ស្ថានភាព​រស់​នៅ​របស់​ស្ត្រី​ដែល​រង​ការ​បណ្ដេញ​ចេញ

ដោយ សុ ជីវី
2013-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អឿន ជីវ័ន ៣០៥
អ្នកស្រី អឿន ជីវ័ន រៀប​រាប់​ពី​ជីវិត​ជា​អ្នក​លី​បាវ​អង្ករ​ដើម្បី​ប្ដូរ​យក​ប្រាក់ នៅ​ផ្ទះ​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Uon Chhin

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិ​ដី​ធ្លី​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​មាន​ពលរដ្ឋ​ចំនួន ៥៤​សហគមន៍​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ។ ពួក​គេ​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​ធ្លាប់​រស់​នៅ និង​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ងាយ​ស្រួល។

មកដល់​ពេល​នេះ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បណ្ដេញ​ចេញ​ទាំង​នោះ នៅ​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ ហើយ​កំពុង​ជួប​ប្រទះ​នឹង​ជីវភាព​កាន់​តែ​យ៉ាប់​យឺន បើ​ប្រៀប​ធៀប​នឹង​ជីវភាព​នៅ​មុន​ពេល​ត្រូវ​បណ្ដេញ​ចេញ។ ផល​ប៉ះ​ពាល់​នៃ​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ស្ត្រី និង​កុមារ ដែល​ជា​អ្នក​ងាយ​រង​គ្រោះ។

បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ក្រុង

ក្នុង​វ័យ ២២​ឆ្នាំ អឿន ជីវ័ន កំពុង​ពពោះ​កូន​ទី​៣ របស់​នាង​បាន ៩​ខែ​ហើយ។ បើ​ទោះ​ជា​នាង​ជិត​ដល់​ពេល​សម្រាល​ហើយ​ក៏​ដោយ ក៏ ជីវ័ន មិន​បាន​ឈប់​សម្រាក​ពី​ការងារ​របស់​នាង​ដែល​ជា​អ្នក​លី​បាវ​អង្ករ​ដែរ។

អ្នកស្រី អឿន ជីវ័ន៖ «ចូល​គ្រប់​ខែ​ហើយ​នៅ​តែ​ថ្ងៃ (ចាំ​ថ្ងៃ​កើត)។ សំណួរ៖ តើ​នៅ​តែ​ទៅ​លី​អង្ករ​រាល់​ថ្ងៃ? ចម្លើយ៖ ចាស! សំណួរ៖ ១​បាវ​ប៉ុន្មាន​គីឡូ? ចម្លើយ៖ ១​បាវ ៥០​គីឡូក្រាម។ សំណួរ៖ មួយ​ថ្ងៃ​លើ​ប៉ុន្មាន​បាវ? ចម្លើយ៖ អត់​ទៀង​បង! គេ​ស៊ី​តោន មួយ​ក្រុម​អ៊ីចឹង ១០​នាក់​លី​ទៅ​ជួន​កាល ១៥​តោន ១២​តោន​អ៊ីចឹង​ទៅ ចែក​គ្នា»

ចាប់​ពី​ម៉ោង ៧​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ ជីវ័ន និង​សមាជិក​ក្នុង​គ្រួសារ​នាង​ជា​ច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ត្រពាំង​អញ្ចាញ​ថ្មី ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ទៅ​កាន់​ឃ្លាំង​អង្ករ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ផ្ទះ។ កម្មករ​លី​បាវ​អង្ករ​គឺ​ជា​មុខ​របរ​ប្រចាំ​របស់​គ្រួសារ ដែល​មាន​សមាជិក​សរុប​ជិត ៣០​នាក់​មួយ​នេះ ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ ជីវ័ន ដែល​មាន​ផ្ទៃ​ពោះ ៩​ខែ​ហើយ​នោះ នៅ​តែ​បន្ត​ជួយ​លី​បាវ​អង្ករ ដើម្បី​បំពេញ​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ។

ជីវ័ន យក​ដៃ​ស្ទាប​អង្អែល​ផ្ទៃពោះ​បណ្ដើរ​និយាយ​បណ្ដើរ​ថា ចូល​ដល់​ខែ​នេះ​នាង​ធ្វើ​ការ​មិន​សូវ​បាន​ជាប់​លាប់​ឡើយ ដ្បិត​សុខភាព​មិន​សូវ​ល្អ ម្យ៉ាង​ជិត​ដល់​ពេល​គ្រប់​ខែ​ត្រូវ​សម្រាល​កូន​ផង។ នាង​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា នាង​អត់​មាន​ជម្រើស​ទេ នៅ​ពេល​ដែល​ឮ​សំណួរ​ថា តើ​នាង​មិន​ចង់​សម្រាក​អោយ​បាន​ស្រួល​ខ្លួន​បន្តិច​នៅ​មុន​ពេល​សម្រាល​កូន​ទេ​ឬ?

