ក្រសួងសេដ្ឋកិច្ចប្រកាសមិនកាត់ពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត
2016.10.06
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសមិនកាត់ពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត ដែលទទួលបានពីការបំពេញការងារ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានចេញសារាចរមួយស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម នៅថ្ងៃទី៦ តុលា។ សារាចរបញ្ជាក់ថា ប្រាក់ឧបត្ថម្ភមួយចំនួនត្រូវបានអនុគ្រោះ មិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។
ប្រាក់ឧបត្ថម្ភដែលមិនកាត់ពន្ធនោះមានដូចជា សោហ៊ុយធ្វើដំណើរក្នុងពេលបំពេញការងារ និងថ្លៃស្នាក់នៅ ប្រាក់ថ្លៃបាយដែលផ្ដល់ឲ្យកម្មករនិយោជិត មូលនិធិបេឡាសន្តិសុខសង្គម ឬមូលនិធិសុខុមាលភាពសង្គម ប្រាក់ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងអាយុជីវិត ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ជាដើម៕