ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ក្រឡាញ់​ប្រកប​របរ​ជា​អ្នក​វាយ​ថ្ម​ភ្នំ​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ជីវិត

ដោយ ហង្ស សាវយុត
2017.02.07
ស្ត្រី​វាយ​ថ្ម​ភ្នំ​ ស្រុក​ក្រឡាញ់ សៀមរាប ៨៥៥ អ្នក​ភូមិ​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប វាយ​ថ្ម​ភ្នំ​ទ្រង់បាត្រ លក់​ដើម្បី​យក​ប្រាក់​ចិញ្ចឹម​ជីវិត។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ភ្នំ​ទ្រង់បាត្រ ជា​ទី​ជនបទ​មួយ​ក្នុង​ស្រុក​ក្រឡាញ់ ដែល​ស្ថិត​នៅ​ចម្ងាយ​ជិត ៧០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។ ជា​រៀងរាល់​ថ្ងៃ នៅ​ទី​នោះ​មាន​កសិករ​ក្រីក្រ​ខ្លះ តែង​នាំ​គ្នា​ប្រកប​របរ​វាយ​ថ្ម​ភ្នំ​ឱ្យ​ក្លាយ​ទៅ​ជា​កម្ទេច​តូច​ល្អិតៗ ដើម្បី​វាស់​ម៉ែត្រ​ដាក់​លក់​បាន​កម្រៃ​គ្រាន់​ចិញ្ចឹម​ជីវិត។

តើ​មូល​អ្វី​បាន​ជា​ពលរដ្ឋ​ទី​នោះ​រើស​យក​មុខ​របរ​វាយ​ថ្ម​ភ្នំ​លក់​ចិញ្ចឹម​ជីវិត​ដូច្នេះ?

ប្រជាពលរដ្ឋ​ប្រហែល ២០​គ្រួសារ រស់​នៅ ៣​ភូមិ ជុំវិញ​ជើង​ភ្នំ​ទ្រង់​បាត្រ នៃ​ឃុំ​កំពង់ថ្កូវ នៅ​តែ​សម្រេច​ចិត្ត​ជ្រើសរើស​យក​មុខ​របរ​វាយ​កម្ទេច​ថ្មភ្នំ ដោយ​ដៃ​ដើម្បី​យក​ទៅ​លក់​ដូរ​ចិញ្ចឹម​ជីវិត បើ​ទោះ​បី​ជា​ពួកគេ​ដឹង​ថា មុខ​របរ​នេះ ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​សម្រាប់​ពួកគេ​ក៏ដោយ។

ជា​រៀងរាល់​ថ្ងៃ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ទៅ​ដល់​ល្ងាច ក្រុម​អ្នក​ភូមិ​ខ្លះ​ដែល​មាន​ញញួរ​តូច​ធំ បាន​ចាក​ចេញ​ពី​ផ្ទះ​សំដៅ​ទៅ​ជើង​ភ្នំ​ទ្រង់បាត្រ ហើយ​ចាប់​ផ្ដើម​វាយ​បំបែក​ថ្មភ្នំ​ធំៗ​ឱ្យ​ក្លាយ​ទៅ​ជា​បំណែក​តូចៗ ដើម្បី​ដាក់​លក់។

ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រកប​មុខ​របរ​វាយ​ថ្ម​លក់​នៅ​ជើង​ភ្នំ​ទ្រង់បាត្រ​នោះ គឺ​លោកស្រី សុខ គឹមឡៃ។ អ្នកស្រី​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​នាង​មេម៉ាយ​នោះ​ទេ គឺ​នាង​គ្រាន់តែ​ប្រាប់​ថា រូប​នាង​បាន​ប្រកប​មុខ​របរ​វាយ​ថ្មភ្នំ​លក់​រយៈពេល​ជាង ២០​ឆ្នាំ​ហើយ។

ស្ត្រី​ដដែល​បញ្ជាក់​ថា ជា​រៀងរាល់​ថ្ងៃ តាំង​ពី​ព្រលឹម​ទល់​ព្រលប់ គឺ​នាង​តែង​អង្គុយ​វាយ​ថ្ម​នៅ​ជើងភ្នំ​ទ្រង់បាត្រ​នេះ។ ក្នុង ១​ថ្ងៃ​នាង​អាច​វាយ​បំបែក​ថ្ម​ធំ​ឱ្យ​ក្លាយ​ទៅ​ជា​កម្ទេច​តូចៗ​បាន​ប្រហែល ១​ម៉ែត្រ​គូប ហើយ​លក់​បាន​ប្រាក់​ចំនួន ៣​ម៉ឺន​រៀល។ លោកស្រី គឹមឡៃ មាន​ប្រសាសន៍​ដោយ​ទឹក​មុខ​ក្រៀមក្រំ​ថា គាត់​ចាប់​យក​មុខ​របរ​នេះ​ពោរពេញ​ដោយ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ​វា ពីព្រោះ​តែ​គ្មាន​ដី​ស្រែ និង​ចម្ការ​ធ្វើ​កសិកម្ម៖ «ពេល​ដុំ​ទៅ កម្ទេច​ថ្ម​តែង​ខ្ទាត​មក​ត្រូវ​ជើង​ត្រូវ​មុខ​ក៏​មាន ក៏ប៉ុន្តែ​មិន​ដឹង​ទៅ​ណា​ក៏​ចេះ​តែ​មក​វាយ​ថ្ម​ភ្នំ​ទៀត​ទៅ»

