កម្ពុជា​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ក្រោយ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​វិញ

ដោយ អ៊ុង សេរីវុទ្ធ
2017-07-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ក្រសួងមហាផ្ទៃ​​​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំង​អស់ យក​ចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​ចាំ​បាច់​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ករណី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ត្រឡប់​មក​កម្ពុជា​វិញ នា​ពេល​ថ្មីៗ​នេះ។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​កាល​ពី​ថ្ងៃ​ទី៤ កក្កដា បញ្ជាក់​ថា វិធានការ​ទាំង​នោះ​រួមមាន៖ ការ​ជួប​ប្រជុំ​ជា​បន្ទាន់​ជាមួយ​ភាគី​ថៃ ដោយ​ស្នើ​ភាគី​ថៃ​យក​ចិត្ត​ទុកដាក់​លើ​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​តាម​គោលការណ៍ គោរព​សិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និង​ស្បៀង​អាហារ​ឲ្យ​សមរម្យ។ បង្កើន​ការសហការ​ស្រាវជ្រាវ​រក​មេ​ក្លោង​ដែល​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់ មក​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន។ ត្រួត​ពិនិត្យ​តាម​ច្រក​នានា​នៃ​ព្រំដែន​ជាប់​ប្រទេស​ថៃ ដើម្បី​ពង្រឹង និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្រួល​គាំទ្រ​ដល់​ពលករ​ខ្មែរ​ដែល​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ និង​ពលករ​ស្រប​ច្បាប់​ចូល​ទៅ​ធ្វើ​ការ​នៅ​ថៃ​ជាដើម។

លើស​ពី​នេះ​ទៀត ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​នានា រៀបចំ​ជម្រក​បណ្ដោះអាសន្ន គ្រូពេទ្យ ថ្នាំ​សង្កូវ សម្រាប់​ពលករ​ខ្មែរ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ ចាស់​ជរា និង​អ្នក​មាន​ជំងឺ ព្រម​ទាំង​ចាត់ចែង​ដឹក​ជញ្ជូន​ពួកគេ​ពី​ព្រំដែន ទៅ​កាន់​លំនៅឋាន​រៀងៗ​ខ្លួន។ បន្ថែម​ពី​នេះ​ក្រសួង​ក៏​អំពាវនាវ​ដល់​សប្បុរស​ជន​ឲ្យ​ជួយ​ឧបត្ថម្ភ​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ការ​លំបាក​នានា​របស់​ពលករ​ខ្មែរ។

ស្រប​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំឭក​ដល់​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស ដោយ​ស្រប​ច្បាប់​តាមរយៈ​ក្រសួង​ការងារ គឺ​គ្មាន​គិត​ថ្លៃ​សម្រាប់​​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ​ឡើយ។

របាយការណ៍​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៨ មិថុនា ដល់​ថ្ងៃ​ទី​២ កក្កដា អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មាន​ជាង ៣​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

How about creating job for them such as making car tire factory, not just export raw material to YOURN (rubber) .Asking money from oknha who destroy job for Cambodian . How about lok YOURN in Cambodia that robbed Khmer jobs and Khmer lives ?

Jul 05, 2017 09:55 AM

គេហទំព័រ​ទាំងមូល