សាលាក្រុងនឹងបិទផ្លូវមួយចំនួនក្បែរព្រះបរមរាជវាំងបណ្ដោះអាសន្ន
2015.05.30
ចាប់ពីព្រឹកថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា សាលារាជធានីភ្នំពេញ នឹងបិទបណ្ដោះអាសន្ននូវកំណាត់ផ្លូវមួយចំនួនក្បែរព្រះបរមរាជវាំង ដើម្បីសម្រួលដល់ព្រះរាជពិធីដង្ហែព្រះរាជបរមងារកិត្តិយស ព្រះស្រីលោកធម្មិករាជ ថ្វាយព្រះមហាក្សត្រ។
ដោយឡែកថ្ងៃទី៣ ចាប់ពីម៉ោង ៦ល្ងាច បិទចរាចរណ៍គ្រប់ជលយាន និងកាណូតទេសចរណ៍គ្រប់ប្រភេទ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ដើម្បីអុជកាំជ្រួចនៅមុខព្រះរាជវាំង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ រំពឹងថាប្រជាពលរដ្ឋនឹងយោគយល់អធ្យាស្រ័យ ព្រោះថា ព្រះរាជពិធីមានព្រះសង្ឃរាប់បាត្រជាងមួយម៉ឺនអង្គ និងវត្តមានឥស្សរជនជាន់ខ្ពស់ស្ថាប័ននានាចូលរួម។
លោកបញ្ជាក់ថា មូលហេតុដែលត្រូវបិទផ្លូវមុនពិធីមួយថ្ងៃតែផ្លូវមុខវាំង និងកំណាត់ផ្លូវសុធារស គឺដើម្បីរៀបចំធ្វើរោង និងថ្ងៃទី៣ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១១ព្រឹក គឺត្រូវបិទបន្ថែមបណ្ដាកំណាត់ផ្លូវព្រះស៊ីសុវត្ថិ ផ្លូវលេខ១៧៨ ផ្លូវលេខ១៩ សុរាម្រិត និងផ្លូវព្រះនរោត្តម៖ «សាលារាជធានីភ្នំពេញទទួលផែនការពីគណៈកម្មការបុណ្យជាតិ ចឹងទេការរៀបចំកម្មវិធីទាំងអស់នេះ ទាមទារមានការយោគយល់អធ្យាស្រ័យ»។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែឧសភា ឲ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ចាប់ពីម៉ោង ៧ព្រឹក ក្បួននឹងចាប់ផ្ដើមដង្ហែពីផ្លូវព្រះសុធារស និងពីនាគបាញ់ទឹក ឆ្ពោះទៅកាន់ព្រះបរមរាជវាំង។ ព្រះបរមងារកិត្តិយសភ្ជាប់ជាមួយនឹងប័ណ្ណបញ្ជាក់នេះ ជាការថ្វាយជូនពីអង្គការអន្តរជាតិ ធ្វើការទាក់ទងព្រះពុទ្ធសាសនា មកពីប្រទេសនេប៉ាល់ ជប៉ុន និងប្រទេសម៉ុងហ្គោលី៕