កសិករ​មួយ​ចំនួន​នៅ​ក្រុង​ព្រៃវែង​ឈប់​បង្កបង្កើន​ផល​ស្រូវ​មក​ដាំ​ម្អម

ដោយ មុំ សុផុន
2015.01.27
ព្រៃវែង ដាំ​ម្អម ៦២០ កសិករ​ដាំ​ម្អម​នៅ​ក្នុង​ភូមិ​ជើងទឹកខ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង កាត់​ម្អម​លក់​ឲ្យ​ភ្ញៀវ កាល​ពី​ថ្ងៃ​ទី​៩ មករា ឆ្នាំ​២០១៥។
RFA/Mom Sophon

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង បាន​កែប្រែ​ដី​ធ្វើ​ស្រែប្រាំង​មក​ដាំ​ម្អម​យក​ផល​ជំនួស​វិញ។ កសិករ​ថា ការ​កែប្រែ​ដំណាំ​ដាំដុះ​នេះ​គឺ​ធ្វើ​ឲ្យ​គាត់​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន ៤ ឬ​ ៥​ដង បើ​ធៀប​ធ្វើ​ស្រែ​យក​ផល​ស្រូវ​ក្នុង​មួយ​ឆ្នាំៗ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ណែនាំ​ថា កសិករ​គួរតែ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ពី​គ្នា​ដើម្បី​កុំ​ឲ្យ​​តម្លៃ​វា​ធ្លាក់​ចុះ​ថោក។

ទេសភាព​បៃតង​ខ្ចី ប្រហើរ​ក្លិន​ម្អម​នៅ​តាម​វាល​ស្រែ​ក្បែរៗ​ផ្ទះ​អ្នក​ភូមិ​ជើងទឹកខ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង។ នោះ​ជា​វាលស្រែ​ដាំ​ម្អម ដែល​ជា​មុខ​របរ​ដាំដុះ​ថ្មី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ ដែល​អាច​រក​ចំណូល​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ។ ពលរដ្ឋ​ជិត ១០​នាក់​នៅ​ក្នុង​ស្រែ​ដែល​មាន​ម្អម​លូត​លាស់​អាច​កាត់​បាន​នោះ គឺ​ពួក​គាត់​កំពុង​ញាប់​ដៃ​កាត់​ម្អម ដើម្បី​លក់​ឲ្យ​ភ្ញៀវ​ដែល​គេ​ទិញ​ជា​ប្រចាំ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ភូមិ​ជើងទឹកខ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ឈប់​ធ្វើ​ស្រូវ​ប្រាំង​ហើយ ដោយ​ពួក​គាត់​បាន​បង្វែរ​ដី​ដែល​ធ្លាប់​បង្កបង្កើន​ស្រូវប្រាំង​នោះ បែរ​មក​ដាំ​ម្អម​ជំនួស​ស្រូវ​វិញ​ម្ដង។

អ្នកស្រី ហ៊ុន គា ថ្លែង​ថា គាត់​ឈប់​ធ្វើ​បង្កបង្កើន​ផល​ស្រូវ ២​ឆ្នាំ​មក​ហើយ ដោយ​គាត់​ដាំ​ម្អម​វិញ ហើយ​ផល​ដែល​ទទួល​បាន​នោះ គឺ​ច្រើន​ជាង​ផល​ស្រូវ និង​ចំណេញ​ជាង​បង្កបង្កើន​ផល​ស្រូវ រាប់​ទាំង​ពី​ចំណាយ​លើ​គ្រាប់​ពូជ និង​ថ្លៃ​ភ្ជួរ​រាស់ ព្រម​ថ្លៃ​ជី​សម្រាប់​ថែទាំ​ជា​ដើម។ របរ​ថ្មី​នេះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​គាត់​មាន​ចំណូល​ប្រចាំ​ថ្ងៃ ហើយ​ជីវភាព​ធូរធារ​ជាង​មុន៖ «មុន​ដំបូង​ខ្ញុំ​គ្រាន់​តែ​ដាំ​បន្តិច​បន្តួច​ដើម្បី​លក់​នៅ​ផ្សារ​ព្រៃវែង នេះ​ទេ ដល់​ពេល​មាន​គេ​ទិញ​កាន់​តែ​ច្រើន ខ្ញុំ​ចេះ​តែ​កាត់​ដាំ​បន្ត​ទៀត​ទៅ ដល់​ឆ្នាំ​នេះ​ទៅ​លក់​នៅ​ក្រុង​ភ្នំពេញ ដោយ​ខ្លួន​ឯង ហើយ​មាន​ម៉ូយ​ចាំ​ទទួល»

