"ការ​បើកបរ​លើស​ល្បឿន​កំណត់​គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍"

ដោយ រាជ វិញ្ញូ
2017-05-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វេទិកា​សារព័ត៌មាន​ស្ដីពី​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Rach Vingur
វេទិកា​សារព័ត៌មាន​ស្ដីពី​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Rach Vingur
RFA/Rach Vingur

អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​បាន​ចំនួន ៤​លើក​ហើយ ហើយ​ក្នុង​ចំណោម​ទាំង​៤​លើក​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ ក្រុម​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ បាន​ជ្រើស​យក​ប្រធានបទ​ថ្មី​គឺ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍"។

ការ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នីមួយៗ ស្វែង​រក​យន្តការ​រួម​មួយ រួច​ហើយ​នាំ​គ្នា​ប្រើប្រាស់​យន្តការ​នោះ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ការ​បើកបរ​ល្បឿន​លើស​កំណត់។

នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោកស្រី លឹម សុខជា ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ប្រារព្ធ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ចំនួន ៣​លើក​មក​ហើយ ដោយ​លើក​ទី​១ ក្រោម​ប្រធានបទ “ការ​ចូលរួម​របស់​យុវជន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍" លើក​ទី​២ ក្រោម​ប្រធានបទ "ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ថ្មើរ​ជើង" និង​លើក​ទី​៣ ក្រោម​ប្រធានបទ "ការ​សង្គ្រោះ​ជីវិត​របស់​កុមារ"។

លោកស្រី​បន្ត​ថា ចំណែក​ប្រធានបទ​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៧ នេះ គឺ​អង្គការ​សហប្រជាជាតិ​សម្រេច​ឱ្យ​បណ្ដា​ប្រទេស​នានា ជ្រើស​យក​ប្រធានបទ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍"។

លោកស្រី លឹម សុខជា បញ្ជាក់​ថា កន្លង​មក​ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល មិន​សូវ​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​បើកបរ​លើស​ល្បឿន​កំណត់ ដូចជា​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​មិន​ពាក់មួក​សុវត្ថិភាព ថ្វី​ត្បិត​ក្នុង​មួយ​ឆ្នាំៗ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្លាប់ និង​រង​របួស​ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន ៤១% ក្ដី៖ «អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ល្បឿន​នឹង​ថយ​ចុះ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ យើង (អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​អ្នក​ប្រើប្រាស់​ផ្លូវ) នឹង​មាន​សកម្មភាព​រួម​គ្នា»

​ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សារព័ត៌មាន​ស្ដីពី​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ "បន្ថយ​ល្បឿន​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍" ដែល​រៀបចំ​នៅ​ក្នុង​សាលាបឋមសិក្សា​ព្រែកឯង នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។

មន្ត្រី​ជំនាញ​ចរាចរណ៍​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស គឺ​បង្ក​ឡើង​ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន ៣៥%។ ដោយ​ឡែក​ក្នុង​រយៈពេល ៣​ខែ​ក្នុង​ឆ្នាំ​២០១៧ នេះ អាជ្ញាធរ​បាន​ឃាត់​យានយន្ត​ដែល​បើក​លើស​ល្បឿន​មាន​ជាង ១​ម៉ឺន (១០.៧៧៨) គ្រឿង។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ចេវ ហាក់ ថ្លែង​ថា ការ​បើក​បរ​លើស​ល្បឿន​កំណត់ គឺ​ជា​បញ្ហា​ចម្បង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហេតុ​នេះ​ហើយ បាន​ជា​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់​គ្រប់​ខេត្ត​ទាំង​អស់ អាជ្ញាធរ​បាន​ពង្រាយ​ម៉ាស៊ីន​តាម​ដាន​ល្បឿន​យានយន្ត ហើយ​បច្ចុប្បន្ន អាជ្ញាធរ​បាន​ដាក់​លិខិត​អញ្ជើញ​ម្ចាស់​យន្តយាន​ដែល​បើកបរ​លើស​ល្បឿន​មាន​ជាង ១​ម៉ឺន​ករណី ដើម្បី​មក​បំពេញ​បែបបទ​តាម​នីតិវិធី​ច្បាប់៖ «ម្ចាស់​យានយន្ត​ទាំង​ឡាយ ដែល​មិន​ចូល​មក​បំពេញ​បែបបទ​តាម​នីតិវិធី​ទេ យើង​នឹង​បញ្ជូន​ទៅ​តុលាការ»

​លោក ចេវ ហាក់ បន្ត​ថា ការ​បើកបរ​លើស​ល្បឿន​កំណត់​កើត​ឡើង​ច្រើន​ក្នុង​អំឡុង​ពិធី​ធំៗ ជា​ពិសេស​គឺ​អ្នក​បើក​រថយន្ត​ឈ្នួល និង​អ្នក​បើកបរ​ផ្គើន​នឹង​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត រួម​ទាំង​ការ​ចុះ​អប់រំ​នៅ​តាម​សាលារៀន​ក្រុមហ៊ុន និង​នៅ​តាម​បណ្ដា​ចំណត​យានយន្ត​នានា។

នាយក​សាលាបឋមសិក្សា​ព្រែកឯង លោក ពៅ សុផាត លើក​ឡើង​ថា រៀងរាល់​ថ្ងៃ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ចេញ​ទៅ​ផ្ទះ សាលា​លោក​រៀបចំ​ដាក់​បារាស បិទ​ផ្លូវ​ដើម្បី​ឱ្យ​កូន​សិស្ស​ឆ្លង​ផ្លូវ ប៉ុន្តែ​កន្លង​កូន​សិស្ស​ធ្លាប់​រង​របួស​ដោយសារ​អ្នក​បើកបរ​លើស​ល្បឿន​មួយ​ចំនួន បើកបរ​ជ្រុល​មក​បុក​បារាស​បិទ​ផ្លូវ​នោះ៖ «សាលា​យើង​បារម្ភ​ណាស់! កន្លង​មក​ធ្លាប់​មាន​ករណី​បើក​បរ​លើស​ល្បឿន មក​បុក​ក្មេងៗ​របួស​ដៃ របួស​ជើង»

​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ដឹង​ថា នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​មនុស្ស​ប្រហែល ១,៣​លាន​នាក់ បាន​ស្លាប់ និង​ជាង ៥០​លាន​នាក់ រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ អង្គការ​ពិភពលោក​មួយ​នេះ​បញ្ជាក់​ថា ពាក់កណ្ដាល​នៃ​អ្នក​ស្លាប់​ទាំង​នេះ គឺ​ជា​អ្នក​ថ្មើរ​ជើង អ្នក​ជិះ​កង់ អ្នក​ជិះ​ម៉ូតូ។ ក្រៅ​ពី​មាន​អ្នក​ស្លាប់ និង​រង​របួស គ្រោះថ្នាក់​ចរាចរណ៍​ក៏​ធ្វើ​ឱ្យ​ខាតបង់​ទាំង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​សង្គម​នីមួយៗ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Cambodian Freedom

ពី Siem Reap

មិន​មែន​មក​ពី​ការ​បើក​បរ​ល្បឿន​លឿន​នោះ​ទេ​គឺ​ដោយ​សារ​ការ​បើក​បរ​គ្មាន​ដឹង​ខ្យល់​ច្បាប់​ចរា​ចរណ៍​មិន​បាន​រៀន​អោយ​តែ​មាន​ម៉ូតូ​ឡាន​ចេះ​តែ​បើក​ទៅ​ទាំង​ទាហាន​ប៉ូលិស​និង​ប្រ​ជា​ជន​

May 12, 2017 05:50 AM

គេហទំព័រ​ទាំងមូល