តើបុរសរូបនោះជាអ្នកណា? តើគាត់មានដំណើរជីវិតយ៉ាងណា? តើរូបគេបានធ្វើអ្វីខ្លះនៅថ្ងៃកើតហេតុ?
ក្រោមភ្លៀងរលឹមស្រិចៗនៅយប់ថ្ងៃទី១៥ ខែកញ្ញា បុរសវ័យ ២៩ឆ្នាំ ម៉ៅ សុខចន្ទ បានស្លាប់ភ្លាមៗដោយគ្រាប់កាំភ្លើងត្រូវចំថ្ងាសធ្លុះចូលក្នុងក្បាល។
អ្នកនៅកន្លែងកើតហេតុម្នាក់និយាយដោយមិនបញ្ចេញឈ្មោះថា ម៉ៅ សុខចន្ទ ត្រូវគ្រាប់នៅពេលដែលគាត់កំពុងអង្គុយក្បែរម៉ូតូរបស់មិត្តភក្ដិគាត់ រង់ចាំធ្វើដំណើរទៅមុខទៀត នៅពេលមានចរាចរណ៍កកស្ទះខ្លាំងនៅគ្រប់ផ្លូវ នៅតំបន់ជុំវិញស្ពានអាកាសក្បាលថ្នល់។
លោក ម៉ៅ សុខចន្ទ បានទៅដល់ទីកន្លែងកើតហេតុនៅម៉ោងប្រមាណ ៧យប់ ក្នុងគោលដៅទៅយាមតូបលក់កាសែតនៅផ្សារអូរឫស្សី ជាមួយមិត្តខ្លួន គឺចំពេលដែលសមត្ថកិច្ច ជាពិសេសកងរាជអាវុធហត្ថបានប៉ះទង្គិចជាមួយបាតុករមួយក្រុម។
អ្នកឃើញហេតុការណ៍ដដែលនោះ បញ្ជាក់ថា ពេលនោះចលាចលខ្លាំង សមត្ថកិច្ចចម្រុះបានបាញ់គ្រាប់ផ្សែង ដំបងវាយបាតុករ និងបាញ់គ្រាប់កាំភ្លើងពិតជាច្រើនគ្រាប់ ដើម្បីបំបែកក្រុមបាតុករ។ ពេលនោះ គ្រាប់កាំភ្លើងមួយគ្រាប់បានខ្ទាតទៅត្រូវយុវជន ម៉ៅ សុខចន្ទ។
លោក ស្រី វិចិត្រ ដែលជាមិត្តរបស់ លោក ម៉ៅ សុខចន្ទ អោយដឹងថា ពួកគេបានជិះម៉ូតូជាមួយគ្នាសំដៅទៅកន្លែងធ្វើការ ប៉ុន្តែបានជាប់ស្ទះផ្លូវ ទើបនាំគ្នាឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវខាងមុខហាងជួសជុលម៉ូតូមួយ នៅចម្ងាយប្រមាណ ២០០ម៉ែត្រខាងលិចស្ពានអាកាសក្បាលថ្នល់ រង់ចាំពេលវេលាដែលអាចរកផ្លូវចេញបាន។
ជាអកុសល លោក ម៉ៅ សុខចន្ទ ត្រូវស្លាប់ចោលប្រពន្ធកូន និងក្រុមគ្រួសារ ដែលលោកធ្លាប់រ៉ាប់រងទទួលបន្ទុកទំនុកបម្រុង។
លោក សុខចន្ទ មានកូនស្រី ៤នាក់។ កូនស្រីច្បងមានអាយុ ១២ឆ្នាំ ចំណែកកូនស្រី ពៅ អាយុជាង ២ឆ្នាំ។ សុខចន្ទ ជាកម្មករសំណង់ គេអាចរកប្រាក់បាន ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ពិតមែនថាបានរៀបការមានកូន ក៏ សុខចន្ទ ពុំបានបែកផ្ទះពីឪពុកម្ដាយគេឡើយ គេថែមទាំងត្រូវទទួលបន្ទុកចិញ្ចឹមសមាជិកគ្រួសារជាច្រើនរូបទៀត ក្នុងនោះរួមទាំងជីតា ជីដូនចាស់ជរា ម្ដាយឪពុក និងប្អូនៗ ៣នាក់ទៀត។
«ភ្លេង បុណ្យសព»
សព ម៉ៅ សុខចន្ទ ត្រូវបូជានៅក្នុងវត្តចាក់អង្រែក្រោម នៅរសៀលថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីបានទីតម្កល់ធ្វើបុណ្យក្នុងរយៈពេលមួយព្រឹក ដ្បិតគ្រួសារលោកពុំសូវមានប្រាក់កាសធ្វើបុណ្យ។
«ភ្លេង បុណ្យសព»