នៅ​វេលា​ថ្ងៃ​ត្រង់​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហែង អ្នក​វាយ​ថ្ម​ខ្លះ គឺ​មាន​អំណត់​ក្នុង​ការងារ​នេះ​ជា​ខ្លាំង ដោយ​អង្គុយ​ជ្រក​នៅ​ក្នុង​ខ្ទម​តូច ដំបូល​ប្រក់​ស្លឹក​ត្នោត ហើយ​នៅ​តែ​បន្ត​ការងារ​រហូត​ដល់​ពេល​ព្រលប់។

ស្ត្រី​ចំណាស់ អាយុ ៦០​ឆ្នាំ រស់​នៅ​ភូមិ​ចំបក់ហែរ ដែល​ប្រកប​មុខ​របរ​វាយ​ថ្ម​ភ្នំ​លក់​ដែរ អ្នកស្រី ខេង លាភ មាន​ប្រសាសន៍​ថា រូប​គាត់​គឺ​ជា​អតីត​ជន​ភៀសខ្លួន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ពី​ជំរំ​ជាយ​ដែន​ខ្មែរ-​ថៃ។ គាត់​បាន​មក​រស់​នៅ​ឃុំ​កំពង់ថ្កូវ នៅ​អំឡុង​ឆ្នាំ​១៩៩៤ ដោយ​ពុំ​មាន​ដី​ស្រែ​ចម្ការ​ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទេ។ គាត់​បង្ខំ​ចិត្ត​ជ្រើស​យក​មុខ​របរ​វាយ​ថ្ម​ភ្នំ​លក់​នេះ ដើម្បី​ចិញ្ចឹម​កូនៗ ចំនួន ៥​នាក់​តាំង​ពី​ពេល​នោះ​រហូត​មក។

ស្ត្រី​ដដែល​បញ្ជាក់​ថា មុខ​របរ​វាយ​ថ្ម​ភ្នំ​នេះ វា​ពិបាក​ខ្លាំង​ណាស់ បើ​ផ្ទាំង​ថ្ម​ធំ គឺ​ប្រឹង​វាយ​រហូត​ដល់​រង្គើ​អស់​ក្បាល ហើយ​ពេល​ដេក​យប់ គឺ​ឈឺ​រួម​រឹត​ពេញ​ខ្លួន ប៉ុន្តែ​គាត់​នៅ​តែ​ទ្រាំ​វាយ​ថ្ម​ទៅ​ទៀត​ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត៖ «ថ្ងៃ​ណា​លក់​កម្ទេច​ថ្ម​បាន​លុយ ក៏​បាន​ទិញ​ចំណី​ហូប​ទៅ ថ្ងៃ​ណា​លក់​មិន​បាន ក៏​អត់។ ថ្ងៃ​ណា​គេ​ដេញ​មិន​ឱ្យ​វាយ ក៏​សុំ​អង្វរ​គេ បើ​គេ​មិន​ឱ្យ​វាយ​ទៀត ក៏​មិន​ដឹង​ធ្វើ​ម៉េច»