អឿន ជីវ័ន ៣០៥
៤-មេសា-២០១៣៖ អ្នកស្រី អឿន ជីវ័ន (ស្ដាំ) អង្គុយ​រង់ចាំ​​លី​អង្ករ។ RFA/Uon Chhin

អ្នកស្រី អឿន ជីវ័ន៖ «វា​ធ្វើ​ទុក្ខ វា​រាង​ចុកៗ​ក្រោម​ពោះ អ៊ីចឹង​ទៅ​ខ្ញុំ​ឈប់​ទៅ សម្រាក​ទៅ។ ជួន​កាល​កំពុង​តែ​ឈឺៗ​ សុំ​គេ​សម្រាក​​ទៅ ហើយ​អោយ​គេ​កាត់​លុយ​តាម​ហ្នឹង​ទៅ។ ពេទ្យ​ថា​មិន​អោយ​ខ្ញុំ​លើក​ធ្ងន់​ដែរ ព្រោះ​ខ្ញុំ​ខ្សោយ ខ្ញុំ​ខ្វះ​ឈាម។ ខ្ញុំ​ចេះ​តែ​ប្រាប់​គេ​ថា ខ្ញុំ​អត់​ធ្វើ​អី​ផង ថា​ខ្ញុំ​នៅ​ផ្ទះ​ចេះ​ចុះ​ទៅ ខ្លាច​គេ​ថា​អោយ។ យើង​ទម្ងន់​អ៊ីចឹង​គេ​អោយ​តម​ខ្លួន តែ​យើង​មាន​តម​អី​បើ​យើង​តម​អត់​ស៊ី ហើយ​ប្ដី​ទើប​តែ​បាន​ជិះ​ដោយសារ​គេ​ទៅ​ធ្វើ​ថ្ងៃ​ហ្នឹង។ ចេះ​តែ​ធ្វើ (លី​បាវ) អោយ​បាន​ម៉ា​ហូបៗ​ទៅ​ណាស់។ មួយ​ថ្ងៃ​អត់​ទៀង ជួន​កាល​ធ្វើ​ដល់​យប់​កប់​ព្រលប់​បាន ១​ម៉ឺន​ជាង»

ជីវ័ន គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ក្នុង​គ្រួសារ​ក្រីក្រ ដែល​តម្រូវ​អោយ​ផ្លាស់​ទី​លំនៅ​ចេញ​ពី​តំបន់​លើ​ផ្លូវ​រទេះ​ភ្លើង​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ អោយ​ទៅ​រស់​នៅ​ក្នុង​ភូមិ​ត្រពាំងអញ្ចាញ​ថ្មី ក្នុង​ខណ្ឌ​ដង្កោ កាល​ពី​ចុង​ឆ្នាំ​២០១១។ ការ​ផ្លាស់​ពួក​គាត់​ជាង ១៦០​គ្រួសារ​អោយ​ទៅ​រស់​ក្រៅ​ក្រុង គឺ​ដើម្បី​បើក​ផ្លូវ​អោយ​ក្រុមហ៊ុន​អូស្ត្រាលី ឈ្មោះ ថូល (Toll) អាច​ដំណើរការ​គម្រោង​កែ​លម្អ​ផ្លូវ​ដែក​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គម្រោង​នេះ​បាន​ទទួល​បាន​ប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ក្នុង​នោះ​អេឌីប៊ី ផ្ដល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ចំនួន ៨៤​លាន​ដុល្លារ មូលនិធិ​ប្រទេស​អូស្ត្រាលី អូស.អេដ (Aus-Aid) ផ្ដល់​ចំនួន ២២​លាន​កន្លះ រួម​ទាំង​ប្រាក់​ជំនួយ​ការ​អនុប្បទាន​ជាង ១៤២​លាន​ដុល្លារ​ទៀត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នេះ។

ចាប់​តាំង​ពី​បាន​ទៅ​រស់​នៅ​ក្នុង​ទីតាំង​ថ្មី​អ្នកភូមិ​អះអាង​ថា ជីវភាព​ពួក​គាត់​កាន់​តែ​ដុនដាប។ ដុនដាប​ក៏​ដោយ​សារ​តែ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​បាន​ថយ​ចុះ។ គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​អ្នក​ចង​ការ​ប្រាក់​ឯកជន​ចាប់​តាំង​ពី ៦​ខែ​ដំបូង​ដែល​ពួក​គាត់​បាន​ទៅ​ដល់​ទី​នោះ ទាំង​ពួក​គេ​ភាគ​ច្រើន​មិន​ដែល​ជួប​បញ្ហា​នេះ​ទេ​ពី​មុន​មក។

អឿន ជីវ័ន ៣០៥
៤-មេសា-២០១៣៖ អ្នកស្រី អឿន ជីវ័ន ​​លី​បាវ​​អង្ករ​ចេញ​ពី​ឃ្លាំង​។ RFA/Uon Chhin

