គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​ពេល​ចូល​បុណ្យ​ឆ្នាំ​ថយ​ចុះ

ដោយ ជិន ជេដ្ឋា
2015.04.18

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៥ ​នេះ មាន​ការ​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៤។ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​របស់​ខេត្ត​ទាំង​ពីរ បង្ហាញ​ពី​មោទនភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន និង​កោត​សរសើរ​ចំពោះ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​គ្រប់​ប្រភេទ​ដែល​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍។

ទន្ទឹម​នឹង​ការ​ថ្លែង​មោទនភាព​ចំពោះ​ការ​ថយ​ចុះ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ មន្ត្រី​នគរបាល​បាន​ស្ដី​បន្ទោស​អ្នក​បំពាន​ច្បាប់​ចរាចរណ៍ ដោយ​បើកបរ​លើស​ល្បឿន​កំណត់ និង​បើក​បរ​ក្រោម​ឥទ្ធិពល​ស្រវឹង។ អ្នក​បង្ក​គ្រោះ​ថ្នាក់​ដោយ​កត្តា​ទាំង​ពីរ​នេះ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​ម៉ឺន​រៀល តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​ទើប​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០១៥។

នៅ​ខេត្ត​កំពង់ឆ្នាំង រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៥ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ៦​ករណី ដែល​តួលេខ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​ទៅ​មួយ​ករណី។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ពីរ​នាក់ និង​របួស​ធ្ងន់ និង​ស្រាល​សរុប​ចំនួន ១៣​នាក់។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ថា នៅ​កំពង់ឆ្នាំង គ្រោះថ្នាក់​ភាគ​ច្រើន​បង្ក​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង និង​លើស​ល្បឿន​កំណត់។

លោក​ថា អ្នក​បើកបរ​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន​ចាប់​ពី ០,៤០​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់​ឡើង​ទៅ គឺ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ដល់ ១​ខែ និង​ផាក​ពិន័យ​ប្រាក់​ចំនួន ៨០​ម៉ឺន​រៀល។

ចំណែក​អ្នក​បើកបរ​លើស​ល្បឿន​កំណត់​ដូច​ជា​នៅ​ទី​ប្រជុំ​ជន​រត់​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង គឺ​ប្រឈម​នឹង​ការ​ដក​ប័ណ្ណ​បើកបរ ហើយ​ពិន័យ​ជា​ប្រាក់ ១២​ម៉ឺន ៥​ពាន់​រៀល៖ «នៅ​តាម​ស្រុក​ឆ្ងាយៗ គាត់​បើក​ម៉ូតូ​បុក​គោយន្ត​ស្លាប់​អ៊ីចឹង​ទៅ​ណា! នេះ​បាន​ន័យ​ថា គាត់​ស្រវឹង​បើក​មិន​មើល ព្រោះ​គោយន្ត​អត់​លឿន​ទេ ហើយ​បុក​ពេល​យប់​យើង​មិន​ថា​ទេ​បុក​ពេល​ថ្ងៃ​បង្ក​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​គាត់។ ប៉ុន្តែ​បើ​សិន​បើ​យើង​ប្រៀបធៀប​កំណើន​ប្រជាជន និង​យានយន្ត​កន្លែង​ណា​ក៏​សម្បូរ​ដែរ​ស្ទះ​ចរាចរណ៍​រហូត ហើយ​អ៊ីចឹង​បើ​ប្រៀបធៀប​ទៅ​វា​មាន​ការ​ថយ​ចុះ​ច្រើន​មែន​ទែន​ហ្មង ដែល​ជា​មោទនភាព»

ចំណែក​នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន ៧​ករណី ដែល​តួលេខ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​ទៅ​ចំនួន​ពីរ​ករណី។ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​មិន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​មាន​អ្នក​រង​របួស​ធ្ងន់ និង​ស្រាល​សរុប​ចំនួន ១៤​នាក់។ កាល​ពី​ឆ្នាំ​២០១៤ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​មាន​អ្នក​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ចំនួន ១១​នាក់។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន ថ្លែង​ថា បច្ចុប្បន្ន​មាន​ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ផ្លូវ​នានា បាន​ជ្រួតជ្រាប​អំពី​ច្បាប់​ចរាចរណ៍ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​មុន ស្រប​ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រឹងប្រែង​អនុវត្ត​ច្បាប់ និង​​បង្កើន​ការ​ផ្សព្វផ្សាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​វិទ្យុ ឬ​ទូរទស្សន៍​ដែរ៖ «ប្រជាជន​ជ្រួតជ្រាប​អំពី​ការងារ​ចរាចរណ៍​ខ្លាំង ហើយ​ដល់​យើង​ធ្វើ​កិច្ចការ​ហ្នឹង​ច្រើន​ណាស់! ទី​មួយ​យើង​ដាក់​ឃោសនា​តាម​វិទ្យុ ទូរទស្សន៍​របស់​យើង​ហ្នឹង ហើយ​យើង​រឹត​បន្តឹង​វិធានការ​ការពារ​បាន​ល្អ​ដែរ​ហ្នឹង​បាន​វា​ថយ»

យ៉ាង​ណា​ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មាន​ភាព​ធូររលុង បើ​ទោះ​បី​ជា​មាន​ច្បាប់​ថ្មី​ល្អ និង​តម្រូវ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន​ទ្វេ​ដង​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់។ ប៉ុន្តែ​មន្ត្រី​នគរបាល​ចរាចរណ៍​បញ្ជាក់​ថា ទន្ទឹម​នឹង​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នោះ គឺ​ត្រូវ​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។