រោង​ដែល​អ្នក​ភូមិ​ធ្វើ​ដើម្បី​អង្គុយ​ជ្រក វាយ​បំបែក​ថ្ម​ភ្នំ​លក់ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
រោង​ដែល​អ្នក​ភូមិ​ធ្វើ​ដើម្បី​អង្គុយ​ជ្រក វាយ​បំបែក​ថ្ម​ភ្នំ​លក់ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​មុខ​របរ​វាយ​ថ្ម​ភ្នំ​លក់​នេះ បង្ហាញ​បំណង​ឱ្យ​ដឹង​ថា ពួកគេ​មិន​ចង់​ធ្វើ​ការងារ​ដ៏​គ្រោះថ្នាក់​បែប​នេះ​ត​ទៅ​ទៀត​ឡើយ ប្រសិនបើ​អាជ្ញាធរ​អាច​ជួយ​ផ្ចុងផ្ដើម​ឱ្យ​គេ​អាច​ប្រកប​មុខ​របរ​អ្វី​ផ្សេង​បាន​នោះ។
ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ក្រឡាញ់ លោក ជឿន ជាន ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​មុខ​របរ​វាយ​ថ្ម​ភ្នំ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ លោក ស៊ឹម សោភ័ណ មាន​ប្រសាសន៍​ថា លោក​ឃើញ​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​វាយ​ថ្ម​ភ្នំ​លក់​នោះ គឺ​ពិបាក ប៉ុន្តែ​លោក​មិន​មាន​លទ្ធភាព​ជួយ​ពួក​គេ​ឱ្យ​ចេញ​ផុត​ពី​មុខ​របរ​នេះ​បាន​ឡើយ។ លោក ស៊ឹម សោភ័ណ បញ្ជាក់​ថា មុខ​របរ​វាយ​ថ្ម​លក់​នេះ គឺ​ប្រថុយ​នឹង​គ្រោះថ្នាក់ ពេល​ខ្លះ​ថ្ម​ភ្នំ​អាច​រមៀល​សង្កត់ ព្រម​ទាំង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ទៀត៖ «អ្នក​ប្រកប​របរ​វាយ​ថ្ម​ហ្នឹង​សុទ្ធ​តែ​ស្រី​មេម៉ាយ។ វាយ​ថ្ម​ជួប​ការ​លំបាក​ណាស់​ពេល​ដែល​ខ្ញុំ​ឃើញ​គាត់​ដុត​កង់ឡាន​កម្ដៅ​ផ្ទាំង​ថ្ម​ធំៗ​ម្ដង គឺ​ខ្មៅ​ទាំង​ខ្លួន ទាំង​សាច់​អី​ទាំង​អស់»

កាល​ពី ១០​ឆ្នាំ​មុន​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ប្រកប​របរ​វាយ​ថ្ម​លក់​នៅ​ជើង​ភ្នំ​ទ្រង់បាត្រ​នេះ ប៉ុន្តែ​បច្ចុប្បន្ន ចំនួន​អ្នក​វាយ​ថ្ម​លក់​បាន​ថយ​ចុះ​ខ្លាំង ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។

មេ​ឃុំ​កំពង់ថ្កូវ លោក លន់ រួប មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​នៅ​សល់​ប្រជាពលរដ្ឋ​តែ​ជិត ២០​គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​តែ​បន្ត​មុខ​របរ​វាយ​ថ្ម​ភ្នំ​លក់។ ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​ភូមិ​ចំបក់ហែរ ភូមិ​ភ្នំ​ទ្រង់បាត្រ និង​ភូមិ​ដូរ្យតន្ត្រី។ លោក​មេ​ឃុំ​បញ្ជាក់​ថា អ្នក​វាយ​ថ្ម​ភ្នំ​លក់​ទាំង​នោះ មិន​មែន​អត់​មាន​ដី​ស្រែ​ចម្ការ​ទេ ប៉ុន្តែ​នៅ​រដូវ​ទំនេរ​ពី​ស្រែចម្ការ គឺ​ពួកគេ​ឆ្លៀត​ទៅ​រក​កម្រៃ​បន្ថែម ដែល​វា​ហាក់​ដូច​ជា​មុខ​របរ​ប្រពៃណី​របស់​ពួកគេ។

លោក លន់ រួប ឱ្យ​ដឹង​ថា កន្លង​ទៅ​អាជ្ញាធរ​ឃុំ​កំពង់ថ្កូវ ធ្លាប់​បាន​ស្នើ​សុំ​គម្រោង​ពី​អង្គការ​ជា​ដៃគូ​ឱ្យ​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​ភូមិ​លើ​មុខ​របរ​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ ដើម្បី​ទាញ​ពួកគេ​ឱ្យ​បញ្ឈប់​មុខ​របរ​វាយ​ថ្ម​ដែរ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​ចង់​ធ្វើ​មុខ​របរ​នោះ​ដដែល៖ «អាជីព​វាយ​ថ្ម​នេះ មិន​រីកចម្រើន​ផង វាយ​ទៅ​វា​មាន​គ្រោះថ្នាក់​ខ្លះ​កន្លង​មក តែ​គាត់​នៅ​តែ​ដើរ​រើស​កម្ទេចកំទី​មក​វាយ​ផ្សំៗ​គ្នា​ទៀត»

កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ បុរស​អ្នក​ភូមិ​ភ្នំ​ទ្រង់បាត្រ​ម្នាក់ បាន​គ្រោះថ្នាក់​បាក់​ចង្កេះ ដោយសារ​តែ​ផ្ទាំង​ថ្ម​ធំ​រមៀល​សង្កត់​ក្នុង​ពេល​ដែល​គាត់​ទៅ​គាស់​ថ្ម​មក​វាយ​បំបែក។ ពេល​បច្ចុប្បន្ន បុរស​ម្នាក់​នោះ​បាន​ក្លាយ​ទៅ​ជា​ជន​ពិការ ហើយ​រស់​នៅ​ក្នុង​ជីវភាព​គ្រួសារ​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។