ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ទាមទារ​ប្រើប្រាស់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ខេត្ត

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​សៀមបូក រាប់​រយ​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​ទាមទារ​សិទ្ធិ​ប្រើប្រាស់​សេវា​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ប្រចាំ​ខេត្ត​ស្ទឹងត្រែង ពីព្រោះ​សេវា​ចែក​ចាយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន ផ្គត់ផ្គង់​ថាមពល​មិន​គ្រប់គ្រាន់ ហើយ​ក្រុមហ៊ុន​ទាមទារ​សិទ្ធិ​ផ្គត់ផ្គង់​ផ្តាច់​មុខ។
ដោយ រដ្ឋា វិសាល
2013.10.22
តវ៉ា​អគ្គិសនី ស្ទឹងត្រែង ៦១០ ពលរដ្ឋ​ភូមិ​កោះសំពាយ ឃុំ​កោះសំពាយ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង នាំ​គ្នា​ជិះ​រទេះ​គោយន្ត និង​ម៉ូតូ​មក​តវ៉ា​ពី​បញ្ហា​អគ្គិសនី​នៅ​សាលា​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Ratha Visal

ប្រជាពលរដ្ឋ​ភូមិ​កោះសំពាយ ឃុំ​កោះសំពាយ ស្រុក​សៀមបូក ជិត ២០០​នាក់ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ មក​ប្រមូល​ផ្តុំ​គ្នា​មុខ​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឆ្លើយ​តប​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នេះ។

អ្នក​តវ៉ា​បាន​ចោទ​ប្រកាន់​មេ​ឃុំ​សៀមបូក ថា​បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ស្ទឹងត្រែង បម្រើ​សេវាកម្ម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ចែក​ចាយ​ផ្តាច់​មុខ​នៅ​មូលដ្ឋាន​នោះ។

តំណាង​អ្នក​តវ៉ា អ្នកស្រី ជឿ វាចា មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ មាន​ការ​លំបាក​ច្រើន​ណាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយសារ​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់។ ចំណែក​ថាមពល​អគ្គិសនី ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នេះ គឺ​ជា​ថាមពល​អគ្គិសនី​ផលិត​ដោយ​ម៉ាស៊ីន​ភ្លើង​ប្រើ​ប្រេង​ឥន្ធនៈ​របស់​ក្រុមហ៊ុន​ឯកជន ពុំ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ថាមពល​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់​ឡើយ។

អ្នកស្រី​បន្ថែម​ថា ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​បាន​ភ្ជាប់​បណ្ដាញ​ចែក​ចាយ​អគ្គិសនី​មក​ដល់​ភូមិ​ពួក​គាត់​ហើយ ហេតុ​នេះ​ទើប​ពួក​គាត់​សុំ​ប្រើប្រាស់​បណ្ដាញ​ថាមពល​អគ្គិសនី​របស់​ខេត្ត​ដែល​មាន​លទ្ធភាព​ផ្តល់​ថាមពល​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់៖ «នាង​ខ្ញុំ​អស់​ផ្លូវ​ជម្រើស​ហើយ ឯកសារ​មក​សាលា​ខេត្ត ក៏​រៀប​ចំ​ហើយ។ នៅ​ភូមិ​ខាង​នាង​ខ្ញុំ គេ​មិន​ដែល​គិត​ពី​ប្រជាពលរដ្ឋ​ទេ គេ​គិត​តែ​ថា​ឯកជន ហើយ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ថា​ឲ្យ​ស៊ីញេ​ឯកសារ​ឲ្យ​ផង ខ្ញុំ​ទៅ​សុំ​ភ្លើង​ខេត្ត ហើយ​គាត់​ថា ស៊ីញេ​ស្អី​ខ្ញុំ​ស៊ីញេ​ឲ្យ​ឯកជន​រួច​ហើយ»

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៉ូប៉ា សិទ្ធិ បាន​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​អាជ្ញាធរ​អគ្គិសនី ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្វី​ដែល​អាច​សម្រេច​បាន​នោះ គឺ​ស្ថិត​នៅ​លើ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ទេ ព្រោះ​ការងារ​នេះ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​អគ្គិសនី៖ «សុំ​ឲ្យ​គាត់​ទៅ​ជួប​អគ្គិសនី​ស្ទឹងត្រែង សិន ដើម្បី​ឲ្យ​ដឹង​ថា អគ្គិសនី​ឆ្លើយ​ថា​ម៉េច ហេតុ​អ្វី​បាន​ជា​អ៊ីចឹង បាន​ជា​មិន​ព្រម​ដោះ​តាម​ខ្សែ​បណ្តោយ»

នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០០៩ មក ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មក​លក់​ចែក​ចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុង​តម្លៃ ៩៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​រហូត​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ពង្រីក​បណ្ដាញ​ចែក​ចាយ​ទៅ​ដល់​បណ្ដា​ស្រុក​មួយ​ចំនួន មាន​ស្រុក​សៀមបូក ជាដើម។

វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា នេះ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​ឯកជន លោក សៀង សាវុធ បាន​នៅ​ឡើយ។

ចំណែក​មេ​ឃុំ​កោះសំពាយ លោក សួយ ខាំវៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺ​មាន​អាជ្ញា​ប័ណ្ណ​អនុញ្ញាត និង​មាន​អាណត្តិ​៥​ឆ្នាំ។ ហេតុ​នេះ ទើប​អាជ្ញាធរ​ឃុំ​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​នេះ៖ «ថា​ឲ្យ​ខ្ញុំ​ថា​ឃុំ​ហ៊ាន​បិទ​មិន​ឲ្យ​ប្រជាជន​មាន​ភ្លើង ថា​ឲ្យ​ប្រើ​ភ្លើង​ឯកជន អត់​ទេ ធ្វើ​ស្អី​ធ្វើ​ទៅ គ្មាន​សិទ្ធិ​អំណាច​ណា​ទៅ​សម្រេច»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា មិន​មាន​ច្បាប់ ឬ​គោលការណ៍​កំណត់​ក្រុមហ៊ុន​ឯកជន​ផ្គត់ផ្គង់​ថាមពល​ផ្តាច់​មុខ​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ៖ «យើង​មាន​លុយ យើង​ចង់​ទិញ​អ្នក​នេះ​ចង់​ទិញ​អ្នក​នោះ ស្រេច​ចិត្ត​យើង។ គោលការណ៍​របស់​រដ្ឋ​ត្រូវ​ជួយ​ពួក​គាត់ ក្នុង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​គាត់​ចង់​ឲ្យ​តែ​មាន​ផ្លូវ​មាន​ទឹក មាន​ភ្លើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ និង​ប្រើប្រាស់​សេដ្ឋកិច្ច​ជាតិ​រីក​ចម្រើន»

រហូត​មក​ទល់​នឹង​រសៀល​ម៉ោង ៤ និង ៣០​នាទី ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​បាន​យល់​ព្រម​វិល​ទៅ​លំនៅឋាន​វិញ បន្ទាប់​ពី​មន្ត្រី​សាលា​ខេត្ត​ចេញ​មក​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​មក​ដាក់​ពាក្យ​តវ៉ា នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។