នគរបាល​ខែត្រ​រតនគិរី​ម្នាក់​រំលោភ​ក្មេង​ស្រី​​ជនជាតិ​ចារ៉ាយ២នាក់​​ត្រូវ​រួចខ្លួន

ដោយ វ៉ែន សុមេធ
2018-01-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

អាណាព្យាបាល​កុមារី​ពីរ​នាក់​ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ខែត្រ​រតនគិរី សម្រេច​ទទួល​សំណង ១​ម៉ឺន ២​ពាន់​ដុល្លារ ពី​នគរបាល​ម្នាក់​ដែល​ចាប់​រំលោភ​កូនស្រី​របស់​ខ្លួន​ពីរ​នាក់ ដើម្បី​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ។ ប៉ុន្តែ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ករ​ណី​នេះ ជា​ទង្វើ​ខុសច្បាប់ និង​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​វប្បធម៌​និទ្ទណ្ឌភាព ទោះបីជា​ជនល្មើស​បាន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​យ៉ាងណាក្ដី។

អាណាព្យាបាល​ក្មេង​ស្រី​ពីរ​នាក់ នៅ​ខែត្រ​រតនគីរី​ឲ្យ​ដឹង​នៅ​ថ្ងៃទី៣ មករា ថា មូលហេតុ​ដែល​លោក​ព្រម​ទទួល​សំណង ដោយសារ ពួកគាត់​ក្រីក្រ​គ្មាន​ប្រាក់​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ ហើយ​ពួកគេ​ក៏​គ្មាន​ជំនឿ​លើ​តុលាការ​ដែរ ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​បាន។

បុរស​ដែល​ត្រូវជា​ឪពុក​ក្មេង​ស្រី​រងគ្រោះ​ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ឲ្យ​ដឹង​ថា លោក​សម្រេច​ដក​ពាក្យ​បណ្ដឹង​សំណុំ​រឿង​នេះ ខណៈ​ដែល​ជនសង្ស័យ​ឯកភាព​ព្រម​ផ្ដល់​សំណង​ជា​ប្រាក់ ជាង ១​ម៉ឺន​ដុល្លារ។ លោក​រំឭក​ថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៧ នគរបាល​នៃ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ម្នាក់​ឈ្មោះ មាស សោភ័ណ បាន​ចាប់​រំលោភ​កូនស្រី​របស់​លោក​អាយុ ១៤ ឆ្នាំ​ម្នាក់ និង​កុមារី​ម្នាក់ទៀត​ត្រូវជា​បងប្អូន​ជីដូនមួយ​បាន​សម្រេច។ លោក​បាន ប្ដឹង​រឿង​នេះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ក៏ប៉ុន្តែ​ដោយមាន​អាជ្ញាធរ និង​មេ​ប៉ុស្តិ៍​នគរបាល​សម្របសម្រួល​រឿង​នេះ លោក​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ៖ «អត់​ប្ដឹង​ទៅ​គឺ​តាម​ប្រពៃណី មូលហេតុ​គេ​សងជំងឺចិត្ត ទាំងអស់​ពីរ​នាក់​ហ្នឹង មួយ​ម៉ឺន​ពីរ​ពាន់​ដុល្លារ»

កាលពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ ២០១៧ ឪពុក​ជនរងគ្រោះ បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​នគរបាល​នៃ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ។ ខ្លឹមសារ​ពាក្យ​បណ្តឹង​នោះ​គឺ​ប្ដឹង​ឈ្មោះ មាស សោភ័ណ ពីបទ​រំលោភ​ផ្លូវភេទ លើ​កុមារី​កំពុង​សិក្សា​ថ្នាក់​ទី៦។ លើសពីនេះ គឺ​រាល់​ពេល​ដែល​នាង​ចេញពី​សាលារៀន នាង​តែងតែ​ទៅ​ជួយ​ការងារ​ផ្ទះ ក្រោយ​មក​ជនសង្ស័យ​ឈ្មោះ សោភ័ណ បាន​លួងលោម​នាង​ឲ្យ​ទៅ​ក្រុង​បានលុង ខែត្រ​រតនគិរី​ដោយ​សន្យា​ថា ទិញ​ទូរស័ព្ទ​ដៃ និង​ខ្សែក នាង​យល់​ព្រម​ទៅ​ជាមួយ តែ​នគរបាល​រូប​នោះ​បែរជា​នាំ​នាង​ទៅផ្ទះ​សំណាក់ រួច​ចាប់​រំលោភ។

