សមាគម​សន្សំប្រាក់​ភូមិ​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​បោក​ប្រាស់​ប្រាក់​អ្នក​ផ្ញើ

ដោយ ហ៊ុំ ចំរើន
2014.09.09

អ្នក​ភូមិ​ប្រមាណ​ជាង ៤០​គ្រួសារ ដាក់​ប្រាក់សន្សំ​​ក្នុង​សមាគម​សន្សំ​ប្រាក់​ភូមិ នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​ប្រធាន​សមាគម​នេះ​ថា បាន​​​​​ឆបោក​យក​ប្រាក់​របស់​អ្នក​បញ្ញើ។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទៅ​សុំ​បើក​ប្រាក់​ដែល​បាន​ដាក់​ក្នុង​សមាគម​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច។ ប៉ុន្តែ​មន្ត្រី​សមាគម​បញ្ជាក់​ថា ការ​បើក​ប្រាក់​យឺតយ៉ាវ​ដោយសារ​បង្វិល​ប្រាក់​មិន​ទាន់។

អ្នក​ភូមិ​ដែល​បាន​ដាក់​ប្រាក់​សន្សំ​កំពុង​ព្រួយ​បារម្ភ​ពី​ការ​យក​ប្រាក់​មក​វិញ​មិន​បាន ហើយ​​រត់​ទៅ​​រក​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​ជួយ​​អន្តរាគមន៍​ពន្លឿន​​​ឲ្យ​សមាគម​ប្រគល់​ប្រាក់​បញ្ញើ​​មក​វិញ​ឲ្យ​បាន​គ្រប់​ចំនួន​ក្នុង​ពេល​ឆាប់ៗ។

អ្នក​ភូមិ​ម្នាក់ គឺ​លោក ខែម ស៊ាង រស់​នៅ​ភូមិ​ជាច​ខាង​ជើង​ឃុំ​ជាច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​ ឲ្យ​ដឹង​ថា នៅ​​​​​​​​​ថ្ងៃ​ទី​៨ កញ្ញា ថា ពួកគាត់​បាន​ដាក់​ប្រាក់​បញ្ញើ​ក្នុង​សមាគម​សន្សំ​ប្រាក់​ភូមិ​ជាច ចាប់​តាំង​ពី​ឆ្នាំ​២០១១ រហូត​ទល់​សព្វ​ថ្ងៃ​ ដោយ ៣​ខែ​ដំបូង​ ក្នុង​ទឹក​ប្រាក់ ១​លាន​រៀល​ ទទួល​ការ​ប្រាក់ ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​ខែ។ ៣​ខែ​ក្រោយ​មក​ទៀត អត្រា​ការ​ប្រាក់​ចុះ​មក​នៅ ២​ម៉ឺន​រៀល​បន្ត​បន្ទាប់​​ រហូត​ធ្លាក់​មក​នៅ ១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​ខែ។

លោក​បន្ត​ថា ​នៅ​ដើម​ឆ្នាំ​២០១៤ អត្រា​ការ​ធ្លាក់​មក​នៅ​ត្រឹម​សូន្យ ហើយ​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ជ្រួល​ច្របល់​​តវ៉ា​សុំ​បើក​ប្រាក់​បញ្ញើ​​វិញ ប៉ុន្តែ​ត្រូវ​សមាគម​យក​លេស​ដោះសា​មិន​ឲ្យ​ប្រាក់​មក​វិញ​រហូត៖ «ព្រួយ​បារម្ភ​ដេក​មិន​លក់​ទេ ព្រោះ​មាន​តែ​ប៉ុណ្ណឹង​ផង លក់​គោ​លក់​ក្របី​យក​ទៅ​ដាក់​ហ្នឹង ហើយ​គេ​អត់​សង​អ៊ីចឹង គេ​អត់​ទទួល​ខុស​ត្រូវ គេ​ថា​វា​មិន​ដឹង​វា​យ៉ាង​ម៉េច​របៀប​ណា​គេ​មិន​ទទួល។ គេ​អ្នក​កាន់​កាប់​លុយ​ហ្នឹង គេ​ដាក់​ផ្ទះ​គេ​អី ផ្ទះ​គេ​ហ្នឹង​ដល់​បាត់​លុយ បាត់​ខ្លួន​វា​ហ្នឹង ហើយ​គេ​មិន​ទទួល​ខុស​ត្រូវ»។

