អាណាព្យាបាលក្មេងៗដែលស្នាក់នៅរៀនសូត្រក្នុងទីរួមខេត្តសៀមរាប ដោយមានការជួយជ្រោមជ្រែងពីអង្គការ ស៊ី.យូ.អែស (CUS) កំពុងតវ៉ាថា ការចាប់ប្រធានអង្គការ ដោយចោទពីបទជួញដូរផ្លូវភេទកុមារនោះ ជាការមិនត្រឹមត្រូវទេ។ ពួកគេកំពុងនាំគ្នាធ្វើញត្តិផ្ដិតមេដៃ តវ៉ាឲ្យមានការដោះលែង។
ការទាមទារនេះ បន្ទាប់ពីប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានចាប់ខ្លួនប្រធានអង្គការជួយក្មេងក្រីក្រ និងកុមារកំព្រា សម្រាប់តំបន់ដាច់ស្រយាលមួយ កាលពីថ្ងៃទី៧ កក្កដា។
ក្រុមអ្នកភូមិរំដេង ភូមិដំរីឆ្លង និងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាច្រើនគ្រួសារ កំពុងទាមទារឱ្យប៉ូលិស និងតុលាការខេត្តសៀមរាប ដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទៅលើបុរស ដែលជាប្រធានអង្គការជួយក្មេងក្រីក្រ និងកុមារកំព្រាម្នាក់។
អ្នកភូមិជាឪពុកម្ដាយកុមារក្រីក្រនៅតំបន់ជនបទចម្ងាយជាង ៣០គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តទាំងនោះ អះអាងថា ប៉ូលិសដែលចោទប្រកាន់ប្រធានអង្គការជួយក្មេងក្រីក្រ និងកុមារកំព្រា សម្រាប់តំបន់ដាច់ស្រយាល ដែលហៅថា ស៊ី.យូ.អែស នោះ គឺជាការមិនពិត។
ស្ត្រីម្នាក់ជាម្ដាយកុមារក្រីក្រ ក្នុងចំណោមឪពុកម្ដាយជាច្រើនទៀត ដែលនាំកូនយកទៅផ្ញើឱ្យស្នាក់នៅជាមួយប្រធានអង្គការ ដើម្បីបានរៀនសូត្រ គឺអ្នកស្រី រឹម កាយ។ អ្នកស្រីអះអាងថា គាត់បានយកកូនស្រីម្នាក់អាយុ ១៩ឆ្នាំ ទៅសុំឱ្យស្នាក់នៅក្នុងទីរួមខេត្តសៀមរាប ដើម្បីរៀនសូត្រ ពីព្រោះតែភូមិរបស់គាត់មិនមានសាលាថ្នាក់វិទ្យាល័យទេ។ ស្ត្រីដដែលបញ្ជាក់ថា កូនរបស់គាត់ត្រូវបុរសឈ្មោះ ឡុង វេហា ជាប្រធានអង្គការជួយក្មេងក្រីក្រ និងកុមារកំព្រា សម្រាប់តំបន់ដាច់ស្រយាលនោះ ជួលបន្ទប់ឱ្យស្នាក់នៅរៀនសូត្រជាមួយក្មេងប្រុសស្រីចំនួន ៨នាក់ផ្សេងទៀត ហើយជារៀងរាល់សប្ដាហ៍ ក្មេងៗទាំងអស់តែងទៅផ្ទះយកអង្ករ និងសុំប្រាក់ឪពុកម្ដាយមករៀនសូត្រ ក៏ប៉ុន្តែនៅពេលឮថា ប្រធានអង្គការនោះមានការជួញដូរកូនរបស់គាត់ គឺគាត់មិនជឿឡើយ៖ «ខ្ញុំអត់ជឿ ព្រោះខ្ញុំសួរកូនខ្ញុំផ្ទាល់ ថាមិនពិតទេម៉ែ កុំជឿ។ បើ វេហា ខ្ញុំចូលទៅសុំផ្ទាល់ហើយព្រឹកឡើងទៅរៀន ល្ងាចដាំបាយ បើព្រឹកឡើងមីងវាដាំបាយឱ្យហូប។ មកចោទប្រកាន់អ៊ីចេះ មិនដឹងយុត្តិធម៌យ៉ាងម៉េច។ ខ្ញុំចង់ឱ្យដោះស្រាយរកយុត្តិធម៌ឱ្យដឹងមកវិញ»។
