ជីវិត​វៀតណាម​នៅ​លើ​ទឹក​ក្នុង​ភូមិ​​អរិយក្សត្រ​និង​ផល​ប៉ះពាល់​សុខភាព​-​​បរិស្ថាន

ដោយ សិរីមុនី
2015.06.15
វៀតណាម អរិយក្សត្រ ៦២០ ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥
RFA/Sireymuny

ពលរដ្ឋ​វៀតណាម សុំ​ពន្យារ​ពេល​ការ​តាំង​ទីលំនៅ​លើ​ដង​ទន្លេ​ចតុមុខ នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ភូមិ​អរិយក្សត្រ នៅ​ទល់​មុខ​កោះ​ពេជ្រ រហូត​ដល់​ដើម​ឆ្នាំ​២០១៦ ខាង​មុខ។ ការ​សន្យា​សុំ​ពន្យារ​ពេល​រស់​នៅ​លើ​ដង​ទន្លេ​នេះ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ល្វាឯម បាន​បណ្ដេញ​ជនជាតិ​វៀតណាម ទាំង​នេះ​ចេញ​ពី​ការ​រស់​នៅ​លើ​ដង​ទន្លេ​ចតុមុខ​នេះ។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ពន្យល់​ថា ការ​បោះ​សំរាម ការ​ចិញ្ចឹម​ត្រី និង​ការ​បន្ទោបង់​ចូល​ក្នុង​ទឹក គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ខ្វះ​សុវត្ថិភាព និង​ជា​ប្រភព​នៃ​មេរោគ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​អរិយក្សត្រ​នោះ​ដែរ សាទរ​ចំពោះ​ចំណាត់​ការ​នេះ ដោយ​ពួកគាត់​លើក​ឡើង​ថា ការ​រស់​នៅ​លើ​ទឹក​របស់​ពលរដ្ឋ​វៀតណាម មិន​មាន​អនាម័យ និង​ធ្លាប់​បង្ក​បញ្ហា​ក្នុង​រស់​នៅ​ដល់​ពួកគាត់ ពិសេស​គឺ​បញ្ហា​សុខភាព។

ពលរដ្ឋ​វៀតណាម រស់​នៅ​លើ​ទឹក​ទន្លេ​ចតុមុខ ស្ថិត​នៅ​ក្នុង​ឃុំ​អរិយក្សត្រ មិន​ជំទាស់​ទៅ​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​ពួកគាត់​កំពុង​ស្វែង​រក​សុំ​ការ​ពន្យារ​ពេល​រស់​នៅ​​ទី​នោះ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ពលរដ្ឋ​វៀតណាម សុំ​ពន្យារ​ពេល​រស់​នៅ​លើ​ទន្លេ​ចតុមុខ នៅ​ទល់​មុខ​ព្រះ​បរម​ព្រះរាជវាំង​បន្ត​នេះ ដោយសារ​តែ​ពួកគាត់​ចិញ្ចឹម​ត្រី​ចង់​ឲ្យ​ត្រី​ធំ​ល្មម​ចាប់​លក់​ជា​មុន​សិន។

អាជ្ញាធរ​ខេត្ត​កណ្ដាល ប្រកាស​ដេញ​ជន​វៀតណាម ដែល​ការ​រស់​នៅ​ខុស​ច្បាប់​នៅ​កំពង់ចម្លង​អរិយក្សត្រ ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា កន្លង​ទៅ ក៏ប៉ុន្តែ​ការ​បណ្ដេញ​ចេញ​នេះ មិន​បាន​បញ្ជាក់​ច្បាស់​ថា  តើ​បណ្ដេញ​ទៅ​ប្រទេស​វៀតណាម​វិញ ឬ​យ៉ាង​ណា​នោះ​ទេ?

ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​នៅ​ម្ដុំ​កំពង់​ចម្លង​អរិយក្សត្រ មាន​ចំនួន ៤៣​គ្រួសារ និង​មាន​សមាជិក​ប្រមាណ​ជិត ៣០០​នាក់។ ពលរដ្ឋ​ទាំង​នេះ​មក​តាំង​ទីលំនៅ​តាំង​ពី​ឆ្នាំ​២០០៩ ខ្លះ​មក​នៅ​កាល​ពី​ឆ្នាំ​២០១០ ដោយ​មាន​សៀវភៅ​ស្នាក់នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម ត្រឹមត្រូវ។ រី​ឯ​ពលរដ្ឋ​ពល​វៀតណាម ចំនួន ១៦៤​គ្រួសារ​ទៀត​រស់​នៅ​លើ​គោក នៅ​ឃុំ​អរិយក្សត្រ ដូច​គ្នា អាជ្ញាធរ​មិន​បណ្ដេញ​ចេញ​ទេ។

ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥
ទិដ្ឋភាព​នៅ​ក្នុង​ភូមិ​អរិយក្សត្រ ឬ​ហៅ​ភូមិ​វៀតណាម ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ រូប​ថត​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៥
RFA/Sireymuny

 

ការ​មក​អាស្រ័យ​ផល​ជា​អ្នក​ចិញ្ចឹម​ត្រី ជា​ជាង​ឈើ អាជីវករ និង​កម្មករ​សំណង់​ជាដើម​របស់​ពលរដ្ឋ​វៀតណាម នៅ​ភូមិ​អរិយក្សត្រ ទល់​មុខ​កោះ​ពេជ្រ​នេះ ស្ទើរ​តែ​សង់​លំនៅឋាន​រស់​នៅ​ជា​លំនៅ​អចិន្ត្រៃយ៍​ទៅ​ហើយ។

ទោះ​បី​អាជ្ញាធរ​ខេត្ត​កណ្ដាល ប្រកាស​ដេញ​ចេញ​ជន​ជាតិ​វៀតណាម ឲ្យ​ចេញ​ជា​កំហិត​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​វៀតណាម មិន​តវ៉ា និង​មាន​សកម្មភាព​ធម្មតា​ហាក់​ដូចជា​មិន​ខ្វល់ខ្វាយ​អ្វី​ជា​ខ្លាំង​នោះ​ទេ។

ផ្ទះ​ទឹក​មួយ​របស់​ជនជាតិ​វៀតណាម ដែល​មាន​សមាជិក ៤ ទៅ ៥​នាក់ កំពុង​មើល​ទូរទស្សន៍​យ៉ាង​សាមញ្ញ និង​ហាក់​មិន​ខ្វល់ ខណៈ​ដែល​សេចក្ដី​ប្រកាស​បណ្ដេញ​ខ្លួន​ចេញ​ស្ថិត​នៅ​លើ​ធ្នើរ​នៃ​ច្រក​ទ្វារ​ចូល​ផ្ទះ​របស់​ខ្លួន តែ​ម្នាក់ៗ​បែរ​ជា​តាមដាន​មើល​រឿង​បរទេស​ដោយ​ជក់​ចិត្ត​ដិត​អារម្មណ៍ មិន​គិត​ពី​បញ្ហា​ប្រឈម​នៃ​ការ​រើ​ផ្លាស់​ទីលំនៅ​នោះ​ទេ៖ «សំឡេង​ភាពយន្ត​ក្នុង​ទូរទស្សន៍»

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដៃ​ស្ដាំ​ទាញ​កូនកន្សែង ដៃ​ឆ្វេង​ដុស​កូន​កន្សែង​ផ្ទប់​នឹង​ក្ដារ​បន្ទះ​ក្នុង​ចានដែក​បោក​ខោ​អាវ គាត់​មាន​ឈ្មោះ​ថា ហ្វៀង ធឿង។ គាត់​កំពុង​បោក​ខោអាវ​នៅ​លើ​ផ្ទះ​ទឹក។ នៅ​ពេល​និយាយ​ពី​ការ​ដេញ​ចេញ គាត់​​ប្រែ​មុខ​ស្រពោន ហាក់​គ្មាន​សង្ឃឹម​ក្នុង​ចិត្ត និង​រស្មី​ជីវិត​ត្រូវ​រលត់​ក្រោម​ដំណក់​ភ្លៀង​លើ​ផ្ទៃ​សាគរ។ ស្រី​វៀតណាម រួប​នេះ​បែរ​ជា​សំដែង​ពី​ទុក្ខ​ព្រួយ​នៅ​ពេល​ផ្លាស់​ទីលំនៅ​នឹង​ត្រូវ​មក​ដល់​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​រស់​នៅ​ទី​នេះ​ជាង ១០​ឆ្នាំ​ហើយ។ មក​ពី​ប្រទេស​វៀតណាម ២០​ឆ្នាំ​ជាង»