ចំពោះ អឿន ជីវ័ន នាង​បាន​ជំពាក់​ប្រាក់​អ្នក​ចង​ការប្រាក់​ឯកជន​ដែរ គឺ​នៅ​ពេល​ដែល​នាង​រលូត​កូន ក្នុង​ពេល​ពពោះ​កូន​ទី​២។ ស្ត្រី​អ្នក​លី​បាវ​អង្ករ​រូប​នេះ​រំលឹក​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​បាន​រលូត​ដោយសារ​គ្រោះ​ថ្នាក់​ប៉ះ​ត្រូវ​ពោះ​ដោយ​ចៃដន្យ គឺ​ពេល​នោះ​ហើយ​ដែល​នាង​ត្រូវ​ខ្ចី​បុល​អ្នក​ចង​ការ​ប្រាក់​ឯកជន​សម្រាប់​ចំណាយ​លើ​ការ​ព្យាបាល។ ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ​គ្រួសារ​នាង​អាច​សង​តែ​ការប្រាក់​ប៉ុណ្ណោះ៖ «នៅ​ឯ​ណោះ ម៉ា​ម៉ឺន​ជាងៗ ហូប​ទៅ​វា​សល់​តិចតួច អត់​ជំពាក់​គេ​ទេ ម៉ោ​ណេះ​ជំពាក់​គេ។ ខ្ញុំ​ជំពាក់​គេ​ដែរ​ជាង ១០០​ដុល្លារ»

បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​របស់ អឿន ជីវ័ន គឺ​នាង​គ្មាន​ប្រាក់​សេស​សល់​ទេ​សម្រាប់​សម្រាល​កូន​ទី​៣ របស់​នាង​ឡើយ នាង​អាច​នឹង​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ពី​អ្នក​ចង​ការប្រាក់​ឯកជន៖ «ឥឡូវ​ពោះ​ធំ​ម្ដង​នេះ ហើយ​រក ១០០​ដុល្លារ​មិន​ឃើញ ជិត​ដល់​ថ្ងៃ​ហើយ។ កាល​នៅ​គីឡូ​លេខ​៦ គ្រាន់​ឈឺ​ពោះ​កើត​ភ្លាម​មាន​ត្រឹម ៩​ម៉ឺន​អី ១០​ម៉ឺន​អី។ ពេទ្យ​កៀក​ផ្ទះ​ទៀត ហើយ​នៅ​នេះ​មាន​ណា​ពេទ្យ​ឆ្ងាយ បើ​ជិះ​ម៉ូតូ​គេ​ទៅ​ត្រូវ​យើង​ប្រញាប់​ប្រញាល់​ឈឺ​ពោះ​អ៊ីចឹង​ទៀត ៥.០០០ គេ​មិន​ចង់​ទៅ​ផង​ម៉ូតូ​ឌុប​ហ្នុង»

មិន​អាច​រក​ប្រាក់​ចំណូល​បាន​នៅ​ក្នុង​តំបន់​តាំង​ទី​លំនៅ​ថ្មី​ពុំ​មែន​កើត​មាន​តែ​ក្នុង​សហគមន៍​ត្រពាំង​អញ្ចាញ​ឡើយ។ ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្នុង​ស្រុក​ឈ្មោះ «សមាគម​ធាង​ត្នោត» បាន​បញ្ជាក់​ថា បញ្ហា​ខ្វះ​ការងារ​ធ្វើ​បាន​ប្រែ​ក្លាយ​តំបន់​តាំង​លំនៅឋាន​ថ្មី​ទៅ​ជា​រណ្ដៅ​ទុក្ខ​សោក​នៃ​ភាព​តោកយ៉ាក និង​ការ​បែក​ខ្ញែក​នៃ​សមាជិក​គ្រួសារ។ អ្នក​ដែល​ពេញ​កម្លាំង​បាន​ចាកចេញ​ស្ងាត់​ពី​ភូមិ ដើម្បី​វិល​ចូល​ក្រុង​ភ្នំពេញ​វិញ ជា​ទី​ដែល​ពួក​គេ​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ទៅ​តាម​លទ្ធភាព។ ចំណែក​ស្ត្រី​ជា​មេផ្ទះ​ដែល​ពី​មុន​អាច​រក​ចំណូល​បាន​ខ្លះ​ពី​មុខ​របរ​កំប៉ិក​កំប៉ុក​នៅ​ក្បែរ​ផ្ទះ​ត្រូវ​បាត់បង់ និង​ត្រូវ​សំកុក​នៅ​ផ្ទះ ដោយ​មិន​រំពឹង​ថា​នឹង​អាច​រក​ប្រាក់​ចំណូល​ដូច​ដើម​វិញ​នៅ​ពេល​ណា​ឡើយ។

ភ្នំ​បាត ៣០៥
៧-មីនា-២០១៣៖ ទិដ្ឋភាព​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំបាត ក្បែរ​ជើង​ភ្នំ​ព្រះរាជទ្រព្យ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ RFA/Sochivy

នៅ​ចម្ងាយ​ប្រមាណ​ជាង ៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តំបន់​ភ្នំបាត ក្បែរ​ជើង​ភ្នំ​ព្រះ​រាជទ្រព្យ ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​កើត​ឡើង​នៅ​ពេល​តាំង​ទី​លំនៅឋាន​ថ្មី។ មិន​ខុស​ពី​ពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ថ្មី​ឡើយ អ្នក​ភូមិ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​កម្ម​សិទ្ធិ​លើ​ដី​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ បន្ទាប់​ពី​ពួក​គេ​ជាង ១០០​គ្រួសារ ត្រូវ​បណ្ដេញ​ពី​បុរី​កីឡា​ក្នុង​ខណ្ឌ​៧​មករា កាល​ពី​ខែ​មករា ឆ្នាំ​២០១២។

