មន្ត្រី​គយ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ម្ចាស់​យានយន្ត​ប្រញាប់​បំពេញ​ឯកសារ​បង់​ពន្ធ

ដោយ ដែន អយុធ្យា
2015.08.20
យ៉ឹក យូ ៦២០ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក យ៉ឹក យូ (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​លិខិត​លេខ ១០៤៩ អ.គ.រ ស្ដីពី​ការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រមូល​ពន្ធ​អាករ​លើ​យានយន្ត​មាន​ស្រាប់​ក្នុង​ប្រទេស ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ និង​អាករ​នា​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ ត្រូវ​រួសរាន់​មក​បំពេញ​ឯកសារ​បង់​ពន្ធ​នៅ​តាម​សាខា​គយ និង​រដ្ឋាករ​តាម​រាជធានី-ខេត្ត​នីមួយៗ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ឲ្យ​បាន​តាម​ពេល​កំណត់ ព្រោះ​ស្ថាប័ន​នេះ​បាន​អនុគ្រោះ​ឲ្យ​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​ជា​ធម្មតា និង​មិន​ទាន់​ផាក​ពិន័យ​ទេ។

បញ្ហា​នេះ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​នា​មូលដ្ឋាន​នេះ ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​នាំ​ចូល ដោយ​ហេតុផល​ផ្សេងៗ ទោះ​បី​កំពុង​ប្រើប្រាស់​ដោយ​ផ្ទាល់ ឬ​កំពុង​ស្ថិត​ក្នុង​អាជីវកម្ម​ក៏ដោយ ត្រូវ​មក​ទទួល​ឯកសារ​បង់​ពន្ធ​ឲ្យ​បាន​គ្រប់​គ្នា​តាម​ពេលវេលា​កំណត់ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចុះ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដល់​លំនៅឋាន។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥ បាន​ប្រកាស​ដល់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល ដែល​មាន​បំណង​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​ដោយ​ស្ម័គ្រ​ចិត្ត ត្រូវ​មក​បំពេញ​បែបបទ​បង់​ពន្ធ​នៅ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឬ​នៅ​តាម​បណ្ដា​សាខា​គយ និង​រដ្ឋាករ​រាជធានី-ខេត្ត​នានា​ដែល​នៅ​ជិត​ផ្ទះ​បំផុត។

ជាង​នេះ ត្រូវ​អម​ភ្ជាប់​នូវ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​កម្មសិទ្ធិ​ពី​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ និង​លិខិត​បញ្ជាក់​លក្ខណៈ​បច្ចេកទេស​យានយន្ត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មក​ជាមួយ​ផង។

ត្រង់​ចំណុច​នេះ លោក យ៉ឹក យូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​ទំហំ​ប្រាក់​ពន្ធ និង​ពិន័យ​អនុគ្រោះ​ដែល​ត្រូវ​បង់ ព្រម​ទាំង​ព័ត៌មាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​លើ​យានយន្ត​នាំ​ចូល ប៉ុន្តែ​មិន​ទាន់​បាន​បង់​ពន្ធ គឺ​មាន​បិទ​ផ្សាយ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឬ​នៅ​គ្រប់​អង្គភាព​គយ និង​រដ្ឋាករ​មូលដ្ឋាន សាលា​រាជធានី-ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ទូទាំង​ប្រទេស។ ហើយ​ថា ព័ត៌មាន​លម្អិត​ជុំវិញ​ការ​បង់​ពន្ធ​អាករ​អនុគ្រោះ​លើ​យានយន្ត​មិន​ទាន់​បាន​បង់​ពន្ធ​នេះ ប្រជាពលរដ្ឋ ឬ​សាធារណជន អាច​សាកសួរ​មន្ត្រី​ជំនាញ​ផ្ទាល់​នៅ​តាម​អង្គភាព​គយ និង​រដ្ឋាករ​នានា ពិសេស​អាច​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ តាម​ពេល​ម៉ោង​ធ្វើ​ការ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​លិខិត​លេខ ១០៤៩ អ.គ.រ ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដីពី​ការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រមូល​ពន្ធ​អាករ​លើ​យានយន្ត​មាន​ស្រាប់​ក្នុង​ប្រទេស ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ និង​អាករ​នា​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា លោក យ៉ឹក យូ បាន​អំពាវនាវ​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិន​ទាន់​បាន​បង់​ពន្ធ​លើ​យានយន្ត​របស់​ខ្លួន ត្រូវ​រួសរាន់​ចូល​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​មក​បំពេញ​បែបបទ​បង់​ពន្ធ​អាករ និង​ពិន័យ​អនុគ្រោះ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា គឺ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់ ឬ​ការ​ខាតបង់​នានា​ដែល​បណ្ដាល​មក​ពី​ការ​បង្ក្រាប​តាម​ដង​ផ្លូវ ឬ​បង្ក្រាប​នៅ​តាម​ទីតាំង​ធ្វើ​អាជីវកម្ម​នានា ដែល​នឹង​ពុំ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​ឡើយ នៅ​ក្រោយ​ផុត​កាលបរិច្ឆេទ​កំណត់​នេះ។