មេ​ភូមិ​អរិយក្សត្រ ឬ​ភូម​វៀតណាម ដែល​ជា​ជនជាតិ​វៀតណាម ដែរ​នោះ លោក ស្រឿង តឺយ លើក​ឡើង​ថា ប្រជាជន​វៀតណាម ៤៣​គ្រួសារ​ដែល​រស់​នៅ​លើ​ផ្ទះ​ទឹក សុទ្ធ​តែ​មាន​សៀវភៅ​ស្នាក់​នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្រុក​ល្វាឯម។ លោក​លើក​ឡើង​ដោយ​ផ្នែក​តាម​អតីតកាល​ថា កាល​ពី​មុន​បង​ប្អូន​វៀតណាម មក​តាំង​ទីលំនៅ​ដំបូង​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រស់​នៅ ស្រាប់​តែ​ពេល​នេះ​មក​ដេញ​ដោយ​ប្រញាប់ប្រញាល់​ជា​ទីបំផុត​ទៅ​វិញ។

លោក​មិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ​ខ្មែរ​នេះ​ទេ៖ «អូ! ឥឡូវ​រក​ទិសដៅ​មិន​ឃើញ​ទេ ខាង​ស្រុក​នេះ​គេ​រក​កន្លែង​ខាង​ក្រោម​នេះ ត្រឹម​ព្រែក​អង់កឹម។ គេ​ប្រុង​ឲ្យ​នៅ​ហ្នឹង តែ​ប្រជាជន​ស្ទង់​ទឹក​មើល​បែរ​ចត់​អត់​បាន ទឹក​រាក់ ...មិន​ដឹង​ទៅ​ណា​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភារុណ មាន​ប្រសាសន៍​ថា ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ទាំង​នោះ អាជ្ញាធរ​ប្រកាស​បណ្ដេញ​ចេញ ព្រោះ​ពួកគាត់​មិន​មាន​ឯកសារ​ស្រប​ច្បាប់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​​តាម​ច្បាប់​អន្តោប្រវេសន្ត។

លោក ម៉ៅ ភារុណ៖ «បើ​រក​ឃើញ​ថា គាត់​មាន​ឯកសារ​ស្រប​ច្បាប់ យើង​នឹង​ចាត់​វិធានការ ប៉ុន្តែ​ចាំ​បាច់​មិន​ឲ្យ​នៅ​ក្នុង​ទឹក​តាម​មាត់​ទន្លេ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​អាជ្ញាធរ​ត្រឹមត្រូវ​នោះ​ទេ។ វា​ធ្វើ​ឲ្យ​មាន​បញ្ហា ទី​១ សន្តិសុខ​សង្គម និង​ទី​២ បរិស្ថាន។ ដូច​គាត់​ចិញ្ចឹម​ត្រី គាត់​បន្ទោបង់​ក្នុង​ទឹកជា​ដើម»

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្បែរ​ភូមិ​វៀតណាម ឬ​ភូមិ​អរិយក្សត្រ សាទរ​ចំពោះ​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​បណ្ដេញ​ចេញ​ជនជាតិ​វៀតណាម។ ពលរដ្ឋ​បន្ត​ថា បើ​ដេញ​ចេញ​អាជ្ញាធរ​ត្រូវ​បញ្ជូន​ជនជាតិ​វៀតណាម ទាំង​នោះ ទៅ​ប្រទេស​វៀតណាម វិញ មិន​មែន​គ្រាន់​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ចាក់​ចេញ​ពី​អរិយក្សត្រ ហើយ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ផ្សេង​នោះ​ឡើយ៖ «វា​ចាប់​ខ្មែរ​យើង វា​ចាប់​យក​ទៅ​ពន្លិច​ទឹក​កណ្ដាល​ទន្លេ។ ខ្ញុំ​ចង់​ឲ្យ​តែ​ដេញ​ចេញ​ទៅ»

នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា បើ​សិន​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​នៅ​កំពង់​ចម្លង​អរិយក្សត្រ មិន​មាន​ឯកសារ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​នោះ​ទេ។ អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន្ត​ដោយ​បញ្ជូន​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ។

លោក​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ចាត់​វិធានការ​ស៊ើប​អង្កេត​ភ្លាមៗ​ចំពោះ​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​បាន​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​តាម​រយៈ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ទាំង​អស់​នោះ។

ជន​ជាតិ​វៀតណាម នេសាទ​ត្រី​នៅ​ភូមិ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។
ជន​ជាតិ​វៀតណាម នេសាទ​ត្រី​នៅ​ភូមិ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

ជំពូក​ទី​២ ស្ដីពី​ជនបរទេស​មិន​មែន​អន្តោប្រវេសន្ត​មាត្រា​៨ វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​អន្តោប្រវេសន៍ ចែង​ថា ជនបរទេស​មិន​មែន​អន្តោប្រវេសន៍​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ត្រូវ​មាន​ការ​អនុញ្ញាត​ចូល​ជា​មុន​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​តាម​រយៈ​អាជ្ញាធរ​បទេស​ណា​មួយ​ដែល​តំណាង​ឲ្យ​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស។