មើល​រូបភាព​ផ្សេង​​ស្ដីពី​ស្ថានភាព​រស់នៅ​របស់​អ្នក​ភ្នំ​បាត

រៀង​រាល់​ព្រឹក​ស្ត្រី​មេផ្ទះ​ជា​ច្រើន​នាក់​មាន​ទាំង​វ័យ​ក្មេង​ទាំង​វ័យ​ចំណាស់​បាន​នាំ​គ្នា​ប្រញាប់​ប្រញាល់​ចូល​ទៅ​រក​រ៉ឺម៉ក​ដែល​ចូល​ដល់​ក្នុង​ភូមិ។ រ៉ឺម៉ក​នោះ​បាន​ដឹក​អង្ករ បន្លែ ត្រី សាច់ និង​គ្រឿង​ទេស​មួយ​ចំនួន​ទៀត ដែល​ចាំ​បាច់​សម្រាប់​រៀប​ចំ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ។ ក្នុង​ពេល​នោះ​គេ​ឮ​តែ​សំឡេង​សួរ​គ្នា​ទិញ​ទំនិញ និង​សូរស័ព្ទ​ត​ថ្លៃ​ទំនិញ​អឺងកង​នៅ​កណ្ដាល​ភូមិ។

ស្ត្រី​នៅ​ភូមិ​នេះ​ត្រូវ​ទិញ​អង្ករ បន្លែ ត្រី សាច់ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​បែប​នេះ​ជា​រៀង​រាល់ថ្ងៃ។ ពួក​គេ​ត្រូវ​ទិញ​សព្វ​បែប​យ៉ាង​ពី​រ៉ឺម៉ក​អ្នក​លក់ ត្បិត​ផ្សារ​នៅ​ឆ្ងាយ ចំណែក​នៅ​ជុំ​វិញ​ផ្ទះ​ក៏​ពុំ​អាច​ដាំ​ដំណាំ​អ្វី​បាន ដោយ​សារ​តំបន់​នោះ​ក្ដៅ​ហួតហែង​ខ្លាំង​ពេក និង​ខ្វះ​ប្រភព​ទឹក។ ស្ត្រី​អ្នក​ភូមិ​ទិញ​ម្ហូប​អាហារ​ដោយ​ត្បិត​ត្បៀត។ ក្នុង​១​ថ្ងៃ​ពួក​គេ​ចំណាយ​ច្រើន​បំផុត​ត្រឹម​ពី ៤ ទៅ ៥​ពាន់​រៀល។

ជីវភាព​តោក​យ៉ាក​របស់​អ្នក​ភូមិ​ភ្នំបាត បាន​កើត​មាន​ជាង​មួយ​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ទី​នោះ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​នៅ​ក្នុង​តំបន់​បុរី​កីឡា ដើម្បី​យក​ដី​ប្រគល់​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។ ពួក​គាត់​បាន​ឆ្លង​កាត់​ជីវិត​រស់​នៅ​ដ៏​សែន​ពិបាក ដោយ​ពឹង​អាស្រ័យ​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​ដែល​ទទួល​បាន​ពី​អង្គការ​សប្បុរសធម៌​នានា។

កំពុង​បេះ​ត្រកួន​បម្រុង​សម្រាប់​ស្ល​ម្ជូរ អ្នកស្រី គឹម សុផល បាន​ត្អូញត្អែរ​ថា ជីវភាព​ខ្សត់ខ្សោយ​បាន​តម្រូវ​អោយ​អ្នកស្រី​ដែល​ជា​មេផ្ទះ​ត្រូវ​លក​លៃ​ទិញ​ម្ហូប​អាហារ​ដោយ​រិះ​ថាំ​បំផុត។ អ្នកស្រី​រំលឹក​ថា ជាង ១​ឆ្នាំ​មក​នេះ​ពួក​គាត់​រស់​នៅ​ដោយ​ពឹង​លើ​ជំនួយ​អង្ករ​សប្បុរសធម៌​ដែល​ផ្ដល់​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ មក​ដល់​ពេល​នេះ​ជំនួយ​នោះ​ត្រូវ​ផ្អាក​ដោយ​ពុំ​ដឹង​ពេល​ណា​អាច​នឹង​បាន​វិញ​ទេ។ ប្រការ​នេះ​រឹត​តែ​ធ្វើ​អោយ​ជីវភាព​ពួក​គាត់​កាន់​តែ​ដុនដាប​ខ្លាំង។

