សិស្ស​មួយ​ចំនួន​រៀន​នៅ​អនុវិទ្យាល័យ​ក្នុង​ស្រុក​ឱរ៉ាល់​ចាប់​ផ្ដើម​បោះ​បង់​ចោល​ការ​សិក្សា

ដោយ អ៊ុក សាវបូរី
2015.03.13

សិស្ស​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ផ្ដើម​បោះ​បង់​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ ទៅ​ស្វែងរក​ចំណូល​ចិញ្ចឹម​គ្រួសារ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ខិតខំ​កាត់​បន្ថយ​អត្រា​សិស្ស​បោះ​បង់​ចោល​សាលា និង​អំពាវនាវ​ឲ្យ​សិស្ស​ទាំង​នោះ​ចូល​រៀន ដោយ​បាន​លើក​ទឹក​ចិត្ត​តាម​រយៈ​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ដើម្បី​ឲ្យ​សិស្ស​ក្រីក្រ​បាន​រៀន​យ៉ាង​ហោច​ណាស់​ចប់​ថ្នាក់​ទី​៩។

គ្រូ និង​សិស្ស​នៅ​អនុវិទ្យាល័យ ស្ទឹង ឃ្លាច ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា នៅ​ពេល​ថ្ងៃ​កំណត់​ប្រឡង​ឆមាស​ទី​១ ជិត​ចូល​មក​ដល់ សិស្ស​ជិត ២០​នាក់​ក្នុង​ចំណោម​សិស្ស ១១៩​នាក់ នៃ​សាលា​នេះ​បាន​ឈប់​រៀន ទៅ​ស្វែងរក​ប្រាក់​ចំណូល​ជួយ​គ្រួសារ និង​សិស្ស​ស្រី​ចាប់​ផ្តើម​រៀប​គូ​ស្រករ​សាង​អនាគត​ជា​មនុស្ស​ពេញ​វ័យ។

នាយក​អនុវិទ្យាល័យ ស្ទឹង ឃ្លាច លោក ជួរ គក់ ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ថា នៅ​ក្នុង​សាលា​នោះ​មាន​សិស្ស​រៀន​តែ ៣​ថ្នាក់​ទេ គឺ​ពី​ថ្នាក់​ទី​៧ ទៅ​ដល់​ថ្នាក់​ទី​៩។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​សិក្សា សិស្ស​បាន​មក​រៀន គឺ​មាន​ចំនួន ១១៩​នាក់។ បច្ចុប្បន្ន សិស្ស​លែង​មក​រៀន​ចំនួន ១៩​នាក់ ភាគ​ច្រើន​សិស្ស​ថ្នាក់​ទី​៩ នាំ​គ្នា​ឈប់​រៀន។ មូលហេតុ​នេះ លោក​បញ្ជាក់​ថា បើ​សិស្ស​ស្រី​បាន​រៀបការ ចំណែក​សិស្ស​ប្រុស​ទៅ​ធ្វើ​កម្មករ​ចម្ការ​អំពៅ និង​ទៅ​ធ្វើ​ធ្យូង​ជាដើម៖ «ហ្នឹង​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវភាព​គ្រួសារ នាំ​ឲ្យ​សិស្ស​បោះ​បង់​ចោល​ការ​សិក្សា។ មក​ដល់​ពេល​នេះ ថ្នាក់​ទី​៧ អស់ ៦​នាក់ ថ្នាក់​ទី​៨ អស់​ម្នាក់ ទី​៩ អស់ ៧​នាក់​ហើយ។ មូលហេតុ គឺ​ថ្នាក់​ទី​៩ ខ្លះ​រៀបការ ខ្លះ​ធ្វើ​ការងារ​ក្រុមហ៊ុន ហើយ​ថ្នាក់​ទី​៧ ទី​៨ ដូច​គ្នា​ដែរ​ហ្នឹង ធ្វើ​ការងារ​ក្រុមហ៊ុន​ដែរ​ហ្នឹង ខ្លះ​ចូល​រោងចក្រ»

