សន្តិសុខ​ម្នាក់​ស្លាប់​ក្នុង​ពេល​តវ៉ា​ទាមទារ​បើក​ប្រាក់​ឈ្នួល

ដោយ អាស៊ីសេរី
2018-01-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

សន្តិសុខ​របស់​ក្រុមហ៊ុន SSC ម្នាក់​ខ្យល់គរ​ស្លាប់​ភ្លាមៗ ក្នុង​ចំណោម​ជាង ២០​នាក់​ផ្សេង​ទៀត កំពុង​តវ៉ា​នៅ​ក្នុង​ក្រុមហ៊ុន ដែល​មាន​ទីតាំង​នៅ​ម្ដុំ​វិទ្យាល័យ​ឥន្ទ្រទេវី ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សុំ​បើក​ប្រាក់​ឈ្នួល នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។

​សន្តិសុខ​ដែល​ដាច់​ខ្យល់​ស្លាប់​នោះ ត្រូវ​បាន​គេ​អះអាង​ថា ឈ្មោះ ចំរើន បាន​ខ្យល់គរ​ស្លាប់ ខណៈ​ដែល​រូប​គាត់​កំពុង​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ប្រចាំ​ខែ​ធ្នូ ឲ្យ​គាត់។

​សន្តិសុខ​ម្នាក់ ឈ្មោះ យ៉េប ឧសភា ដែល​បាន​ចូលរួម​ការ​តវ៉ា​ជាមួយ​គ្នា​អះអាង​ថា សព​របស់​សន្តិសុខ​ឈ្មោះ ចំរើន ត្រូវ​បាន​តម្កល់​នៅ​សាល​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ។ លោក​ប្រាប់​ថា សន្តិសុខ​រូប​នេះ​ខ្យល់គរ​ស្លាប់ អាច​មក​ពី​ក្ដាត​ការ​ហូប​ចុក​តិចតួច ព្រោះ​ពួកគាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ត្រឹមតែ ១៤០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ថៅកែ​បើក​ប្រាក់​ខែ​ឲ្យ​យឺតយ៉ាវ​ទៀត នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៖ «គាត់​អត់​សូវ​ហូប​គ្រប់គ្រាន់។ ប្រាប់​ខែ​បើក​មិន​ទៀងទាត់ អ៊ីចឹង​ទៅ​គាត់​មក​តវ៉ា ដល់​គាត់​អត់​អី​ហូប ខ្យល់គរ​តែម្ដង។ សព​តម្កល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត»

​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ SSC ឈ្មោះ សុគន្ធ ពន្យល់​ថា ប្រាក់​ឈ្នួល​នៅ​ខែ​ធ្នូ ថៅកែ​មិន​ទាន់​បើក​ជូន ដោយសារ​តែ​ចុង​ខែ​ធ្នូ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ ដែល​រដ្ឋបាល និង​គណនេយ្យ​ក្រុមហ៊ុន​ឈប់​សម្រាក។ ចំណែក​សន្តិសុខ​ម្នាក់​ដែល​ខ្យល់គរ​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​ពេល​កំពុង​តវ៉ា​នោះ តំណាង​ក្រុមហ៊ុន​ពន្យល់​ថា គាត់​បាន​ដួល​ផ្ងារ​ក្រោយ ហើយ​ស្លាប់​នៅ​ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត មិន​មែន​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​ទេ។ លោក​បន្ត​ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សំណង ព្រោះ​ខាង​ក្រុមហ៊ុន​បាន​ទិញ​សេវា​ធានារ៉ាប់រង​របស់ ប.ស.ស ហើយ។ ចំពោះ​ក្រុមហ៊ុន​សន្តិសុខ SCC នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​សន្តិសុខ​ឈ្មោះ ចំរើន នេះ​ទេ៖ «គាត់​ដួល​ផ្ងារ​ទៅ​ក្រោយ គាត់​មិន​មែន​ស្លាប់​នៅ​ទី​នេះ (ក្រុមហ៊ុន) ទេ។ ដួល​ភ្លាម​យើង​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដល់​ពេទ្យ​គេ​ធ្វើ​កោសលវិច័យ​ទៅ គាត់​ស្លាប់ ជួយ​អត់​បាន។ ក្រុមហ៊ុន​យើង​មាន​ធានារ៉ាប់រង​របស់​បេឡា​ជាតិ (ប.ស.ស) អ៊ីចឹង​រាល់​គ្រោះថ្នាក់ គឺ​ខាង​បេឡា​ជាតិ​អ្នក​ទទួល​ខុស​ត្រូវ...»

​ក្រោយពី​មាន​ការ​បកស្រាយ​ពី​តំណាង​របស់​ក្រុមហ៊ុន និង​មាន​ការ​សន្យា​ថា ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ធ្នូ នឹង​ត្រូវ​បើក​ឲ្យ​នៅ​ថ្ងៃ​ទី​៥ មករា ក្រុម​សន្តិសុខ​បាន​រំសាយ​គ្នា​ត្រឡប់​ទៅ​វិញ។ ក៏ប៉ុន្តែ​ពួកគាត់​ស្នើ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ SSC ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ឬ ៣១ រាល់​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល