ពលរដ្ឋ​ខេត្ត​ស្វាយរៀង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​​ស្ពាន​តាហោ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ធ្វើ​ស្រែ

ដោយ ម៉ែន សុធីរ
2015.06.06
ពលរដ្ឋ ស្ពាន​តាហោ ៦២០ ០២-មិថុនា-២០១៥៖ ពលរដ្ឋ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដែល​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ស្ពាន​តាហោ ដើម្បី​ឲ្យ​អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ក្នុង​រដូវ​វស្សា។
RFA/Men Sothyr

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​ស្រុក​ស្វាយជ្រំ និង​​ក្រុង​ស្វាយរៀង អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​ទំនប់​ទឹក​នៅ​ស្ពាន​តាហោ នៃ​ទន្លេ​វ៉ៃកូ នៅ​ក្នុង​រដូវ​វស្សា​នេះ ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​ចម្ការ​បាន។

​ពលរដ្ឋ​រស់នៅ​សង្កាត់​ចេក ក្រុង​ស្វាយរៀង និង​ស្រុក​ស្វាយជ្រំ បារម្ភ​ពី​ដីស្រែ​អាស្រ័យ​ផល ត្រូវ​ទឹក​ជន់​លិចលង់​ដីស្រែ​រៀង​រាល់​ឆ្នាំ។ ពលរដ្ឋ​ចាត់​ទុក​ថា មូលហេតុ​ចម្បង​ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​ធ្វើ​ទំនប់​បិទ​ចរន្ត​ទឹក​ត្រង់​នៅ​ស្ពាន​តាហោ នៅ​ទន្លេ​វ៉ៃកូ ឋិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍តាហោ ក្រុង​ស្វាយរៀង បណ្ដាល​ឲ្យ​អ្នក​ភូមិ​ចំនួន ៨​ឃុំ មិន​អាច​ធ្វើ​ស្រែ​បាន​នៅ​រដូវ​វស្សា។

តំណាង​ពលរដ្ឋ​រស់​នៅ​សង្កាត់​ចេក អ្នកស្រី សូ សារ៉ន រៀបរាប់​ថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ទប់ទឹក​នៅ​ស្ពាន​តាហោ តាំង​ពី​ឆ្នាំ​២០០០ មក គ្រួសារ​អ្នកស្រី​មិន​អាច​ធ្វើស្រែ​នៅ​រដូវ​វស្សា​បាន​ដូច​ឆ្នាំ​មុនៗ​ឡើយ​រហូត​បច្ចុប្បន្ន ដោយសារ​តែ​ទឹកជំនន់​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​លិចលង់​ដីស្រែ និង​បង្ក​ឲ្យ​ខូចខាត​ស្រូវ​ទាំង​ស្រុង។

អ្នកស្រី​ថា ពលរដ្ឋ​មាន​ដីស្រែ​តាម​បណ្ដោយ​អូរតាវ៉ូ នេះ និង​ទន្លេ​វ៉ៃកូ មិន​អាច​ធ្វើ​ស្រែ​បាន​ឡើយ​ទាំង​រដូវ​វស្សា និង​រដូវ​ប្រាំង៖ «តាំង​ពី​គេ​បិទ​អា​ស្ពាន​ខាង​ត្បូង​មក ពួក​ខ្ញុំ​គ្មាន​បាន​អី​ហូប​ទេ គេ​បញ្ចាល់​​ទឹក​ទុក​រហូត​តាំង​ពី​ឆ្នាំ​២០០០​មក។ ពួក​ខ្ញុំ​អត់​រហូត ពួក​នៅ​លើ។ ពួក​នៅ​ក្រោម​គេ​បាន​ផល​រហូត»

​ចំណែក​អភិបាល​រង​ក្រុង​ស្វាយរៀង លោកស្រី ស ថាវី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ថា ទំនប់​ដែល​អាជ្ញាធរ​ជំនាញ​ទប់​នេះ​សម្រាប់​កសិករ​ធ្វើ​ស្រែ​ប្រាំង ដើម្បី​ផ្គត់ផ្គង់​ទឹក​ធ្វើ​ស្រែ​នៅ​ប៉ែក​ខាង​ក្រោម​ទន្លេ​វ៉ៃកូ ដូចជា​សង្កាត់​ពោធិ៍តាហោ សង្កាត់​ស្វាយតឿ ជាដើម។ ទោះ​យ៉ាង​ណា អ្នកស្រី​មិន​បាន​បញ្ជាក់​លម្អិត​ដោយ​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទូរស័ព្ទ​សួរ​អាជ្ញាធរ​ខេត្ត​បន្ថែម៖ «ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក ស្នើ​សុំ គេ​បើក​ទ្វារ​ទឹក​ហ្នឹង​ទៅ»