អ្នកស្រី គឹម សុផល៖ «ថា​រស់​រាល់​ថ្ងៃ​នេះ​រស់​នៅ​ដោយ​អង្គការ​ជួយ​ខ្ញុំ និយាយ​អ៊ីចឹង​តែម្ដង។ បើ​អត់​អង្គការ​ទៀត​ពួក​ខ្ញុំ​ត្រូវ​តែ​ងាប់​ទាំង​អស់ មួយ​ភ្នំ​បាត​ហ្នឹង។ បាន​ព្រឹក​ខ្វះ​ល្ងាច បើ​ខែ​វស្សា​បាន​ទៅ​រក​ខ្យង​រក​អី​មក បន្លែ​អី​ចេះ​តែ​រក​ទៅ អ្នក​ណា​មាន​ល្ហុង​ទៅ​សុំ​គេ​មួយ​ផ្លែ​ពីរ​ផ្លែ​ស្ល​ចែក​កូន​ហូប​ទៅ។ បើ​អត់​ខែ​ប្រាំង​មាន​អី​ក្ដៅ ដាំ​អី​ក៏​មិន​បាន​ស្រោច​ទឹក​យ៉ង​ម៉េច​ក៏​ងាប់ អ៊ីចឹង​មាន​ម្ហូប​អី។ ម្ហូប​គេ​មក លុយ ២ ឬ ៣​ពាន់​ទិញ​អី​គ្រប់​អូន​ឯង​គិត​មើល។ បាន​តែ​សាច់​ជ្រូក​មួយ​ខាំ​ទៅ​ចិញ្ច្រាំ​ទៅ បន្លែ​លិច​បន្លែ​កើត​ទៅ បាន​ម៉ា​ខ្ទះ​ទៅ​ចែក​កូន​ហូប​អោយ​តែ​រួចៗ​ទៅ ល្ងាច​ចាំ​គិត​ទៀត។ ល្ងាច​ឡើង​ពង​ទា​មួយ​គ្រាប់​ទៅ ២​គ្រាប់​ទៅ ចេះ​តែ​នាំ​គ្នា​ហូប​អោយ​តែ​រស់ៗ​ទៅ»

ប្រើប្រាស់​ទឹក​មិន​ស្អាត​នាំ​ឲ្យ​កើត​ជំងឺ

អណ្ដូង ៣០៥
៧-មីនា-២០១៣៖ អណ្ដូង​ស្នប់ ជា​ប្រភព​ទឹក​ដែល​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំបាត ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ RFA/Sochivy

អ្នក​ភូមិ​ភ្នំ​បាត​ម្នាក់​ទៀត​បាន​រៀប​រាប់​ថា ជីវភាព​កាន់​តែ​ខ្វះ​ខាត​នៅ​ពេល​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ជំងឺ។ ជម្រើស​ដែល​អាច​ធ្វើ​បាន និង​បន្ទាន់​ភ្លាមៗ គឺ​ការ​ខ្ចី​បុល​អ្នក​ចង​ការ​ប្រាក់​ឯកជន។

នៅ​ពេល​ដែល​គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើ​ប្រាស់ អ្នក​ភូមិ​ប្រើ​ទឹក​អណ្ដូង​ស្នប់​ចំនួន​២។ ពួក​គេ​ប្រើ​ទឹក​អណ្ដូង​ទាំង​នោះ​សម្រាប់​ងូត បោក​គក់ លាង​សំអាត ដាំ​ស្ល និង​ហូប។

អ្នកស្រី គឹម សុផល អោយ​ដឹង​ថា ទឹក​ដែល​ត្រង​ពី​អណ្ដូង​ស្នប់ ត្រូវ​ទុក​ចោល​អោយ​រង និង​ដាំ​អោយ​ពុះ​ទើប​អាច​ផឹក​បាន។ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​ចំនួន​នៅ​តែ​កើត​ឡើង​បន្ទាប់​ពី​ផឹក​ទឹក​នោះ៖ «ក្មេងៗ​ដូច​វា​អត់​អី ម៉ៅ​អី​តែ​អា​ឯង​ចាស់។ ជួន​ណា​ទៅ​វា​នោម​ទៅ​ដូច​រអាក់រអួល ដូច​នោម​ទៅ​វា​រាង​អួលៗ ឆួលៗ​យ៉ាង​ម៉េច​មិន​ដឹង។ ទាល់​តែ​ទៅ​ទិញ​ថ្នាំ​ពេទ្យ​មក មួយ​ឈុត​អី ២​ឈុត​អ៊ីចឹង​ទៅ​បាត់។ ដល់​ប្រហែល​កន្លះ​ខែ មួយ​ខែ តាំង​ទៅ​ទៀត ដូច​វា​ម៉េច មក​ពី​ជាតិ​កំបោរ​ហ្នឹង​វា​ច្រើន​តែម្ដង»

ប្រធាន​សហគមន៍ អ្នកស្រី កែវ វុទ្ធី អោយ​ដឹង​ថា សហគមន៍​នេះ​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​ដែល​ចាំ​បាច់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។ ស្រប​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត​កំពុង​ស្នាក់​ក្រោម​តង់​ខៀវ ដើម្បី​រង់​ចាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទិញ​ដី និង​សង់​ផ្ទះ​អោយ៖ «ខាង​អង្គការ​អី​សូម​អោយ​គាត់​ជួយ​មក​មើល​ផង ដាច់​ស្បៀង​ហើយ ពួក​ខ្ញុំ​និយាយ​អោយ​ត្រង់ គឺ​ត្រូវ​ការ​ស្បៀង​តែ​ម្ដង»

