ពលរដ្ឋនៅមណ្ឌលគិរីត្អូញត្អែរពីការលំបាកធ្វើអត្តសញ្ញាណប័ណ្ណ
2014.07.16
ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្អូញត្អែរពីការលំបាកធ្វើអត្តសញ្ញាណប័ណ្ណ។ អ្នកភូមិអះអាងថា មន្ត្រីប៉ូលិសស្រុកបានប្រាប់ឲ្យពួកគាត់ធ្វើដំណើរទៅធ្វើអត្តសញ្ញាណប័ណ្ណនេះ នៅស្នងការដ្ឋានឯទីរួមខេត្ត។ បញ្ហានេះបានបង្កការលំបាកដល់ពលរដ្ឋ។
អ្នកភូមិរស់នៅឃុំស្រែខ្ទុំ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់តាំងមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋានពួកគាត់រស់នៅ ដើម្បីកាត់បន្ថយការចំណាយប្រាក់ និងពេលវេលាច្រើនសម្រាប់ពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពីអ្នកភូមិបានទៅសុំធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋានប៉ូលិស ប៉ុន្តែមិនមានមន្ត្រីប៉ូលិសទទួលធ្វើអត្តសញ្ញាណប័ណ្ណនេះជូនពួកគាត់ឡើយ។
ប្រជាពលរដ្ឋឈ្មោះ ទុយ ហ័រ រៀបរាប់ថា កាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាន ឬប៉ុស្តិ៍ប៉ូលិសឃុំ ក៏ប៉ុន្តែបច្ចុប្បន្នការធ្វើអត្តសញ្ញាណប័ណ្ណជួបការលំបាក ដោយសារអ្នកភូមិត្រូវចំណាយពេលធ្វើដំណើររាប់រយគីឡូម៉ែត្រពីភូមិស្រុក ដើម្បីមកទីរួមខេត្តធ្វើប័ណ្ណពលរដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិខ្លះមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ខ្លះទៀតទើបគ្រប់អាយុ។ ហេតុនេះ អ្នកភូមិត្រូវការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ៖ «ម្សិលមិញខ្ញុំទៅគ្នាពីរនាក់ អ៊ីចឹងទៅគេថាឲ្យឡើងទៅធ្វើនៅខេត្ត។ ប្រជាពលរដ្ឋមានមធ្យោបាយស្អីទៅធ្វើ ដល់ពេលទៅឆ្ងាយ ផ្លូវឆ្ងាយវាអស់លុយច្រើន»។
ក្រោយការបោះឆ្នោតអាណត្តិទី៥ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានតម្រូវឲ្យប៉ូលិសជំនាញគ្រប់ខេត្តក្រុង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋចាប់ពីអាយុ ១៥ឆ្នាំឡើង រួមទាំងប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ក៏ប៉ុន្តែចាប់ពីខែមិថុនា ឆ្នាំ២០១៤ គម្រោងនេះបានផ្អាកដោយសារក្រសួងមហាផ្ទៃ មានគោលការណ៍ធ្វើអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ហើយតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ ១ម៉ឺនរៀល។
មេឃុំស្រែខ្ទុំ លោក ប៊ុន សំអែល កត់សម្គាល់ថា នៅក្នុងឃុំស្រែខ្ទុំ ប្រជាពលរដ្ឋភាគច្រើនទទួលបានអត្តសញ្ញាណប័ណ្ណពលរដ្ឋរួចហើយ តាមរយៈយុទ្ធនាការចុះធ្វើអត្តសញ្ញាប័ណ្ណកាលពីឆ្នាំកន្លងទៅ។ លោកបន្តថា បច្ចុប្បន្ន ដោយសារគោលការណ៍ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋពីអាយុ ១៥ឆ្នាំឡើងអាចធ្វើបាន រួមជាមួយប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព។ ហេតុនេះ កំណើនអ្នកធ្វើអត្តសញ្ញាណប័ណ្ណកើនឡើង៖ «តាមការណែនាំរបស់អភិបាលស្រុកគេរៀបចំធ្វើទីតាំងនៅអធិការដ្ឋានស្រុកតែម្តង អត់ទាន់កំណត់ទេរឿងអត្តសញ្ញាណប័ណ្ណគេធ្វើឆ្នាំនេះ ទើបកន្លងផុតទៅហ្នឹង»។
ទាក់ទិនការលើកឡើងរបស់ពលរដ្ឋនេះ អធិការប៉ូលិសស្រុកកែវសីមា លោក ស៊ុន ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ ការចុះធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋនៅតែបន្តធ្វើនៅអធិការដ្ឋានប៉ូលិស ក៏ប៉ុន្តែការអាក់ខានកន្លងទៅនេះ ដោយសារមន្ត្រីជំនាញខ្លះបានប្ដូរភារកិច្ចទៅកន្លែងផ្សេង។ ហេតុនេះ មិនមានមន្ត្រីជំនាញបំពេញការងារនេះបាន។ លោកបន្តថា ការកំណត់ធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញនេះ ស្នងការប៉ូលិសកំពុងដាក់កាលវិភាគវិលជុំតាមបណ្ដាស្រុក ដើម្បីធ្វើជូនប្រជាពលរដ្ឋ ប៉ុន្តែត្រូវរង់ចាំការសម្រេចពីការកំណត់បង់ប្រាក់សិន៖ «ដំបូងមកយើងចាប់ផ្ដើមធ្វើម្តងហើយ ដល់ក្រោយមកហ្នឹងចាប់ផ្តើមផ្អាកមួយរយៈ ដោយសារកត្តាអត្តសញ្ញាណប័ណ្ណហួសសុពលភាព ហើយត្រូវការបង់អាករយ៉ាងម៉េចៗជូនរដ្ឋហ្នឹង»។
ចំណែកស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី ទទួលស្គាល់ថា តម្រូវការធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋពិតជាមានច្រើន ក៏ប៉ុន្តែលោកកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមិនបានយកចិត្តទុកដាក់មកធ្វើអត្តសញ្ញាណប័ណ្ណ ពេលសមត្ថកិច្ចចុះធ្វើយុទ្ធនាការនៅមូលដ្ឋាននោះឡើយ។ លោកអំពាវនាវសុំឲ្យពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណទាន់ពេលវេលា ដើម្បីទទួលអត្តសញ្ញាណប័ណ្ណពលរដ្ឋគ្រប់ៗគ្នា។ យ៉ាងណា លោកថា អត្តសញ្ញាណប័ណ្ណហួសសុពលភាពអាចបន្តប្រើប្រាស់បានរហូតដល់ឆ្នាំ២០១៨។
តួលេខរបស់ស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី បានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៣ពាន់នាក់ មិនទាន់មានអត្តសញ្ញាណប័ណ្ណពលរដ្ឋប្រើប្រាស់៕