មេភូមិ​ម្នាក់​ទទួល​ស្គាល់​ថា បទល្មើស​ឧក្រិដ្ឋ​មិន​អាច​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បានទេ ក៏ប៉ុន្តែ​អាណាព្យាបាល​ជនរងគ្រោះ​បាន​សំណូមពរ​ឲ្យ​សម្របសម្រួល​សំណុំ​រឿង​នេះ ដោយសារ​មិន​ចង់​មានរឿង​វែងឆ្ងាយ ម្យ៉ាង​ជនសង្ស័យ​ដែល​ជា​មន្ត្រី​ប៉ូលិស​គឺជា​សាច់​ញាតិ៖ «ខាង​ប៉ូលិស​ព្រហ្មទណ្ឌ​គាត់​ថា ចង់​ធ្វើការ​ព្រហ្មទណ្ឌ​ដែរ តែ​ខាង​ឪពុកម្ដាយ​ជនរងគ្រោះ​គេ​សុំ​សម្របសម្រួល​គ្នា​។ ខាងយើង​នេះ​ក្រីក្រ​ដែល អត់​មាន​លុយ សម្របសម្រួល​អ៊ីចឹង​ទៅ​បើ​គេ​សង​យើង​ហើយ យើង​ព្រម​ដែល​ក៏​ធ្វើ​កិច្ចសន្យា​ទៅ»

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​រតនគិរី លោក ឌិន ខន្នី ពន្យល់​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ មិន​អាច​មាន​អាជ្ញាធរ​ណាមួយ សម្របសម្រួល​បានទេ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ណា ដែល​ហ៊ាន​ចេញមុខ​សម្របសម្រួល​បទល្មើស​ឧក្រិដ្ឋ គឺជា​ទង្វើ​ខុសច្បាប់។ លោក​បញ្ជាក់​ថា ការ​សម្របសម្រួល​ផ្ដល់​សំណង មិន​អាច​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​បានទេ គឺ​គ្រាន់តែ​ការ​ជួសជុល​ការខូចខាត រីឯ​ទោស​ព្រហ្មទណ្ឌ​នៅតែ​អនុវត្ត៖ «ទោះបី​ជា​ការ​សម្រប​សម្រួល​រឿង​សង​លុយ សង​កាក់​តែ​នេះ​ពុំ​មែន​ជា​ការ​សម្រប​សម្រួល​បញ្ចប់​រឿង​ព្រហ្មទណ្ឌ​ទេ តែ​នេះ​អ្វី​ដែល​គាត់​សង​លុយ​សង​កាក់ គ្រាន់តែ​ជា​ការ​ជួសជុល​ការខូចខាត ធ្វើ​ឲ្យ​កុមារី​រងគ្រោះ។ ចំណែក​ឯ​ទោស​ព្រហ្មទណ្ឌ​គាត់​នៅ​ទទួលរង​ដដែល​គឺ​ជាប់ពន្ធនាគារ»

លោក ឌិន ខន្នី សង្កត់ធ្ងន់​ថា ការ​សម្របសម្រួល​ផ្ដល់​សំណង ដើម្បី​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ បង្ក​ឲ្យ​ជនល្មើស​មិន​រាងចាល និង​មិន​ខ្លាច​ច្បាប់។

ក្រមព្រហ្មទណ្ឌ​មាត្រា ២៤០ និង ២៤១ ចែងថា បទ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ ឡើង​ទៅ ១៥ឆ្នាំ។ បទល្មើស​នេះ គឺ​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ទន់ខ្សោយ​ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល ដោយ​បុគ្គល​ដែល​មាន​អំណាច​ទៅលើ​ជនរងគ្រោះ និង​ការ​ប្រើ​គ្រប់​វិធី​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​បាត់បង់ ឬ​ចុះ​ខ្សោយ​លទ្ធភាព​ទប់ទល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល