ខ្សែ​ជីវិត​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​កំពង់ចាម​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ប្រទេស​ចិន

ដោយ សូត សុខប្រាថ្នា
2015.01.30
ស្ត្រី​ខ្មែរ​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ចិន ៦២០ ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

ស្ត្រី​ខ្មែរ​មួយ​ចំនួន​ចាញ់​បោក​មេ​ខ្យល់​ជា​បន្តបន្ទាប់ ដោយ​តម្រូវ​ឲ្យ​ទៅ​រៀបការ​ប្ដី​ជាមួយ​ជនជាតិ​ចិន។ លទ្ធផល​ចុង​ក្រោយ មាន​ស្ត្រី​ខ្មែរ​ជាច្រើន​នាំ​គ្នា​រត់​គេច​មក​ស្រុក​កំណើត​វិញ ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​បាប​លើ​ពួក​គាត់​បាន។ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ដែល​ទើប​នឹង​ត្រឡប់​មក​ពី​ប្រទេស​ចិន រត់​គេច​ពី​ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត និង​រាងកាយ ដោយ​សុខ​ចិត្ត​រត់​ចោល​កូន​ខ្ចី​ទើប​សម្រាល​បាន​បី​ខែ។

ចិន្តា ជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ។ គាត់​សម្រេច​ចិត្ត​យល់​ព្រម​រៀបរាប់​ពី​ខ្សែ​ជីវិត​ផ្ទាល់​ខ្លួន និង​ខ្សែ​ជីវិត​ដែល​ធ្លាប់​បាន​ទៅ​រស់នៅ​ប្រទេស​ចិន រយៈពេល​ជិត ២​ឆ្នាំ។

មាន​ស្រុក​កំណើត​នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ជា​កូនស្រី​ត្រកូល​អ្នក​ក្រីក្រ និង​មាន​សមាជិក​គ្រួសារ​ច្រើន។ ចិន្តា មិន​បាន​ទទួល​ការ​អប់រំ​ច្រើន​ដូច​ស្ត្រី​កូន​អ្នក​ធូរធារ​នោះ​ទេ។ នាង​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​នៅ​ថ្នាក់​ទី​៥ ដើម្បី​ជួយ​ធ្វើ​ការ​ឪពុក​ម្ដាយ​ជា​កសិករ និង​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ​ជាដើម និង​ក្រោយ​មក ក៏​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​កាត់​ដេរ​ទៀត​ផង។ សម្បុរ​ខ្មៅ​ស្រអែម ទឹក​មុខ​ស្រស់​នៅ​ពេល​ដំបូង ប៉ុន្តែ​ទឹក​មុខ​របស់​ចិន្តា ប្រែ​ជា​ស្រពាប់ស្រពោន​នៅ​ពេល​ខ្ញុំ​សាកសួរ​ពី​ខ្សែ​ជីវិត ពិសេស​ខ្សែ​ជីវិត​ដែល​ធ្លាប់​រស់នៅ​ប្រទេស​ចិន។

ចិន្តា រៀបរាប់​ថា ដោយសារ​កត្តា​ជីវភាព​លំបាក និង​ជឿ​តាម​ការ​អូស​ទាញ​ពី​សំណាក់​មេ​ខ្យល់ ថា​ប្រសិន​បើ​យក​ប្ដី​ជា​ជន​បរទេស នឹង​អាច​ធ្វើ​ឲ្យ​ខ្លួន និង​គ្រួសារ​មាន​កម្រិត​ជីវភាព​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន៖ «ព្រម​ទៅ ព្រោះ​គេ​កុហក​បោក​ខ្ញុំ​អ៊ីចឹង​បង! គេ​និយាយ​ថា​ម៉េច​ទៅ? គេ​ថា​ទៅ​ហ្នឹង គឺ​មាន​បាន​ហើយ​បង! គេ​ប្រាប់​ថា​ទៅ​ធ្វើ​ការ​ធ្វើ​អី​បាន​លុយ​ផ្ញើ​មក​អ្នក​ផ្ទះ​អ៊ីចឹង»