ក្មេងៗ​ពុំ​មាន​សាលារៀន​នៅ​ជិត

កុមារ ភ្នំ​បាត ៣០៥
៧-មីនា-២០១៣៖ កុមារ​នៅ​សហគមន៍​ភ្នំបាត ហូប​អាហារ​ថ្ងៃ​ត្រង់។ RFA/Sochivy

ត្រឡប់​មក​រក អឿន ជីវ័ន ពលរដ្ឋ​នៃ​សហគមន៍​ព្រែក​អញ្ចាញ​វិញ កូនស្រី​ទី​១ របស់​នាង​មាន​អាយុ ៣​ឆ្នាំ​ហើយ។ ជីវ័ន មិន​មាន​ផែនការ​ពី​ការសិក្សា​របស់​ក្មេង​ស្រី​នោះ​នៅ​ឡើយ។ យ៉ាង​ណា​នាង​បញ្ជាក់​ថា តាម​មើល​នាង​គ្មាន​មធ្យោបាយ​អោយ​កូន​ទៅ​រៀន​ឡើយ ប្រសិន​បើ​ជីវភាព​នាង​នៅ​តែ​យ៉ាប់យ៉ឺន​បែប​នេះ ម្យ៉ាង​នៅ​ទី​នោះ​កំពុង​ខ្វះខាត​សាលារៀន។

អ្នកស្រី អឿន ជីវ័ន៖ «កូន​វា​នៅ​តូច​អ៊ីចឹង​មិន​ទាន់​គិត​ទេ ចាំ​មើល​រាង​​ធំ​តិច​ទៀត។ មាន​សាលា​ណា​ដែល​គេ​ជួយ អង្គការ​ណា​ដែល​គេ​ជួយ សុំ​គេ​អោយ​វា​ទៅៗ។ អោយ​វា​ទៅ​រៀន​ជាមួយ​គេ​ទៅ»

ដូចគ្នា​នេះ​ដែរ សម្រាប់​អ្នក​សហគមន៍​ដែល​ទៅ​រស់នៅ​កន្លែង​ថ្មី និង​ពុំ​មាន​សាលារៀន​នៅ​ក្បែរ ពួក​គេ​បាន​បន្ទុក​បណ្ដាក់​កូន​តូចៗ​ដែល​ដល់​អាយុ​ត្រូវ​ចូល​រៀន​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មណ្ឌល​សម្រាប់​រក្សា និង​បង្ហាត់​បង្រៀន​ក្មេង។

ប្រធាន​សហគមន៍​ព្រែក​អញ្ចាញ​ថ្មី អ្នកស្រី រស់ បុបា្ផ ដែល​បច្ចុប្បន្ន​កូនៗ​ទាំង ៣​នាក់​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា ពេល​នេះ​ហើយ​ដែល​អ្នកស្រី​ ស្គាល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​ចាស់​ដែល​ថា ស៊ូ​ចង្អៀត​ផ្ទះ​កុំ​អោយ​តែ​ចង្អៀត​ចិត្ត៖ «គឺ​យើង​ទ្រាំ​ដូច​លក្ខណៈ​ក្មេង​កំព្រា​អ៊ីចឹង​ទៅ តែ​យើង​ត្រូវ​តែ​ស៊ូ​ដើម្បី​អី? គឺ​ដើម្បី​អនាគត​កូន»

ស្ត្រី​រង​គ្រោះ​ដោយ​ការ​បាត់បង់​លំនៅ ៩០% មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត

អង្គការ​ស្ត្រី​ខ្មែរ​បាន​ស្រាវជ្រាវ​ក្នុង​ខេត្ត​ក្រុង​ចំនួន ៤ រួម​មាន​ខេត្ត​កំពង់ស្ពឺ កំពង់ធំ បាត់ដំបង និង​រាជធានី​ភ្នំពេញ រក​ឃើញ​ថា ស្ត្រី ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​បាត់​បង់​ផ្ទះ និង​ដីធ្លី កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ជា​ពិសេស​នៅ​តាម​តំបន់​ដែល​ពុំ​មាន​សំណង​ត្រឹម​ត្រូវ។

ប្រធាន​គម្រោង​នៃ​អង្គការ​ស្ត្រី​ខ្មែរ អ្នកស្រី ប៉ិច ប៉ូឡែត មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ស្ត្រី​ដែល​បាត់​បង់​ដី​ធ្លី​បាន​កើត​ឡើង​តាំង​ពី​ពេល​ចាប់​ផ្ដើម គឺ​តាំង​ពី​ពេល​ដែល​ពួក​គេ​ដឹង​ថា លំនៅឋាន​ពួក​គេ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ៖ «ស្រមៃ​ឃើញ​ព្រឹត្តិការណ៍​ដែល​គេ​ឈូស​ផ្ទះ ដី​របស់​ពួក​គាត់​ហ្នឹង​ដែល​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ពួក​គាត់។ ពេល​ខ្លះ​គាត់​អត់​មាន​អារម្មណ៍​ធ្វើ​អី​ផ្សេង​ទេ គាត់​គិត​តែ​ពី​រឿង​ហ្នឹង។ គាត់​អង្គុយ​យំ ពេល​ខ្លះ​ទៅ​គាត់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គាត់​ក៏​មាន​ដែរ នៅ​ពេល​ដែល​គាត់​មួម៉ៅ​ខ្លាំង។ មួយ​ទៀត​គាត់​អាច​បាក់​ស្បាត ព្រោះ​ការ​តវ៉ា​របស់​ពួក​គាត់​ត្រូវ​បាន​គេ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​អ៊ីចឹង»