លោកគ្រូ​អនុវិទ្យាល័យ ស្ទឹង ឃ្លាច សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ការិយាល័យ​អប់រំ​ស្រុក​ឱរ៉ាល់ បាន​លើក​ទឹក​ចិត្ត​សិស្ស​កុំ​ឲ្យ​បោះ​បង់​ចោល​ការ​សិក្សា ដោយ​បាន​ផ្តល់​អាហារូបករណ៍​សិស្ស​ក្រីក្រ​នៅ​សាលា​នេះ​មាន ៣០​នាក់ ក្នុង​ម្នាក់​ទទួល​បាន ១៨​ម៉ឺន​រៀល។ ទោះ​ជា​យ៉ាង​ណា សិស្ស​នៅ​តែ​ឈប់​រៀន ព្រោះ​ប្រាក់​ឧបត្ថម្ភ ១៨​ម៉ឺន​រៀល​នោះ​សម្រាប់​ចាយ ១​ឆ្នាំ​ឯណោះ។ សិស្ស​ចាយ​មិន​គ្រាន់ ទើប​ឈប់​រៀន​ទៅ​រក​ចំណូល​ជួយ​គ្រួសារ ដូចជា​ធ្វើ​កម្មករ​រោងចក្រ​កាត់​ដេរ រោងចក្រ​ស្ករ​អំពៅ ផលិត​ធ្យូង និង​ធ្វើ​ចំណាក​ស្រុក៖ «អនុវិទ្យាល័យ​ខ្ញុំ បើ​ពី​ដើម​ឆ្នាំ​អី ១២៥​នាក់​អី​ដែរ តែ​ដល់​ខ្លះ​គ្នា​ត្រូវ​បោះ​បង់​ចោល​ការ​សិក្សា ទៅ​ជួយ​រក​ការងារ ប្រាក់​ចំណូល​ជួយ​គ្រួសារ​ឪពុក​ម្ដាយ ខ្លះ​ទៅ​ដុត​ឡ អ្នក​ខ្លះ​ក៏​គាត់​ទៅ​រោងចក្រ ទៅ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ ទៅ​កាប់​អំពៅ​អី ឬ​ទៅ​រើស​គល់​ឈើ​អី​របស់​ក្រុមហ៊ុន ហើយ​បើ​នៅ​ចុង​ឆ្នាំ​នៅ​សល់​ប្រហែល​ជា​តែ ៩០​នាក់ អី​ប៉ុណ្ណឹង​ទេ ព្រោះ​អី​សិស្ស​ថ្នាក់​ទី​៩ ជាក់ស្តែង បើ​ដើម​ឆ្នាំ ២៧​នាក់ ឥឡូវ​នៅ​ត្រឹម ២២ ឬ ២៥​នាក់​ទេ​ថ្នាក់​ទី​៩ បើ​ថ្នាក់​ទី​៧ នៅ​សល់​ត្រឹម ៥១​នាក់​ទេ»