ចិន្តា សម្រេច​យល់​ព្រម​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ឆ្នាំ​២០១៣ ស្រប​ពេល​ដែល​នាង​មិន​ទាន់​គ្រប់​អាយុ​ផង​នៅ​ពេល​នោះ គឺ​ទើប​មាន​អាយុ ១៧​ឆ្នាំ ព្រោះ​មេ​ខ្យល់​បាន​យក​ឯកសារ​ឈ្មោះ​អ្នក​ដទៃ​មក​រត់​ការ​ឲ្យ​នាង។ នៅ​ក្នុង​អំឡុង​ពេល​រត់​ឯកសារ មេ​ខ្យល់​បាន​ឲ្យ​ប្រាក់​ទៅ​គ្រួសារ ចិន្តា ចំនួន ២​លាន​រៀល ស្មើ​នឹង ៥០០​ដុល្លារ។ ចំណែក​លិខិត​សុំ​អនុញ្ញាត​រៀបការ​ជន​បរទេស​ចេញ​ពី​ឃុំ គឺ​មិន​បាន​បញ្ជាក់​ថា រៀបការ​ជាមួយ​ជនជាតិ​ចិន នោះ​ទេ ហើយ​នៅ​ពេល​ចេញ​ពី​ស្រុក​ខ្មែរ ក៏​ហាក់​លួច​លាក់​ទៅ​ទៀត។ ចិន្តា ថា​នៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន ដំបូង គឺ​មេ​ខ្យល់​នៅ​ទីនោះ​មិន​ទាន់​ឲ្យ​ធ្វើ​អ្វី​ទេ ដែល​ទំនង​ជា​មេ​ខ្យល់​ដើរ​ទាក់ទង​បុរស​ជនជាតិ​ចិន មិន​ទាន់​បាន។ រយៈពេល​ពីរ​ខែ ទើប​មេ​ខ្យល់​បង្ខំ​ឲ្យ ចិន្តា ត្រូវ​រៀបការ​ជាមួយ​បុរស​ចិន ម្នាក់៖ «ចុះ​នៅ​ពេល​ពីរ​ខែ​ក្រោយ ពេល​បាន​ស្វាមី តើ​គេ​គាប​សង្កត់​យ៉ាង​ម៉េច​ទេ? គេ​គំរាម​ខ្ញុំ​ថា បើ​ខ្ញុំ​អត់​យក គេ​នឹង​មក​ប្ដឹង​ម៉ែ​ឪ​ខ្ញុំ​នៅ​ក្រោម​អ៊ីចឹង ខ្ញុំ​ភ័យ​ខ្ញុំ​ព្រម​ចុះ​អេតាស៊ីវិល»

ក្តី​រំពឹង​របស់ ចិន្ដា ថា​នឹង​អាច​ផ្ដល់​លុយ​កាក់ ឬ​អាច​ជួយ​គ្រួសារ​នោះ ប្រែ​ខុស​ស្រឡះ ពីព្រោះ​សូម្បី​តែ​លិខិត​ឆ្លង​ដែន​ក៏​ត្រូវ​គ្រួសារ​ប្ដី​ដក​ហូត​ទុក សម្លៀកបំពាក់​មាន​តែ​ពីរ​បី​បំឡាស់​សម្រាប់​ស្លៀក លុយ​កាក់​គេ​មិន​ឲ្យ​កាន់ គឺ​ចិន្តា មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​បម្រើ​ប្ដី និង​គ្រួសារ​របស់​គេ​ប៉ុណ្ណោះ។ ក្រោយ​ពេល​បាន​ប្ដី​ដែល​មិន​ដូច​ទៅ​នឹង​ការ​សន្យា​របស់​មេ​ខ្យល់ ទើប​ចិន្តា​ដឹង​ខ្លួន​ថា គេ​បាន​បោកប្រាស់​នាង​យក​មក​លក់​ក្នុង​តម្លៃ ៩​ម៉ឺន​យ៉ន់ ស្មើ​នឹង​ជិត ១៥.០០០​ដុល្លារ (១៤.៦៨៨​ដុល្លារ)។ បើ​ទោះ​បី​ជា ចិន្តា ត្រូវ​ជួប​ការ​វាយ​ដំ​ច្រំ​ធាក់ មើល​ងាយ​មើល​ថោក​ពី​សំណាក់​ប្ដី និង​គ្រួសារ​ក៏ដោយ​ចុះ ប៉ុន្តែ​ពេល​ខ្លះ ចិន្ដា ត្រូវ​បង្ខំ​ចិត្ត​លួច​ទូរស័ព្ទ​មក​ប្រាប់​អ្នក​ផ្ទះ​នៅ​ស្រុក​កំណើត​ថា កុំ​ឲ្យ​បារម្ភ​នឹង​ខ្លួន ពីព្រោះ​នាង​បាន​សុខ​ទេ។ នាង​ចង់​រត់​ចេញ​ពី​ក្រុម​គ្រួសារ​ប្ដី​នៅ​ប្រទេស​ចិន តាំង​ពី​ពេល​ដឹង​ថា នាង​ត្រូវ​បាន​គេ​បោកប្រាស់​ម្ល៉េះ ប៉ុន្តែ​អ្វីៗ​យឺត​ពេល​បន្តិច ពីព្រោះ​នាង​មាន​ផ្ទៃពោះ​ទៅ​ហើយ។ ចិន្តា ត្រូវ​ទ្រាំ​រហូត​ដល់​កូនប្រុស​សម្រាល​រួច ទើប​មាន​ស្ត្រី​ខ្មែរ​ដែល​យក​ប្ដី​ចិន នៅ​ក្បែរ​ខាង ណែនាំ​ឲ្យ​នាង​រត់​មក​រក​កិច្ច​អន្តរាគមន៍​នៅ​ស្ថានទូត​ខ្មែរ។

រត់​មក​ដល់​ស្ថានទូត​ខ្មែរ​រយៈពេល​ជិត ១​ខែ ទម្រាំ​គេ​រត់​ឯកសារ​បាន ទើប​នាង​អាច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​១៤ មករា ដោយ​ជើង​យន្តហោះ​ចុះ​ចត​នៅ​ខេត្ត​សៀមរាប ជាមួយ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​យក​ប្ដី​ចិន ដូច​នាង​ដែរ។ ចិន្តា ប្រៀប​ដូច​មាន​ជីវិត​ថ្មី​នៅ​លើ​ដី​កំណើត​របស់​ខ្លួន ដោយ​សុខ​ចិត្ត​ចោល​កូនប្រុស​ទើប​នឹង​កើត​បាន​បី​ខែ​ផង។ បច្ចុប្បន្ន នាង​មិន​ទាន់​មាន​ការងារ​ជា​ផ្លូវ​ការ​នៅ​ឡើយ ប៉ុន្តែ​យូរៗ​ម្តង នាង​សុំ​ម្ចាស់​អ័កកាដង់​នៅ​ក្បែរ​ខាង​ទៅ​ច្រៀង និង​រាំ​តាម​កម្មពិធី​ផ្សេងៗ ដើម្បី​បាន​កម្រៃ​ខ្លះ​ជួយ​គ្រួសារ និង​ដើម្បី​បន្លប់​វិប្បដិសារី​ដ៏​អាក្រក់​ដែល​កើត​ឡើង​លើ​ជីវិត​នាង។ ទន្ទឹម​នេះ នាង​កំពុង​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​កម្រៃ​សមរម្យ​អាច​ជួយ​ឧបត្ថម្ភ​គ្រួសារ​បាន។ ចិន្តា សូម​ផ្ដាំ​ផ្ញើ​ទៅ​ស្ត្រី​ខ្មែរ​ផ្សេង​ទៀត​ដូច​នេះ​ថា៖ «គឺ​ខ្ញុំ​ជួយ​ប្រាប់ៗ​ថា កុំ​ឲ្យ​ទៅ​ទៀត ព្រោះ​គេ​បោក។ កុំ​ឲ្យ​ទៅ បើ​គេ​និយាយ​អី​កុំ​ឲ្យ​ជឿ​គេ»