​ក្រៅ​ពី​ការ​រស់​នៅ​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​វៀតណាម មួយ​ចំនួន​នៅ​កម្ពុជា នេះ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ប្រើប្រាស់​ទឹក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹក​មិន​ស្អាត។ ទឹក​មិន​ស្អាត ព្រោះ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​មាន​បែ​ចិញ្ចឹម​ត្រី​ក្នុង​ទឹក ចោល​សំរាម​ក្នុង​ទន្លេ និង​បន្ទោបង់​ក្នុង​ទឹក​ជា​ដើម៖ «ទេ! អាណិត​មិន​អាណិត​ឲ្យ​វា​ទៅៗ វា​ពិបាក​គ្រប់​សព្វ​ហើយ។ ពិបាក​ទាំង​ងូត​ទឹក ផឹង​ទឹក។ សព្វថ្ងៃ​ដូច​ទឹក​អាចម៍​យួន​ហើយ»

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេស​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូងបាត បញ្ចប់​ការ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា ទឹក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​មនុស្ស​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​ទឹក​ក៏​ជា​ប្រភព​នៃ​មេរោគ​ដែរ បើ​សិន​ទឹក​នោះ​មិន​ស្អាត និង​គ្មាន​សុវត្ថិភាព។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ការ​ពលរដ្ឋ​បោះ​សំរាម ចិញ្ចឹម​ត្រី និង​បន្ទោបង់​ចូល​ទៅ​ក្នុង​ទឹក វា​គឺ​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ។

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ៖ «ទឹក​មាន​មេរោគ មេរោគ​វា​ចូល​ទៅ​ក្នុង​ខ្លួន​យើង​ចូល​ទៅ​ក្នុង​ឈាម​យើង ហើយ​ចូល​ទៅ​ផ្លូវ​រំលាយ​អាហារ​យើង វា​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស​ទី​១ ទី​២ ធម្មតា​លាមក​មនុស្ស​យើង និង​សំរាម វា​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ និង​ប៉ារ៉ាស៊ីត និង​សត្វ​ល្អិត។ ហើយ​សត្វ​ល្អិត​ហ្នឹង​វា​បង្ក​បញ្ហា​ច្រើន​ដល់​សុខភាព។ យើង​មាន​មេរោគ​ក្រពះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមាណ ៦០ ទៅ ៧០% ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា ហើយ​មេរោគ​ក្រពះ​វា​ឆ្លង​តាម​រយៈ​មិន​ស្អាត​ហ្នឹង​ឯង»

ចំពោះ​ទិន្នន័យ​ជនអន្តោប្រវេសន៍​វៀតណាម គណបក្ស​ប្រឆាំង​អះអាង​ថា មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​រដ្ឋាភិបាល​វិញ​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា​មាន​ចំនួន​តែ​ជាង​មួយ​សែន​ប៉ុណ្ណោះ។

អាជ្ញាធរ​នឹង​ចុះ​រើ​លំនៅឋាន​បែចិញ្ចឹម​ត្រី បើ​ពលរដ្ឋ​វៀតណាម​ទាំង ៤៣​គ្រួសារ​មិន​ព្រម​ចាក​ចេញ​ទេ​នោះ។ តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ស្រុក​ល្វាឯម ពលរដ្ឋ​វៀតណាម ត្រូវ​តែ​ចាក​ចេញ​ពី​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២២ មិថុនា ជា​កំហិត និង​ដោយ​គ្មាន​លក្ខខណ្ឌ។ បើសិនជា​ជនជាតិ​វៀតណាម ទាំង​នេះ មិន​ព្រម​ចាកចេញ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​ក្ដី នឹង​ចុះ​រើ​លំនៅឋាន បែ​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​វៀតណាម​ទាំង ៤៣​គ្រួសារ​នេះ តែ​ជនជាតិ​វៀតណាម ទាំង​នេះ​សុំ​ពន្យារ​ពេល​រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ។ បញ្ហា​នេះ គេ​នៅ​ចាំ​មើល​ទៀត​ថា តើ​អាជ្ញាធរ​នឹង​ពន្យារ​ពេល​ជូន​ជនជាតិ​វៀតណាម តាម​សំណើ ឬ​គេ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​បណ្ដេញ​ចេញ​នៅ​ខែ​មិថុនា​នេះ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។