បន្ថែម​លើ​ករណី​លើក​ឡើង​នោះ មន្ត្រី​រដ្ឋបាល​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ឱរ៉ាល់ លោក គង់ ប៊ុនសៀន ឲ្យ​ដឹង​ថា សិស្ស​ចូល​រៀន​ដើម​ឆ្នាំ​២០១៤-២០១៥ នៅ​គ្រប់​អនុវិទ្យាល័យ​មាន​ចំនួន ៩៨៨​នាក់។ ក្នុង​ចំនួន​នោះ មាន​សិស្ស​ឈប់​រៀន​បណ្ដើរៗ​មុន​ឆមាស​ទី​១ ស្ទើរ​គ្រប់​សាលា​ក្នុង​ស្រុក​ឱរ៉ាល់ ប៉ុន្តែ​មិន​ទាន់​បាន​បូក​សរុប​ចំនួន​សិស្ស​ឈប់​នៅ​ឡើយ​ទេ ដោយសារ​ការ​ស្រង់​ព័ត៌មាន​តាម​សាលា ទិន្នន័យ​សរុប​មិន​ទាន់​បញ្ជូន​ដល់​ការិយាល័យ​អប់រំ​ស្រុក​នៅ​ឡើយ។ លោក គង់ ប៊ុនសៀន បន្ថែម​ថា បញ្ហា​ដែល​សិស្ស​ឆាប់​សម្រេច​ចិត្ត​ឈប់​រៀន​មាន​កត្តា​ច្រើន​យ៉ាង ដូចជា ទី​១ សិស្ស​មាន​អាយុ​ច្រើន​ល្មម​ជួយ​រក​ប្រាក់​ចំណូល​ជួយ​ក្រុម​គ្រួសារ។ ទី​២ ចម្ការ​អំពៅ​នៅ​ជិត គេ​ត្រូវ​ការ​ពលកម្ម​កាប់​អំពៅ។ ទី​៣ ធនធាន​ព្រៃ​ឈើ​នៅ​ស្រុក​ឱរ៉ាល់ អាច​កាប់​ដុត​ធ្វើ​ជា​ធ្យូង។ ទី​៤ ឪពុក​ម្ដាយ​ធ្វើ​ចំណាក​ស្រុក កូន​ចៅ​ត្រូវ​ប្ដូរ​ការ​រស់នៅ​ទៅ​តាម​ក្រុម​គ្រួសារ។ ទី​៥ សកម្មភាព​រោងចក្រ​កាត់​ដេរ​កើន​ឡើង ទាក់ទាញ​សិស្ស​ឲ្យ​ឈប់​រៀន ចូល​ធ្វើ​កម្មករ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវភាព​នេះ បើ​ទោះ​បី​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើន​ប្រាក់​ជំនួយ​អាហារូបករណ៍​សិស្ស​ក្រីក្រ​យ៉ាង​ណា​ក៏ដោយ សិស្ស​នៅ​តែ​ឈប់​រៀន​ដដែល៖ «ហើយ​ជាទូទៅ គឺ​ពិបាក​ត្រង់​ថា សិស្ស​នៅ​យើង​នេះ​អត្រា​បោះ​បង់​ហ្នឹង​វា ពេល​ដែល​ដាច់​ឆ្នាំ​ឃើញ​ខ្ពស់ តែ​ដល់​ពេល​ដើម​ឆ្នាំ​វា​ចូល​រៀន​ត្រឡប់​មក​វិញ។ ពេល​ខ្លះ​វា​លំបាក​អ៊ីចឹង ពេល​ខ្លះ​វា​ឈប់​រៀន ដល់​ពេល​ជិត​វ៉ាកង ប្រហែល​ជា ២​ខែ​អី​ហ្នឹង​វា​ឈប់​បាត់ គ្រូ​ហៅ​វា​យ៉ាង​ម៉េច​ក៏​អត់​មក​ដែរ បើ​ថា​វា​ឈប់​ហើយ។ ស្រាប់​តែ​ចូល​កង​ឆ្នាំ​ថ្មី​មក​សុំ​ចូល​រៀន​ទៀត អា​ហ្នឹង​វា​បញ្ហា​នៅ​ត្រង់​កន្លែង​ហ្នឹង»