ចំណែក​ឪពុក​ចិន្តា ដែល​អង្គុយ​ប្រកប​ដោយ​ទឹក​មុខ​ក្រៀមក្រំ​ស្តាប់​ពី​ការ​រៀបរាប់​របស់​កូន​នោះ ពោល​ថា ដើម​ចម​ដែល​នាំ​ឲ្យ​លោក និង​ប្រពន្ធ​យល់​ព្រម​ឲ្យ​កូន​ទៅ​ប្រទេស​ចិន គឺ​ដោយសារ​តែ​ជីវភាព​ខ្វះខាត​ពេក និង​ម្យ៉ាង​ជឿ​តាម​សម្ដី​មេ​ខ្យល់​ផង។ លោក​ថា ដី​ស្រែ​នៅ​ក្នុង​ស្រុក​កំណើត​មិន​មាន​ច្រើន លោក​ត្រូវ​សុំ​ដី​គេ​ធ្វើ​នៅ​ខេត្ត​ឆ្ងាយៗ ដូចជា​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ធ្វើ​ចម្ការ​គ្រាន់​ចិញ្ចឹម​គ្រួសារ។ លោក​បន្ត​ថា សេចក្តី​បារម្ភ​ចំពោះ​កូនស្រី គឺ​មាន​គ្រប់​ពេលវេលា ប៉ុន្តែ​មិន​ដឹង​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា និង​ទាក់ទង​តាម​វិធី​ណា? គ្រាន់​តែ​សួរ​ពី​ទុក្ខ​លំបាក​របស់​កូន​នៅ​ប្រទេស​ចិន ភ្លាម ឪពុក​ចិន្តា ក៏​អួល​ដើមក​និយាយ​លេង​ចេញ ដោយ​ទឹក​ភ្នែក​ត្រូវ​ហូរ​ចេញ​ជំនួស​វិញ៖ «បាត់​ហ្នឹង​ទៅ​គេ​ប្រឹង​ធ្វើ​ប្រឹង​រក ខ្ញុំ​ប្រឹង​ធ្វើ​ប្រឹង​រក។ ក្រោយ​មក​បាន​ដំណឹង​ថា​រត់​មក​ស្ថានទូត ហើយ​ក៏​បាត់​ដំណឹង​ទៀត ហើយ​មិន​ដឹង​ថា​យ៉ាង​ណា​ម្តាយ​វា​ក៏​យំ»

ឪពុក​ចិន្ដា ផ្ដាំ​ផ្ញើ​ថា បើ​ទោះ​បី​ជា​មាន​ជីវភាព​ក្រ​កម្សត់​យ៉ាង​ណា​ក៏ដោយ គឺ​សុំ​ឲ្យ​ឪពុក​ម្ដាយ​ទាំងអស់ សុខ​ចិត្ត​ថែ​រក្សា​កូន​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ជា​ការ​ប្រសើរ និង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​នាំ​ឲ្យ​មាន​វិប្បដិសារី​ដូច​រូប​លោក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ កួង មាន​ប្រសាសន៍​ថា ចំនួន​ស្ត្រី​ខ្មែរ​ដែល​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ចិន នៅ​ឆ្នាំ​២០១៤ គឺ​មាន​ចំនួន ៥៨​នាក់ ហើយ​ពួក​គាត់​ទាំង​នោះ គឺ​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ចិន ប៉ុន្តែ​សម្រាប់​ខែ​មករា ឆ្នាំ​២០១៥ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​លើ​ស្ត្រី​ខ្មែរ​ទាំង​នោះ​ក៏ដោយ​ចុះ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទេ ព្រោះ​លោក​ថា នេះ​ជា​រឿង​បុគ្គល។ លោក​បញ្ជាក់​ថា ខាង​ក្រសួង​ការ​បទេស​ខ្មែរ​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា មាន​ស្ត្រី​ផ្សេង​ទៀត​កំពុង​រងគ្រោះ​នៅ​ប្រទេស​ចិន ហើយ​អាជ្ញាធរ​ខ្មែរ និង​ចិន កំពុង​សហការ​គ្នា​ដើម្បី​ចាត់​វិធានការ​លើ​បញ្ហា​ទាំង​នោះ៖ «ការ​ជួយ​ហ្នឹង​យើង​ខិតខំ​ប្រឹងប្រែង​ណាស់ យើង​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ពលរដ្ឋ​យើង​ទេ»