សង្កេត​ឃើញ​ការ​លំបាក​របស់​ក្រុម​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ទៅ​នៅ​ក្រៅ​ក្រុង ពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​សហគមន៍​សំខាន់​ពីរ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ គឺ​អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា ជា​ច្រើន​គ្រួសារ បាន​ក្រាញ​ននៀល​តវ៉ា​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ពួក​គេ បើ​ទោះ​បី​ការ​តវ៉ា​នោះ​ប្រឈម​នឹង​ការ​លំបាក​សព្វ​បែប​យ៉ាង។ ពួក​គេ​មួយ​ចំនួន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ទៀត​ផង។

ពលរដ្ឋ​ត្រូវ​ការ​ជំនួយ

ពិត​មែន​ថា​បាន​ជួប​ការ​លំបាក​ក្នុង​ជីវិត​ក៏​ស្ត្រី​រង​គ្រោះ​ស្ទើរ​តែ​ទាំង​អស់ អះអាង​ថា ពួក​គេ​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍ ឬ​ការ​នាំ​ពួក​គាត់​ទៅ​កាន់​ទីតាំង​ថ្មី​ទេ ប៉ុន្តែ​បាន​ស្នើ​សុំ​អោយ​ផ្ដល់​នូវ​សេវា​ចាំ​បាច់​មួយ​ចំនួន​ដល់​ពួក​គាត់៖ «ទី​១ គឺ​បញ្ហា​បាត់​បង់​មុខ​របរ ទី​២ គឺ​ការ​សិក្សា​របស់​កូន​គាត់ ទី​៣ គឺ​សំខាន់​បំផុត​ហ្នឹង គឺ​មន្ទីរពេទ្យ​តែ​ម្ដង។ អោយ​យើង​ចង់​មក​នៅ យើង​ចង់​ណាស់ កន្លែង​ដី​ធំ​ទូលំទូលាយ​ជាង​ដី​នៅ​លើ​ថ្នល់​រទេះភ្លើង។ ប៉ុន្តែ​ត្រូវ​ផ្ដល់​សេវា​ចាំបាច់​អោយ​ពួក​យើង​បាន​ទាំង ៣​ហ្នឹង។ សូម​អោយ​រាជរដ្ឋាភិបាល​ជួយ​ត​ទឹក​ត​ភ្លើង​ចូល​មក។ តែ​មាន​ភ្លើង​ពួក​គាត់​ប្រហែល​ជា​មាន​ម៉ាស៊ីន (ដេរ) អ៊ីចឹង​ទៅ​គាត់​អាច​ដេរ​ខោអាវ​រយ។ ធូរ​យើង​នៅ​ផ្ទះ​បាន​មើល​កូន​មើល​អី។ ជួល​គេ​មើល​កូន​មួយ​ខែ​អ៊ីចឹង​យ៉ាង​តិច​ក៏ ១០​ម៉ឺន​អី​ដែរ»

សាលា​រាជធានី​ភ្នំពេញ ជា​ស្ថាប័ន​មួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​សេវា​ចាំ​បាច់​នានា​ដល់​ពលរដ្ឋ​ដែល​ត្រូវ​តាំង​ទី​លំនៅឋាន​ថ្មី ពុំ​បាន​ឆ្លើយ​តប​អោយ​ទាន់​ពេល​វេលា​ចំពោះ​តម្រូវ​ការ​របស់​ពលរដ្ឋ​ឡើយ។

ប្រការ​នេះ​បាន​ជំរុញ​អោយ​ពលរដ្ឋ​ដែល​មាន​ការ​លំបាក​រត់​ទៅ​រក​ជំនួយ​ដែល​អាច​ផ្ដល់​ពួក​គេ​បាន​ភ្លាមៗ។ យ៉ាង​ណា​ពួក​គេ​សង្ឃឹម​ដែរ​ថា នឹង​បាន​ជំនួយ​សប្បុរស​ពី​អង្គការ​រដ្ឋាភិបាល​ដទៃ​ទៀត ជា​ពិសេស​ពី​កាកបាទ​ក្រហម​កម្ពុជា ដែល​ពេល​មុន​ពួក​គេ​មិន​ធ្លាប់​នឹក​នា​ផង​នោះ នៅ​ពេល​ដែល​អង្គការ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ចាប់​ផ្ដើម​ខ្វះ​ខាត​ជំនួយ។

អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ម៉ែន នារីសោភ័ណ មាន​ប្រសាសន៍​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ​គួរ​តែ​ដាក់​សំណើ​ទៅ​ការិយាល័យ​កណ្ដាល​នៃ​កាកបាទ​ក្រហម ដើម្បី​ស្ថាប័ន​នេះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ៖ «ទេ! ហ្នឹង​តែ​កាលណា​ដល់​នេះ​ទាល់​តែ​មាន​ការ​ស្នើ​សុំ​ទៅ ហើយ​គេ​យក​ទៅ​ពិនិត្យ​មើល​សិន​ទៅ​ណា៎!»

