មុខ​របរ​វាយ​ថ្ម​ភ្នំ​របស់​អ្នក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2014.08.26
របរ​វាយ​ថ្ម​ភ្នំ កំពង់ឆ្នាំង ៦២០ ប្រជាពលរដ្ឋ​រស់នៅ​ភូម​ធ្លក នៃ​ឃុំ​ច្រណូក អ្នកស្រី ឈួន ស្រីណាត កំពុង​វាយ​ថ្ម​ភ្នំ​លក់​ក្នុង​រោង កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha

កំពង់លែង គឺ​ជា​ស្រុក​មួយ​របស់​ខេត្ត​កំពង់ឆ្នាំង ព័ទ្ធ​ជុំវិញ​ដោយ​ទឹក​បឹង​ទន្លេសាប។ ស្រុក​នេះ​សម្បូរ​ទៅ​ដោយ​វាល​ស្រែ និង​ភ្នំ​តូច​ធំ​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា​យ៉ាង​ល្អ ប្រសិន​បើ​គេ​គយគន់​នៅ​ពេល​ល្ងាច ឬ​ពេល​ព្រឹក ប៉ុន្តែ​ភ្នំ​ទាំង​នោះ​ពុំ​មាន​ប្រភេទ​ឈើ​ធំ ឬ​អនុផល​ព្រៃ​ឈើ​ដែល​អ្នក​ស្រុក​អាច​ទាញ​យក​ធ្វើ​ជា​មុខ​របរ​បាន​នោះ​ទេ។

អ្នក​ស្រុក​ភាគ​ច្រើន បាន​ប្រកប​មុខ​របរ​ស្រែ​ចម្ការ និង​នេសាទ​បន្តិចបន្តួច ប៉ុន្តែ​សព្វថ្ងៃ​មាន​ពលរដ្ឋ​ជិត ៥០​គ្រួសារ នៃ​ឃុំ​ច្រណូក បាន​ឆ្លៀត​វាយ​ថ្ម​ភ្នំ​លក់ មិន​ថា​នៅ​រដូវ​ធ្វើ​ស្រែ​ចម្ការ ឬ​រដូវ​ប្រាំង​ឡើយ។

នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ឋិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១០០​ម៉ែត្រ​ពី​សាលា​ឃុំ​ច្រណូក នៃ​ស្រុក​កំពង់លែង មាន​ខ្ទម​តូចៗ​សង់​បណ្ដាក់​គ្នា​ជាច្រើន ដោយ​មាន​អ្នក​ស្រុក​សម្រាក និង​ខ្លះ​កំពុង​វាយ​បំបែក​ថ្ម​ក្នុង​ខ្ទម​ទាំង​នោះ​យ៉ាង​ទ្រហឹង។ ពួក​គេ​បាន​ចែក​កម្លាំង​ជា​ពីរ​ក្រុម ដោយ​មនុស្ស​ស្រី ឬ​មនុស្ស​ចាស់​កម្លាំង​ខ្សោយ នៅ​ក្នុង​ខ្ទម​ចាំ​បំបែក​ថ្ម​ឲ្យ​ទៅ​ជា​បំណែក​ល្អិតៗ ចំណែក​មនុស្ស​ប្រុស​មាន​កម្លាំង​ដៃ​រឹង ស្មា​មាំ គឺ​ជា​អ្នក​គាស់​រំលើង ឬ​វាយ​បំបែក​ថ្ម​ចេញ​ពី​លើ​ភ្នំ​មក។