លោក​បន្ថែម​ថា នៅ​ពេល​ស្ត្រី​រងគ្រោះ​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ បញ្ហា​ការងារ គឺ​មិន​បាន​ចោទ​ឡើង​សម្រាប់​ពួក​គាត់​ឡើយ ព្រោះ​ពួក​គាត់​អាច​សម្រប​ខ្លួន​ជាមួយ​គ្រួសារ​ធ្វើ​ស្រែ ឬ​ចម្ការ និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត។ កន្លង​មក ខាង​ក្រសួង​ការ​បរទេស ក៏​បាន​ចេញ​លិខិត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆបោក​ពី​បុគ្គល​មួយ​ចំនួន ដែល​ប៉ុនប៉ង​យក​ស្ត្រី​ខ្មែរ​ទៅ​លក់​ដូរ​នៅ​ប្រទេស​ចិន ទោះ​បី​ជា​ឋិត​នៅ​ក្រោម​រូបភាព​ណា​ក៏ដោយ។ លើស​ពី​នេះ អាជ្ញាធរ​ខ្មែរ​ក៏​បាន​ចាប់​មេ​ខ្យល់​ទាំង​ជនជាតិ​ចិន និង​ខ្មែរ យក​មក​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់ និង​កំពុង​ចាត់​វិធានការ​បន្ត​ទៀត។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ចាម និង​ជា​អ្នក​ទទួល​បន្ទុក​កម្មវិធី​ស្ត្រី និង​កុមារ អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ហ៊ាន​ប្រថុយ​យក​ប្ដី​ជា​ជនជាតិ​ចិន។ ទី​មួយ កត្តា​ចំណេះ​ដឹង ដែល​ពួក​គាត់ និង​គ្រួសារ​មាន​កម្រិត ធ្វើ​ឲ្យ​ពួក​គាត់​ឆាប់​ជឿ​តាម​ការ​អូស​ទាញ​របស់​មេ​ខ្យល់។ កត្តា​មិន​មាន​ការងារ​ធ្វើ​ឲ្យ​បាន​ប្រសើរ​នៅ​ក្នុង​ស្រុក។ កត្តា​ជីវភាព​គ្រួសារ​ខ្វះខាត និង​កត្តា​សម្ភារៈ​និយម​នា​សម័យ​បច្ចុប្បន្ន ជាដើម។ អ្នកស្រី​បន្ថែម​ថា ហេតុផល​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ទាំង​នោះ​ត្រូវ​រក​ជំនួយ ដើម្បី​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ គឺ​ដោយសារ​តែ​ការ​រំពឹង​ទុក​របស់​ពួក​គាត់​ត្រូវ​ខក​បំណង៖ «ការ​រឹត​ត្បិត​នៃ​សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ មិន​អាច​ឲ្យ​គាត់​ទៅ​ណា​បាន។ ទី​ពីរ ការ​បង្ខំ​រួម​ភេទ​ជាច្រើន ដែល​ពួក​គាត់​មិន​អាច​ទទួល​យក​បាន និង​បញ្ហា​ហូប​ចុក​មិន​គ្រប់គ្រាន់»

អ្នកស្រី​ថា ចង់​ឬ​មិន​ចង់ បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជាតិ​ទាំង​ពីរ​ខ្លះ​ដែរ ពីព្រោះ​រូបភាព​ស្ត្រី​ខ្មែរ​ដែល​គេ​យក​ទៅ​ប្រទេស​ចិន កន្លង​មក គឺ​ជា​រូបភាព​ជួញ​ដូរ​មនុស្ស ទោះ​បី​ក្នុង​ទម្រង់​ស្ម័គ្រ​ចិត្ត​ក៏ដោយ។ អ្នកស្រី​យល់​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​គប្បី​ត្រូវ​រឹត​បន្តឹង​ច្បាប់​នាំ​ចេញ និង​ទទួល​យក​ស្ត្រី​ពី​ស្រុក​ខ្មែរ​ឲ្យ​បាន​រឹងមាំ ជាពិសេស អាជ្ញាធរ​ចិន គប្បី​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​មេ​ខ្យល់​នៅ​ប្រទេស​ចិន ដែល​ជា​អ្នក​ទទួល​ស្ត្រី​ខ្មែរ​ទៅ​លក់​បន្ត​នោះ ព្រោះ​បើ​សិន​គ្មាន​អ្នក​ទទួល​យក​ទៅ​លក់​នៅ​ទីនោះ​ទេ ក៏​គ្មាន​ការ​បញ្ជូន​ពី​ស្រុក​ខ្មែរ​ទៅ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។