ត្រង់​ចំណុច​នេះ លោក យ៉ឹក យូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ ឬ​ម្ចាស់​អាជីវកម្ម​នានា​មិន​ព្រម​បង់​ពន្ធ​លើ​យានយន្ត​នាំ​ចូល​របស់​ខ្លួន​ទេ នា​ថ្ងៃ​ខាង​មុខ មន្ត្រី​ជំនាញ​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ នឹង​សហការ​ជាមួយ​កម្លាំង​នគរបាល ឬ​កង​រាជ​អាវុធហត្ថ​ជាដើម នឹង​ចុះ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​ចុះ​ផាក​ផ្ទាល់​ដល់​លំនៅឋាន ឬ​ទីតាំង​ប្រកប​អាជីវកម្ម​ផ្ទាល់​តែ​ម្តង៖ «យានយន្ត​នាំ​ចូល​មិន​ទាន់​បាន​បង់​ពន្ធ ដែល​អាច​មក​បំពេញ​បែបបទ​បង់​ពន្ធ​អាករ​អនុគ្រោះ ទាល់​តែ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ប៉ុស្តិ៍​នគរបាល​មាន​សមត្ថកិច្ច ឬ​ការ​បញ្ជាក់​លក្ខណៈ​បច្ចេកទេស​សុវត្ថិភាព​ជា​មុន​ពី​ស្ថាប័ន​ក្រសួង​សាធារណការ ឬ​មន្ទីរ​សាធារណការ»

បញ្ហា​នេះ​ដែរ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​កាតព្វកិច្ច​បង់​ពន្ធ​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ មាន​ប្រសាសន៍​ថា នឹង​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​គយ និង​រដ្ឋាករ​ខេត្ត​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​យានយន្ត​នា​មូលដ្ឋាន​នេះ ស្រប​តាម​បច្ចេកទេស និង​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ បន្ថែម​លើ​នេះ លោក អ៊ី សុខា ស្នងការ​រង​នគរបាល និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់​សាធារណៈ ខេត្ត​ព្រះសីហនុ ក៏​ត្រៀម​កម្លាំង​ជំនាញ​របស់​លោក ដើម្បី​ចូលរួម​សហការ​ជាមួយ​មន្ត្រី​អង្គភាព​គយ និង​រដ្ឋាករ ដើម្បី​ឈាន​ដល់​ប្រមូល​ចំណូល​ពន្ធ​រដ្ឋ​កើន​ច្រើន​ថែម​ទៀត​នា​ឆ្នាំ​ខាង​មុខ។ លោក​បន្ត​ថា បញ្ហា​នេះ អង្គភាព​លោក​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​យានយន្ត​របស់​ពួក​គាត់ ឬ​ការ​ធ្វើ​អាជីវកម្ម​យានយន្ត​មិន​ទាន់​បង់​ពន្ធ​នាំ​ចូល ឲ្យ​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ក្នុង​កាលៈទេសៈ​អនុគ្រោះ​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា និង​ទាន់​ពេល ដើម្បី​ជៀស​ផុត​ពី​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​នា​ថ្ងៃ​ខាង​មុខ៖ «យើង​នឹង​សហការ​ជាមួយ​ស្ថាប័ន​គយ ដើម្បី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ទៅ​តាម​សំណូមពរ​របស់​រាជ​រដ្ឋាភិបាល។ មន្ត្រី​ជំនាញ​នគរបាល នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​មន្ទីរ​សាធារណៈ ពិសេស​កង​រាជ​អាវុធហត្ថ ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព»

ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក សំ សំអាត ជា​អភិបាល​រង ផ្តល់​អនុសាសន៍​ទៅ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​សហការ​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ផាក​ពិន័យ ទៅ​លើ​យានយន្ត​មិន​ទាន់​បង់​ពន្ធ​នាំ​ចូល​នា​មូលដ្ឋាន​នេះ បាន​ជ្រួតជ្រាប​ដល់​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​បាន​បង់​ពន្ធ​ទាំង​នោះ ឲ្យ​បាន​ទូលំទូលាយ​ជា​មុន។ លោក ឈិត សុខុន មាន​ប្រសាសន៍​ថា ដំណើរ​ការ​ប្រមូល​ពន្ធ​គយ​ចូល​រដ្ឋ​ទទួល​បាន​ជោគជ័យ ទាល់​តែ​មាន​កិច្ច​សហការ​ធ្វើ​ការងារ​នេះ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចាប់​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត រហូត​ដល់​មូលដ្ឋាន ដើម្បី​រួម​គ្នា​ផ្សព្វផ្សាយ​ការងារ​ដ៏​មាន​សារសំខាន់។ បញ្ហា​នេះ លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​អនុវត្ត​ការងារ​ប្រមូល​ពន្ធ​គយ​ចូល​រដ្ឋ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

យុទ្ធនាការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅ​លើ​យានយន្ត​នាំ​ចូល​មិន​ទាន់​បង់​ពន្ធ ផ្ដើម​ដោយ​អង្គភាព​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ពេល​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ស្នើ​ឲ្យ​យុទ្ធនាការ​នេះ​ជៀស​ផុត​អំពី​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​គយ​ចូល​រដ្ឋ​នា​ថ្ងៃ​អនាគត។

បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​នេះ មុន​នឹង​ផាក​ពិន័យ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន ហើយ​រាល់​ការ​ផាក​ពិន័យ ត្រូវ​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ជាពិសេស​ត្រូវ​មាន​វិក្កយបត្រ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បាត់​ចំណូល​ពន្ធ​រដ្ឋ ដោយ​ប្រការ​មិន​ប្រក្រតី​អ្វី​មួយ​នា​ថ្ងៃ​ខាង​មុខ៖ «សូម​ឲ្យ​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ប្រកាស​ផ្សព្វផ្សាយ​ជុំវិញ​យុទ្ធនាការ​ចុះ​ផាក​ពិន័យ​ទៅ​លើ​យានយន្ត​នាំ​ចូល​មិន​ទាន់​បង់​ពន្ធ​ឲ្យ​បាន​ទូលំទូលាយ។ ជាង​នេះ ការ​ចាប់​ផាក​ឲ្យ​ពលរដ្ឋ​បង់​ពន្ធ​នេះ តើ​ផាក​ចាប់​ពី​ចំណុច​ណា​ដល់​ចំណុច​ណា? ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ពី​ផែនការ​ប្រមូល​ពន្ធ​នេះ​ឲ្យ​បាន​សមស្រប ហើយ​ការ​ប្រមូល​ពន្ធ​នេះ ត្រូវ​តែ​មាន​វិក្កយបត្រ​ឲ្យ​បាន​ត្រឹមត្រូវ»

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​លោក​បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ក្តី​រំពឹង​ថា សាធារណជន រួម​ទាំង​ធុរជន​ពាក់ព័ន្ធ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កាតព្វកិច្ច​បង់​ពន្ធ​អាករ​អនុគ្រោះ​លើ​យានយន្ត​នាំ​ចូល​មិន​ទាន់​បង់​ពន្ធ​នៅ​ទូទាំង​ប្រទេស ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​លើក​ស្ទួយ​វប្បធម៌​សារពើពន្ធ​ក្នុង​សង្គម​កម្ពុជា បន្ថែម​ទៀត​ជា​មិន​ខាន។

យានយន្ត និង​ទោចក្រយានយន្ត​ដែល​បាន​ចុះ​បញ្ជី និង​បាន​បង់​ពន្ធ​ត្រឹមត្រូវ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ នេះ នា​ខេត្ត​ព្រះសីហនុ មាន​ម៉ូតូ​ជាង ៤​ម៉ឺន​គ្រឿង និង​រថយន្ត​ជាង ៨.៨០០​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។