មានក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងនាំគ្នាផ្ដិតមេដៃ ដើម្បីធ្វើជាសាក្សីជួយដល់បុរសជាប្រធានអង្គការនោះ។
ប្រតិកម្មរបស់អ្នកភូមិទីជនបទជាអាណាព្យាបាលក្មេងៗ ធ្វើឡើងបន្ទាប់ពីប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចាប់ខ្លួនបុរសឈ្មោះ ឡុង វេហា អាយុ ៣២ឆ្នាំ ជាប្រធានអង្គការជួយក្មេងក្រីក្រ និងកុមារកំព្រា សម្រាប់តំបន់ដាច់ស្រយាល ដែលមានមជ្ឈមណ្ឌលបង្រៀនភាសាអង់គ្លេស ១កន្លែង ក្នុងភូមិសំបាត ឃុំខ្នារពោធិ៍។
ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប អ្នកស្រី ដួង ថាវរី មានប្រសាសន៍ថា ការចាប់ខ្លួនបុរសឈ្មោះ ឡុង វេហា កាលពីថ្ងៃទី៧ ខែកក្កដា គឺបន្ទាប់ពីប៉ូលិសសង្ស័យថា មានអំពើទិញពេស្យាចារកុមារ៖ «មានសាក្សីឆ្លុះបញ្ចាំងថា ប្រធានអង្គការហ្នឹងពិតជាបានធ្វើអ៊ីចឹងមែន។ ក្នុងចំណោមក្មេងដែលនៅផ្ទះរបស់គាត់នៅក្រុងសៀមរាប នេះ គឺយើងបានសាកសួរ ៩នាក់ ហើយ ៤នាក់ដែលត្រូវប្រធាននាំឱ្យទៅដេកជាមួយភ្ញៀវបរទេស ដែលជាម្ចាស់ជំនួយដែលធ្លាប់ជួយជំនួយមកគាត់ហ្នឹង ប៉ុន្តែក្នុងចំណោមនោះ ក្មេង (ប្រុស) ៣នាក់ទេ ដែលថាធ្លាប់បានរងបំពានរំលោភបំពានផ្លូវភេទ»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលកំពុងស៊ើបអង្កេតករណីនេះរកឃើញថា មណ្ឌលមួយនៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ដែលជារបស់អង្គការជួយក្មេងក្រីក្រ និងកុមារកំព្រា សម្រាប់តំបន់ដាច់ស្រយាលនោះ កំពុងបង្រៀនភាសាអង់គ្លេសដល់កុមារក្រីក្រចំនួនជាង ៧០នាក់រៀងរាល់ថ្ងៃ ចំណែកឯក្មេងធំៗដែលត្រូវរៀនថ្នាក់វិទ្យាល័យចំនួន ៩នាក់ទៀត ត្រូវឪពុកម្ដាយស្នើសុំឱ្យជួយផ្ដល់កន្លែងស្នាក់នៅរៀនសូត្រក្នុងទីរួមខេត្តសៀមរាប ហើយក្មេងទាំង ៩នាក់ គឺសុទ្ធតែជាប់សាច់ញាតិជាមួយប្រធានអង្គការនោះ។
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប កំពុងសម្ដែងការសង្ស័យទៅលើការចោទប្រកាន់ពីបទទិញពេស្យាចារកុមារទាំងនោះថា អាចជាការមួលបង្កាច់ពីជនណាមួយក្នុងរឿងទំនាស់ផលប្រយោជន៍។ ដោយសារការសង្ស័យនេះ អង្គការសិទ្ធិមនុស្សលីកាដូ កំពុងស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកភស្តុតាងឱ្យច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