កំពុង​អង្គុយ​វាយ​បំបែក​ថ្ម​បែក​ញើស​សស្រាក់​តាម​មុខ​នៅ​ក្នុង​ខ្ទម​តូច​មួយ អ្នកស្រី ឈឹម សុផល មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ធ្លក នៃ​ឃុំ​ច្រណូក ភាគ​ច្រើន​បាន​ឆ្លៀត​វាយ​ថ្ម​ភ្នំ​លក់ ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ប៉ុន្តែ​អ្នក​ដែល​បាន​ធ្វើ​ជាប់​លាប់​នោះ គឺ​មាន​ចំនួន ៣៨​គ្រួសារ។ អ្នកស្រី​បន្ត​ថា ត្បិត​មុខ​របរ​នេះ​ពេល​ខ្លះ​ផ្សង​នឹង​គ្រោះ​ថ្នាក់​ខ្លាំង ដោយ​ថ្ម​ភ្នំ​បាក់​ធ្លាក់​សង្កត់​លើ នៅ​ពេល​គាស់​យក​ថ្ម​ចេញ​ពី​ភ្នំ ហើយ​វា​ជា​ការងារ​ធ្ងន់ ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ចូល​ចិត្ដ​ធ្វើ។ ប៉ុន្តែ សម្រាប់​អ្នកស្រី មុខ​របរ​នេះ​អាច​រក​ប្រាក់​បាន​ខ្លះ គ្រាន់​ដោះ​ទ័ល​ជីវភាព និង​កូន​ឈឺ​ម្ដង​ម្កាល​ដែរ៖ «បង​ប្រកប​មុខ​របរ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ​ហើយ? ១៥​ឆ្នាំ​ហើយ។ យ៉ាង​ម៉េច​ដែរ​ក្រោយ​ពី​ប្រកប​មុខ​របរ​ហ្នឹង? គ្រាន់​តែ​បាន​ម៉ា​ដោះ​ជីវភាព​បាន​ខ្លះ គ្រាន់​បាន​ទិញ​អង្ក​ទិញ​អី​ហូប​ហ្នឹង​ឯង។ វាយ​ពី​ខែ​ប៉ុន្មាន​ដល់​ខែ​ប៉ុន្មាន? មិន​ដឹង​ខែ​ប៉ុន្មាន​ទេ​បង ខ្ញុំ​វា​អត់​ទៀង​ដែរ ខ្ញុំ​ជួន​ណា​បាន​វាយ ជួន​ណា​អត់ កូន​ឈឺ​នៅ​ផ្ទះ​មាន​បាន​វាយ​ជាប់​រហូត​អី​ទេ​ខ្ញុំ​នេះ។ មួយ​គូប ពី​ដើម​បាន​តែ ៦​ម៉ឺន​រៀល​ទេ ឥឡូវ​បាន ៧​ម៉ឺន​ហើយ ប៉ុន្តែ ៨​ម៉ឺន​បាន​តែ​ប៉ុន្មាន​ថ្ងៃ ឥឡូវ​ចុះ​មក​នៅ ៧​ម៉ឺន​រៀល​វិញ​ទេ។ ថ្ម​អី​អា​ហ្នឹង? ថ្ម​ថ្លើម​អណ្ដើក»

ចំណែក អ្នកស្រី ឈួន ស្រីណាត កំពុង​ពាក់​វ៉ែនតា​ពណ៌​ខ្មៅ ដៃ​ស្ដាំ​កាន់​ញញួរ​សំពង​ទៅ​លើ​ដុំ​ថ្ម​ធំ​មួយ​ផ្ទាំង ដែល​ប្ដី​របស់​គាត់​ទើប​គាស់​ចេញ​ពី​ភ្នំ​មក​បំបែក​ឲ្យ​ទៅ​ជា​បំណែក​តូចៗ មុន​នឹង​ច្រក​ការុង​ទុក​លក់ បាន​ថ្លែង​ទាំង​ដង្ហើម​ហត់​ខ្លាំង​ថា ប្រសិន​បើ​គេ​មិន​ប្រយ័ត្ន ឬ​ពាក់​វ៉ែនតា​នៅ​ពេល​វាយ​ថ្ម​នោះ គឺ​កម្ទេច​ថ្ម​អាច​ខ្ទាត​ត្រូវ​គ្រាប់​ភ្នែក និង​ខ្លួន​ប្រាណ ប៉ុន្តែ​សម្រាប់​គ្រួសារ​អ្នកស្រី​ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ ដែល​ប្រកប​មុខ​របរ​វាយ​ថ្ម​នេះ មិន​ដែល​មាន​គ្រោះ​ថ្នាក់​ធំ​ដុំ​ណា​មួយ​កើត​ឡើង​នោះ​ទេ៖ «កម្លាំង​នោះ​អត់​មាន​រឹងមាំ​ទេ ជួន​ណា​ថ្ងៃ​ណា​គ្រុន ថ្ងៃ​ណា​ក៏​ស្រួល ចេះ​តែ​នាំ​គ្នា​ធ្វើ​ទៅ ប្ដី​ខ្ញុំ​អ្នក​គាស់ ខ្ញុំ​អ្នក​អង្គុយ​ដំ​អា​ល្អិតៗ។ ខ្ញុំ​ចង់​បាន​រទេះ​ដឹក​អូស​ថ្ម ដែក​ញញួរ​ទម្ងន់​ប្រាំ​គីឡូ ១​គីឡូ​កន្លះ ហើយ​និង ៦​ខាំ បើ​លោកគ្រូ​មាន​លទ្ធភាព​ជួយ​ពួក​ខ្ញុំ​បាន​ជួយ​មក»