​​​​​អ្នក​ដាក់​ប្រាក់​បញ្ញើ​ម្នាក់​ទៀត​ គឺ​ ណូត​ ណាំ​ មាន​មតិ​ថា​ ដោយ​ហេតុ​តែ​ថា ជីវភាព​ក្រីក្រ​ចង់​បាន​ការ​ប្រាក់​ដើម្បី​ដោះ​បន្ទុក​គ្រួសារ​ សម្រេច​ចិត្ត​លក់​ដី​ស្រែ​មួយ​កន្លែង​បាន​ប្រាក់ ៤​លាន​រៀល​ ហើយ​យក​ទៅ​ដាក់​សន្សំ​ក្នុង​សមាគម​​ប្រមាណ ៣​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា ដំបូង​ឡើយ​អត្រា​ការប្រាក់​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ចុង​ក្រោយ​មក​នេះ​បាន​រាំង​ស្ទះ​ខុស​ប្រក្រតី​ មិន​បាន​ការ​ប្រាក់​ជាង ៦​ខែ​មក​ហើយ​ ដោយ​ឃើញ​សកម្មភាព​មិន​ស្រួល​ទៅ​សុំ​ដក​ប្រាក់​ដើម​មក​​វិញ​តែ​មិន​បាន​សម្រេច​សោះ៖ «មិន​ដឹង​កាល​បាន​ទេ ដូច​ចង់​អស់​សង្ឃឹម ប៉ុន្តែ​នឹក​ឃើញ​ថា ចង់​ឲ្យ​បងប្អូន ឬ​ក៏​អង្គការ​អ្នក​តូច​អ្នក​ធំអី​ មន្ត្រី​រាជការ​អី​ជួយ​ឲ្យ​ដោះស្រាយ​ផង ព្រោះ​ខ្ញុំ​ហ្នឹង​ប្រជាពលរដ្ឋ​ល្ងង់​ខ្លៅ​ណាស់ មិន​ដឹង​និយាយ​យ៉ាង​ម៉េច។ ដូច​ជា​ខ្ញុំ​អី​មិន​ដឹង​និយាយ​ម៉េច​ខុស​ត្រូវ​អី​យ៉ាង​ម៉េច​ទេ»។

​​​​​​​​​​​​លោក​បន្ត​ថា ពួកគាត់​បាន​ទៅ​សាកសួរ​សមាគម​ប្រាក់​សន្សំ​​ជា​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​សមាគម​គេច​វេះ​មិន​ដោះស្រាយ​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​សមាគម​ប្រាក់​សន្សំ​ភូមិ​ជាច​ខាង​ជើង​​ លោក យាត​ សាមឿន​ ទទួល​ស្គាល់​ថា ការ​ផ្ដល់​ការ​ប្រាក់​ដល់​អ្នក​បញ្ញើ​មិន​ទៀត​ទាត់​រយៈពេល​ចុង​ក្រោយ​នេះ ពិត​ជា​មាន​មែន ប៉ុន្តែ​ការ​រអាក់រអួល​​នេះ​​ពុំ​មែន​សមាគម​មាន​ចេតនា​បោក​ប្រាក់​បញ្ញើ​របស់​អ្នក​ភូមិ​នោះ​ទេ។