ក្នុងវ័យ ២៩ឆ្នាំ អ្នកស្រី ជាវ សុខវី បាននិយាយបណ្ដើរចង្អុលទៅរូបថតនៅខាងមុខមឈូសដាក់សពប្ដីថា នោះជារូបថតដ៏កម្រមួយរបស់ប្ដីអ្នកស្រី ហើយត្រូវថតនៅមុនពេលមានគ្រោះថ្នាក់ប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្នកស្រីបន្តថា លោក សុខចន្ទ ពុំមានបំណងចេញពីផ្ទះទេនៅថ្ងៃកើតហេតុ។
ស្ត្រីជាប្រពន្ធបន្តថា គ្រួសាររបស់ សុខចន្ទ ក្រីក្រខ្វះមុខខ្វះក្រោយបន្តតាំងពីឪពុកម្ដាយដល់កូន។ ពួកគេពុំមានទ្រព្យសម្បត្តិអ្វីក្រៅពីផ្ទះតូចមួយដែល សុខចន្ទ បាននាំបងប្អូន និងមិត្តភក្ដិរបស់គេសាងសង់ដោយផ្ទាល់ដៃ ស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ សុខចន្ទ ពុំមានឱកាសបានរៀនសូត្រចេះដឹងទេ គឺរៀនបានថ្នាក់ទី៣ បឋមសិក្សា ស្របពេលដែលគ្រួសារខ្លួនក្រីក្រទៀត មិនអាចអោយគេរកការងារបានល្អឡើយ។
មិត្តភក្ដិម្នាក់ទៀតរបស់ សុខចន្ទ គឺ លោក ឈឿន សុវណ្ណរក្ស បានរំលឹកថា សុខចន្ទ ជាអ្នកជិតខាងល្អម្នាក់ចេះជួយយកអសារដឹងទុក្ខធុរៈគ្នា។ លោកបន្តថា សុខចន្ទ ធ្លាប់ជាអ្នកនេសាទ គាត់មានទូកមានសម្ភារៈនេសាទគ្រប់គ្រាន់ អាចចិញ្ចឹមគ្រួសារដែរ ប៉ុន្តែដោយតម្រូវការច្រើនក្នុងគ្រួសារ គេបានបាត់បង់មុខរបរនោះ និងបានសម្រេចទៅធ្វើការជាជាងសំណង់នៅប្រទេសថៃ។
សុខចន្ទ បាននាំប្រពន្ធកូនទៅធ្វើការនៅប្រទេសថៃ បានរយៈពេល ៦ខែ ហើយបានត្រឡប់មកវិញ ដោយពុំមានសល់ប្រាក់កាសអ្វីដូចការរំពឹងទុកឡើយ។ សុខចន្ទ ទើបមកពីស្រុកថៃ វិញបានជាងមួយខែ ហើយចាប់ផ្ដើមការងារជាជាងសំណង់ និងយប់ខ្លះទៅជួយយាមតូបជាមួយមិត្តខ្លួន ដែលអាចរកប្រាក់បានមួយយប់មួយម៉ឺនរៀល។
មិត្តភក្តិដដែលនោះបានរំលឹកទៀតថា សុខចន្ទ ធ្លាប់ចង់បានទូកតូចមួយ ដើម្បីចាប់ផ្ដើមមុខរបរនេសាទឡើងវិញ ប៉ុន្តែរូបគេពុំមានប្រាក់គ្រប់គ្រាន់ធ្វើដើមទុន។
អ្នកស្រី ទិត សាង ជាម្ដាយរបស់ ម៉ៅ សុខចន្ទ មានប្រសាសន៍ថា មកដល់ពេលនេះ គ្រួសារអ្នកស្រីមិនដឹងថាមានទីពឹងអ្វីទៀតទេ ម្យ៉ាងពួកគាត់កំពុងជំពាក់ប្រាក់អ្នកចងការប្រមាណ ៤០០ដុល្លារ។
សម្រាប់អ្នកស្រី ជាវ សុខវី ភរិយារបស់ សុខចន្ទ គាត់ចង់ត្រឹមសងបំណុលរួច និងអាចមានមុខរបរដែលអាចចិញ្ចឹមកូនស្រីទាំង៤ អោយបានរៀនសូត្រ និងមានអនាគតល្អជាងខ្លួន ដូចនឹងការចង់បានរបស់ប្ដីកាលនៅរស់។
ទាក់ទិននឹងការស្លាប់របស់ប្ដីខ្លួន អ្នកស្រី ជាវ សុខវី មានចម្ងល់ថា តើសមត្ថកិច្ចបានគិតគូរពីសុវត្ថិភាពពលរដ្ឋស្លូតត្រង់ ដែលនៅកកកុញតាមផ្លូវ ដោយសារការបិទផ្លូវរបស់អាជ្ញាធរដែរឬទេ?
ពេលនេះ ក្រុមគ្រួសារ សុខចន្ទ បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ ប្ដឹងទាមទារអោយរកជនដៃដល់មកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ដល់រូបគាត់ដែលជាជនស្លូតត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។