ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​អ្នក​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2016-07-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev
Brach Chev

បុរស​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​ប្រាប់​ទៅ​ប៉ូលិស​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ នោះ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ថា​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ។ អ្នក​ភូមិ និង​ព្រះសង្ឃ​ជាច្រើន ស្គាល់​ច្បាស់​ថា​ឈ្មោះ អឿត អាង។

សាក្សី​ជាច្រើន​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​នគរភាស និង​ភូមិ​ទន្លេស នៃ​ឃុំ​នគរភាស ព្រម​ទាំង​អ្នក​ស្រុក​អង្គរជុំ ផង សុទ្ធតែ​អះអាង​ដូច​គ្នា ព្រម​ទាំង​មាន​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​នោះ​កាល​ពី​នៅ​បួស​ជា​ព្រះសង្ឃ។

ភូមិ​នគរភាស ឃុំ​នគរភាស គឺ​ជា​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ទីនោះ​ជា​កន្លែង​ដែល​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រស់នៅ ហើយ​ក៏​មាន​ភស្តុតាង ព្រម​ទាំង​សាក្សី​ជាច្រើន​នាក់​សុទ្ធតែ​ស្គាល់​ជន​នោះ ជាមួយ​ប្រវត្តិ​យ៉ាង​ច្បាស់លាស់​ផង។

អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
១១-កក្កដា-២០១៦៖ រូបថត​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ឈ្មោះ អឿត អាង ដែល​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ ជួប សម្លាប់ ក្នុង​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ភ្នាក់ងារ​បរិស្ថាន។ RFA/Hang Savyouth RFA/Hang Savyouth

អ្នក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ ដោយ​ឆ្លង​កាត់​ផ្លូវ​ដ៏​លំបាក​ក្នុង​រដូវ​វស្សា។ នៅ​ក្រោម​ផ្ទះ​ឈើ ២​ខ្នង ស្ត្រី​ដែល​មាន​សម្បុរ​ខ្មៅ​ក្នុង​វ័យ ៤៥​ឆ្នាំ​ម្នាក់​ឈ្មោះ ហឿម ហ៊ត់ នៅ​ក្នុង​ភូមិ​នគរភាស២។ គាត់​ទទួល​ស្គាល់​ថា គាត់​បាន​ពិនិត្យ​មើល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​បង្ហោះ​រូប​បុរស​ម្នាក់​ជា​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ហើយ​គាត់​ទទួល​ស្គាល់​ថា បុរស​នោះ​ពិត​ជា​ប្ដី​របស់​គាត់​ដែល​ចេញ​បាត់​ពី​ផ្ទះ​ជាច្រើន​ថ្ងៃ​មក​ហើយ។

ស្ត្រី​មេម៉ាយ​ដដែល​បញ្ជាក់​ថា គាត់​ទើប​តែ​សែនព្រេន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ជាមួយ​បុរស​នោះ​បាន​រយៈពេល ២​ខែ​ប៉ុណ្ណោះ។ លោកស្រី​ថា ប្ដី​របស់​គាត់​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ គឺ​ឈ្មោះ អឿត អាង អាយុ ៤៣​ឆ្នាំ ដែល​ជា​អ្នក​បម្រើ​ការងារ​ឲ្យ​អង្គភាព​បរិស្ថាន​មួយ ដោយ​មិន​មាន​ប្រាក់​ខែ​ទេ។ ស្ត្រី​ដដែល​បាន​យក​ឯកសណ្ឋាន​ការងារ​របស់​ប្ដី​មក​បង្ហាញ ព្រម​ទាំង​រូប​ថត​ខ្លះ​ទៀត​ពាក់ព័ន្ធ ក៏ប៉ុន្តែ​គាត់​មិន​ដឹង​ច្បាស់លាស់​ពី​ប្រវត្តិ​ដើម​របស់​ប្ដី​ទេ៖ «គាត់​ចេញ​ពី​ផ្ទះ​ប្រហែល​ជា ១០​ថ្ងៃ​មុន។ គាត់​ប្រាប់​ថា​ទៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដែល​សួរ​នាំ​អី​គាត់​ដែរ ពីព្រោះ​ខ្ញុំ​ខឹង​គាត់​រឿង​ពូកែ​លេង​ល្បែង»

