អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រៀបចំ​ត្រៀម​ស្វាគមន៍​ទេសចរ​មក​ទស្សនា​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល

ដោយ ហេង សកល
2017.12.29
យន្ត មីន ៨៥៥ ២០១៧ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (រូប​កណ្ដាល) ចូល​រួម​សម្ពោធ​ទីស្នាក់ការ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧។
RFA

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ បាន​រៀបចំ​កម្មវិធី​កម្សាន្ត មាន​ប្រគំ​តន្ត្រី​សម័យ និង​តាំង​ពិព័រណ៍​ទំនិញ​រាប់​រយ​ស្តង់ ដើម្បី​ត្រៀម​ស្វាគមន៍​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​មួយ​នេះ ក្នុង​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ ២០១៧-២០១៨ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ។

​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​វិស័យ​ឯកជន បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ដើម្បី​ទទួល​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧-​២០១៨​នេះ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់ ៣១ ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​សន្តិសុខ ត្រូវ​បាន​រឹត​បន្តឹង​ទាំង​យប់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ។

លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ មាន​ប្រគំ​តន្ត្រីសម័យ ដោយមាន​តារា​សម្ដែង និង​អ្នក​ចម្រៀង​ល្បី​មក​ចូលរួម​សម្ដែង​មិន​តិច​ជាង ៥​ក្រុមហ៊ុន​ទេ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ។ ពិធី​នេះ ក៏​មាន​ដាក់​តាំង​ស្តង់​លក់ទំនិញ​គ្រប់​ប្រភេទ​រាប់​រយ​ស្តង់​នៅ​ឆ្នេរ​ឯករាជ្យ និង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍ ដើម្បី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៧-​២០១៨ ផង​ដែរ។

​លោក យន្ត មីន៖ «សំខាន់​បំផុត​គឺ​បងប្អូន​អ្នក​ធ្វើ​អាជីវកម្ម​បម្រើ​សេវាកម្ម​ទេសចរណ៍​មាន​ដូចជា ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​សណ្ឋាគារ​ផ្ទះសំណាក់ និង​បើក​ធ្វើ​អាជីវកម្ម​ផ្សេងៗ ដែល​ពាក់ព័ន្ធ​សេវាកម្ម​ទទួល​ភ្ញៀវ​ទេសចរ​​ហ្នុង ត្រូវ​តុបតែង​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ទទួល​បងប្អូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នៅ​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧-២០១៨ ត្រូវ​ទទួល​ពួកគាត់​ឲ្យ​បាន​ល្អ។ ក្នុង​នោះ យើង​ត្រូវ​យក​គុណភាព​សេវា​បម្រើ​គឺ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​បន្ត​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ខាង​មុខ​ទៀត។ ចំពោះ​តម្លៃ​សេវា​បម្រើ​ផ្សេងៗ​ស្នើ​ឲ្យ​បងប្អូន​អាជីវករ កុំ​ដំឡើង​តម្លៃ​ខ្ពស់​ហួសហេតុ​ពេក នាំ​ឲ្យ​ខូច​ខេត្ត​របស់​យើង ព្រោះ​អាច​នាំ​ឲ្យ​ថ្ងៃ​ក្រោយ​គេ​រាងចាល និង​ឈប់​មក​ទស្សនា​ខេត្ត​យើង​ត​ទៅ​ទៀត ប៉ុន្តែ​បើ​ឡើង​តិចតួច​គឺ​ខាន​ពុំ​បាន​ក៏​ឡើង​ចុះ ព្រោះ​វា​ជា​ការ​ចាំបាច់​ផង​ដែរ»

​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង ដែល​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​ដែរ មាន​ប្រសាសន៍​ថា សភា​ពាណិជ្ជកម្ម​របស់​លោក​បាន​ចំណាយ​ថវិកា​ជាង ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ពិធី​កម្សាន្ត​ផ្សេងៗ ជូន​ភ្ញៀវទេសចរ ដែល​ចូល​មក​ទស្សនា និង​ឆ្លង​ឆ្នាំ​សកល។

​លោក​ថា គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន។

​ទោះជា​បែប​នេះ​ក្តី ភ្ញៀវ​ទេសចរ​ជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​តម្លៃ​សេវា​ម្ហូប​អាហារ និង​សេវា​ស្នាក់​នៅ​ក្នុង​​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​ថា អាច​មាន​តម្លៃ​ខ្ពស់​កប់​ពពក ជាពិសេស​មិន​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​សម្រាប់​ឲ្យ​ពួកគេ​ជួល​ស្នាក់នៅ​នោះ​ទេ ព្រោះ​ត្រូវ​ជនជាតិ​ចិន វិនិយោគ​ធ្វើ​ជា​កាស៊ីណូ​ស្ទើរ​ទាំង​ស្រុង​​ទៅ​ហើយ។

ភ្ញៀវទេសចរ​ភាគច្រើន​រអ៊ូរទាំ​ថា ពួកគេ​មានការ​ខ្លាចរអា​ចំពោះ​ការដំឡើង​តម្លៃ​សេវា​ស្នាក់នៅ ថ្លៃ​ជួល​ទីកន្លែង​អង្គុយ និង​តម្លៃ​ម្ហូប​អាហារ ដែល​ក្រុម​អាជីវករ​កំណត់​តម្លៃ​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​មួយ​ជា​ពីរ ឬ​ជា​ប្រាំ នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ ឬ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មកដល់​ម្ដងៗ។

​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​រិះគន់​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ផ្សេងៗ នា​ពិធី​បុណ្យជាតិ​ធំៗ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជា​រៀង​រាល់​ឆ្នាំ នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ដែរ។ អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន​ព្រួយ​បារម្ភ​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ខ្ពស់​ហួសហេតុ​ពេក ថា​ខ្លាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ហើយ​គាត់​ខ្លាច​រអា​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​ខាង​មុខ ជាពិសេស​រាល់​ថ្ងៃ​នេះ ខេត្ត​ព្រះសីហនុ មិន​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ឲ្យ​បាន​គ្រប់​ចំនួន សម្រាប់​ផ្ដល់​ជូន​ភ្ញៀវទេសចរ​ជួល​ស្នាក់​នៅ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។