អ្នក​ភូមិ​រស់​នៅ​តាម​ព្រំដែន​ឡាវ​បារម្ភ​រឿង​ជនជាតិ​ឡាវ​ចូល​បាញ់​សត្វ​ព្រៃ​ក្នុង​ទឹក​ដី​ខ្មែរ

ដោយ ម៉ែន សុធីរ
2016.09.26
ជន​ដើម​ភាគ​តិច​ខិះ ស្ទឹងត្រែង ៨៥៥ ជនជាតិ​ដើម​ភាគ​តិច​ខិះ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ចុង​ខែ​មេសា ទាក់ទិន​ទាហាន​ឡាវ និង​ពលរដ្ឋ​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​សត្វព្រៃ និង​សត្វ​ពាហនៈ​អ្នក​ភូមិ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

ពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-​ឡាវ អះអាង​ថា ទាហាន​ឡាវ នៅ​តែ​បន្ត​ឆ្លងដែន​ចូល​ដី​ខ្មែរ​បាញ់​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង ខាង​លិច។ អ្នក​ភូមិ​អះអាង​ថា ទាហាន​ឡាវ ទាំង​នោះ មាន​គ្នា ៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា ២​ដើម និង​កាំភ្លើង​ច្នៃ ៣​ដើម ឆ្លង​ចូល​ទឹកដី​ខ្មែរ​ត្រង់​ចំណុច​ប្រឡាយស្អុង ចន្លោះ​បង្គោល​ព្រំដែន​លេខ ០៣៩ ដល់ ០៤៣ ហើយ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​នៅ​ពេល​យប់។

ជនជាតិដើម​ភាគ​តិច​ខិះ រស់​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង រិះគន់​យោធា​ការពារ​ព្រំដែន​របស់​កម្ពុជា​ថា ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​យោធា​ឡាវ គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ បង្ក​ប៉ះពាល់​អធិបតេយ្យភាព​ព្រំដែន និង​ប៉ះពាល់​សន្តិសុខ​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ។

ជនជាតិដើម​ភាគតិច​ខិះ រស់​នៅ​ឃុំ​ព្រែកមាស លោក ទា សន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថា អ្នក​ភូមិ​ប្រទះ​ឃើញ​ឡាវ ជា​ក្រុមៗ ប្រដាប់​ដោយ​កាំភ្លើង​ច្នៃ និង​កាំភ្លើង​អាកា​ស្ទើរ​គ្រប់​ដៃ​ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​សត្វព្រៃ កាល​ពី​ចុង​សប្តាហ៍​មុន។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ពុំមាន​លទ្ធផល។ លោក​រំឭក​ថា មិន​ត្រឹមតែ​ទាហាន​ឡាវ ចូល​មក​ទឹកដី​ខ្មែរ​បរ​បាញ់​សត្វព្រៃ​នោះ​ទេ តែ​ក៏​នៅ​មាន​ពលរដ្ឋ​ឡាវ លួច​ឆ្មក់​ចូល​ដី​ខ្មែរ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដូច​ជា បាញ់​សត្វពាហនៈ​អ្នកស្រុក​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

លោក ទា សន ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​បាន​តុល្យភាព​ជីវចម្រុះ និង​សុខ​សុវត្ថិភាព​ពលរដ្ឋ៖ «មូលហេតុ (ទាហាន​ឡាវ និង​ពលរដ្ឋ) អត់​ខ្លាច អត់​មាន​សមត្ថកិច្ច​ណា​ហាន​ធ្វើ។  ចូល​មក​ធម្មតា​ទៅ ព្រោះ​អាជ្ញាធរ​យើង​ក៏​មិន​បាន​រឹត​បន្តឹង។ កន្លែង​បឹង​ក្តូច គឺ​ជា​កន្លែង​ជម្រក​សត្វ​ដ៏​ធំ​ទូទាំង​ស្រុក​សៀមប៉ាង។ ឡាវ​វា​មក​បរបាញ់​សត្វព្រៃ​វា​បែក​ពេញ​ទឹក​ពេញ​ដី»

​ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ និង​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ដែរ។ លោក​រំឭក​ថា កាល​ពី​ខែ​សីហា អភិបាល​ខែត្រ​បាន​ចុះ​ទៅ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ឡាវ ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឡាវ រក​មធ្យោបាយ​ហាម​ពលរដ្ឋ​របស់ខ្លួន​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​ទឹក​ដី​ខ្មែរ ដែល​ផ្ទុយ​ពី​អនុស្សរណៈ​យោគយល់​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ។

លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ អាជ្ញាធរ​ឡាវ បាន​បង្ហាញ​ជំហរ​ពេញ​ចិត្ត​នឹង​ទទួល​យក​សំណើ​នេះ​ដែរ៖ «ការងារ​ហ្នឹង​គឺ​ខែត្រ​មាន​ឆន្ទៈ​យ៉ាង​រឹងមាំ​ថា មិន​ឲ្យ​មាន​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​មិន​ត្រូវ​ឆ្លង​ទៅ​ខាង​គេ ហើយ​ខាង​គេ​ក៏​មិន​ឲ្យ​ឆ្លង​មក​ខាង​យើង ក្នុង​ការ​បរបាញ់​សត្វ​ព្រៃ។ ប៉ុន្តែ​យើង​អនុគ្រោះ​ពលរដ្ឋ​ដែល​ចេញ​ចូល​ក្បែរៗ​គ្នា ក្នុង​តំបន់ សាកសួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ព្យាបាល​ជំងឺ ឬ​ក៏​នាំ​យក​បន្លែ​បន្តិចបន្តួច​លក់​ដូរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ»

​ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក ប៊ូ វីរសក្ស ក៏​សម្ដែង​ក្តី​បារម្ភ​អំពី​សកម្មភាព​លួច​ឆ្មក់​បាញ់​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​ដោយ​ពលរដ្ឋ​ឡាវ។ តែ​យ៉ាង​ណា​លោក​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ជូន​ដំណឹង​ករណី​នេះ​មក​អង្គការ​របស់​លោក​ដើម្បី​កំណត់​ទីតាំង​ដែល​ឡាវ ឆ្លង​ដែន​មក​បរបាញ់។ លោក​ថា អង្គការ​លោក​នឹង​បង្កើន​កម្លាំង​ល្បាត​ពេល​យប់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «ជា​ការពិត​កម្លាំង​របស់​យើង​មាន​កំណត់ តែ​យើង​សង្ឃឹម​ថា គោលការណ៍​ថ្មីៗ ដែល​រដ្ឋាភិបាល​នឹង​ផ្តល់ ឧទ្យានុរក្ស​ថ្មី​ទៀត​នៅ​ឆ្នាំ​២០១៧ ហើយ​តំបន់​សៀមប៉ាង នឹង​ទទួល​បាន​ឧទ្យានុរក្ស​កាន់​តែ​ច្រើន​ទៀត ដើម្បី​យើង​ចាត់​វិធានការ​ល្បាត​ឲ្យ​ប្រសើរ​ជាង​មុន»

មន្ត្រី​សម្រប​ស​សម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា សមាគម​អាដហុក​ក៏​ទទួល​ព័ត៌មាន​ទាហាន​ឡាវ និង​ពលរដ្ឋ​ឡាវ ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​នៅ​តំបន់​នោះ​ដែរ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​ពង្រឹង​កាតព្វកិច្ច​តម្រូត​ខ្មែរ​តាម​ព្រំដែន និង​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ឆ្លើយ​តប​ការ​បារម្ភ​របស់​ពលរដ្ឋ និង​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់៖ «កុំ​ថា អាង​តែ​មាន​ការ​យោគយល់​គ្នា ចេះ​តែ​បណ្តែតបណ្តោយ។ យូរៗ​ទៅ​វា​ចេះតែ​អនាធិបតេយ្យ។ យើង​ត្រូវ​ប្រើ​លក្ខណៈ​ច្បាប់​មួយ​ឲ្យ​រឹង​មាំ»

សហគមន៍​អះអាង​ថា បន្ទាប់​ពី​មាន​ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស បាត់​គោ​ក្របី​យ៉ាង​ហោច​ណាស់ ១០០​គ្រួសារ​ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ​បាត់​គោ​ក្របី​ចាប់​ពី ១​ក្បាល​ដល់​ជាង ២០​ក្បាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។