លោក​ថា ហេតុ​ដែល​យឺត​យ៉ាវ​នោះ​ដោយសារ​បង្វិល​ប្រាក់​មិន​ទាន់​ ហើយ​ថា​នឹង​ដោះស្រាយ​ជូន​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ៖ «យើង​ដោះ​ស្រាយ​យើង​មិន​មែន​ដោះស្រាយ​​តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​អី​ចប់​ទេ ព្រោះ​រឿង​ចេះ​តែ​វែង សារបណ្ណ​វា​មាន​ការ​បាត់​បង់​លុយ​ផ្ទៃ​ក្នុង វា​រយៈ​ពេល​មួយ​ឆ្នាំ ដល់​អ៊ីចឹង​យើង​​ត្រូវ​វែក​មើល​សិន។ យើង​ទុក​ឱកាស​យើង​ស្រាវជ្រាវ​អាតាក់​គ្នា​ទៅ​វិញ​ទៅ​មក​សិន បើ​អាតាក់​ចប់​ហើយ យើង​គិត​ថា​អ្នក​ណា​ត្រូវ​ថា​ប៉ុន្មាន​ភាគរយៗ​ត្រូវ​ចេញ​ណាស់ គោល​បំណង​អ៊ីចឹង​ហ្នឹង​ហើយ។ថា​ឥឡូវ​ពី​ណា​ត្រូវ​ចេញ​ប៉ុន្មានៗ អា​ហ្នឹង​ចុង​ក្រោយ​យើង​ជូន​គាត់​ទាំង​អស់​តែម្ដង»

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សមាគម​ត្រូវ​ផ្ដល់​ការ​ប្រាក់​ដល់​អ្នក​បញ្ញើ​ទៀង​ទាត់ ហើយ​ក្នុង​ករណី​មាន​រអាក់រអួល​ដោយ​ប្រការ​ណា​នោះ ត្រូវ​ផ្ដល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ។

ចំណែក​ឯ​ការ​ដក​ប្រាក់​បញ្ញើ អាច​ដក​នៅ​ពេល​ណា​នោះ​លោក​ថា​ អាស្រ័យ​ទៅ​លើ​កិច្ច​សន្យា​រវាង​ភាគី​ទាំង​សង្ខាង៖ «ជា​ការ​ទទួល​ខុស​ត្រូវ​គាត់​ត្រូវ​តែ​ដោះ​ស្រាយ​វា​មិន​អាច​បញ្ហា​ផ្ទៃ​ក្នុង​ហ្នឹង​ដោះ​ស្រាយ​រាប់​ឆ្នាំ​ទេ។ ពីព្រោះ​គាត់​លុយ​កាក់​បោះ​គាត់​នោះ ព្រោះ​យើង​ដឹង​ហើយ គ្នា​អ្នក​ក្រីក្រ​សន្សំ​លុយ​ហ្នឹង​ក៏​ផ្ដាច់​ពី​មាត់​ពី​ក​មិន​តិច​ដែរ ហើយ​បើ​សិន​ជា​យើង​ថា ដោយសារ​តែ​ផ្ទៃ​ក្នុង​ដោះ​មិន​ទាន់​កើត​អ៊ីចឹង​ប៉ុន្មាន​ទៅ​បាន​អាច​ដោះ​បាន!»

​​អ្នក​ភូមិ​​ខ្លះ​លក់​គោក្របី​លក់​ដី​ស្រែ​​ដើម្បី​យក​​​ប្រាក់​ទៅ​ដាក់​​​​ក្នុង​សមាគម​ប្រាក់​សន្សំ​ភូមិ​ជាច​ខាងជើង​ ប្រមាណ​ជាង ៤០​គ្រួសារ​ គិត​ជា​​ប្រាក់​ប្រមាណ ២០០​លាន​រៀល។ ពួកគាត់​ទាំង​នោះ​មិន​បាន​ទទួល​​ការ​ប្រាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤ រហូត​មក។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​អន្តរាគមន៍​ ប៉ុន្តែ​មិន​ទាន់​ទទួល​​លទ្ធផល​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។