ការ​សិក្សា​របស់​សង្គម​ស៊ីវិល​រក​ឃើញ​ថា ជា​រឿយៗ​កុមារ​ត្រូវ​បាន​គេ​ឲ្យ​បោះ​បង់​ការ​សិក្សា ច្រើន​ជាង​ការ​ឈប់​រៀន​ដោយ​ខ្លួន​ឯង។ បញ្ហា​នេះ ក៏​ត្រូវ​បាន​លើក​យក​មក​ជជែក​រវាង​សង្គម​ស៊ីវិល និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​សម្ពោធ​គម្រោង​ដៃគូ​រួម​គ្នា ផ្តល់​ឱកាស​អប់រំ​ដល់​សិស្ស​បាត់​បង់​ឱកាស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។ នៅ​ក្នុង​ការ​ពិភាក្សា​នោះ សង្គម​ស៊ីវិល​បង្ហាញ​ថា សិស្ស​កម្ពុជា ជាង ៥​ម៉ឺន ៧​ពាន់​នាក់​នៅ​ក្រៅ​សាលា​រៀន ដែល​សង្គម​ស៊ីវិល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​ឲ្យ​ពួក​គេ​បាន​ចុះ​ឈ្មោះ​ចូល​រៀន និង​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​បាន​បន្ត​រៀន​ដល់​ចប់​ថ្នាក់​បឋម​សិក្សា និង​អនុវិទ្យាល័យ ចាប់​ពី​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៤ ទៅ​ដល់​ឆ្នាំ​២០១៧។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​គម្រោង​ដៃគូ​រួម​គ្នា ផ្តល់​ឱកាស​អប់រំ​ដល់​សិស្ស​បាត់​បង់​ឱកាស​នៅ​កម្ពុជា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាង​ថា មាន​អង្គការ​ចំនួន​១៧ ដែល​ធ្វើ​ការ​ផ្តល់​ឱកាស​ដល់​សិស្ស​នៅ​ក្រៅ​សាលា ឲ្យ​ពួក​គេ​បាន​ចូល​រៀន​វិញ។ ទន្ទឹម​នោះ ក្រសួង​ក៏​បាន​បង្កើន​ការ​ផ្តល់​សេវា​អប់រំ​ដល់​គ្រប់​កុមារ និង​សិស្ស​ទាំងអស់៖ «ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ គឺ​ជា​ឆ្នាំ​មួយ​ដែល​យើង​នឹង​ដាក់​ចេញ​រួម​គ្នា​នៅ​ទូទាំង​ពិភពលោក នូវ​គោលដៅ​ថ្មី​មួយ​ជា​គោលដៅ​ប្រកប​ដោយ​និរន្តរភាព។ ហើយ​នៅ​ក្នុង​គោលដៅ​នេះ ផ្ដោត​ភាគ​ច្រើន​ទៅ​លើ​កម្រិត​បឋម​សិក្សា មាន​ន័យ​ថា សកលភាវូបនីយកម្ម​នៃ​ការ​ទទួល​បាន​សេវា​អប់រំ​កម្រិត​បឋម​សិក្សា​នៅ​ក្នុង​គោលដៅ​ក្រោយ​ឆ្នាំ​២០១៥ នេះ គឺ​យើង​នឹង​ផ្តល់​ទៅ​លើ​ការ​អប់រំ​ជា​មូលដ្ឋាន មាន​ន័យ​ថា យ៉ាង​ហោច​ណាស់​រៀន​ត្រឹម​ថ្នាក់​ទី​៩ នេះ​ជា​ចំណុច​មួយ។ ចំណុច​ទី​២ គឺ​ការ​ផ្តល់​នូវ​អាហារ​នៅ​តាម​សាលា ក្នុង​នេះ គឺ​ថា​អង្គការ ដាប់ប៊លយូ.អែហ្វ.ភី (WFP) គឺ​ជា​អ្នក​ដើរ​តួនាទី​ក្នុង​ការ​ផ្តល់ ក៏ប៉ុន្តែ​អ្នក​ដែល​ផ្តល់​ជា​ថវិកា​ចំនួន ២០​លាន​ដុល្លារ គឺ​សហរដ្ឋ​អាមេរិក ហើយ​ក្រសួង​រាជ​រដ្ឋាភិបាល គឺ​ថា​ផ្តល់​អង្ករ​ចំនួន ២​ពាន់​តោន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»

របាយការណ៍​របស់​អង្គការ អេដ អេ អាក់ស្យុង (Aide at Action) បង្ហាញ​ថា គម្រោង​ដៃគូ​រួម​គ្នា​នេះ​មាន​វិសាលភាព​គ្រប​ដណ្ដប់​ទាំង ២៥​រាជធានី​ខេត្ត និង​មាន​រយៈពេល​អនុវត្ត​គម្រោង​ចំនួន ៤២​ខែ​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ គោលដៅ​របស់​គម្រោង គឺ​កុមារ និង​សិស្ស​បាត់​បង់​ឱកាស ទទួល​បាន​ការ​អប់រំ​នៅ​កម្ពុជា ចំនួន​ជាង ៥​ម៉ឺន ៧​ពាន់​នាក់​នោះ និង​ក្រុម​គ្រួសារ​គ្រូបង្រៀន​ចំនួន ៤​ពាន់​នាក់ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ១៥០​នាក់ និង​សមាជិក​គណៈកម្មការ​ទ្រទ្រង់​សាលា​ប្រហែល ១.២០០​នាក់ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ជួយ​គ្នា​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​កុមារ និង​សិស្ស​ជាង ៥​ម៉ឺន ៧​ពាន់​នាក់​នោះ ទទួល​បាន​ការ​សិក្សា​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។