈ្មោះ​ជា​ខ្មែរ​ហៅ​ថា ព្រៃស្វាយ នៅ​ខាង​សុខោទ័យ​ឯ​ណោះ ។ អា​ហ្នឹង​ក៏​ជា​ទឹក​ដី​ខ្មែរ»

សាស្ត្រាចារ្យ​រូប​នេះ​កត់សម្គាល់​ទៀត​ថា ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​និយាយ​ភាសា​ខ្មែរ មាន​ច្រើន​ជាង​គេ​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ បច្ចុប្បន្ន ពិសេស​គឺ​នៅ​ខេត្ត​សុរិន្ទ និង​ខេត្ត​បុរីរ៉ាំ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។