កសិករ​ដែល​ដាំ​ម្អម​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​រដូវ​ទឹក​ស្រក ៧ ឬ ៨​ខែ គាត់​រក​ប្រាក់​ចំណូល​ពី​ការ​ដាំ​ម្អម កើន​ឡើង ៤ ឬ ៥​ដង បើ​ធៀប​នឹង​ផល​ស្រូវ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា។

លោក ហ៊ុន ហន រស់​នៅ​ក្នុង​ភូមិ​ជើងទឹកខ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ថ្លែង​ថា ការ​កែប្រែ​ដី​ពី​បង្កបង្កើន​ផល​ស្រូវ មក​ដាំដុះ​ម្អម​ជំនួស​វិញ នោះ គឺ​ក៏​អាស្រ័យ​លើ​ទីផ្សារ​ត្រូវ​ការ​ទិញ​ម្អម​ដែរ បើ​មិន​ដូច្នេះ​ទេ ពួក​គាត់​មិន​អាច​ដាំ​ដុះ​ម្អម​នេះ​រហូត​ទេ៖ «ក្នុង​មួយ​ខែ​ទើប​កាត់​ប្រមូល​ម្អម​ម្ដង ហើយ​ក្រោយ​ពេល​កាក់​មួយ​ខែ ទើប​អាច​កាត់​បាន​ម្ដង​ទៀត។ ប៉ុន្តែ​វា​បាន​ភោគផល​ច្រើន​ជា​ផល​ស្រូវ ព្រោះ​ស្រូវ​ក្នុង​មួយ​រដូវ​ធ្វើ​បាន​តែ​ម្ដង​ទេ លុះ​ដល់​ឆ្នាំ​ក្រោយ​ទើប​ធ្វើ​បាន​ម្ដង​ទៀត តែ​ម្អម​គឺ​ដាំ​បាន​រហូត ប្រមូល​ផល​បាន​រហូត​មិន​ប្រកាន់​ខែ ឬ​រដូវ»

លោក ហ៊ុន ហន បាន​គណនា​ប្រៀបធៀប​នឹង​ការ​បង្កបង្កើន​ស្រូវ​ប្រាំង​ថា បើ​ដាំ​ម្អម​នោះ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង ដោយ​ផល​ម្អម​អាច​ប្រមូល​បាន​វិល​ជុំ​ប្រចាំ​ថ្ងៃ ឬ​ប្រចាំ​ខែ។ ក្នុង​មួយ​ស្រែៗ គឺ​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល ១​ខែ​ម្ដង ហើយ​ក្នុង​ទំហំ​ដី​ស្រែ​របស់​គាត់ ៧០​អា គឺ​គាត់​អាច​កាត់​ម្អម​លក់​បាន​រាល់​ថ្ងៃ​ដោយ​វិល​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ទៀត ហើយ​ក្នុង​ទំហំ​ដី​នោះ គឺ​ប្រមូល​ផល់​បាន​ប្រហែល ២​លាន​រៀល​ក្នុង​១ខែៗ។ ចំណែក​រយៈពេល​ប្រមូល​ផល​គឺ​ប្រហែល​ជា ៧​ខែ ទៅ ៨​ខែ​ក្នុង​មួយ​ឆ្នាំ។

