សមាគម​គ្រូ​បង្រៀន​នៅ​ពោធិ៍សាត់​រិះគន់​ថ្នាក់​ដឹកនាំ​ទាក់ទង​រឿង​បង្កក​ប្រាក់​ខែ​គ្រូ​បង្រៀន

ដោយ ជិន ជេដ្ឋា
2015.04.05

គ្រូ​បង្រៀន និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ខេត្ត​ពោធិ៍សាត់ រិះគន់​ថ្នាក់​ដឹក​នាំ​មន្ទីរ និង​ក្រសួង​អប់រំ ទាក់ទង​នឹង​ការ​បង្កក​ប្រាក់​ខែ​គ្រូ​បង្រៀន​ម្នាក់​នៅ​ស្រុក​ក្រគរ។ ពួកគាត់​ចាត់​ទុក​ការ​បង្កក​ប្រាក់​ខែ​នេះ គឺ​ជា​ចេតនា​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អប់រំ ក្នុង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​មិន​ចង់​ឲ្យ​គ្រូ​រូប​នេះ​ចេញ​តវ៉ា​រឿង​ដីធ្លី​បន្ត​ទៀត។

គ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ស្នាអន្សា​ម្នាក់ គឺ​លោក សោម សារាវុត ត្រូវ​ថ្នាក់​ដឹកនាំ​មន្ទីរ និង​ក្រសួង​អប់រំ សម្រេច​បង្កក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​កុម្ភៈ និង​ខែ​មីនា ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​អាក់​ខាន​មិន​បាន​ទៅ​បង្រៀន​សិស្ស​ជិត ២​ខែ។ ការ​អាក់​ខាន​នេះ គឺ​ដោយសារ​តុលាការ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ឆបោក​ទាក់ទង​នឹង​រឿង​ទិញ​លក់​ដីធ្លី​មួយ​កន្លែង កាល​ពី​ឆ្នាំ​២០០៨។

លោក សោម សារាវុត ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ថា ការ​បង្កក​ប្រាក់​ខែ​របស់​លោក​ចំនួន​ពីរ​ខែ​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ បន្ទាប់​ពី​លោក​ទទួល​ភាព​អយុត្តិធម៌​ផ្ទួនៗ​ពី​ការ​ចោទ​ប្រកាន់ ហើយ​ចាប់​លោក​ដាក់​គុក​ជិត ២​ខែ។ ក្រោយ​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ លោក​បាន​ស្វះស្វែង​ទៅ​បង្រៀន​សិស្ស ប៉ុន្តែ​ប្រាក់​ខែ​លោក​ចំនួន​ពីរ​ខែ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​គណនេយ្យ​ឲ្យ​នោះ​ទេ។

លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​មន្ទីរ និង​ក្រសួង​អប់រំ ថ្លឹងថ្លែង​រក​ហេតុផល​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​​លោក និង​ជួយ​ពន្លឿន​នីតិវិធី​បើក​ប្រាក់​ខែ​ទាំង​ពីរ​ខែ​នោះ​មក​ឲ្យ​លោក​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង៖ «ការ​បង្កក​ប្រាក់​ខែ​វា​អត់​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ នៃ​ការ​អប់រំ​ទេ ព្រោះ​ការ​ដែល​ខ្ញុំ​មាន​បញ្ហា​នេះ​វា​ជា​អំពើ​អយុត្តិធម៌​មួយ​នរណា​ក៏​ដឹង​ដែរ តុលាការ​ស្រុក​ខ្មែរ​វា​អ៊ីចឹង ហើយ​អ្នក​ដឹកនាំ​ស្រុក​ខ្មែរ​កាល​ដែល​មាន​បញ្ហា​អី​មិន​បាន​ត្រេះរិះ​ពិចារណា​រក​ខុសត្រូវ​ទេ គឺ​សង្កត់​សង្កិន​តែ​រឿង​បញ្ហា​ផ្សេងៗ យក​មក​បូក​រួម​ធ្វើ​ឲ្យ​មាន​ទោស​កំហុស​ស្រេច​នឹង​ចិត្ត។ រាល់ថ្ងៃ​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​វិញ ហើយ​ទៅ​បើក​ប្រាក់​បៀវត្ស​គឺ​មិន​មាន​នៅ​ក្នុង​កុង (គណនេយ្យ) ធនាគារ​តែ​ម្ដង»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ លោក ម៉ែន សំអាត បញ្ជាក់​ថា ថ្នាក់ដឹកនាំ​មន្ទីរ បាន​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ច្បាស់លាស់​មុន​នឹង​សម្រេច​បង្កក​ប្រាក់​ខែ​នេះ។

លោក​ថា ហេតុផល​នៃ​ការ​បង្កក​គឺ​ដោយសារ​​លោកគ្រូ សោម សារាវុត ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន ប៉ុន្តែ​បច្ចុប្បន្ន​លោក​កំពុង​ស្វែង​រក​នីតិវិធី​​ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​លោក​គ្រូ​វិញ​ហើយ ប៉ុន្ដែ​ត្រង់​ថា អាច​បើក​បាន​នៅ​ពេល​ណា​នោះ លោក​ក៏​មិន​អាច​កំណត់​បាន​ដែរ៖ «មាន​ដីកា​គេ​ចាប់​ខ្លួន​ត្រឹមត្រូវ​ហើយ ខាង​ខ្ញុំ​មិន​ចេះ​តែ​បង្កក​ទេ ហើយ​បង្កក​ហ្នឹង​មិន​មែន​ចេះ​តែ​បង្កក​ដែរ​សួរ​យោបល់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ដែរ។ សុំ​យោបល់​គាត់ (ក្រសួង) ថា បង្កក​ទៅ​ចាំ​មើល​ដល់​តុលាការ​គេ​ដោះស្រាយ​យ៉ាង​គិតគូរ​តាម​ហ្នឹង​ទៀត។ អូ...! អា​រឿង​ផ្លូវ​ច្បាប់​មិន​អាច​បន្ទាន់​ដូច​ចិត្ត​យើង​ចង់​បាន​ភ្លាម​ទេ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម តារានី ថ្លែង​ថា លោក សោម សារាវុត គឺ​ជា​គ្រូ​បង្រៀន​មាន​សីលធម៌​ល្អ និង​សកម្ម​ក្នុង​ការ​បង្រៀន​សិស្ស។ ប៉ុន្តែ​ការ​បង្កក​ប្រាក់​ខែ​នេះ អាច​ជា​ការ​រើសអើង និង​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​លោកគ្រូ​ដែល​ជា​សកម្មជន​ដីធ្លី និង​ជា​សមាជិក​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្នុង​ខេត្ត​ពោធិ៍សាត់ ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។