ចំណែក​នៅ​ឯ​ភូមិ​ទន្លេស ដែល​ឆ្ងាយ​ពី​ភូមិ​នគរភាស២ ប្រហែល ៥​គីឡូម៉ែត្រ គឺ​ជា​កន្លែង​ដែល​ម្ដាយ​ជន​សង្ស័យ​រស់នៅ។ ទីនោះ​ក៏​ជា​ទីកន្លែង​កំណើត​របស់​បុរស​ម្នាក់​នោះ​ដែរ។

ស្ត្រី​វ័យ​ចំណាស់​អាយុ ៦៤​ឆ្នាំ លោកស្រី ឯក តាប់ មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ភ័យ​ព្រួយ​ថា រូប​ជន​សង្ស័យ​ដែល​គាត់​បាន​ឃើញ​តាម​ទូរទស្សន៍ គឺ​ពិត​ជា​កូន​ប្រុស​ច្បង​របស់​គាត់។ ស្ត្រី​ដដែល​បញ្ជាក់​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ អឿត អាង ហើយ​រហស្សនាម ជួប សម្លាប់ ដែល​គេ​បាន​ប្រាប់​ទៅ​ប៉ូលិស​ក្នុង​ពេល​ចាប់​ខ្លួន​នោះ ប្រហែល​ជា​រហស្សនាម​នៅ​ពេល​ធ្វើ​កងទ័ព។

លោកស្រី ឯក តាប់ ឲ្យ​ដឹង​ថា អឿត អាង គឺ​ជា​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​បង​ប្អូន ៩​នាក់​នោះ គឺ​ធ្លាប់​ធ្វើ​កងទ័ព​នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា តាំង​តែ​ពី​អាយុ​ជាង ១០​ឆ្នាំ​រហូត​ដល់​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កង​ឧទ្ទាម​ខ្មែរ​ក្រហម​រលំរលាយ​ទាំង​ស្រុង។ គាត់​មិន​ទាន់​ប្រាកដ​ថា តើ​កូន​ប្រុស​របស់​គាត់​ពិត​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប្រាកដ​មែន ឬ​ក៏​យ៉ាង​ណា​ទេ? ពីព្រោះ​កូន​ប្រុស​ម្នាក់​នេះ​បាន​ផ្លាស់ប្ដូរ​ការងារ​ជាច្រើន ថែម​ទាំង​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ផង ទៅ​បួស​ជា​ព្រះសង្ឃ​ផង ហើយ​នៅ​ពេល​ចុង​ក្រោយ គឺ​ឃើញ​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ភ្នាក់ងារ​ការពារ​បរិស្ថាន៖ «ធ្វើ​ទាហាន​ធ្វើ​នៅ​ស្រុក​អង្គរជុំ។ ធ្វើ​ទាហាន​តាំង​ពី​ស្ពាយ​កាំភ្លើង​អូស​ដី ដើរ​ច្បាំង​ជាមួយ​ខ្មែរ​ក្រហមតាម​សមរភូមិ​ជាច្រើន​កន្លែង»