ប៉ុន្តែ​បើ​លោក​ធៀប​ទៅ​ធ្វើ​ផល​ស្រូវ​វិញ គឺ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​គឺ​សល់​ប្រាក់​ប្រហែល​ជា ៣​លាន​រៀល៖ «ខ្ញុំ​បាន​ធូរធារ​ជា​ធ្វើ​ស្រូវ​ព្រោះ​វា​បាន​ប្រមូល​លក់​បាន​ជា​ប្រចាំ​ថ្ងៃ គ្រាន់តែ​តិច ឬ​ច្រើន​តាម​ការ​ទិញ​របស់​អតិថិជន តែ​បើ​ស្រូវ​បី​ខែ​ទើប​អាច​ដឹង​ថា ខាត ឬ​ចំណេញ។ តែ​បើ​ស្រូវ​វិញ គឺ​ធ្វើ​បាន​តែ​ម្ដង មិន​អាច​យក​ផល​បាន​ក្នុង​ខែ​បន្ទាប់​ទៀត​ទេ»

មិន​មែន​តែ​ម្ចាស់​ស្រែ​ម្អម​ទេ​ដែល​អាច​ប្រមូល​ផល​បាន​ប្រចាំ​ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​ភូមិ​ហើយ​មិន​មាន​ស្រែ​ម្អម​ក៏​អាច​រក​ចំណូល​បាន​ប្រចាំ​ថ្ងៃ​ដែរ។

អ្នកស្រី មី ណម រស់​នៅ​ក្នុង​ភូមិ​ស្វាយសុខោ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង បាន​ថ្លែង​ថា គាត់​ស៊ីឈ្នួល​កាត់​ម្អម​ឲ្យ​ម្ចាស់​ស្រែ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល ១​ម៉ឺន​រៀល។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា គាត់​ចំណាយ​ពេល​មួយ​ព្រឹក ហើយ​អាច​មើល​ថែ​ផ្ទះ​សម្បែង​បាន​ផង មិន​ត្រឹម​តែ​ប៉ុណ្ណោះ គឺ​គាត់​មិន​ចាំ​បាច់​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ឡើយ៖ «គេ​ហៅ​ឲ្យ​កាត់ ១០០​ដុំ ១​ពាន់​ដុំ​អ៊ីចឹង​ទៅ​បាន​ប្រមូល​គ្នា​មក។ បើ​កាត់​បាន ៣០០​ដុំ បាន ៩​ពាន់​រៀល ជា​ជាង​នៅ​ទំនេរ​នៅ​ផ្ទះ ចេះ​តែ​មក​កាត់​ដើម្បី​បាន​ប្រាក់​ទៅ​ផ្សារ»