យ៉ាង​នេះ​ក្ដី​ពលរដ្ឋ​អះអាង​ដែរ​ថា ភាគ​ច្រើន​ការ​ឆ្លើយ​តប​នឹង​នៅ​តែ​យឺតយ៉ាវ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តែ​បញ្ហា​ចោទ ប្រសិន​បើ​សំណើ​សុំ​ជំនួយ​ឧបត្ថម្ភ​ត្រូវ​ស្នើ​ឡើង​ដោយ​ឆ្លង​កាត់​អាជ្ញាធរ​មូលដ្ឋាន។

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ផល​ប៉ះពាល់​មុន​បណ្ដេញ​ចេញ

ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ការពារ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ នៅ​មុន​ពេល​ផ្លាស់​ប្ដូរ​លំនៅឋាន និង​ត្រូវ​ធានា​ថា ការ​ផ្លាស់​ប្ដូរ​លំនៅឋាន​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ លើក​ឡើង​ថា ប្រសិន​បើ​ការ​ផ្លាស់​ប្ដូរ​លំនៅឋាន​នៅ​តែ​ធ្វើ​ដោយ​បង្ខំ និង​មិន​បាន​គិត​គូរ​ពី​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ នោះ​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​នឹង​មិន​អាច​សម្រេច​បាន​ឡើយ។ នៅ​ពេល​មាន​ភាព​ក្រីក្រ​អ្នក​ដែល​ប៉ះពាល់​ជាង​គេ​គឺ​ស្ត្រី និង​កុមារ។

លោក សៀ ភារម្យ៖ «ដល់​ទៅ​ពេល​ដំណាក់​កាល​មួយ​ដែល​គេ​ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង ដែល​គាត់​ត្រូវ​ការ​សប្បាយ​រីករាយ​នឹង​ការ​អភិវឌ្ឍ​ហ្នឹង​ដែរ បែរ​ជា​គាត់​ត្រូវ​ជម្លៀស ហើយ​គាត់​ត្រូវ​ចាប់​ផ្ដើម​ពី​សូន្យ​ឡើង​វិញ។ តើ​នេះ​វា​អាច​ស្រប​ទៅ​ហ្នឹង​គោល​នយោបាយ​ដែល​រាជរដ្ឋាភិបាល​ដែល​ថា មិន​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​បាន​ទេ? ហើយ​យើង​សម្លឹង​ទៅ​មើល​បញ្ហា​ដែល​យើង​ការ​អភិវឌ្ឍ​ដោយ​មិន​បាន​ពិចារណា ឬ​គ្រប់​គ្រង​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ​ហ្នឹង​​ថា តើ​យើង​កំពុង​អនុវត្ត​បញ្ច្រាស​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល ឬ​ស្រប​នឹង​គោល​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល?»

របាយការណ៍​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក យ៉ាង​ហោច​ណាស់​ប្រជាជន​ចំនួន ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស​រង​ផល​ប៉ះពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​រើ​លំនៅឋាន​ដោយ​បង្ខំ។ ក្នុង​នោះ​ប្រហែល ១០​ភាគ​រយ​នៃ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ គឺ​ប្រហែល ១៤,៥​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ។ ស្របគ្នា​នេះ​ក៏​មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់​ទៀត​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ភ្លាមៗ​នៃ​ការ​បណ្ដេញ​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KONE KHMER

ពី PHNOM PENH

TO KHMER OVER SEA SEATTLE.
YES, I DO AGREE WITH YOU. IN KHMER HISTORY, KHMER WOMEN DO NOT WORK WITH THE HEAVY JOB EVENT THEY DO GET PREGNANT.
REGIME OF HUN SEN IS OUT OF DATE. KHMER MUST STAND UP TO AGAINST HUN SEN AND YOUN TO LIBERATE KAMPUCHEA IN 2013. FINISH UP HUN SEN IS BEST IDEA.

Apr 23, 2013 02:38 AM

khmer over sea

ពី seattle

the History of cambodia never ever let any women have a baby to work or lift something heavy during pranagcy , but right now Hun sen development almost 30 year still use pranagcy women like animal .

Apr 18, 2013 07:30 PM

អ្នក​អាន​អនាមិក

HUN SEN SAID: I WILL MAKE PEOPLE RICH BEFOR GOVERNMENT! THAT IS QUESTION BACK TO HIM: HOW MANY PEOPLE BEEN RICH BEFOR GOVERNMENT? ANSWER IS: ONLY HUN SEN FAMILY, PEOPLE AROUND HIM(CPP) AND TAIKOONS AROUND HIS.

Apr 17, 2013 05:41 PM

សារ៉ាយ

ពី កំពង់ឆ្នាំង

តើទេវតាភ្នែកទិព្វនៅឯណា? ហេតុម្តេចមើលមិនឃើញទុក្ខវេទនាអ្នកទាំងនេះផង?

Apr 17, 2013 11:50 AM