សកម្មភាព​គាស់​កកាយ ឬ​ប្រើ​កម្លាំង​ម៉ាស៊ីន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ថ្ម​មិន​បាន​ត្រឹមត្រូវ គឺ​ជា​ក្ដី​បារម្ភ​មួយ​ដែរ​សម្រាប់​ប្រជា​សហគមន៍ ដោយសារ​តែ​សកម្មភាព​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កន្លែង​គោរព​សក្ការបូជា ឬ​ភ្នំ​មួយ​ចំនួន​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ ហើយ​ពួក​គាត់​ធ្លាប់​ស្គាល់ និង​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​កំពង់លែង លោក ញ៉ឹក ខុន បាន​សម្ដែង​ក្ដី​បារម្ភ​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ គឺ​ទាំង​កម្លាំង​មនុស្ស និង​កម្លាំង​ម៉ាស៊ីន សម្រាប់​លោក​មិន​ចង់​ឲ្យ​កើត​មាន​នៅ​ក្នុង​ទឹក​ដី​ស្រុក​របស់​លោក​ឡើយ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​នេះ អាច​មាន​វត្ថុ​មាន​តម្លៃ​នឹង​ត្រូវ​បាត់​បង់ ក្រោយ​ពី​គាស់​កកាយ​ធ្វើ​អាជីវកម្ម៖ «ខ្ញុំ​ជា​ប្រជាជន​នៅ​ក្នុង​ស្រុក​កំពង់លែង នេះ។ ខ្ញុំ​សោកស្ដាយ​បំផុត ហើយ​ការ​សោកស្ដាយ​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ គឺ​ប្រជាជន ៩០​ភាគរយ​សោកស្ដាយ។ តាំង​ពី​អើយ​មក ខ្ញុំ​អាយុ ៨០​ទៅ​ហើយ វា​មិន​ដែល​ឃើញ​គាស់​កកាយ​យក​អី​ផ្សេងៗ អ៊ីចឹង​វា​អត់​ដែល​ឃើញ​មាន។ ទុក​ជា​អនាគត​ទៅ​មុខ​ណា​មិន​ត្រូវ​ការ​មក​គាស់​កកាយ​រំលើង​យក​វត្ថុ​អី​ផ្សេងៗ​ទេ អ៊ីចឹង​ខ្ញុំ​ជា​ប្រជាជន ខ្ញុំ​សោកស្ដាយ​ណាស់​ប្រសិន​បើ​ខ្ញុំ​មាន​សិទ្ធិ​មាន​អំណាច ខ្ញុំ​ហាម​ឃាត់​មិន​ឲ្យ​គាស់​កកាយ​ទេ»

ការុង​ថ្ម​ភ្នំ​ដែល​គេ​ដាក់​លក់​តាម​ផ្លូវ​របស់​អ្នក​ភូមិ​ធ្លក ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤
ការុង​ថ្ម​ភ្នំ​ដែល​គេ​ដាក់​លក់​តាម​ផ្លូវ​របស់​អ្នក​ភូមិ​ធ្លក ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤
RFA/Chin Chetha

មេ​ឃុំ​ច្រណូក លោក វណ្ណ សួន មាន​ប្រសាសន៍​ថា កន្លង​ទៅ​អាជ្ញាធរ​ឃុំ​មិន​ដែល​មាន​ការ​ហាម​ឃាត់​ពលរដ្ឋ​ទាំង​នោះ​ឡើយ ដោយ​គិត​ថា នេះ គឺ​ជា​មុខ​របរ​ចាំបាច់​របស់​អ្នក​ភូមិ​ធ្លក នៃ​ឃុំ​ច្រណូក ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ លោក​បន្ត​ថា នៅ​ក្បែរ​ទីតាំង​ជីក និង​វាយ​ថ្ម​លក់​របស់​អ្នក​ភូមិ មាន​វត្ត​មួយ​ឈ្មោះ គិរីវង្កត ប៉ុន្តែ​សកម្មភាព​ជីក​ថ្ម​នេះ​មិន​បាន​ប៉ះពាល់​ដល់​ទី​វត្ត​អារាម​នោះ​ទេ ពីព្រោះ​កន្លែង​ជីក​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១០ ទៅ ២០​ម៉ែត្រ​ពី​បរិវេណ​វត្ត៖ «ប្រសិន​បើ​យើង​ហាម​គាត់ ហើយ​ទុក​ថ្ម​ហ្នឹង​វា​ជា​ដំណែល​ធម្មជាតិ វា​ដាច់​របរ​គាត់ ព្រោះ​គាត់​វាយ​មក​តាំង​ពី​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​ម្ល៉េះ អា​នេះ​បើ​គិត​ទៅ របរ​អត់​ដើម​គាត់​រក​អត់​មាន​ដើម​ទុន​ណា អ្នក​ដែល​គេ​ឧស្សាហ៍​បាន​ទៅ ហើយ​បើ​គិត​ពី​ជីវភាព​ថា​មិន​ហួស​មិន​ខុស​ត្រូវ​គ្នា​ប៉ុន្មាន​ទេ​អ្នក​វាយ ហើយ​និង​អ្នក​មិន​វាយ ឃើញ​ថា​អ្នក​វាយ​ថ្ម​ចង់​ធូរ​ជាង​ផង គេ​បាន​លុយ​គេ​រាល់​ថ្ងៃ»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ ថ្លែង​បញ្ជាក់​ថា នៅ​ទូទាំង​ខេត្ត​មាន​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ចំនួន​១២ ដើម្បី​ធ្វើ​អាជីវកម្ម​ថ្ម ប៉ុន្តែ​បច្ចុប្បន្ន​បាន​ដំណើរ​ការ​តែ​ពីរ ឬ​បី​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​បរិមាណ​ថ្ម​អាច​ផ្គត់ផ្គង់​ក្នុង​ខេត្ត និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​បាន​ខ្លះ​ទៀត​ផង។ ចំណែក​សកម្មភាព​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន និង​នៅ​ស្រុក​កំពង់លែង មិន​សូវ​មាន​ច្រើន​ឡើយ ប៉ុន្តែ​ខាង​លោក​កំពុង​សិក្សា និង​អាច​ចងក្រង​ជា​ក្រុម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គាត់​ដែរ៖ «បើ​គាត់​ធ្វើ​ជា​លក្ខណៈ​ច្រើន​គ្នា​ទៅ យើង​អាច​ឲ្យ​គាត់​ចងក្រង​ទៅ​សុំ​ច្បាប់​ដែរ បើ​ថា​ធ្វើ​តិចតួច​គ្រាន់​តែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គាត់ ដូច​ជា​មិន​អី​ទេ​បង ចាក់​សសរ​ផ្ទះ​តិចតួច​អី​មិន​ខុស​ច្បាប់​ទេ។ វា​បើ​ចងក្រង​ធ្វើ​អាជីវកម្ម ត្រូវ​តែ​បង់​សួយ​សារ​ជូន​រដ្ឋ អូ! អា​ហ្នឹង​យើង​បង់​តាម​ប្រកាស​អន្តរ​ក្រសួង មួយ​គូប​ប៉ុន្មាន​កាក់​អ៊ីចឹង​ទៅ»

លោក អ៊ុក រស់ បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ពង្ស ខៀវសែ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ចំនួន​ពីរ ដើម្បី​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ស្រុក​កំពង់លែង គឺ​ទី​១ នៅ​លើ​ភ្នំ​ជ័យជាតិ ហៅ​ភ្នំ​ជ័យទ័ត និង​ទី​២ នៅ​លើ​ភ្នំ​ត្រង់ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ ហើយ​នឹង​អាច​ដំណើរ​ការ​អាជីវកម្ម​បាន​នៅ​ក្នុង​រយៈពេល​ពីរ ឬ​បី​ខែ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។