ទោះ​យ៉ាង​ណា​ពលរដ្ឋ​ដែល​មាន​ស្រែ​ដាំដុះ​ម្អម គឺ​នឹង​នៅ​បន្ត​ដាំ​ដុំ​ដដែល​ដោយ​រង់ចាំ​មើល​តម្រូវ​ការ​ទីផ្សារ​កើន​ឡើង​ថែម​ទៀត ឬ​ក៏​តម្រូវ​ការ​ទីផ្សារ​ថយ​ចុះ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​ថា អង្គការ​សេដាក លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា នេះ​ជម្រើស​ល្អ​របស់​កសិករ​ដែល​បាន​ផ្លាស់ប្ដូរ​ការ​ដាំ​ដុះ​ដំណាំ បន្ទាប់​បន្សំ ឬ​ក៏​ដំណាំ​ដែល​មាន​តម្រូវ​ការ​នៅ​លើ​ទីផ្សារ ប៉ុន្តែ​កសិករ​មិន​គួរ​សម្រុក​ដាំ​ដំណាំ​តែ​មួយ​ប្រភេទ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​តម្លៃ​វា​ធ្លាក់​ចុះ​ថោក៖ «តាម​ពិត​សម័យ​បច្ចុប្បន្ន​នេះ​ការ​បម្លែង​ដី​ពី​ការ​ធ្វើ​ស្រែ​ចម្ការ បែរ​មក​ដាំ​បន្លែបង្ការ​ផ្សេងៗ ឬ​ម្អម​ជា​ដើម​នោះ ជា​ការ​ល្អ​ជាង​សម្រាប់​កសិករ​ដែល​មាន​ដី​តូច ព្រោះ​វា​បាន​ចំណូល​ខ្ពស់ និង​បាន​លឿន​ជា​មុន។ តែ​បើ​ធ្វើ​ស្រែ​ដូច​បច្ចុប្បន្ន​នេះ​មិន​បាន​ចំណេញ​ទេ ព្រោះ​ចំណាយ​ខ្ពស់​ដូច​ជា​ពូជ ជី និង​តម្លៃ​ពលកម្ម​ជាដើម ហើយ​ផល​ស្រូវ​បាន​តម្លៃ​ថោក។ តែ​ត្រូវ​សិក្សា​ពី​តម្រូវ​ការ​ទីផ្សារ​ផង​កុំ​ដាំ​ដំណាំ​ដូច​គ្នា​ពេក»

លោក​បញ្ជាក់​ទៀត​ថា កសិករ​គួរតែ​សិក្សា​ពី​តម្រូវ​ការ​ទីផ្សារ​ផលិតផល​កសិករ ត្រូវ​សិក្សា​ពី​ទីតាំង​ភូមិ​សាស្ត្រ​ថា តើ​អាច​ដាំ​ដំណាំ​ប្រភេទ​អ្វី​បាន​ស្រប​ស្ថានភាព​ដី ហើយ​ជា​ពិសេស​នោះ គឺ​ប្រភព​ទឹក ឬ​ការ​គ្រប់គ្រង​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ។

លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ផលិតផល​កសិកម្ម​ដែល​កសិករ​អាច​ផលិត​បាន ហើយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កសិករ​ក្នុង​ស្រុក​ផង៖ «តាម​ការ​សង្កេត​ជា​ទូទៅ​រដ្ឋាភិបាល​មិន​សូវ​បាន​យក​ចិត្ត​ទុកដាក់​ប៉ុន្មាន​នោះ​ទេ រឿង​កសិកម្ម ឬ​ផលិត​ផល​កសិកម្ម​នេះ ព្រោះ​គាត់​គិត​ថា ទីផ្សារ​សេរី ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ជួយ ហើយ​ជា​យុទ្ធសាស្ត្រ​ត្រូវឲ្យ​កសិករ​បង្ហាញ​ថា ខ្លួន​ឯង​ពិត​ជា​អាច​បង្កបង្កើន​បាន​មែន។ ព្រោះ​បើ​របស់​ក្នុង​ស្រុក​អត់​មាន គឺ​អាច​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​ជា​ដើម អ៊ីចឹង​ការ​នាំ​ចូល​អាច​ធ្វើ​ឲ្យ​តម្លៃ​ថេរ ក្នុង​ការ​ផ្គត់​ផ្គង់។ តែ​បើ​កសិករ​ក្នុង​ស្រុក​ផលិត​បាន​មែន នោះ​ទើប​អាច​ប្រាប់​រដ្ឋាភិបាល​ថា មិន​ចាំ​បាច់​នាំ​ចូល​ពី​ក្រៅ​ប្រទេស​នោះ​ទេ»

លោក​ថ្លែង​ថា កសិករ​ក៏​គួរតែ​ចងក្រង​គ្នា​ជា​សហគមន៍ ឬ​ជា​ក្រុម​ដើម្បី​ពិភាក្សា​គ្នា ក្នុង​ការ​សិក្សា​ទីផ្សារ​កសិផល​ផ្គត់ផ្គង់​តាម​តម្រូវ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។