តាម​ជីវប្រវត្តិ​ដែល​វិទ្យុ​អាស៊ីសេរី ស្រាវជ្រាវ​ឃើញ​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មាន​ចរិត​សាហាវ​គួរ​ឲ្យ​ខ្លាច ដោយ​ជន​នោះ​ធ្លាប់​ស្គាល់​ទាហាន​ខ្លះ ហើយ​ចូល​ចិត្ត​មាន​បក្ខពួក​ដើរ​ស៊ី​ផឹក ព្រម​ទាំង​ជា​មនុស្ស​ដែល​កើត​មាន​រឿង​អាស្រូវ​ស្រី​ញី​ជាច្រើន​លើក។ បុរស​ឈ្មោះ អឿត អាង ធ្លាប់​លែងលះ​ប្រពន្ធ​ដំបូង​ឈ្មោះ យឿត នៅ​ភូមិ​ល្បើក រួច​ហើយ​ក៏​ទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ។ នៅ​ពេល​បួស​ជា​ព្រះសង្ឃ ក៏​មាន​រឿង​សេព​មេថុន​ជាមួយ​នឹង​ស្ត្រី​ម្នាក់​ទៀត​រហូត​ដល់​មន្ត្រី​សង្ឃ​ជាច្រើន បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​សឹក ហើយ​នៅ​ចុង​ក្រោយ ជន​នោះ​បាន​លា​ចាក​សិក្ខាបទ​ពី​ព្រះសង្ឃ​ដោយ​ខ្លួន​ឯង និង​រៀបចំ​សែនព្រេន​ជាមួយ​អ្នក​មេម៉ាយ​ម្នាក់​ធ្វើ​ជា​ប្រពន្ធ។

កាំភ្លើង​ជន​សង្ស័យ​សម្លាប់​លោក កែម ឡី ២០១៦ ៨៥៥
កាំភ្លើង និង​សម្ភារៈ​របស់​ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​សមត្ថកិច្ច​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

សាក្សី​ជាច្រើន​បញ្ជាក់​ថា ការ​អះអាង​របស់​ជន​សង្ស័យ​ដែល​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​ប្រាក់ ៣.០០០​ដុល្លារ​នោះ គឺ​គេ​មិន​ជឿ​ទេ ពីព្រោះ​បើ​គេ​ដឹង​ថា​លោក កែម ឡី និង​ជន​សង្ស័យ​មិន​ដែល​ស្គាល់​គ្នា​ទាល់​តែ​សោះ ហើយ​ជន​នោះ​ទៅ​ទីក្រុង​ភ្នំពេញ គឺ​គ្រាន់​តែ​ឡើង​ចុះ​ទៅ​ប្រជុំ​រឿង​ការងារ​បរិស្ថាន​ប៉ុណ្ណោះ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ប្រាសាទធ្នង់ ហៅ​វត្ត​ក្រឡាញ់ ក្នុង​ឃុំ​សោម ព្រះនាម សឿម សួន ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ អឿត អាង បាន​ចូល​ទៅ​សាង​ផ្នួស​នៅ​ក្នុង​វត្ត​របស់​ព្រះអង្គ​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។ ស្នាក់នៅ​បាន​រយៈពេល ១​ឆ្នាំ ព្រះអង្គ​ក៏​បណ្ដេញ​ព្រះសង្ឃ​នោះ​ចេញ​ពី​វត្ត ដោយសារ​តែ​និមន្ត​ចេញ​ពី​វត្ត​រហេតរហូត​មិន​ដឹង​ទៅ​ណា​មក​ណា​ច្បាស់លាស់។ ព្រះអង្គ​ឲ្យ​ដឹង​ថា ឈ្មោះ អឿត អាង គឺ​មាន​ចរិត​សាហាវ​ដោយ​អប់រំ​មិន​ស្ដាប់ ហើយ​ចេះ​តែ​ភាសា​បាញ់​បោះ៖ «អាត្មា​និយាយ​ពាក្យ​ធ្ងន់​ពាក្យ​អី​ថា​ឲ្គឺ​គេ​ប្រមាថ​បាញ់​ប្រមាថ​អី។ កាល​ពី​នៅ​បួស គឺ​មិន​រៀន​ធម៌ គឺ​និយាយ​តែ​ពី​រឿង​ធ្វើ​ទាហាន»

