ផ្ទុះ​គ្រាប់​នៅ​ការដ្ឋាន​ជីក​ថ្ម​ស្រុក​បាភ្នំ​​ស្លាប់​មនុស្ស​ម្នាក់

ដោយ មុំ សុផុន
2015.01.04
ផ្ទុះ​គ្រាប់ ការដ្ឋាន​ថ្ម ព្រៃវែង ៦២០ សាកសព​ជន​រង​គ្រោះ​ក្នុង​ករណី​ផ្ទុះ​គ្រាប់​នៅ​​ការដ្ឋាន​ជីក​ថ្ម​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥។
Provided Photo

មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ករណី​ផ្ទុះ​គ្រាប់​​មួយ នៅ​ឯ​ការដ្ឋាន​ជីក​ថ្ម​មួយ​កន្លែង នៅ​ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥។ អធិការប៉ូលិសស្រុកបាភ្នំ ឲ្យដឹងថា តាមការសន្និដ្ឋានដំបូង គ្រាប់ដែលផ្ទុះ​នោះ​ទំនង​ជា​គ្រាប់ចាស់សល់ពីសង្គ្រាម។

អធិការ​ប៉ូលិស​​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក អន សុគន្ធ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ ចយ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ជា​កម្មករ​នៅ​ការដ្ឋាន​អាជីវកម្ម​មួយ​កន្លែង​នៅ​ភ្នំ​បាភ្នំ របស់​ក្រុមហ៊ុន ឡុង ណាំ។

​លោក លោក អន សុគន្ធ អធិការ​នគរបាល​ស្រុក​បាភ្នំ មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​នេះ​មិន​មែន​ជា​ការ​ផ្ទះ​រំសេវ​របស់​ក្រុមហ៊ុន​ជីក​យក​ថ្ម​នេះ​ទេ គឺ​ទំនង​ផ្ទះ​ដោយសារ​តែ​គ្រាប់​ចាស់​ដែល​បន្សល់​ទុក​ជា​យូរ​មក​ហើយ។ ជន​រងគ្រោះ​បាន​ឈរ​មើល​ពី​ចំណោត​ខាង​លើ​ភ្នំ​ពេល​គេ​កាយ​ថ្ម នៅ​ការដ្ឋាន​កាយ​យក​ថ្ម​នោះ រួច​ក៏​មាន​គ្រាប់​ផ្ទះ​ឡើង​បណ្ដាល​ឲ្យ​ខ្ទាត​ថ្ម​ចំ​ជន​រងគ្រោះ​បណ្ដាល​ឲ្យ​ចំពោះ​ធ្លាយ​ពោះវៀន។

លោក​អធិការ​នគរបាល​ស្រុក​បាភ្នំ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ជូន​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​នៅ​តំបន់​អ្នកលឿង ក្នុង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង ប៉ុន្តែ​នៅ​ពេល​ដែល​បញ្ជូន​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ជន​រងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ។

លោក អន សុគន្ធ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រុម​គ្រួសារ​កំពុង​តែ​ទាក់ទង​មក​ក្រុមហ៊ុន​ដើម្បី​នាំ​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។