​យ៉ាង​នេះ​ក្តី អាជ្ញាធរ​មូលដ្ឋាន ក៏​ធ្លាប់​ទទួល​ពាក្យ​ប្ដឹង​របស់​តំណាង​ពលរដ្ឋ​កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទឹក​លិចលង់​ដីស្រែ​នេះ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ដោយសារ​តែ​ជា​កាតព្វកិច្ច​របស់​មន្ទីរ​ធនធាន​ទឹក។

ចៅ​សង្កាត់​រង​ចេក លោក លក ចន្ទ្រាត ទទួល​ស្គាល់​ថា ជាង ១០​ឆ្នាំ កន្លង​មក​ហើយ ទំនប់ទឹក​នេះ​ពិត​ជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកប​របរ​ធ្វើ​ស្រែ​របស់​ពលរដ្ឋ។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​គួរ​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត និង​រដ្ឋ​សភា​ដើម្បី​អន្តរាគមន៍​បញ្ហា​នេះ៖ «ដល់ពេល​គេ​ទប់​ទៅ ពេលណា​ខែវស្សា​ភ្លៀង​ជន់​ច្រើន ទឹក​ហ្នឹង​វា​ហូរ​មក​វា​ទាក់​ត្រង់​ស្ពាន់​តាហោ ពេល​ណា​ទឹក​វា​ខ្លាំង​ទៅ​ហូរ​ពី​លើ​ទំនប់​ទៅ ហើយ​គេ​បើក​នៅ​ខាង​កើត​មួយ​ទៀត​នៅ​ស្ពាន​តាហោ»

​មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​យក​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ​ចាំបាច់​ត្រូវ​រក្សាទុក និង​ដោះស្រាយ​ក្តី​កង្វល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​ទឹក​លិចលង់​ដី​ស្រែ​នេះ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ជីវភាព​ពលរដ្ឋ។ លោក​អំពាវនាវ​ក្រសួង​ធនធាន​ទឹក ពិចារណា​ឡើង​វិញ​ចំពោះ​គម្រោង​ទំនប់​ទន្លេ​វ៉ៃកូ​នេះ៖ «ឲ្យ​ទឹក​ហ្នឹង​ទៅ​ទម្លាក់​ឲ្យ​ពលរដ្ឋ ហើយ​មាន​ផលប្រយោជន៍​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ គឺ​ចាំបាច់ យើង​ត្រូវ​ប្រគល់​ឲ្យ​ពលរដ្ឋ​ហើយ ព្រោះ​ពលរដ្ឋ​ជា​ធំ មិន​អាច​ថា យើង​រក្សា​ទឹក​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ទន្លេ​ហ្នឹង»

​ចៅ​សង្កាត់​រង​នៃ​សង្កាត់​ចេក លោក លក ចន្ទ្រាត ឲ្យ​ដឹង​ថា ពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​ចំនួន ៨​ឃុំ ក្នុង​ស្រុក និង​ក្រុង​ចំនួន ២ ដូចជា​សង្កាត់​ចេក ឃុំ​ឃ្លាំង ឃុំ​ពោធិ៍រាជ ឃុំ​ដូនស ព្រៃឆ្លាក់ ឃុំ​កណ្ដាល និង​ឃុំ​មេលោង។ ដោយ​ឡែក​ពលរដ្ឋ​ក្នុង​សង្កាត់​ចេក ជាប់​អូរតាវ៉ូ ដៃ​ទន្លេ​វ៉ៃកូ រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយសារ​តំបន់​នោះ​ជា​តំបន់​ទំនាប។

​ទោះ​យ៉ាង​ណា​ក៏ដោយ តាំង​ពី​ទំនប់​ទឹក​នេះ​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០០ ដែល​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ផ្អាក​ការ​ធ្វើស្រែ​រហូត​មក​ដល់​បច្ចុប្បន្ន។

​ប្រធាន​ប្រតិបត្តិការ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា លោក ប្រាក់ សេរីវឌ្ឍន៍ យល់​ឃើញ​ថា ក្រសួង​ធនធាន​ទឹក គួរ​វិភាគ និង​សិក្សា​វាយតម្លៃ​ឲ្យ​ច្បាស់លាស់​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ផលប្រយោជន៍​រួម ដែល​ជា​ប្រយោជន៍​ដល់​សង្គម​ទើប​ការ​អភិវឌ្ឍ​នោះ​ជា​ការ​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។