ទាហាន​២​នាក់​នៅ​ឧត្ដរមានជ័យ​រង​ការ​ចោទ​ថា​វាយ​ដំ​ធ្វើ​ទារុណកម្ម​ពលរដ្ឋ

0:00 / 0:00

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​ឧត្តរមានជ័យ រាយការណ៍​ថា ទាហាន​ប្រដាប់​អាវុធ ២​នាក់ បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​វាយ​ធ្វើ​ទារុណកម្ម​តាម​អំពើ​ចិត្ត និង​ចង​ជាប់​ដើម​ឈើ​ពេញ​១​យប់។ រាល់​អំពើ​ហិង្សា​បែប​នេះ​ជាច្រើន​ករណី​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​មិន​សូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ប្រឆាំង​នឹង​ក្រុម​ទាហាន​ទាំង​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ដងទង់ សង្កាត់​កូនក្រៀល ក្រុង​សំរោង កំពុង​ទាមទារ​ប្រាក់​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន ៤​លាន​រៀល ព្រម​ទាំង​ជំរុញ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ទាហាន ២​នាក់ ដែល​បាន​ចាប់​ខ្លួន​គាត់​វាយ​ដំ​ដោយ​សេរី។

បុរស​អាយុ ៣៥​ឆ្នាំ ជា​អ្នក​ភូមិ​ដងទង់ គឺ​លោក ឈិត ក្លូ។ គាត់​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កក្កដា ថា កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែ​កក្កដា កន្លង​ទៅ នៅ​ភូមិ​របស់​គាត់​មាន​ភ្លៀង​ធ្លាក់ ហើយ​រូប​គាត់​ក៏​កាន់​ពិល​ដើរ​ឆ្លុះ​កង្កែប​នៅ​ក្បែរៗ​ភូមិ។ បន្តិច​ក្រោយ​មក លោក​បាន​ដើរ​ឆ្លុះ​ទៅ​ដល់​កន្លែង​មួយ ដែល​មាន​រោង និង​ទាហាន ២​នាក់ ដេក​នៅ​ទំនង​ជា​កន្លែង​ចាំ​កាក់​អ្នក​រក​ឈើ​គ្រញូង។ ពេល​នោះ ទាហាន​ទាំង​ពីរ​បាន​ចេញ​មក​ចាប់​គាត់​ចង ហើយ​យក​ដំបង​វាយ​ធ្វើ​បាប​យ៉ាង​ខ្លាំង។

លោក ឈិត ក្លូ៖ «ចាប់​ខ្ញុំ​អូស​មក​ចង​ខ្សែ​អង្រឹង និង​ក្រមា​១ តាំង​ពី​ម៉ោង ៣ និង ៤០​នាទី​ទៀប​ភ្លឺ។ វាយ​គំរាម ខ្ញុំ​ថា​បើ​មិន​ប្រាប់​ឱ្យ​ត្រង់​ទេ កាត់​ដៃ​ខ្ញុំ ខ្វេះ​ស្លឹក​ត្រចៀក​ខ្ញុំ ខ្វេះ​ភ្នែក។ គេ​សួរ​ខ្ញុំ​ថា អ្នក​ណា​គេ​បញ្ជូន​មក? ហើយ​ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ជា​អ្នក​ឆ្លុះ​កង្កែប​ទេ គ្នា​គេ​អត់​ជឿ។ រហូត​ដល់​ភ្លឺ​ម៉ោង ៧ និង ២០​នាទី មេ​ភូមិ​ទៅ​ធានា​បាន​គេ​ស្រាយ​ចំណង»

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដងទង់ ឱ្យ​ដឹង​ថា ទាហាន ២​នាក់ ដែល​ចាប់​អ្នក​ភូមិ​វាយ​ធ្វើ​បាប​នោះ គេ​ស្គាល់​ឈ្មោះ ហំ គឹមសេង និង​ឈ្មោះ វ៉ន វុន នៅ​ក្នុង​អង្គភាព​កងពល​តូច​លេខ​៤១។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ទាហាន​ទាំង ២​នាក់ ព្រម​ទាំង​មេបញ្ជាការ​កងពលតូច​លេខ​៤១ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

បុរស​ដែល​រង​ទារុណកម្ម​ដោយសារ​ទាហាន​វាយ​ដំ​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) រួច​ហើយ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា លោក​បាន​ទទួល​បណ្ដឹង​ស្ដីពី​អំពើ​ហិង្សា​នេះ។ លោក ស្រី ណារ៉េន បញ្ជាក់​ថា តាម​ការ​សាកសួរ​ជន​រងគ្រោះ លោក​យល់​ថា ទាហាន​ទាំង​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ខុស​ច្បាប់៖ «ខ្ញុំ​មើល​ទៅ​វា​ជា​អំពើ​ធ្វើ​ទារុណកម្ម ពីព្រោះ​ចាប់​មនុស្ស​យក​ទៅ​ចង​វាយ ៤​ដំបង ហើយ​មាន​ម្នាក់​ទៀត​ឈ្មោះ វ៉ន វុន ជា​កូន​ទាហាន​ហ្នឹង ក៏​បើក​សោ​កាំភ្លើង​ថា​អ្ហែង​តែ​ហ៊ាន​រត់​បាញ់ គំរាម​អ៊ីចឹង។ បង្ខំ​វាយ​ឱ្យ​ឆ្លើយ គេ​ចោទ​ថា​គាត់​ហ្នឹង​មាន​គេ​បញ្ជូន​មក តាម​ពិត​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ទៅ​រក​ឆ្លុះ​កង្កែប​នៅ​ក្នុង​ភូមិ​គាត់»

បញ្ហា​ទាហាន​បង្ក​ហិង្សា​នេះ​ដែរ អ្នក​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ បាន​ឱ្យ​ដឹង​ថា កាល​ពី​ចុង​សប្ដាហ៍​មុន ទាហាន​១​ក្រុម​បាន​ទៅ​ចាប់​យក​កម្ទេច​ឈើ​គ្រញូង​ពី​ឪពុក​កូន ៣​នាក់ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ឪពុក​កូន​ទាំង ៣​នាក់ ឃ្លាន មិន​មាន​លុយ​ទិញ​បាយ​ហូប ក៏​ទៅ​សុំ​កម្ទេច​ឈើ​គ្រញូង​ទាំង​នោះ​មក​លក់ ប៉ុន្តែ​ត្រូវ​ទាហាន​វាយ​ហើម​ដៃ។

នៅ​ខេត្ត​ឧត្តរមានជ័យ ឧស្សាហ៍​កើត​អំពើ​ហិង្សា​ដែល​បង្ក​ដោយ​ទាហាន​ជា​ញឹកញាប់។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​ទៅ ស្ត្រី ២​នាក់ នៅ​ភូមិ​ជ្រឹង​ខាង​កើត សង្កាត់​កូនក្រៀល ក្រុង​សំរោង បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ក្រុម​ទាហាន ៣​នាក់ ដែល​សម្រុក​ចូល​ទៅ​ចាប់​យក​ម៉ាស៊ីន​អារ​ឈើ​ពី​អ្នក​ភូមិ ដែល​កំពុង​កាប់​ឈើ​ក្នុង​ចម្ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។