ចំណែក​ព្រះភិក្ខុ សោម សាម៉ន ជា​អនុគណ​ស្រុក​អង្គរជុំ មាន​ថេរ​ដីកា​ថា ព្រះអង្គ​ជា​គ្រូ​ឧបជ្ឈាយ៍​បំបួស​ឈ្មោះ អឿត អាង នោះ។ បន្ទាប់​ពី​បួស​រួច​មក ជន​នោះ​មាន​រឿង​អាស្រូវ​ជាច្រើន​រហូត​ត្រូវ​បណ្ដេញ​ចេញ​ពី​វត្ត​ប្រាសាទធ្នង់ ហើយ​ទៅ​គង់​នៅ​វត្ត​ភ្នំកំបោរ ក្នុង​ស្រុក​វ៉ារិន។ បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន ក៏​និមន្ត​ទៅ​គង់​នៅ​អាស្រម​ពើង​តានន់។ ព្រះអង្គ​បញ្ជាក់​ថា ដោយសារ​ព្រះសង្ឃ​នោះ​មាន​រឿង​អាស្រូវ​ច្រើន គឺ​មន្ត្រី​សង្ឃ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​លា​ចាក​សិក្ខាបទ ប៉ុន្តែ​បុគ្គល​នោះ​មិន​ព្រម​សឹក រហូត​ដល់​ព្រះអង្គ​ដក​យក​លិខិត​សម្គាល់​ខ្លួន​ជា​សង្ឃ​ចំនួន ២​លើក​មក​ហើយ។ ព្រះអង្គ​ជឿ​ថា ជន​នោះ គឺ​មាន​លាក់​ទុក​កាំភ្លើង​តាំង​ពី​នៅ​បួស​ជា​សង្ឃ​ម្ល៉េះ៖ «អាត្មា​ឮ​គណៈកម្មការ​ដែល​អាត្មា​បាន​ចាត់​តាំង គាត់​ឈ្មោះ តាកែវ បាន​ប្រាប់​ថា​លោក​នោះ​គំរាម​បាញ់​អ្នក​ណា​ដែល​តាម​រក​រឿង»

សាក្សី​ជាច្រើន​បង្ហាញ​ការ​ជឿជាក់​ថា ឈ្មោះ អឿត អាង អាច​ជា​ជន​សង្ស័យ​ដែល​ស៊ី​ឈ្នួល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មែន ក៏ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ជឿ​នោះ គឺ​មិន​មែន​ដោយសារ​តែ​រឿង​លោក កែម ឡី ជំពាក់​លុយ​ទេ ពីព្រោះ​ជន​នោះ​មិន​ដែល​មាន​លុយ​ច្រើន​ទេ គ្រាន់​តែ​ជា​ជន​ពនេចរ ហើយ​ក៏​មិន​ដែល​ស្គាល់​លោក កែម ឡី ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អឿត អាង was one of the group of thugs that was orderred to murder Mr. Kem Lay and Chub Somlab is only his code's name

Jul 30, 2016 09:47 PM

អ្នក​អាន​អនាមិក

ចុងក្រោយឆ្លើយថា បក្សជំទាស់ជាអ្នកជួលឲសម្លាប់លោកបណ្ឌិត កែម ឡី ។ចប់។ នយោបាយរបស់ពួក កុម្មុយនិស។

Jul 11, 2016 08:51 PM

អ្នក​អាន​អនាមិក

Why did police during the interrogation don't let out any information to public except to allow the story about borrowing money of $3,000 to get out to the Face Book?

Jul 11, 2016 03:41 PM

eak tab

ពី siem reap

so call sok kong and seang nam to tes
and put elictric to that guy kill kem ley
let he answer who pay he to do to kill
in his family kill mr kem ley
that kill mr kem ley all hun sen family
pay that guy to kill mr kem ley
his wife and his mother say.

Jul 11, 2016 10:30 AM

អ្នក​អាន​អនាមិក

ខ្ញុំសូមអរគុណចំពោះការវែកមុខរបស់ជននេះ និងសូមឲ្យរកឃើញអ្នកនៅពីក្រោយខ្នងឆាប់ៗផងចុះ

Jul 11, 2016 09:53 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល